មន្រ្តីជាន់ខ្ពស់ម្នាក់របស់ចិនផ្នែករៀបចំផែនការសេដ្ឋកិច្ចបានថ្លែងថា ខណៈដែលប្រទេសចិនមានការជឿជាក់ថា ខ្លួនអាចរក្សាកំណើនសេដ្ឋកិច្ចឲ្យស្ថិតនៅពីមធ្យមទៅខ្ពស់ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២០ ក៏ផែនការរយៈពេល៥ឆ្នាំខាងមុខរបស់ចិន នឹងផ្តោតសំខាន់ទៅលើការងារ ប្រាក់កម្រៃ និងតម្លៃផលិតផលក្នុងទីផ្សារ។
លោក Xu Shaoshi ដែលជាប្រធានគណៈកម្មការអភិឌ្ឍន៍ជាតិ និងកំណែទម្រង់របស់ចិនបាននិយាយថា ខណៈដែលមានទស្សនៈផ្សេងៗគ្នាទៅលើសេដ្ឋកិច្ចរបស់ចិន និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយសំពាធនេះ ការពង្រីកសេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តវិវត្តទៅមុខក្នុងល្បឿនដ៏សមស្របមួយ។
លោក Xu បានបន្ថែមថា «ខណៈពេលដែលយើងកំពុងតែធ្វើការរក្សាកំណើនសេដ្ឋកិច្ចឲ្យស្ថិតនៅពីមធ្យមទៅខ្ពស់ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ល្បឿននៃកំណើននេះមិនមែនជារឿងតែមួយគត់ដែលយើងនឹងព្រួយបារម្ភនោះទេ។ លោកបានមានប្រសាសន៍ថា៖ «ការពិត យើងនឹងកាន់តែមានការព្រួយបារម្ភជាងនេះទៅទៀតលើបញ្ហាការងារ ប្រាក់កម្រៃ និងតម្លៃផលិតផលក្នុងទីផ្សារ»។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារ ដែលផ្តោតលើគោលដៅមួយចំនួននៃសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់រដ្ឋាភិបាលចិន នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ លោក Xu បានថ្លែងថា ការច្នៃប្រឌិតថ្មីក៏ជាគន្លឹះសំខាន់មួយដែរ។
លោក Xu បានថ្លែងថា «ឧបសគ្គធំបំផុតមួយដែលប្រទេសចិនកំពុងប្រឈមគឺការគ្រប់គ្រងលើគម្លាតចំណូលមធ្យមមួយ ហើយមធ្យោបាយគន្លឹះមួយក្នុងការដោះស្រាយបញ្ហានេះ គឺការច្នៃប្រឌិតថ្មី»។
កំណើនសេដ្ឋកិច្ចបានក្លាយជាចំណុចគោលមួយដែលគណបក្សកាន់អំណាចកុម្មុយនិស្តចិនបានប្រើប្រាស់ដើម្បីបង្ហាញពីភាពជោគជ័យ ដែលបានអះអាងក្នុងការគ្រប់គ្រងតំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២លើពិភពលោក។ តួនាទីរបស់ចិនជារោងចក្ររបស់ពិភពលោក និងការនាំចេញដ៏ច្រើនសន្ធឹកសន្ធាប់ គឺជាកត្តាដែលជួយដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ប៉ុន្តែដោយសារបច្ចុប្បន្ននេះ មានការដំឡើងប្រាក់កម្រៃក្នុងប្រទេសចិនហើយរោងចក្រមួយចំនួនបានផ្លាស់ទៅប្រទេសដែលមានតម្លៃពលកម្មថោកជាងនេះ ប្រទេសចិនកំពុងតែព្យាយាមរកមធ្យោបាយដើម្បីប្រែក្លាយខ្លួនឲ្យលើសពីតំណែងជារោងចក្ររបស់ពិភពលោក។
លោក Xu បាននិយាយថា បន្ថែមពីលើការច្នៃប្រឌិត ប្រទេសចិននឹងបើកចំហទីផ្សាររបស់ខ្លួនសម្រាប់ការវិនិយោគបរទេស។ ការបើកចំហទីផ្សារនេះ ធ្វើឲ្យមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់សហគ្រាសអន្តរជាតិ។ ផែនការនេះនឹងព្យាយាមសម្រួលគម្លាតកំណើនសេដ្ឋកិច្ចក្នុងប្រទេសឲ្យបានល្អជាងមុន ពីប៉ែកខាងជើងដល់ប៉ែកខាងត្បូង និងប៉ែកខាងកើតដល់ប៉ែកខាងលិច និងដោះស្រាយបញ្ហានៃការអភិវឌ្ឍដែលជួយរក្សាបរិស្ថានឲ្យបានល្អ និងស្អាតជាងមុន។
លោក Xu បានថ្លែងថា «ការតវ៉ាដ៏ខ្លាំងក្លា និងសំណើពីសំណាក់សាធារណជន ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អជាងមុន ទាមទារឲ្យយើងបន្តអនុវត្តគោលនយោបាយជាតិមូលដ្ឋាន ដែលលើកទឹកចិត្តដល់ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនិងការពារបរិស្ថានផងដែរ»។
លោក Xu មិនបានបញ្ជាក់អំពីមុខព្រួញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំខាងមុខនេះថាជាអ្វីនោះទេ។ ភ្លាមៗបន្ទាប់ពីសន្និសីទកាសែតត្រូវបានបញ្ចប់ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ ស៊ីនហួរ បានឲ្យដឹងថា អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៦,៥ភាគរយ នឹងក្លាយជាអត្រាកំណើនសេដ្ឋកិច្ចដែលអាចធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ថ្វីត្បិតតែមន្រ្តីមួយចំនួនជឿជាក់ថា កំណើនសេដ្ឋកិច្ចចិននឹងមិនអាចធ្លាក់ចុះខ្លាំងយ៉ាងឆាប់រហ័សក៏ដោយ ក៏អ្នកវិភាគមួយចំនួនមានជំនឿថា ប្រទេសចិនកំពុងតែពន្លើសតួលេខរបស់ខ្លួន និងថាការពង្រីកសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះក្រោមអត្រានោះរួចទៅហើយ។ អ្នកខ្លះទៀតជឿថា ទោះបីជាសេដ្ឋកិច្ចរបស់ចិនមិនធ្លាក់ចុះក្នុងពេលនេះ ក៏វាអាចធ្លាក់ចុះខ្លាំងជាងនេះនៅពេលក្រោយ ដោយអ្នកខ្លះព្យាករណ៍ថា អត្រាកំណើនសេដ្ឋកិច្ចចិនអាចនឹងធ្លាក់ចុះដល់ប្រមាណ៥ភាគរយត្រឹមឆ្នាំ២០២០៕
ប្រែសម្រួលដោយហុង ចិន្តា