ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ស៊ើបអង្កេត​ករណី​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​របស់​រដ្ឋាភិបាល​អាមេរិក

រូបឯកសារ៖ បុរស​ម្នាក់​​វាយ​លេខកូដ​ដោយ​ប្រើ​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ស្ថាប័ន​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​លួច​ចូល​តាម​អ៊ីនធឺណិត​ដោយ​ក្រុម​ដែល​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បរទេស។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​ជឿ​ថា ប្រទេស​រុស្ស៊ី​ទំនង​ជា​អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នេះ​លើ​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក។ ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​ហៅ​ថា ជា​ការ​វាយ​ប្រហារ​ដ៏​ផ្ចិតផ្ចង់​បំផុត​មួយ​លើ​ប្រព័ន្ធ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​បាន​ស្នើ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ អ៊ីនធឺណិត​និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត។ យើង​មិន​អាច​អត្ថាធិប្បាយ​បន្ថែម​ទៀត​បាន​ទេ​នៅ​ពេល​នេះ»។

ទាំង​ទីភ្នាក់ងារ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ សុទ្ធតែ​បាន​ស៊ើបអង្កេត​លើ​ការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​នេះ។ ទំហំ​នៃ​ការ​លួច​ចូល គោល​បំណង ឬ​ក៏​ថា​តើ​ទីភ្នាក់ងារ​ផ្សេង​ទៀត​ត្រូវ​បាន​រង​ការ​ប៉ះពាល់​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

លោក John Ullyot អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ដឹង​អំពី​សេចក្តី​រាយការណ៍​ទាំង​នេះ ហើយ​យើង​កំពុង​ចាត់​វិធានការ​ចាំបាច់​ទាំង​អស់ ដើម្បី​កំណត់​អត្តសញ្ញាណ និង​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​ឡើង​នានា​ទាក់ទិន​នឹង​ស្ថានការណ៍​នេះ»៕