ក្រុមសកម្មជនឈ្មោះទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន(Environmental Investigation Agency)ហៅកាត់ថាEIA និយាយថា យោធារបស់វៀតណាមមានជំពាក់ទាក់ទិននៅក្នុងការលួចរត់ពន្ធឈើពីប្រទេសលាវ ទោះបីជាមានច្បាប់ហាមមិនឲ្យមានការនាំចេញបែបនេះក៏ដោយ។
របាយការណ៍របស់ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានដែលមានមូលដ្ឋានក្នុងទីក្រុងឡុង និយាយថា ខ្សែវីដេអូសម្ងាត់មួយដែលពួកសកម្មជនបានលួចថតក្នុងពេលពីរឆ្នាំកន្លងទៅនេះ បានបង្ហាញអំពីមធ្យោបាយដែលឈើហ៊ុបត្រូវគេដឹកពីប្រទេសលាវទៅដល់រោងចក្រធ្វើតុទូនៅប្រទេសវៀតណាម។
«គំនរឈើហ៊ុបដ៏ធំនេះកំពុងរង់ចាំការដឹកនាំទៅកាន់វៀតណាមដែលជាប្រទេសជិតខាងដោយបើកឡានឆ្លងកាត់ព្រំដែនចម្ងាយមួយម៉ោងពីទីនេះ។ ឈើហ៊ុបទាំងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនយោធាវៀតណាមមួយ ហើយនឹងត្រូវដឹកឆ្លងព្រំដែន ដោយរំលោភលើបម្រាមនាំចេញរបស់ប្រទេសលាវ»។
របាយការណ៍ ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ និយាយថា ឧស្សាហកម្មឈើរបស់វៀតណាមដែលកំពុងរីកចម្រើនយ៉ាងខ្លាំង ដោយមានតម្លៃនាំចេញស្មើនឹងទឹកប្រាក់ចំនួន៤ពាន់លានដុល្លារក្នុងមួយឆ្នាំ បានជំរុញឲ្យមានការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសលាវ ដែលនៅមានព្រៃត្រូពិកមិនទាន់កាប់ឆ្ការចុងក្រោយបង្អស់ខ្លះ នៅក្នុងតំបន់ទន្លេមេគង្គ។
របាយការណ៍របស់ EIA ចោទថា យោធាវៀតណាមបានសូកប៉ាន់មន្រ្តីលាវ រួចហើយលួចរត់ពន្ធឈើទាំងនោះទៅឲ្យរោងចក្រនៅប្រទេសវៀតណាម។
ទីភ្នាក់ងារ EIA បានសំគាល់ឈ្មោះ ‘ក្រុមហ៊ុននៃសហប្រតិបត្តិការសេដ្ឋកិច្ច’ (Company of Economic Cooperation) របស់វៀតណាម ថាជាអ្នកចូលរួមដ៏សំខាន់មួយនៅក្នុងពាណិជ្ជកម្មខុសច្បាប់នេះ ហើយថា ក្រុមហ៊ុននេះមានការត្រួតពិនិត្យពីកងយោធាមួយដែលស្ថិតនៅទីក្រុង វិញ (Vinh) នៃប្រទេសវៀតណាម។
លោកជូល្យាន នូម៉ិន (Julian Newman) អ្នកស្រាវជ្រាវរបស់ EIA និយាយថា អំពើពុករលួយបានបណ្តាលឲ្យពាណិជ្ជកម្មកាប់ឈើខុសច្បាប់នៅមានធ្វើបន្តទៅទៀត ដោយបានផ្តល់ផលដ៏តិចតួចបំផុតសម្រាប់សហគមន៍ក្នុងតំបន់។
«អ្វីដែលយើងមើលឃើញគឺបរាជ័យទាំងស្រុងនៃប្រព័ន្ធច្បាប់នៅក្នុងប្រទេសលាវ។ នេះជាទីកន្លែងដែលពាណិជ្ជករមានឥទ្ធិពលទាំងនេះ អាចរំលោភច្បាប់បានដោយចំហ។ ហើយគេពិបាកនឹងរកឲ្យឃើញថា ឧស្សាហកម្មនេះផ្តល់ផលប្រយោជន៍ពិតៗ សម្រាប់ប្រជារាស្រ្តលាវ។ រោងចក្រផ្ទាល់របស់លាវមិនអាចរកឈើបានទេ ហើយជីវិតរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រូវរងការបន្ទុចបង្អាក់»។
នៅក្នុងសេចក្តីថ្លែងការណ៍ប្រាប់ វីអូអេ អ្នកនាំពាក្យម្នាក់នៃទីស្តីការរដ្ឋមន្រ្តីការបរទេសវៀតណាមបានបដិសេធការជំពាក់ទាក់ទិនរបស់យោធាវៀតណាមនៅក្នុងការរត់ពន្ធឈើចេញពីប្រទេសលាវ។ អ្នកនាំពាក្យនេះនិយាយថា ប្រទេសវៀតណាមហាមដាច់ខាតដល់ការរត់ពន្ធនិងការកាប់ឈើខុសច្បាប់។
មន្រ្តីវៀតណាមបាននិយាយប្រាប់អង្គការព័ត៌មានដទៃទៀតថា ‘ក្រុមហ៊ុនសហប្រតិបត្តិការសេដ្ឋកិច្ច’ មានអាជ្ញាប័ណ្ណមួយពីរដ្ឋាភិបាលលាវ ដើម្បីនាំឈើហ៊ុបចេញ។
ក្នុងឆ្នាំ១៩៩៧ វៀតណាមបានដាក់បម្រាមលើការកាប់ឈើក្នុងស្រុកភាគច្រើន ហើយឥឡូវនេះនាំចូល៨០ភាគរយនៃគ្រឿងផ្គត់ផ្គង់ឈើរបស់ខ្លួន។
របាយការណ៍របស់ EIA និយាយថា ទំនិញឈើនាំចូលបានឡើងពី១២៣លានដុល្លារក្នុងឆ្នាំ២០០០ទៅដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០០៨។ របាយការណ៍បានបន្ថែមថា ការនាំឈើខុសច្បាប់មកពីប្រទេសលាវមានចំនួន១៦ភាគរយនៃចំនួនសរុបខាងលើនេះ។
មន្រ្តីលាវបាននិយាយកាលពីប៉ុន្មានខែមុននេះថា រដ្ឋាភិបាលបានបង្កើនកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់ពាណិជ្ជកម្មឈើខុសច្បាប់។ កាលពីខែមិថុនាមុននេះ លោកនាយករដ្ឋមន្រ្តីថោងស៊ីង ថាម៉ាវង់ (Thongsin Thammavong) បានចេញបទបញ្ជាឲ្យពង្រឹងវិធានការប្រឆាំងនឹងការកាប់ឈើ និងការរត់ពន្ធឈើខុសច្បាប់។
ក៏ប៉ុន្តែទីភ្នាក់ងារ EIA និយាយថា ទោះបីជាមានច្បាប់ក៏ដោយ ក៏ស្ថានការណ៍នៅតែ«មានភាពវឹកវរ ហើយជៀសមិនផុតពីអំពើពុករលួយទេ»។
ព្រៃឈើដែលគ្របដណ្តប់លើប្រទេសលាវបានចុះថយយ៉ាងច្រើនក្នុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺធ្លាក់ចុះពីជាង៦០ភាគរយក្នុងទសវត្សរ៍១៩៦០មកនៅប្រហែល ៤០ភាគរយក្នុងពេលសព្វថ្ងៃនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន