អ្នកស្រី Nikki Haley បាននិយាយកាលពីថ្ងៃពុធថា អ្នកស្រីនឹងបោះឆ្នោតឱ្យលោក Donald Trump នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ដែលជាការបង្ហាញការគាំទ្រគួរឱ្យកត់សម្គាល់ បន្ទាប់ពីអ្នកស្រីនិងលោក Trump បានឆ្លងកាត់ការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងអំឡុងពេលយុទ្ធនាការនៃការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ។
ប៉ុន្តែអ្នកស្រី Haley ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកស្រីយល់ថា លោក Trump មានកិច្ចការជាច្រើនដែលត្រូវធ្វើ ដើម្បីឈ្នះការទុកចិត្តពីអ្នកបោះឆ្នោតដែលបានគាំទ្រអ្នកស្រីក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតបឋមនិងបន្តបោះឆ្នោតឲ្យអ្នកស្រី នៅក្នុងអំឡុងពេលការបោះឆ្នោតបឋមរបស់បក្ស។
អ្នកស្រី Haley ដែលជាអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់រដ្ឋបាលលោក Trump បានថ្លែងក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯវិទ្យាស្ថាន Hudson នៅរដ្ឋធានីវ៉ាស៊ីនតោន ថា៖ «ខ្ញុំនឹងបោះឆ្នោតឱ្យលោក Trump»។
ការអត្ថាធិប្បាយនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់អ្នកស្រី ចាប់តាំងពីចាកចេញពីការប្រកួតយកតំណែងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋនេះ គឺជាសញ្ញាមួយទៀតនៃការបង្រួបបង្រួមការគាំទ្រស្ទើរតែពេញទំហឹងពីគណបក្សសាធារណរដ្ឋដល់លោក Trump រួមទាំងអ្នកដែលធ្លាប់ចាត់ទុកលោក Trump ថាជាការគំរាមកំហែងផងដែរ។
អ្នកស្រី Haley បានបោះបង់ចោលការប្រជែងយកតំណែងជាបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋកាលពីពីរខែមុន ក៏ប៉ុន្តែមិនបានប្រកាសការគាំទ្រដល់លោក Trump ភ្លាមៗនោះទេ ដោយអ្នកស្រីធ្លាប់បានចោទលោក Trump ថាបង្កភាពចលាចល និងមិនយកចិត្តទុកដាក់លើសារៈសំខាន់នៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ហើយថែមទាំងបានចោទជាសំណួរថាតើ លោក Trump ដែលមានអាយុ ៧៧ ឆ្នាំ អាចនឹងចាស់ពេកក្នុងការធ្វើជាប្រធានាធិបតីម្តងទៀតឬយ៉ាងណា៕