ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​កើន​១៥០%​ក្នុង​ទីក្រុង​ធំៗនៅ​សហរដ្ឋ​អាមេរិក

ស្ត្រី​ជនជាតិ​អាស៊ីម្នាក់លើក​បដា​មួយ​ឡើង​ដែល​បកប្រែ​ជា​ភាសាខ្មែរ​ថា «បញ្ឈប់​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​អាស៊ី» ក្នុង​អំឡុង​ពេល​តវ៉ា​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ស្អប់ខ្ពើម​ជនជាតិ​អាស៊ី នៅ​ទីក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ការវាយ​ប្រហារជម្រុញ​ដោយ​ការស្អប់​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ីបាន​កើន​ឡើង​នៅ​តាម​ទីក្រុង​ធំៗ​របស់​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ២០២០​កន្លង​ទៅនេះ។ ក្នុង​ករណី​ខ្លះ​មាន​ការ​កើន​ឡើង​លើស​១០០% ទោះជា​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការស្អប់​ខ្ពើម​បាន​ធ្លាក់ចុះ​ជាទូទៅ​ក៏ដោយ។ នេះ​បើតាម​ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​ដែល​ត្រូវ​បាន​យក​មក​វិភាគ​កាលពី​ពេល​ថ្មីៗ។

មិន​ត្រឹមតែប៉ុណ្ណោះ ក្រុម​អ្នក​ជំនាញ​និយាយ​ថា និន្នាការ​ដ៏​ភ្ញាក់​ផ្អើល​នេះ បាន​បន្ត​រហូត​មក​ដល់​ឆ្នាំ​នេះ។

មាន​ឧក្រិដ្ឋកម្មជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ស្អប់​ជនជាតិ​អាស៊ី​អាមេរិកាំង​ចំនួន​១២២​ករណី​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​ដ៏​ច្រើនបំផុត​ចំនួន​១៦​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០២០ ដែល​ជាការ​កើន​ឡើង​ជិត​១៥០ភាគរយបើ​ប្រៀបធៀប​ទៅនឹង​កាលពី​មួយ​ឆ្នាំ​មុន។ នេះ​បើ​តាម​ទិន្នន័យ​ដែល​បាន​ចងក្រង​ឡើង​ដោយ​មជ្ឈមណ្ឌល​ការសិក្សា​ការស្អប់ខ្ពើម​និង​ការ​និយម​ជ្រុល​របស់​សាកលវិទ្យាល័យ​រដ្ឋ California ដែល​បាន​ចែក​រំលែក​ជាមួយ​វីអូអេ ។ វីអូអេ​បាន​ប្រមូល​ទិន្នន័យ​នេះ​ដោយ​ឯករាជ្យ​ពី​ទីក្រុង២​ក្នុង​ចំណោម​ទីក្រុង​ទាំង​១៦​នោះ។

ក្រុម​អ្នក​គាំទ្រ​សិទ្ធិ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី បាន​សន្មត់​ថា ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​ បណ្តាល​មកពី​ការស្តីបន្ទោស​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump លើ​ប្រទេស​ចិន​ចំពោះ​វីរុស​កូរ៉ូណា​ដ៏ប្រល័យ និង​ការទម្លាក់​កំហុស​ជាទូទៅ​លើ​ជនជាតិ​អាស៊ី​អាមេរិកាំង​ដោយ​ពលរដ្ឋ​ធម្មតា​ដែល​មាន​ការរកាំចិត្ត​និង​ការខឹងសម្បាដោយ​សារ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​និង​សង្គម​នៃការរាតត្បាត​ជំងឺ។

លោក Chris Kwok ជា​សមាជិក​គណៈកម្មាធិការ​នាយក​របស់​សមាគម​មេធាវី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​នៅ​រដ្ឋ​ញូវយ៉ក​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ការដឹកនាំ​នយោបាយរបស់​អតីត​ប្រធានាធិបតី Donald Trump ប្រាកដ​ជា​បាន​នាំ​ឲ្យ​មាន​ការ​រើសអើង​លើ​ពលរដ្ឋ​ដែល​គេ​ចាត់ទុក​ថាជា​ជនជាតិ​ចិន។ វា​ជា​ការ​ស្អប់​ខ្ពើម​ជនជាតិ​ចិន»។

ការកើនឡើង​នូវ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធនឹង​ការស្អប់​ជន​ជាតិ​អាស៊ី មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​ជា​ទីក្រុង​ធំបំផុត​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជន​ជាតិ​អាស៊ី​ច្រើន​ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ស៊ើបអង្កេត​ឧបទ្ទវហេតុ​ដល់​ទៅចំនួន​២៨​ករណី​ដែល​ទាក់ទិន​នឹង​ជនរង​គ្រោះ​អាមេរិកាំង​ដើម​កំណើត​អាស៊ី។ នេះ​ជា​ការកើនឡើង​ចំនួន​ជាង​៩ដង បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៩។

ទីក្រុង​អាមេរិកាំង​៤ទៀត ក៏​បាន​រាយការណ៍​ពីការកើន​ឡើង​លើស​១០០​ភាគរយ​នូវ​អំពើ​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការស្អប់​ខ្ពើម​ជនជាតិ​អាស៊ី​ផងដែរ។ នៅ​ទីក្រុង Philadelphia និង​ទីក្រុង Cleveland មាន​សេចក្តី​រាយ​ការណ៍​ពី​ឧបទ្ទវហេតុ​ចំនួន​៦ករណី​ក្នុង​ទីក្រុង​និមួយ​ៗ ដែល​បាន​កើនឡើង​ពីចំនួន​២ករណី​នៅ​ក្នុង​ឆ្នាំ២០១៩។ ក្នុង​ទីក្រុង San Jose មាន​១០ករណី​ដែល​បាន​កើនឡើង​ពី​៤ករណី។ ចំណែក​ឯ​ទីក្រុង Los Angeles បាន​រាយការណ៍​ពី​ចំនួន១៥ករណី​ដែល​កើន​ឡើង​ពី​ចំនួន​៧ ករណី។

«ខណៈដែល​ទីក្រុង​ភាគច្រើន​ជាទូទៅ​ឃើញ​មាន​ការធ្លាក់ចុះ​នូវ​ចំនួនឧក្រិដ្ឋកម្មពាក់​ព័ន្ធ​នឹង​ការ​ស្អប់​ខ្ពើម រួម​មាន​ការវាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុម​នានាដែល​កាលពីពេល​ថ្មី​ៗ​នេះ បាន​កើនឡើង​ដូចជា អំបូរ​ជនជាតិ​ហ្សិពជាដើម ការវាយ​ប្រហារ​ប្រឆាំង​នឹង​ជនជាតិ​អាស៊ី​បាន​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភាគច្រើន ហើយ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ទីក្រុងតែ​មួយ​គឺ​រដ្ឋធានី​វ៉ាស៊ីនតោន»។ នេះ​បើ​តាម​សម្តី​លោកBrian Levinនាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ការស្រាវជ្រាវ​ការស្អប់​ខ្ពើម​និង​ការ​និយម​ជ្រុល។

ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI បាន​សន្មត់​ថាឧក្រិដ្ឋកម្ម​ពាក់​ព័ន្ធ​នឹង​ការស្អប់​ខ្ពើម ជា​ឧក្រិដ្ឋកម្ម​ដែល​ជម្រុញ​ឡើង​ដោយ​សារ​កត្តា​ជាតិ​សាសន៍ សាសនា ផ្លូវ​ភេទ​និង​កត្តាផ្សេង​ៗ​ទៀត។ ឧទាហរណ៍​រួមមាន​ការវាយ​លើ​រាងកាយ​និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន​និង​សាធារណៈ។ ជារៀងរាល់​ខែ​វិច្ឆិកា ការិយាល័យ FBI បាន​ចេញផ្សាយ​ទិន្នន័យ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​អំពី​ការស្អប់​ខ្ពើម​កាលពីមួយ​ឆ្នាំ​មុន។ ការណ៍​នេះ​មាន​ន័យ​ថា ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ប៉ូលិស​មួយ​ក្តាប់​តូច​បាន​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​នៃការស្អប់​ខ្ពើម​កាលពី​មួយឆ្នាំមុន​តែប៉ុណ្ណោះ។

លោក Levin បាន​និយាយ​ទៀត​ថា ថ្វីបើ​ផ្អែកលើទិន្នន័យ​គំរូ​តូច​ក៏ដោយ ក៏តួលេខ​នេះ បាន​បង្ហាញ​យ៉ាង​ខ្លាំង​ថា ឆ្នាំ២០២០ គឺជា​ឆ្នាំ​ដ៏អាក្រក់​បំផុត​នៅ​ក្នុង​សតវត្សរ៍​នេះ​សម្រាប់​ឧក្រិដ្ឋ​កម្ម​ពាក់ព័ន្ធ​ជាមួយការស្អប់​ខ្ពើមប្រឆាំង​នឹង​ជនជាតិ​អាស៊ី។

ការកើន​ឡើង​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ជាមួយ​ការស្អប់​ជនជាតិ​អាស៊ី ស្រប​ដូច​ទិន្នន័យ​ដែល​ត្រូវ​បាន​តាមដាន​ដោយ​អង្គការ​ការពារ​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ដទៃ​ទៀត​ដែរ។

អង្គការ«បញ្ឈប់​ការ​ស្អប់​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ប៉ាស៊ីហ្វិក» Stop AAPI Hate ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​ទៅ ដោយ​ក្រុមពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អាស៊ី​មួយចំនួន​ដើម្បី​តាម​ដាន​ការស្អប់​ខ្ពើម​បាន​កត់ត្រា​ឧបទ្ទវហេតុ​ជាង​២ពាន់​៨រយករណី​នៃ​ការប្រកាន់​ពូជសាសន៍​និង​ការរើសអើង​ដៅលើ​ជនជាតិ​អាស៊ី​អាមេរិកាំង ​រវាង​ខែ​មិនា​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០។ ទោះជា​ការយាយី​ដោយ​ការ​ប្រើ​ពាក្យ​សម្តី​មាន​ចំនួន​ជាង​៩០ភាគ​រយ​ក៏ដោយ ក៏ ការវាយ​ប្រហារ​លើ​រាងកាយ​មាន​ចំនួន​ជិត​៩ភាគរយដែរ។

ជនរងគ្រោះ​ជាច្រើន​ជា​ជនជាតិ​អាស៊ី​ដែល​មិនមែន​ដើម​កំណើត​ចិន តែ​ត្រូវ​គេយល់​ច្រឡំ​ថា​មកពី​ប្រទេស​ចិន។

លោក Kwok បាន​និយាយ​ថា «ជនជាតិ​អាស៊ី​ខាង​កើត​ដែល​មាន​មុខ​មាត់​ដូច​ចិន​ឥឡូវនេះ​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ ហើយ​ថាការរើសអើង​ប្រឆាំង​ជនជាតិ​អាស៊ីបែប​នេះធ្លាប់​បាន​កើត​ឡើង​នៅក្នុង​ប្រវត្តិសាស្ត្រនៃប្រទេស​អាមេរិក​ជាយូរយា​ណាស់​មកហើយ»។​

ក្នុង​របាយការណ៍​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែ​មុន អង្គការ Stop AAPI Hate បាន​ឲ្យដឹង​ថា ឧបទ្ទវហេតុ​ចំនួន​១២៦​ករណី​បាន​កើតឡើង​ចំពោះ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ីដែល​មាន​អាយុ​លើស​៦០​ឆ្នាំ។ ឧបទ្ទវហេតុ​មួយ​ចំនួនបាន​កើត​មាន​ឡើង​នៅ​តំបន់ San Francisco Bay កាលពី​ខែ​មុន រួមមាន​១ករណី​ទាក់​ទិន​នឹង​បុរស​ថៃ​ម្នាក់​អាយុ​៩១ឆ្នាំ​ដែល​ត្រូវ​បាន​មនុស្ស​ម្នាក់រត់មក​រុញយ៉ាង​ខ្លាំង​បណ្តាលឲ្យលោក​ដួល។ លោក​បាន​ស្លាប់​ក្នុងមន្ទីពេទ្យ​ប៉ុន្មានថ្ងៃ​ក្រោយមក។

សហ​អ្នក​បង្កើត​អង្គការ STOP AAPI Hate បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​ថា «ការវាយ​ប្រហារ​ហិង្សា​ទាំង​នេះ​មាន​ផលប៉ះពាល់​យ៉ាង​ខ្លាំង​លើ​សហគមន៍​របស់​យើង ហើយ​ជា​ផ្នែក​មួយ​នៃ​ការកើន​ឡើង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ការស្អប់​ប្រឆាំង​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ក្នុង​អំឡុង​នៃ​ការរាតត្បាត​ជំងឺ​កូវីដ១៩»។

នៅ​ក្នុង​ឧបទ្ទវហេតុ​កាលពី​ពេល​ថ្មីៗ​នេះ បុរស​អាយុ ២៣​ឆ្នាំម្នាក់ ឈ្មោះSalman Muflihiត្រូវ​បាន​ចាប់​ខ្លួន​លើ​បទ​ចោទប្រកាន់​ថា បាន​ចាក់​បុរស​អាស៊ី​ម្នាក់​អាយុ​៣៦​ឆ្នាំ​នៅ​លើ​ផ្លូវមួយ​ក្នុង​សង្កាត់ Chinatown ក្នុង​ទីក្រុង​ញូវយ៉ក។ Muflihi ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​កាលពី​ពេល​ថ្មីៗ​នេះ​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម​បន្ថែម​ពីលើ​ការចោទប្រកាន់​ផ្សេង​ទៀត ក៏ប៉ុន្តែ មិន​បានត្រូវ​ចោទ​ប្រកាន់​ពីបទឧក្រិដ្ឋកម្ម​នៃ​ការស្អប់​ខ្ពើម​ទេ។ ប្រសិនបើ​អាជ្ញាធរ​ដាក់​ពាក្យ​បណ្តឹង​ពី​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម ជន​នោះ​អាច​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេលយូរ​ថែមទៀត។

លោក Kwok បាន​និយាយ​ថា «មាន​ការរកាំ​ចិត្ត»​នៅ​ក្នុង​សហគមន៍​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ចំពោះ​ការដែល​រដ្ឋអាជ្ញា​មិនព្រម​ដាក់​ពាក្យ​បណ្តឹង​ចោទប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការស្អប់​ខ្ពើម។

លោក​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ពួក​រដ្ឋអាជ្ញា​ចាំបាច់ត្រូវ​ធ្វើការ​វាយ​តម្លៃ​ឡើង​វិញ​អំពី​វិធី​ដោះស្រាយ​របស់​ពួកគេ ជា​ពិសេស​នៅ​ក្នុង​សម័យដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​នេះ​ដែល​ខ្ញុំ​គិត​ថាវា​ជា​រឿង​អាសន្ន ជាពិសេស​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី នៅពេល​ដែល​ពួកគេ​ជួប​ប្រទះ​ការរើស​អើង»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយ ការិយាល័យ​របស់​មេធាវីដើមចោទ​នៃ​សង្កាត់ Manhattan បាន​និយាយ​ថា ការចោទ​ប្រកាន់​បន្ថែម អាច​នឹង​កើត​មាន​ឡើង។

ជាទូទៅ​កាលពី​ឆ្នាំ​មុន ឧក្រិដ្ឋកម្មពាក់ព័ន្ធ​នឹងការ​ស្អប់​ខ្ពើម​បាន​ធ្លាក់​ចុះ​ជាមធ្យម​ចំនួន​៧​ភាគរយ​នៅ​ក្នុង​ទីក្រុង​ចំនួន​១៥​ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​ការស្អប់និង​ការនិយមជ្រុល។ ឧទាហរណ៍ នៅ​ក្នុង​ទីក្រុង​ញូយ៉ក ប៉ូលិស​បាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​នឹង​ការស្អប់​ខ្ពើម​ចំនួន២៦៥​ករណី ដែល​ធ្លាក់​ចុះ​ពី​៤២៨​ករណី​បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​មុន។

ទីក្រុង៥​ដែល​បាន​រាយការណ៍​ពីការកើន​ឡើងនូវ​ឧក្រិដ្ឋកម្ម​ស្អប់​ខ្ពើម​មាន​ទីក្រុង​២​នៅ​ក្នុង​រដ្ឋ​California ដែល​រួមមាន​ទីក្រុង San Jose ដែល​បាន​ឃើញ​ការកើន​ឡើង​ចំនួន​១៦២​ភាគរយ៕

ប្រែសម្រួល​ដោយ​លោក ​ជឹង ប៉ូជីន