លោក Tim Walz បេក្ខជន​អនុ​ប្រធានាធិបតី​របស់​ លោក​ស្រី Harris ណែនាំ​ខ្លួន​ដល់​ប្រទេស​ជាតិ​បន្ទាប់​ពី​ លោក Bill Clinton រិះគន់​ លោក Trump

អភិបាលរដ្ឋ Minnesota លោក Tim Walz ទទួលស្គាល់ការអបអរសាទរដែលហ៊ុំព័ទ្ធដោយសញ្ញា «គ្រូបង្វឹក Walz» នៅថ្ងៃទី៣ នៃសន្និបាតជាតិប្រជាធិបតេយ្យ (DNC) នៅ United Center ក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

អភិបាល​រដ្ឋ MinnesotaលោកTim Walz បាន​ទទួលយក​ការតែងតាំង​របស់​គណបក្ស​លោក​ជា​បេក្ខជន​អនុប្រធានាធិបតី​កាលពី​យប់​ថ្ងៃ​ពុធ ដោយ​ប្រើសុន្ទរកថា​នៅ​សន្និបាត​ជាតិ​របស់​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​ដើម្បី​ថ្លែង​អំណរគុណ​ដល់​មនុស្ស​ដែល​នៅ​ពេញ​អង្គ​សន្និបាត​ចំពោះ​«ការនាំ​ការសប្បាយ​រីករាយ»​ដល់​ការបោះឆ្នោត​ដែល​ប្រែប្រួល​ចំណាប់​អារម្មណ៍ដោយសារ​ការដំឡើង​លោក​ស្រី​អនុ​ប្រធានាធិបតី Kamala Harris​ជា​បេក្ខជន​ប្រធានាធិបតី។

លោក Walzបាន​និយាយ​ថា៖​«យើង​នៅ​ទីនេះ​នៅ​យប់​នេះ​ដើម្បី​ហេតុផល​ដ៏​ល្អ​មួយ សាមញ្ញ​មួយ​គឺ​យើង​ស្រឡាញ់​ប្រទេស​នេះ។ លោក​បាននិយាយ​នៅពេល​ដែល​ប្រតិភូ​រាប់​ពាន់​នាក់​បាន​លើក​បដាពណ៍​ក្រហម​និង​ខៀវ​ដែល​មាន​ន័យថា«គ្រូ​បង្ហាត់​កីឡា Walz»។

លោកWalzបាន​ពណ៌នាការធំ​ដឹងក្តី​របស់​លោក​នៅ​ក្នុង​រដ្ឋNebraska និង​ការបង្រៀន​និង​ការហ្វឹកហាត់​កីឡា​បាល់Footballនៅ​ក្នុង​រដ្ឋ Minnesotaហើយ​បាន​ប្រាប់​ហ្វូង​មនុស្ស​ថា៖​«សូម​អរគុណ​ចំពោះ​ការនាំ​ការសប្បាយ​រីករាយ​ដល់​ការប្រយុទ្ធ​នេះ»។

នៅពេល​ដែល​លោក Walz និយាយ​អំពី​ការមាន​ផ្ទៃពោះ​កូន​ស្រី​លោក​ឈ្មោះ Hope នាង​បាន​ធ្វើ​ដៃ​ជា​រៀង​បេះដូង​ហើយ​បាន​ដាក់​នៅលើ​ទ្រូង​នាង។ កូន​ប្រុស​របស់​លោក​ឈ្មោះ Gus បាន​យំ​នៅ​ពេល​ឪពុក​របស់​ខ្លួន​និយាយ​ហើយ​បាន​ស្រែក​ថា«នេះ​ជា​ឪពុក​របស់​ខ្ញុំ»។

ពួក​ប្រជាធិបតេយ្យ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​មជ្ឈមណ្ឌលUnited Center នៅ​ក្រុង​ឈីកា ហ្គោ​ដោយ​ក្តី​សង្ឃឹមលើ​សន្ទុះ​របស់​លោក​ស្រី Harris ​ដែល​ទទួល​បាន​ចាប់តាំង​ពី​បាន​ទទួលចំណាត់​ថ្នាក់​លើ​គេ​បង្អស់ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​កាលពី​ខែ​មុន​មក។ ពួកគេ​ចង់​ធ្វើ​ឱ្យ​ពួក​ប្រជា​ធិបតេយ្យ​មាន​ភាពក្លៀវក្លា​តាម​អ្វី​ដែល​បាន​កើត​មាន​ឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​ចុះចេញ​ពី​ការប្រកួត​ប្រជែង​ខណៈដែល​ធ្វើ​ការ​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ដល់​ពួក​អ្នក​គាំទ្រ​ថា​ពួកគេ​ប្រឈម​នឹង​ការប្រយុទ្ធ​ដ៏​ខ្លាំងក្លា​មួយ​ជាមួយ​អតីត​ប្រធានាធិបតី​លោក Donald Trump៕