ប្រធានាធិបតីប្រទេសហៃទីលោក Jovenel Moïse ត្រូវគេបាញ់ស្លាប់នៅពេលយប់ នៅក្នុងការវាយប្រហារមួយនៅឯគេហដ្ឋានឯកជនរបស់លោក។ នេះបើតាមលោក Claude Joseph នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសហៃទីដែលបានប្រកាសនៅថ្ងៃពុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Joseph បាននិយាយថា ក្រុមមនុស្សដែលមិនស្គាល់អត្តសញ្ញាណជាអ្នកធ្វើអំពើឃាតកម្មនេះ ដែលលោកបានហៅថា ជា«ការវាយប្រហារគួរឱ្យស្អប់ខ្ពើម អមនុស្សធម៌ និងព្រៃផ្សៃ»។
លោកក៏បាននិយាយផងដែរថា ភរិយារបស់លោកប្រធានាធិបតី Moïse គឺលោកស្រី Martine បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល។
ប្រទេសហៃទីបានមានអស្ថិរភាពនយោបាយ ការបែកបាក់ និងកំណើនអំពើហិង្សានៃក្រុមជនពាលផងដែរ៕
(សេចក្តីរាយការណ៍នេះមានព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters)