ការិយាល័យនៃឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (U.N. High Commissioner for Human Rights) កំពុងអំពាវនាវសុំឱ្យមានការស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើបទចោទប្រកាន់ស្តីពីអំពើទារុណកម្មនិងការសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយក្រុមប៉ូលីសនៅប្រទេសហៃទី (Haiti)។
របាយការណ៍ចំនួនពីររបស់អង្គការសហប្រជាជាតិ បានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់ក្រុមមន្ត្រីប៉ូលីសជាតិរបស់ហៃទី ជាមួយការសម្លាប់មនុស្សចំនួន៩នាក់ដោយខុសច្បាប់ នៅក្នុងរដ្ឋធានី ព័រអូប្រ៊ាំង (Port-au-Prince) នៅចន្លោះខែតុលា ឆ្នាំ២០១០ និងខែមិថុនា ឆ្នាំ២០១១។ អ្នកនាង Lisa Schlein នៃវីអូអេ ធ្វើសេចក្តីរាយការណ៏ពីទីស្នាក់ការកណ្តាលនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva)។
របាយការណ៍ទាំងពីររបស់អង្គការសហប្រជាជាតិនេះ បានពណ៌នាលម្អិតពីការស៊ើបអង្កេតទៅលើឧបទ្ទវហេតុចំនួន៦លើក ដែលក្រុមមន្ត្រីប៉ូលីសជាតិរបស់ហៃទីប្រហែល២០នាក់ ត្រូវជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់ជនជាតិហៃទី ចំនួន៩នាក់។
លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យនៃការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប្រាប់វីអូអេថា ក្រុមអ្នកស៊ើបអង្កេតជឿថាការស្លាប់ទាំងអស់នោះ អាចបណ្តាលមកពីការប្រើប្រាស់កម្លាំងដោយខុសច្បាប់ពីសំណាក់ក្រុមប៉ូលីស។ លោកស្រី បាននិយាយថា នៅក្នុងសំណុំរឿងក្តីមួយចំនួន មានភស្តុតាងស្តីពីការប្រហារជីវិតក្រៅផ្លូវតុលាការ ឬនៅនឹងកន្លែង និងតាមទំនើងចិត្តទៀតផង។
បើទោះមានភស្តុតាងក៏ដោយ លោកស្រី បានថ្លែងថា វិធានការរបស់រដ្ឋាភិបាល ឬប្រព័ន្ធតុលាការ ក្នុងការចោទប្រកាន់ទៅលើសំណុំរឿងទាំងនោះ នៅតែគ្មានភាពច្បាស់លាស់ឡើយ។
«មានវិធានការមួយចំនួន ដែលត្រូវបានធ្វើឡើងដើម្បីផ្តួចផ្តើមឱ្យមានការស៊ើបអង្កេត ហើយមន្ត្រីប៉ូលីសមួយចំនួន កំពុងរង់ចាំការកាត់សេចក្តី។ ប៉ុន្តែ មិនទាន់មានការផ្តន្ទាទោសណាមួយនៅឡើយទេ រហូតមកដល់ពេលនេះ។ តាមពិត មន្ត្រីប៉ូលីសមួយចំនួន ដែលតាមការចោទប្រកាន់ មានការទទួលខុសត្រូវ ចំពោះអំពើហិង្សាទាំងនោះ បានបន្តបំពេញមុខងាររបស់ខ្លួនវិញ មុនពេលបញ្ចប់ការស៊ើបអង្កេតទៅទៀត។ តាមពិត នេះមិនមែនជាមធ្យោបាយដ៏ត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់នោះទេ ហើយវាក៏មិនមែនជាមធ្យោបាយដ៏ត្រឹមត្រូវ ក្នុងការកសាងភាពជឿទុកចិត្តជាសាធារណៈ ទៅលើការងាររបស់ប៉ូលីសហៃទីដែរ។»
លោកស្រី ស្សាមដាសានី មានប្រសាសន៍ថា ក្រុមប៉ូលីសទាំងនោះ ទំនងជាមិនកំណត់មុខសញ្ញាលើក្រុមមនុស្សណាមួយជាក់លាក់ឡើយ ហើយក៏គ្មានបែបផែននៃការសម្លាប់ដែរ។
លោកស្រី បញ្ជាក់ទៀតថា សំណុំរឿងក្តីមួយ ជាប់ពាក់ពន័្ធនឹងអំពើចោរកម្ម។ នៅក្នុងរឿងក្តីមួយទៀត មនុស្សម្នាក់ មានបញ្ហាដោយសារបង្ហាញផ្ទាំងបដាឃោសនារបស់បេក្ខជនគណបក្សប្រឆាំងមួយរូប ដែលសបញ្ជាក់ឲ្យឃើញពីបុព្វហេតុនយោបាយជាយថាហេតុមួយ។ រីឯសំណុំរឿងមួយផ្សេងទៀត លោកស្រី និយាយទៀតថា អំពើទារុណកម្ម ត្រូវបានប្រើប្រាស់ដើម្បីប្រមូលយកចម្លើយសារភាព ពីជនសង្ស័យក្នុងអំពើមនុស្សឃាត។
ស្ត្រីអ្នកនាំពាក្យអង្គការសហប្រជាជាតិរូបនេះ បានបន្តថា ជារឿយៗ ក្រុមប៉ូលីសទាំងនោះ បានបន្ទោសលើបញ្ហាខ្វះខាតធនធានចំពោះការប្រព្រឹត្តដ៏ឃោរឃៅបែបនោះ។ ខណៈដែលការលើកឡើងនេះ ប្រហែលជាពិតខ្លះៗ លោកស្រី មានប្រសាសន៍ថា ការនិយាយបែបនោះ គឺគ្រាន់តែជាលេសមិនគួរឲ្យជឿបានទាល់តែសោះ ហើយភាពជ្រុលហួសហេតុដោយខុសច្បាប់ទាំងនេះ ធ្វើឡើងដើម្បីជំរុញឱ្យមានភាពភ័យខ្លាចជាសាធារណៈតែប៉ុណ្ណោះ។
«យើងមានការបារម្ភថា ទង្វើនេះ កំពុងបង្កើតឲ្យមានបរិយាកាស ដែលប្រជាពលរដ្ឋហៃទី មិនជឿទុកចិត្តក្រុមប៉ូលីសរបស់ខ្លួនឡើយ។ នៅក្នុងសំណុំរឿងជាច្រើន យើងសង្កេតឃើញថា សាក្សីមានការភ័យខ្លាចពីផលវិបាកក្នុងការផ្តល់សក្ខីកម្ម ដោយសារតែពួកគេជឿថា យុត្តិធម៌នឹងមិនត្រូវបានផ្តល់ជូនឡើយ ហើយពួកគេព្រួយបារម្ភពីការសងសឹក។ ដូច្នេះ នោះគឺជាក្រុមមនុស្ស ដែលត្រូវបានរំពឹងថាជាអ្នកដែលការពារប្រជាពលរដ្ឋហៃទីនោះហើយ ដែលកំពុងតែធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចនោះ ដោយសារតែប្រជាពលរដ្ឋ មិនជឿទុកចិត្តក្រុមប៉ូលីស។»
លោកស្រី ស្សាមដាសានី មានប្រសាសន៍ថា ហេតុដូច្នេះហើយទើបអង្គការសហប្រជាជាតិ បានសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ទាំងនេះ ហើយចែករំលែករបាយការណ៍ជាមួយរដ្ឋាភិបាលនិងប៉ូលីសហៃទី។
លោកស្រី និយាយថា ប្រធានាធិបតីរបស់ប្រទេសហៃទី បានឃើញរបាយការណ៍នេះ ហើយមិនសប្បាយចិត្តនឹងការរកឃើញនេះទេ។ លោកស្រី បានបន្ថែមថា លោកប្រធានាធិបតី បានទទួលស្គាល់បញ្ហាមួយចំនួនដែលត្រូវបានលើកឡើង ហើយបានសម្តែងនូវសុឆន្ទៈក្នុងការសហការជាមួយអង្គការសហប្រជាជាតិដើម្បីព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ប្រែសម្រួលដោយ ឃួន ធារ៉ា