បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris និងបេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trump នៅតែមានសម្ទុះគាំទ្រប្រហាក់ប្រហែលគ្នានៅទូទាំងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៧។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិរួមគ្នារបស់កាសែត Washington Post និងមហាវិទ្យាល័យគោលនយោបាយ Schar នៃសាកលវិទ្យាល័យ George Mason កាលពីថ្ងៃចន្ទ។
សម្ទុះនៃការគាំទ្រប្រហាក់ប្រហែលគ្នានេះនៅបន្តមានក្នុងពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។
អ្នកស្រី Harris នាំមុខក្នុងរដ្ឋ Georgia ដោយមានការគាំទ្រ ៥១% ទល់នឹង ៤៧% រីឯលោក Trump វិញនាំមុខបន្តិចនៅរដ្ឋ Arizona ដោយទទួលបានការគាំទ្រ ៤៩% ទល់នឹង ៤៦%។ កម្រិតលម្អៀងនៃការរកឃើញក្នុងការស្ទង់មតិនៅរដ្ឋទាំងពីរនេះគឺក្នុងរង្វង់បូកឬដក ៤,៥ ពិន្ទុភាគរយ។
លោក Trump នាំមុខនៅរដ្ឋ North Carolina តែស្មើគ្នាជាមួយអ្នកស្រី Harris នៅរដ្ឋ Nevada ដោយមានការគាំទ្រ ៤៨% ទល់នឹង ៤៨%។ នេះបើយោងតាមលទ្ធផលស្ទង់មតិលើអ្នកដែលទំនងជាបោះឆ្នោតចំនួន ៥.០១៦ នាក់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែតុលា។
លទ្ធផលនៃការស្ទង់មតិនេះគឺដូចនឹងលទ្ធផលនៃការស្ទង់មតិក្នុងពេលថ្មីៗនេះដែរដែលបង្ហាញអំពីការប្រជែងប្រដំប្រសងគ្នារវាងអ្នកស្រី Harris និងលោក Trump នៅរដ្ឋដែលមានការប្រជែងខ្លាំងទាំង៧។ តែយោងតាមលទ្ធផលស្ទង់មតិខ្លះ អ្នកស្រី Harris នាំមុខបន្តិចនៅទូទាំងប្រទេស។
ជារួម ៤៩% នៃអ្នកដែលទំនងជាបោះឆ្នោតថាពួកគេគាំទ្រអ្នកស្រី Harris ហើយ ៤៨% ថាពួកគេគាំទ្រលោក Trump។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិនេះ។ ការស្ទង់មតិរួមគ្នារបស់ទីភ្នាក់ងារសារព័ត៌មាន Reutersនិងក្រុមហ៊ុន Ipsos កាលពីសប្តាហ៍មុនបង្ហាញថាអ្នកស្រី Harris នាំមុខលោក Trump ដោយទទួលបានការគាំទ្រ ៤៥% ទល់នឹង ៤២%។
ទោះជាយ៉ាងនេះក្តី លទ្ធផលនៃការបោះឆ្នោតដោយអង្គបោះឆ្នោតតាមរដ្ឋនីមួយៗនឹងកំណត់អ្នកឈ្នះក្នុងការប្រកួតនៅខែវិច្ឆិកាខាងមុខ។ រដ្ឋដែលមានការប្រជែងខ្លាំងទាំង ៧ ទំនងជាអ្នកសម្រេច ដោយលទ្ធផលនៃការប្រកួតនេះអាចបង្ហាញឡើងតាមរយៈការស្ទង់មតិលើអ្នកដែលទំនងជាបោះឆ្នោតក្នុងរដ្ឋទាំងនោះ៕
ការស្ទង់មតិថ្មីបង្ហាញថាអ្នកស្រី Harris និងលោក Trump ប្រដំប្រសងគ្នាក្នុងរដ្ឋប្រជែងខ្លាំង
រដ្ឋធានីវ៉ាស៊ីនតោន —