ភាពលោភលន់ និងសម្ភារនិយមហួសហេតុជាឫសគល់នៃវប្បធម៌ពុករលួយក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ហើយរាល់កិច្ចប្រឹងប្រែងទាំងឡាយដើម្បីប្រឆាំងនឹងអំពើពុករលួយត្រូវរកដំណោះស្រាយចំពោះកត្តាទាំងពីរនេះ។ នេះតាមការអះអាងរបស់អ្នកជំនាញមួយរូប។
Your browser doesn’t support HTML5
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីសប្តាហ៍មុនថា កត្តាទាំងពីរនេះមានលក្ខណៈខ្លាំងក្លារហូតធ្វើឲ្យវប្បធម៌អំពើពុករលួយនៅកម្ពុជាមានលក្ខណៈដូច«ជំងឺ»។
លោកថ្លែងថា៖ «យើងអាចនិយាយបានថា ឫសគល់ធំបំផុតគឺសេចក្តីលោភលន់ (ភាសាបាលីគេថា លោភៈ) របស់មនុស្ស»។
លោក ព្រាប កុល ពន្យល់ថាអំពើពុករលួយមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរមកហើយ ប៉ុន្តែមិនខ្លាំងដូចពេលបច្ចុប្បន្នទេ។ ជាក់ស្តែងលោកថានៅក្នុងអំឡុងសម័យសង្គមរាស្ត្រនិយមក្នុងទសវត្សរ៍១៩៥០និង១៩៦០ អំពើពុករលួយមិនខ្លាំងដូចបច្ចុប្បន្នដោយសារមានសម្ភារៈទំនើបតិចជាងបច្ចុប្បន្នហើយពលរដ្ឋប្រកាន់គោលការណ៍ពុទ្ធសាសនាបានខ្ជាប់ខ្ជួនជាងសព្វថ្ងៃ។
កាលពីឆ្នាំមុន អង្គការតម្លាភាពអន្តរជាតិបានចាត់ទុកកម្ពុជាថាជាប្រទេសមានអំពើពុករលួយខ្លាំងបំផុតមួយក្នុងពិភពលោកដោយចាត់ចំណាត់ថ្នាក់ជាប់លេខ១៥៤ក្នុងចំណោមប្រទេស១៧៤ក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ។ លោក ព្រាប កុល និយាយថា ទោះបីសម្ភារនិយមនៅប្រទេសមានការអភិវឌ្ឍដូចសហរដ្ឋអាមេរិកមិនមែនជាកត្តាជំរុញអំពើពុករលួយក្តី ក៏សម្ភារនិយមមិនសមស្របនឹងប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ដោយសារវាអាចក្លាយជាកត្តាជំរុញឲ្យមានអំពើពុករលួយ។
«បច្ចុប្បន្ននេះសម្ភារៈមានភាពទំនើប ហើយវាបាននាំចូលមកប្រទេសយើង ធ្វើឲ្យមនុស្សគាត់មើលឃើញ គាត់ចាប់ផ្តើមមានចិត្តចង់បាន។ នៅពេលដែលគាត់មិនមានលុយគ្រប់គ្រាន់ ហើយគាត់ចង់បានរបស់ហ្នឹងខ្លាំង គាត់លេងផ្លូវកាត់។ ផ្លូវកាត់ហ្នឹងគឺថា កិបកេង ត្រូវការបន្លំ ត្រូវការពុករលួយ ត្រូវការដើរខ្សែលើ ត្រូវការធ្វើរឿងអយុត្តិធម៌ ធ្វើយ៉ាងម៉េចដើម្បីឲ្យបានរបស់ដែលគាត់ចង់បានដែលអូសទាញចិត្តគាត់ហ្នឹង»។
អ្នកជំនាញរូបនេះថ្លែងថា អំពើពុករលួយអាចត្រូវកាត់បន្ថយបានតាមការអប់រំនិងការប្រកាន់ខ្ជាប់នូវធម៌ព្រះពុទ្ធសាសនា រួមទាំងការប្រាសចាកពីលោភៈ គឺភាពលោភលន់។
លោក ព្រាប កុល បានទទួលស្គាល់ថា កិច្ចប្រឹងប្រែងប្រឆាំងនឹងអំពើពុករលួយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបាននាំឲ្យ កម្រិតនៃអំពើពុករលួយបានថយចុះក្នុងផ្នែកខ្លះ រួមទាំងសេវារដ្ឋបាលមួយចំនួន។ លោកថាការបង្កើតអង្គភាពប្រឆាំងអំពើពុករលួយនៅក្នុងឆ្នាំ២០១០ ជាជំហានសំខាន់មួយក្នុងកិច្ចប្រឹងប្រែងនេះ។
ប្រិយមិត្តម្នាក់ដែលទូរស័ព្ទចូលពីខេត្តបន្ទាយមានជ័យ ឈ្មោះ លោក ហាក់ បានចោទសួរថា តើអង្គភាពប្រឆាំងអំពើពុករលួយអាចមានប្រសិទ្ធភាពដើម្បីបញ្ចប់«វប្បធម៌ពុករលួយ»នៅពេលណាមួយទេ?
លោក ព្រាប កុល ថ្លែងថា អង្គភាពប្រឆាំងអំពើពុករលួយនេះមិនធ្លាប់មានពីមុនមកទេ ហើយមានតួនាទីសំខាន់ខ្លាំងមិនត្រឹមតែដើម្បីបំបាត់ស្ថានភាពអំណោយផលសម្រាប់អំពើពុករលួយប៉ុណ្ណោះទេ តែត្រូវផ្តោតលើការងារផ្លាស់ប្តូរឥរិយាបថពលរដ្ឋផងដែរ។
«គាត់[អង្គភាព]មានតួនាទីសំខាន់មែនទែននៅក្នុងតួអង្គប្រឆាំងនឹងអំពើពុករលួយ។ គាត់ត្រូវធ្វើសកម្មភាពទាំងបី ទាំងការដាក់ទោស ទាំងវិធានការទប់ស្កាត់កុំឲ្យកើតមានអំពើពុករលួយនិងវិធានការអប់រំផ្នត់គំនិត»។
ប៉ុន្តែលោកថា នៅទីបំផុតកិច្ចការប្រយុទ្ធប្រឆាំងនឹង«វប្បធម៌ពុករលួយ»ទាមទារឲ្យមានការចូលរួមពីសង្គមទាំងមូល។
«បើយើងពឹងផ្អែកតែលើស្ថាប័នហ្នឹងមួយ គាត់មិនអាចធ្វើបានទេ ទាល់តែយើងទាំងអស់គ្នាចូលរួមទាំងអស់គ្នា»៕