ប្រទេស​ក្រិក​ស្វាគមន៍​ការវិល​ត្រឡប់មក​វិញ​នៃ​ទេសចរ​ចិន​

រូបឯកសារ៖ ទេសចរ​ចិន​មួយ​ក្រុម​ស្តាប់​មគ្គុទេសចរ​នៅ​សារមន្ទីរជាតិក្នុង​ទីក្រុង Athens ប្រទេស​ក្រិក​កាលពី​ថ្ងៃទី​៣ សីហា ឆ្នាំ២០១៧។

នៅ​លើ​ផ្លូវ​ក្រាល​ថ្មបុរាណ​នានា​ ក្នុង​រដ្ឋធានី​អាថែន​ ប្រទេស​ក្រិក​ ម្ចាស់ហាង​លក់​ភេសជ្ជៈ​លោក​ Spiros Bairaktaris បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅនឹង​ព័ត៌មាន​ដ៏​រីករាយ​ ដែល​គេ​ហៅ​ថាជា​ការ​វិល​ត្រឡប់​មក​វិញ​នៃ​ទេសចរ​ជនជាតិ​ចិន។ ​

លោក​ថ្លែង​ដូច​នេះ​ថា​៖ ​«យើង​រង់​ចាំ​ពួក​គេ​ដោយ​ក្តី​ស្រឡាញ់​ពេញចិត្ត​ពី​បេះដូង​យើង។​ យើង​ចង់​ទទួល​ពួក​គេ ផ្គត់​ផ្គង់​និង​ផ្តល់​ឱ្យ​គេ​នូវ​សេវា​នានារបស់យើង»។

លោក​និយាយ​ថា​ ភោជនីយដ្ឋាន​ទាំង​អស់​នៅ​ទី​នេះ​ ​កំពុង​រង់​ចាំ​ការ​មក​ដល់​របស់​ពួក​គេទាំង​នោះ​ ដោយ​អន្ទះសារ។

ខណៈពេល​ដែល​ក្រុម​ទេសចរ​ចិននានា​ ​ទើបតែចាប់​ផ្តើម​ត្រឡប់​មក​កាន់ប្រទេស​ក្រិក​នោះ ​ប្រទេស​នេះ​រំពឹង​ថា​ ​ចំនួន​ទេសចរ​ចិន​នឹង​មានការ​ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​រដូវ​ក្តៅ​នេះ ​ដែល​អាច​មានចំនួន​លើស​ទេសចរ​ចិន​២សែន​នាក់ ​ដែល​បាន​មក​ទស្សនា​ក្រិក​កាល​ពី​មុនការ​រាត​ត្បាតនៃជំងឺ​កូវីដ​១៩។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​មាន​កិច្ចប្រជុំមួយ​ចំនួន​រវាង​មន្ត្រី​ក្រិក​និង​ចិន​ ដើម្បីជួយ​សម្រួល​លើ​ការ​រឹតបន្តឹង​ទិដ្ឋាការ។​ ជើងហោះហើរ​ផ្ទាល់ត្រូវ​បានបន្ត​ឡើង​វិញ​ ហើយ​ក៏​មានការ​បង្កើនចំនួនទីតាំង​ទេសចរណ៍សំខាន់ៗ​ សម្រាប់​លើក​កម្ពស់ទេសចរ​មក​ពីចិន​ផង​ដែរ។​

វិស័យ​ទេសចរណ៍ផ្តល់​ចំណូល​ប្រមាណ​ជាង​១ភាគ៤​ នៃ​ប្រាក់​ចំណូលសេដ្ឋកិច្ច​ទាំង​មូល​របស់​ក្រិក។​ ​ ហើយ​ជា​មួយ​នឹង​ការ​ព្យាករណ៍​ទុក​ជា​មុន​ថា​ នឹង​មាន​ទេសចរ​ប្រមាណ​ជាង​៣០​លាន​នាក់​ នឹង​ចូល​មក​ទស្សនាក្រិកនៅ​ក្នុង​រដូវ​ក្តៅ​នេះ​ ហាង​ទំនិញ​និង​មន្ត្រី​ជា​ច្រើនរបស់​ក្រិក​និយាយ​ថា​ ការ​វិល​ត្រឡប់​មក​វិញ​នៃ​ក្រុម​ទេសចរ​ចិន​នោះ​ ​នឹង​ជួយ​ជំរុញ​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​របស់​ក្រិក​ ដែល​បាន​ចុះ​អន់ថយក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​ទៅ​ ក៏​ដូច​ជា​ក្នុង​អំឡុង​ពេល​នៃ​ជំងឺរាតត្បាត​កូវីដ១៩​ផង​ដែរ។​

លោក​ស្រី ​Sofia Zacharaki ​អនុរដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ក្រិក​ បាន​ថ្លែង​ដូច​នេះ​ថា៖ ​
«ក្នុង​អតីតកាល​ យើង​បានឃើញពីការ​ចំណាយ​ជា​មធ្យម​របស់​ទេសចរចិន​ មាន​ចំនួន​លើស​ទ្វេដង​នៃ​ទេសចរ​មក​ពី​អឺរ៉ុប ពេល​គេ​មក​លេងប្រទេស​ក្រិក»។

អារម្មណ៍​កក់ក្តៅ​រាក់ទាក់ ​និង​ស្វាគមន៍​សប្បាយ​រីករាយ​ គឺ​ជា​រឿង​ថ្មីមួយ​នៅ​ក្រិក។​ ​

ប៉ុន្តែ​កាល​ពី៥​ឆ្នាំមុន និង​មុនជំងឺ​កូវីដ១៩​ឆ្លង​រាតត្បាត​នោះ​ ហាង​ទំនិញ​និង​ពលរដ្ឋ​ក្រិក​ជា​ច្រើន​នាក់​និយាយ​ថា​ ពួក​គេ​អន់ចិត្ត​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ជា​ទង្វើហួស​ហេតុ​នៃ​ក្រុម​ទេសចរ​ចិន។​ ​ពលរដ្ឋ​ក្រិក​លើក​ឡើងដោយ​យោង​ទៅ​លើ​អ្វី​ ​ដែលគេ​និយាយ​ថា​ ជា​ការ​ធ្វើពាណិជ្ជកម្ម​ហួសហេតុ​ទៅ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍តាម​លក្ខណៈ​ប្រពៃណីយ​ចិននៅលើ​ទីតាំង​ថ្ងៃ​លិចដ៏​ប្រណិតនៅតាម​កោះ​ពេញ​និយម​នានា​ ដូច​ជា​កោះ Santorini​របស់ក្រិក​ជាដើម។​

ពួក​គេក៏​និយាយ​ផង​ដែរ​ថា​ នៅលើ​កោះ Santorini និង​កោះ​ដទៃ​ទៀត​ ការអនុវត្តច្បាប់​ ការ​ប្រមូល​សម្រាម​ និង​សេវា​ដទៃ​ផ្សេងៗ​ទៀត​បាន​ធ្វើការ​ហួស​សមត្ថភាពដោយ​សារ​តែ​ការ​ហូរ​ចូល​ដ៏​គំហុក​នៃ​ទេសចរ​ចិន។​ ការបារម្ភ​ដទៃ​ទៀត​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ ​គឺការ​សាងសង់​គ្មាន​សណ្តាប់ធ្នាប់​ ខណៈពេល​ដែលដែល​អ្នករៀប​ចំ​ទទួល​នៅ​លើ​កោះ​ទាំង​នោះ ​គិតតែ​ពី​រឿងកន្លែង​ស្នាក់នៅ​របស់​ទេសចរ​ទាំង​នោះ។ ​

​ក្រុម​ប្រជាពលរដ្ឋ​ក្រិក​ក្នុង​មូលដ្ឋាន​ជា​ច្រើន​ពេល​នោះ​ ​បាន​ចាប់​ផ្តើម​បារម្ភ​ថា​ ជន​ជាតិ​ចិន​ និងទេសចរ​ផ្សេងៗ​ទៀត​ ​ជា​ការកំរាមកំហែងដល់​សាមគ្គីភាព​សង្គម។​

ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់នៅឡើយ​ទេ​ថា​ តើ​ការ​បារម្ភ​ដែល​ធ្លាប់​តែ​ចាក់​ឫស​រឹង​មាំកាល​ពី​ពេល​មុននោះ​ នឹង​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​ឬ​យ៉ាង​ណា​នោះ។ ​

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បញ្ជី​មុខ​ម្ហូប​នានា​នៅ​តាម​ភោជនីយដ្ឋាន​ ត្រូវ​បាន​បក​ប្រែ​ទៅ​ជា​ភាសា​ចិន​ និងហាង​ទំនិញ​ជា​ច្រើន​មាន​តុបតែង​លម្អរ​ដោយ​ទង់​ជាតិ​ចិន។ ក្រុម​បុគ្គលិក​ដែល​បម្រើការ​នៅ​តាមបណ្តាសណ្ឋាគារ​នានា កំពុង​នាំ​គ្នា​សម្រុក​រៀន​ភាសាចិន​៕


ប្រែ​សម្រួល​ដោយលោក ជ្រា វណ្ណារិទ្ធ