អ្នកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris បានត្រឡប់មកកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសក្វាតេម៉ាឡានិងប្រទេសម៉ិកស៊ិកកន្លែងដែលអ្នកស្រីបានបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយ«មូលហេតុ»នៃការធ្វើចំណាកស្រុកនិងកំណើនជនចំណាកស្រុកមកកាន់ភាគនិរតីនៃព្រំដែនសហរដ្ឋអាមេរិក។
អ្នកស្រី Harris បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថាបញ្ហានៅព្រំដែនបើមិនមែនទាំងអស់នោះក៏ភាគច្រើនដែរបណ្តាលមកពីបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសទាំងនោះ។
នៅក្នុងប្រទេសម៉ិកស៊ិកអ្នកស្រីបានជម្រះចម្ងល់អំពីការសម្រេចចិត្តមិនធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកជាផ្នែកមួយនៃការងាររបស់អ្នកស្រីដោះស្រាយបញ្ហាកើនឡើងនៃការធ្វើចំណាកស្រុកនេះ។
អ្នកស្រី Harris បាននិយាយថា៖«កិច្ចការដែលយើងកំពុងធ្វើតាមរយៈវត្តមាននៅក្នុងប្រទេសក្វាតេម៉ាឡាកាលពីម្សិលមិញនិងប្រទេសម៉ិកស៊ិកនៅថ្ងៃនេះគឺជាការងារនៃការពង្រឹងចំណុចដែលយើងត្រូវដោះស្រាយគឺមិនត្រឹមតែអ្វីដែលកំពុងកើតមាននៅព្រំដែនប៉ុណ្ណោះទេតែថែមទំាងអ្វីបង្កឲ្យកើតមានបញ្ហានេះផងដែរ។ប៉ុន្តែអ្នកមិនអាចនិយាយថាអ្នកបារម្ភពីរឿងព្រំដែនដោយមិនខ្វល់ពីមូលហេតុដែលបង្កឲ្យមានរឿងនេះនោះទេ»។
កាលពីព្រឹកថ្ងៃអង្គារអ្នកស្រី Harris បានជួបជាមួយលោកប្រធានាធិបតី Andres Manuel Lopez Obradorនៅក្នុងរដ្ឋធានីម៉ិកស៊ីកូដើម្បីពិភាក្សាអំពីការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់អាមេរិកកណ្ដាល។
អ្នកស្រីHarris និងលោក Lopez Obrador បានធ្វើជាអធិបតីពិធីចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នា»ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តដើម្បីសហការលើកម្មវិធីអភិវឌ្ឍន៍នៅតំបន់ត្រីកោណភាគខាងជើង»ដែលមានប្រទេសក្វាតេម៉ាឡាអែលសាល់វ៉ាឌ័រនិងហុងឌូរ៉ាស។
បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Lopez Obrador អ្នកស្រីHarrisបានជួបស្ត្រីសហគ្រិននិងបាន
រៀបចំការប្រជុំតុមូលជាមួយសហគមន៍កម្មករ៕