រូបមន្ត​បែង​ចែក​អសនៈ​ក្រោយ​ការបោះឆ្នោត​លម្អៀង​ទៅ​រក​បក្ស​ធំ

អ្នក​បោះឆ្នោត​​ឈរ​ចាំ​ដល់​វេន​របស់​ខ្លួន​ដើម្បី​បោះឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់។

ភ្នំពេញ៖ នៅ​សល់​តែ​១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​សរុប​ជាង​៩,៦​លាន​នាក់​នឹង​មានឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ហឹប​ឆ្នោត​ដើម្បី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​សម្រាប់​នីតិ​កាល​ថ្មី​ នីតិ​កាល​ទី​៥​។​

មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​និង​មន្ត្រី​សង្គម​ស៊ី​វិល​រួម​ទាំង​អ្នកនយោបាយ បាន​ពិចារណា​ឡើង​វិញ​ពី​សារៈ​សំខាន់​នៃ​រូបមន្ត​សម្រាប់​ធ្វើការ​បែងចែក​អ​សនៈ​ក្នុង​រដ្ឋសភា​។​

លោក​ទេព​ នី​ថា​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(​គជ​ប​)​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​កម្ពុជា​នៅ​តែ​ប្រើ​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​សមាមាត្រ​ដែល​មាន​ន័យ​ថា ​ចំនួន​អ​សនៈ​ដែល​ទទួល​បាន ​គឺ​សម្រាប់​គណបក្ស​ណាមួយ​គឺ​មិនមែន​សម្រាប់​បុគ្គល​ឈរឈ្មោះ​នោះ​ទេ​ហើយ​ចំនួន​អសនៈ​នេះ​គឺ​ផ្អែក​ទៅ​តាម​ចំនួន​សំឡេង​ឆ្នោត​គាំទ្រ​ដែល​ទទួល​បាន។​

«​រូបមន្ត​នៃ​ការ​ចែក​អសនៈ​នេះ​នៅ​អនុវត្តន៍​ដដែល។ ​ប្រព័ន្ធ​បោះ​ឆ្នោត​ជា​ប្រព័ន្ធ​សមាមាត្រ​ តែ​រូបមន្ត​បែងចែក​អសនៈ​គឺ​រូបមន្ត​មធ្យមភាគ​ខ្ពស់​បំផុត»។​

ការ​បែងចែក​អសនៈ​តាម​រូបមន្ត​មធ្យមភាគ​ខ្ពស់​បំផុត​គឺជា​រូបមន្ត​ដែល​អនុញ្ញាត​ឲ្យ​ធ្វើការ​គណនា​ការ​បែងចែក​អ​សនៈ​ច្រើន​ដង​ក្នុង​មណ្ឌល​តែ​មួយ​ក្នុង​ករណី​ដែល​ការ​បែងចែក​អសនៈ​ជំហាន​ដំបូង​មិន​ដាច់ស្រេច​។​

លោក​ទេព​ នី​ថា​ ពន្យល់​បន្ថែម​។​

«​គេ​យក​ចំនួន​អ​សនៈ​របស់​គណបក្ស​ដែល​បាន​ហើយ​ហ្នឹង​បូក​នឹង​មួយ​ ហើយ​បន្ទាប់​មក​គេ​ចែក​បន្ត​ទៀត​។​ បើកាលណា​ឃើញ​ចំនួន​មធ្យមភាគ​ខ្ពស់​ហ្នឹង​។​អ្នក​ណា​ដែល​ខ្ពស់​ជាងគេ​យើង​ឲ្យ​ដោយ​ផ្ទៀងផ្ទាត់​ជាមួយនឹង​អ្នក​ដល​អត់​បាន​អ​សនៈ​។​ ហើយ​អ្នក​ដែល​មាន​មធ្យមភាគ​ខ្ពស់​ជាងគេ​យើង​ឲ្យ​ទៅ​អ្នក​នោះ។​ យើង​នឹង​ចែក​បន្ត​ទៀត​រហូត​អស់​អ​សនៈ​ក្នុង​មណ្ឌល»។​

យ៉ាងណា​ក៏​ដោយ​សង្គម​ស៊ី​វិល​និង​មន្ត្រី​គណបក្សជំទាស់​មើលឃើញ​ថា​រូបមន្ត​បែងចែក​អ​សនៈ​នេះ​មិន​បាន​ជួយ​លើកទឹកចិត្ត​ដល់​គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​សំឡេង​ឆ្នោត​ទេ។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា​ ខុមហ្វ្រែល​ ពន្យល់​ថា​រូបមន្ត​នេះ​នឹង​ជួយ​ផ្តល់​ភាព​ចំណេញ​ដល់​គណបក្ស​ធំៗ​ដែល​ប្រមូល​សំឡេង​ឆ្នោត​បាន​ច្រើន។​

«ចែក​ហ្នឹង​ភាគច្រើន​បាន​ទៅ​គណបក្ស​ធំៗ​ដដែល​។​ ដូច្នេះ​សំណល់​មិន​បាន​ដល់​គណបក្ស​តូចៗ​ទេ​។​បើ​ទោះជា​អ្នក​ណា​(បក្ស​ណា​)​មាន​សំណល់​(សន្លឹក​ឆ្នោត)​ច្រើន​ក៏​ដោយ​បើសិន​យក​ទៅ​គណនា​គឺ​នៅ​តែ​ចាញ់​ដដែល​។​ តែបើ​នៅ​សម័យ​អ៊ុ​ន​តាក់​ កាលណា​គាត់​មាន​សំណល់​ច្រើន​ជាងគេ​ គេ​បោះ​ឲ្យ​គាត់​ភ្លាម»​។​

រូបមន្ត​បែងចែក​អសនៈ​សភា​ដែល​រៀបចំ​ដោយ​អាជ្ញា​ធរ​បណ្តោះ​អាសន្ន​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា​ អ៊ុនតាក់​ នៅ​ឆ្នាំ​១៩៩៣​នោះ​ គឺ​ក្រោយ​ពី​ការ​បែងចែក​អ​សនៈ​រួច​ សំឡេង​ឆ្នោត​ដែល​នៅ​សល់​របស់​គណបក្ស​ដែល​ទទួល​បាន​អសនៈ​រួច​នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​គណបក្ស​ណា​ដែល​មាន​សំឡេង​គាំទ្រ​នៅ​សល់​ច្រើន​ជាងគេ។​

ការ​បោះ​ឆ្នោត​នៅ​សម័យ​អ៊ុ​ន​តាក់​គឺជា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ជា​លើក​ដំបូង​ក្រោយ​ពី​របប​ខ្មែរក្រហម​ កាលពី​ខែឧសភា​ ឆ្នាំ​១៩៩៣។​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល​ប្រាំមួយ​ថ្ងៃ។​ ហើយ​មាន​គណបក្ស​ជាប់​ឆ្នោត​ចំនួន​បួន​ គឺ​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិន​ប៉ិច​ ដែល​ទទួល​បាន​អសនៈ​ចំនួន​៥៨។​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អ​សនៈ​ចំនួន​៥១​។​ គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា​ បាន​អ​សនៈ​ចំនួន​១០​ និង​គណបក្ស​ម៉ូ​លី​ណា​កា​និង​អ្នកតស៊ូ​ខ្មែរ​ដើម្បី​សេរីភាព​ ទទួល​បាន​មួយ​អ​សនៈ។​

ទោះជា​យ៉ាងណា​រូបមន្ត​គណនា​អ​សនៈ​ក្នុង​រដ្ឋសភា​ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​និង​គណបក្ស​ជំទាស់​ហៅ​ថា​ជា​រូបមន្ត​ជួយ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​រដ្ឋសភា​នោះ​ ត្រូវ​បាន​ផ្តាស់​ប្តូរ​មក​របៀប​គណនា​ថ្មី​ចាប់តាំងពី​ឆ្នាំ​១៩៩៨​ មក​ម្ល៉េះ។​

លោក​យ៉ែ​ម​ បុញ្ញឫទ្ធិ​ គឺ​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ច្របាច់​បញ្ចូល​គ្នា​ដោយ​គណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សម​ រ​ង្ស៊ី។​ លោក​យ៉ែម​ បុញ្ញឫទ្ធិ​ មាន​ប្រសាសន៍​ថា​ រូបមន្ត​ថ្មី​នេះ​មិនសូវ​ផ្តល់​យុត្តិធម៌​សម្រាប់​គណបក្ស​តូចៗ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ដែរ​នោះ​ទេ។​

«រូបមន្ត​នេះ​មិន​មាន​យុត្តិធម៌​ប៉ុន្មាន​ទេពី​ព្រោះ​មធ្យមភាគ​ខ្ពស់​នេះ​មិន​សម​ហេតុ​សម​ផល​ដែល​យក​សំឡេង​ឆ្នោត​គិត​ជា​អ​សនៈ​ហើយ​ មក​គិត​ចែក​ឡើង​វិញ​សម្រាប់​អ​សនៈ​ដែល​នៅ​សល់​រហូត​ដល់​អស់​អ​សនៈ»។​

ថ្វីបើ​ដូច្នេះ​ក្តី​លោក​ជាម​ យៀ​ប​ អ្នក​តំណាងរាស្ដ្រ​ចាស់វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨១​បាន​ថ្លែង​ការពារ​រូបមន្ត​នេះ។​

«អ៊ុ​ន​តាក់​គឺ​រៀបចំ​តាម​អ្វី​ដែល​អ៊ុនតាក់​បាន​សម្រេច​ជាមួយ​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ហៅ​ថា​ SNC​។​ ចំណែកឯ​ការ​បោះ​ឆ្នោត​អណត្តិ​ទី​២​គឺ​រាជរដ្ឋាភិបាល​កម្ពុជា។​ អញ្ចឹ​ង​ច្បាប់​នេះ​គឺ​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សុទ្ធសាធ​ ហើយ​មាន​ស្តង់ដារ​អន្តរជាតិ»។​

ទោះជា​មានការ​ថ្លែង​ការពារ​ដូច្នេះ​ក្តី​ ក៏​មន្ត្រី​សង្គម​ស៊ី​វិល​ គណបក្ស​ជំទាស់​នានា​ចង់​ឃើញ​កម្ពុជា​កែប្រែ​រូបមន្ត​សម្រាប់​គណនា​អ​សនៈ​ក្នុង​រដ្ឋសភា​និង​ចង់​ឲ្យ​មានការ​បង្កើន​ចំនួន​អ​សនៈ​ក្នុង​សភា​ជាន់​ទាប​នេះ​បន្ថែម​ទៀត​ឲ្យ​សម​ស្រប​ទៅ​តាម​ចំនួន​កើនឡើង​នៃ​អ្នកមាន​សិទ្ធិ​បោះឆ្នោត៕