លោកស្រី​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​វៀតណាម

អ្នកស្រី Kamala Harris អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​អំពី​សិទ្ធិ​បោះឆ្នោត​នៅ​សាកលវិទ្យាល័យ Howard ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

លោក​ Nguyen Xuan Phuc ប្រធានាធិបតី​វៀតណាម​បាន​ប្រកាស​អំពី​ទស្សនកិច្ច​របស់​លោកស្រី​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Kamala Harris ​កាលពី​ថ្ងៃទី២៩ ខែកក្កដា នៅ​ពេល​លោក​ជួប​ក្នុង​ទីក្រុង​ហាណូយ​ជាមួយ​លោក Lloyd Austin រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​សហរដ្ឋអាមេរិក​ដែល​ជា​មន្ត្រី​ទី​មួយ​ក្នុង​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Biden ដែល​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម។

លោកស្រី Symone Sanders ទីប្រឹក្សា​ជាន់​ខ្ពស់ ​និង​ជា​ប្រធាន​អ្នក​នាំ​ពាក្យ​ប្រចាំ​សេតវិមាន​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី៣០ ខែ​កក្កដា​កន្លង​ទៅ​ថា លោកស្រី Harris «នឹង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​លើ​បញ្ហា​ដែល​ជា​ផលប្រយោជន៍​រួម ដែល​រួម​មាន​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ការ​ឆ្លើយតប​ជា​សាកល​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ការ​ប្រែប្រួល​អាកាសធាតុ និង​កិច្ចប្រឹងប្រែង​រួម​របស់​យើង​ក្នុង​ការ​លើកកម្ពស់​ស្ថិរភាព​អន្តរជាតិផ្អែក​លើ​នីតិរដ្ឋ»។

លោកស្រី Sanders​ បាន​ថ្លែង​ថា៖ «ទស្សនកិច្ច​នៅ​ពេល​ខាង​មុខ​នេះ​នឹង​បន្ត​ការ​ពង្រឹង​ចំណង​ទាក់ទង​របស់​យើង​នៅ​អាស៊ីអាគ្នេយ៍»។

ទស្សនកិច្ច​នេះ​នឹង​ក្លាយ​ជា​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​កាន់​វៀតណាម​ចាប់​តាំង​ពី​ពេល​វៀតណាម​ខាង​ជើង និង​ខាង​ត្បូង​បាន​រួបរួម​គ្នា​ឡើង​វិញ​ជា​ផ្លូវការ​នៅ​ខែ​កក្កដា ឆ្នាំ១៩៧៥។ កាល​ពី​ឆ្នាំ​១៩៦២ លោក Lyndon Johnson និង​កាល​ពី​ឆ្នាំ​១៩៥៦ លោក Richard Nixon បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ព្រៃនគរ នៅ​ពេល​ដែល​លោកទាំង២​ជា​អនុប្រធានាធិបតីសហរដ្ឋ​អាមេរិក។ នៅ​ពេល​នោះ ព្រៃនគរ ជា​រដ្ឋធានី​របស់​វៀតណាម​ខាង​ត្បូង។​

លោក​រដ្ឋមន្ត្រីការពារ​ប្រទេស Austin បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វៀតណាម​កាលពី​ចុង​ខែកក្កដា ក្នុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ខ្លាំងក្លា និង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បញ្ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​ Moderna ចំនួន ៣ លាន​ដូស​ទៅ​ឱ្យ​វៀតណាម។ សហរដ្ឋអាមេរិក​បាន​ផ្តល់​វ៉ាក់សាំង​ទៅ​ឱ្យ​ប្រទេស​វៀតណាម​សរុប​ចំនួន ៥ លាន​ដូស​ នេះ​បើ​បូក​ទាំង​វ៉ាក់សាំង​ចំនួន ៣ លាន​ដូស​លើក​នេះ។​

លោក Austin បាន​ប្រាប់​លោក​ប្រធានាធិបតី​វៀតណាម​ថា៖ «យើង​ទន្ទឹង​រង់ចាំ​ជួយ​បន្ត​ទៀត​ទៅ​តាម​មធ្យោបាយ​ផ្សេងៗ ហើយ​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​អ្វី​ទេ។ នេះ​ជា​អ្វី​ដែល​ប្រទេស​ជា​មិត្ត​ធ្វើ​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន»។

រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក លោក Lloyd Austin ស្វះស្វែង​រក​ចំណង​ទាក់ទង​កាន់​តែ​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​នេះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ការ​ទប់ទល់​នឹង​ចិន

លោក​រដ្ឋមន្ត្រី Austin ក៏​ចង់​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយដែរ នៅ​ពេល​ដែល​ប្រទេស​ចិន​បង្កើន​សកម្មភាព​យោធានៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក John Kirby អ្នកនាំពាក្យ​ក្រសួង​ការពារប្រទេស​សហរដ្ឋ​អាមេរិកបាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី២៩ ខែកក្កដា​កន្លង​ទៅ​ថា​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ពិភពលោក​ ដែល​ចិន​កាន់​តែ​គឃ្លើន​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ដែល​លោក​រដ្ឋមន្ត្រី​ធ្វើ​ដំណើរ​ទៅ​ទីនោះ»។

រដ្ឋាភិបាល​ក្រុង​ហាណូយ​បង្ហាញ​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​ជំហរ​ប្រឆាំង​នឹង​ការ​ទាមទារ​ដែនដី​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នាវា​ចិន​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន​នៅ​ឆ្នេរ​សមុទ្រ​វៀតណាម ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​ថាមពល​របស់​ក្រុមហ៊ុន​ទាំង​នោះ។

កាលពីមុន សហរដ្ឋអាមេរិក​បាន​ផ្តល់​នាវា​យាមល្បាត​ឱ្យ​វៀតណាម​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​របស់​វៀតណាម​ក្នុង​ការ​ការពារ​ខ្លួន​នឹង​ការ​ឈ្លានពាន​របស់​ចិន​នៅ​ក្នុង​ដែន​ទឹក​ដែល​ទាមទារ​ដោយ​ប្រទេស​ទាំង​ពីរ។

ទោះ​ជា​ចិន និង​វៀតណាម​មាន​ចំណង​ទាក់ទង​មនោគមវិជ្ជា​កុម្មុយនីស្ត​ក៏ដោយ ក៏រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ក្លាយ​ជា​គូប្រឆាំង​ថ្មី​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ ស្រប​ពេល​ដែល​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​វៀតណាម​កាន់​តែ​ប្រសើរ​ឡើង។ នេះបើ​យោង​តាមសម្តី​លោក Murray Hiebert នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ។

លោក Hiebert បាន​ថ្លែង​ថា៖ «វា​ជា​រឿង​ដ៏​អស្ចារ្យ​ដែល​ប្រទេស​ទាំង​ពីរ​នេះ​ដើរ​មក​ដល់​ចំណុច​នេះ​នៅ​ក្នុង​រយៈពេល ៤០ ឆ្នាំ​ចុង​ក្រោយ​នេះ។ សហរដ្ឋអាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម។ សហរដ្ឋអាមេរិក​ជា​អ្នក​វិនិយោគ​ដ៏​សំខាន់​របស់​វៀតណាម និង​មាន​ចំណង​ទាក់ទង​ផ្នែក​យោធា​ជិតស្និទ្ធ​បំផុត​ជាមួយ​នឹង​ប្រទេស​នានា​នៅ​អាស៊ីអាគ្នេយ៍»។

រូបឯកសារ៖ លោក Luu Van Vinh (ទីពីរ​រាប់​ពី​ឆ្វេង) និង​សកម្មជន​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​បាន​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​នៅ​ទីក្រុង​ហូជីមិញ កាល​ពី​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨។

ក្តីបារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី សមាជិក​នៃ​រដ្ឋបាល​លោក​ប្រធានាធិបតី Biden បាន​និយាយ​ថា ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ​នៅ​តែ​មាន​កម្រិត​រហូត​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​ហាណូយ​កែ​លម្អ​បញ្ហា​សិទ្ធិ​មនុស្ស។

ក្រុម​មន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​និយាយ​ថា លោក​រដ្ឋមន្ត្រី Austin បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​លោក​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម។

បើ​យោង​តាម​លោក Kirby លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «មិត្ត និង​ដៃគូ​ដ៏​ល្អ​គួរ​តែ​អាច​ពិភាក្សា​ដោយ​បើក​ចំហ និង​ស្មោះត្រង់​ជាមួយ​គ្នា​អំពី​បញ្ហា​ពិបាក​និង​បញ្ហា​រសើប​ទាំង​នេះ»។

លោក​រដ្ឋមន្ត្រី Austin និង​សមភាគី​របស់​លោក​បាន​ចុះ​ហត្ថលេខា​លោក​អនុស្សរណៈ​យោគយល់​មួយ​កាលពី​ថ្ងៃទី២៩ ខែកក្កដា​កន្លង​ទៅ​ ដែល​ពង្រីក​ការ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែង​វៀតណាម​ក្នុង​ការ​កំណត់​ទីតាំង និង​អត្តសញ្ញាណ​កងទ័ព​វៀតណាម​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​វៀតណាម។

មន្ត្រី​ការពារ​ប្រទេស​ជាន់​ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ទិន្នន័យ​ដែល​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ Harvard និង Texas Tech University នឹង​ជួយ​ក្នុងការ​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​ទាំង​នោះ៕

ប្រែសម្រួល​ដោយ​លោក ប៉ូច រាសី