១១ឆ្នាំ​ក្រោយ​ឃាតកម្ម​លោក​ជា វិជ្ជា​នៅ​តែ​ជា​អាថ៍កំបាំង

၈ ေလးလံုး ႏွစ္ပတ္လည္ အေမရိကန္ျပည္ေထာင္စု Buffalo တြင္ က်င္းပစဥ္ (Moe Thiha )

មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​គឺមាន​ រយៈពេល​១១​ឆ្នាំគត់​ ​ចំពោះ​ព្រឹត្តិ​ការណ៍​បាញ់​សម្លាប់​លោក​ ជា វិជ្ជា មេដឹក​នាំ​សហជីព​សេរីកម្មករ​ដ៏ល្បី​ល្បាញ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្បែរ​គេហដ្ឋាន​លោក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​

បើ​ទោះ​បី​ជា​ហេតុការណ៍​នេះ​បាន​កន្លង​ផុត​ទៅ​រយៈពេល​ ១១​ឆ្នាំ​ហើយ​ក៏​ដោយ​ក៏​ក្រុម​សហជីព​សេរី​កម្មករ​ និង​ គណបក្ស​សំឡេង​ភាគ​តិច​ដែល​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ នៅ​តែ​ចង​ចាំ​និង​ ​បន្ត​ដឹក​នាំ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​លោក​ ជា វិជ្ជា​ដោយយក​ឱកាស​នេះ​ដើម្បី​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បន្ត​ស្វែង​រក​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស។​

លោក​ ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​សព​លោក​ ជា វិជ្ជា​ មាន​ប្រសាសន៍​ថា​សំណុំ​រឿង​នេះ​ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​២៨​ខែមករា​ ឆ្នាំ​២០១៤​ ស្នើ​ឱ្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ ធ្វើ​ការ​ស្រាវ​ជ្រាវ​ ស៊ើប​អង្កេត​ កំណត់​អត្តសញ្ញាណ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ និង​ ប្រមូល​ភស្តុតាង​បន្ថែម​ទៀត​ មក​កាន់​តុលាការ។​

លោក​ បញ្ជាក់​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​បី​ដូច​ជា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​ទាំង​នេះ​ទេ។​

លោក​និយាយ​ថា៖​«ជា​ទូទៅ​ ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​អត់​មាន​ឆន្ទៈ​ទេ​ពី​ព្រោះ​លោក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​តែង​តែថា​សំណុំ​រឿងឃាតកម្ម​ទៅ​លើ​លោក​ ជា វិជ្ជា​ ​អត់​ទាន់​បាន​បិទ​ទេ។ ប៉ុន្តែ​ខ្ញុំ​សុំ​ជម្រាប​ថា​អត់​ទាន់​បិទ​ នៅ​ពេល​ណា​ដែល​លោក​បិទ​ពីព្រោះ​អ្នក​ដែល​ដឹង​រឿង​ឃាតកម្ម​លោក​ ជា​ វិជ្ជា​ មាន​រឿង​វ័យ​ចំណាស់​អស់​ហើយ?»។

​មាន​មនុស្ស​ប្រមាណ​ជាង​២០០​នាក់​តែ​ប៉ុណ្ណោះ​បាន​មក​ចូល​រួម​គោរព​វិញ្ញាណ​ក្ខន្ធ​ សព​លោក​ជា វិជ្ជា​ នៅ​ថ្ងៃ​នេះ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ការ​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​នេះ​គួរ​តែ​ត្រូវ​បន្ត​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រង​គ្រោះ។​

លោក​និយាយ​ថា៖​«ភាព​ឃោឃៅ​ ភាព​អមនុស្ស​ធម៌​ទៅ​លើ​ជន​រង​គ្រោះ​ស្លូត​ត្រង់​ ដូច្នេះ​យើង​ត្រូវ​តែ​ជំរុញ​ ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​មាន​ការ​ចាត់​ការ​ ពី​សំណាក់​តុលាការ​ឯក​រាជ្យ​ណាមួយ​ដើម្បី​ផ្តល់​យុត្តិធម៌​ ជូន​ជន​រង​គ្រោះ​ហើយ​វែក​មុខ​ ឃាតករ​ ជន​ដៃដល់ ​ ជន​នៅ​ពី​ក្រោយ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់»។​

លោក​រ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ដើម្បី​បញ្ចប់​អំពើ​និទណ្ឌ​ភាព​នៅ​ប្រទេស​កម្ពុជា​អាជ្ញាធរ​គួរ​តែ​ស្វែង​រក​ឃាតករ​ពិត​ប្រាកដ​មក​ផ្តន្ទាទោស។​

លោក​និយាយ​ថា៖​«ធ្វើ​ម៉េច​អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ស្វែង​រក​ឃាតករ​ពិត​ និង​ អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតករ​យក​មកផ្តន្ទាទោសតាម​ច្បាប់»។​

លោក ជា វិជ្ជា​ ដែល​ក្រុម​កម្មករ​ផ្តល់​រហ័ស​នាម​ថា​ជា​វីរជន​ការ​ពារ​សិទ្ធិ​ក្រុម​កម្មករ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២​ខែមករា​ឆ្នាំ​២០០៤ ​ក្នុង​ខណៈពេល​ដែល​លោក​ កំពុង​អង្គុយ​អាន​កាសែត​នៅ​តូប​លក់​កា​សែត​មួយ​ក្បែរ​វត្តលង្កា។​

លោក​ នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​សំណុំ​រឿង​នេះ​បើ​ទោះ​បីកន្លង​ទៅ​អស់​រយៈពេល​១១​ឆ្នាំ​ក៏​ដោយ​ក៏​សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​នៅ​ឡើយ។​

លោក​និយាយ​ថា៖​«អ្វី​ដែល​ខ្ញុំ​អាច​និយាយ​ជូន​បាន​គឺ​ថា​ សំណុំ​រឿង​នេះ​គឺ​មិន​ទាន់​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។​មិន​ទាន់​ត្រូវ​បាន​ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​បិទ​បញ្ចប់​សំណុំ​រឿង​នេះ​នៅ​ឡើយ​ទេ»។​

សំណុំ​រឿង​នៃ​ការ​បាញ់សម្លាប់​លោក​ ជា វិជ្ជា អាជ្ញាធរ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ប៊ន សំណាង​ និង​ លោក​ សុខ សំអឿន​ ដាក់​ពន្ធនាគារ​រយៈពេល​ជិត​៥​ឆ្នាំ​ក៏ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ការ​រិះ​គន់​ថា​ជា​ឃាតករ​សិប្បនិម្មិត​ ទើប​តុលាការ​សម្រេច​ដោះ​លែង​ឱ្យមាន​សេរីភាព​ឡើង​វិញ៕