បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris នាំមុខបន្តិចបន្តួចលើបេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក Donald Trump នៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៦ និងមានការគាំទ្រស្មើគ្នានៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយទៀត។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលផ្អែកលើការស្ទង់មតិរបស់សារព័ត៌មាន Bloomberg លើអ្នកដែលអាចចេញទៅបោះឆ្នោត។
លទ្ធផលស្ទង់មតិរួមគ្នារបស់ Bloomberg News និងក្រុមហ៊ុន Morning Consult ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា អ្នកស្រី Harris នាំមុខលោក Trump ចំនួន ៧ ពិន្ទុភាគរយនៅរដ្ឋ Nevada ៥ ពិន្ទុភាគរយនៅរដ្ឋ Pennsylvania ៣ ពិន្ទុភាគរយនៅរដ្ឋ Arizona រដ្ឋ Michigan និងរដ្ឋ Wisconsin និង ២ ពិន្ទុភាគរយនៅរដ្ឋ North Carolina។ បេក្ខជនទាំងពីរមានការគាំទ្រស្មើគ្នានៅក្នុងរដ្ឋ Georgia។
នៅទូទាំងរដ្ឋទាំង ៧ អ្នកស្រី Harris នាំមុខ ៣ ពិន្ទុភាគរយក្នុងចំណោមអ្នកដែលទំនងជាចេញទៅបោះឆ្នោត។ នេះជាការកើនឡើង ២ ពិន្ទុភាគរយខ្ពស់ជាងកាលពីខែមុន។
ជាសញ្ញានៃកម្សួលគាំទ្រក្នុងពេលថ្មីៗនេះលើអ្នកស្រី Harris អ្នកបោះឆ្នោតប្រមាណ ៤៧% នៃអ្នកដែលទំនងជាចេញទៅបោះឆ្នោតគិតថាអ្នកស្រីនឹងឈ្នះការបោះឆ្នោត មិនថាពួកគេគាំទ្រអ្នកស្រីឬក៏អត់នោះទេ បើធៀបទៅនឹងអ្នកបោះឆ្នោតប្រមាណ ៤០% ដែលថាលោក Trump នឹងឈ្នះ។
ការស្ទង់មតិនេះបានសួរអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៦.១៦៥ នាក់ក្នុងរដ្ឋចំនួន ៧ ដែលមានអ្នកគាំទ្របក្សទាំងពីរប្រហាក់ប្រហែលគ្នា។ ការស្ទង់មតិនេះបានធ្វើឡើងតាមអនឡាញចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែកញ្ញានេះ៕