លោក យ៉ង សាំង​កុមារ ​នឹង​ទទួល​តំណែង​ជា​រដ្ឋ​លេខាធិការ ​ខណៈ​ប្រឈម​ការ​រិះគន់​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច

រូបឯកសារ៖ លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ដឹកនាំក្បួនឃោសនារកសំឡេង​ឆ្នោត នៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

បន្ទាប់​ពី​លោក ​យ៉ង សាំងកុមារ ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​លោក​នឹង​ទទួល​បាន​តំណែង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម។ ​ចំណែក​លោក ​ឡឹក សុធារ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​នឹង​ក្លាយ​ជា​អនុ​រដ្ឋ​លេខាធិការ​នៅ​ក្រសួង​កសិកម្ម​នេះ​ដែរ។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម។​

កាល​ពី​ថ្ងៃ​២៣​ ខែ​វិច្ឆិកា ​លោក ​យ៉ង សាំងកុមារ ​បាន​ធ្វើ​លិខិត​២​ច្បាប់​ដាក់​ជូន​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​សុំ​ចូល​បម្រើ​ការ​ជាមួយ​រដ្ឋាភិបាល ​ដែល​លោក​បាន​អះអាង​ក្នុង​លិខិត​ថា​ មាន​គោល​បំណង​ចង់​ជួយ​អភិវឌ្ឍ​វិស័យ​កសិកម្ម។ ​ប៉ុន្តែ​ការ​ចាក​ចេញ​ពី​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​របស់​លោក ​យ៉ង សាំងកុមារ ​និង​ លោក ឡឹក សុធារ​ក៏​រង​ការ​រិះគន់​មួយ​ចំនួន​ផង​ដែរ ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ខក​ចិត្ត។​

មុន​ការ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ បាន​ដាក់​សំណើ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​លោក ​ឌិត ទីណា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទី​ផ្សារ​ និង​តម្លៃ​ស្រូវ​ជូន​កសិករ​ផង​ដែរ។​

លោក​ យ៉ង សាំងកុមារ ​ដែល​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​បាន​បញ្ជាក់​ក្នុង​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ថា​លោក ពេញ​ចិត្ត​នឹង​គោល​នយោបាយ​ប្រាកដ​និយម​ថ្មី​របស់​រដ្ឋាភិបាល​ដែល​ទើប​តែ​ដាក់​ចេញ​ថ្មីៗ​នេះ​ ដែល​មាន​គោល​នយោ​បាយ​លើ​កម្ពស់​ជីវភាព​កសិករ​ប្រកប​ដោយ​វិធាន​ការ​ជាក់​ស្តែង ​ដូច​ជា​គោល​នយោ​បាយ​ផលិត​ពូជ​សម្រាប់​លក់​ចែក​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​តម្លៃ​សម​រម្យ ​ គោល​នយោ​បាយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត ​គោល​នយោ​បាយ​បង្កើន​ទុន​ដល់​ធនាគារ​អភិវឌ្ឍ​កសិកម្ម​ជន​បទ ​និង​គោល​នយោ​បាយ​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ​កសិផល។​

លោក ​យ៉ង សាំងកុមារ ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា៖ ​«ខ្ញុំ​បាន​សូម​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ទាំង​នេះ ​ឱ្យ​ជោគ​ជ័យ​ និង​មាន​ផ្លែផ្កា​ ក្នុង​គោល​បំណង​លើក​ស្ទួយ​ជីវភាព​កសិករ​ សន្តិ​សុខ​ស្បៀង ​បរិស្ថាន ​និង​សេដ្ឋ​កិច្ច​ជាតិ»។​

ក្នុង​លិខិត​នោះ ​លោក​ យ៉ង សាំងកុមារ ​ស្នើ​សុំ​ចាប់​ផ្តើម​ជីវភាព​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ នៅ​ថ្ងៃ​ទី​២​ ខែ​ធ្នូ ​នេះ​ត​ទៅ។​

កញ្ញា ​អ៊ឹម រចនា​ អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ យ៉ង សាំងកុមារ ​នឹង​ទទួល​តំណែង​ជា​រដ្ឋ​លេខាធិការ​ និង​លោក ឡឹក សុធារ​នឹង​ជា​អនុ​រដ្ឋ​លេខាធិការ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា៖ ​«សម្រាប់​ក្រសួង​កសិកម្ម ​និង​ពី​សំណាក់​ឯក​ឧត្តម​រដ្ឋ​មន្ដ្រី ​ឌិត ទីណា ​លោក​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​លោក​បណ្ឌិត ​យ៉ង សាំង​កុមារ ​និង​លោក​ ឡឹក​ សុធារ ​ដែល​បាន​សម្រេច​ចិត្ត​ចូល​រួម​ជីវភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​ឈាន​ទៅ​មុខ»។​

លោក ​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា ​បញ្ជាក់​ថា​គណ​បក្ស​កាន់​អំណាច​នេះ​បាន​អនុញ្ញាត​ឱ្យ​លោក​ យ៉ង សាំងកុមារ​ និង​លោក​ ឡឹក សុធារ​ ចូល​រួម​ជីវ​ភាព​នយោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​តែ​ត្រូវ​ចាំ​ដល់​គណ​បក្ស​ធ្វើ​ពិធី​បញ្ចូល​ជា​សមាជិក​ជា​មុន​សិន ​ទើប​អ្នក​ទាំង​ពីរ​អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ។​

លោក​ថ្លែង​ថា៖ ​«ការ​ឆ្លើយ​តប​គឺ​ទទួល​យល់​ព្រម​ឱ្យ​គាត់​ចូល​រួម​ជា​សមាជិក​គណ​បក្ស​ប្រជាជន»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​យ៉ង សាំងកុមារ ​និង​លោក​ យ៉េង វីរៈ ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​និង​លោក ​សាម អ៊ីន​ អគ្គ​លេខាធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ។ ​ចំណែក​លោក ​ឡឹក សុធារ​បដិសេធ​មិន​អត្ថា​ធិប្បាយ។​

ប៉ុន្តែ​លោក ​យ៉ង សាំងកុមារ​ បាន​បក​ស្រាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ចូល​រួម​ជីវភាព​ជា​មួយ​គណ​បក្ស​ប្រជាជន​កម្ពុជា ​នៅ​ក្នុង​វីដេអូ​មួយ​ ដែល​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ចន្ទ​នេះ ​ដោយ​លោក​ថា​ ចង់​ប្រើ​ប្រាស់​ចំណេះ​ដឹង​ និង​ជំនាញ​របស់​ខ្លួន​ដែល​មាន ​ដើម្បី​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម​ ជា​ពិសេស​បញ្ហា​ស្រូវ​អង្ករ។​

លោក​ថ្លែង​ថា៖ ​«គំនិត​ដើម​អត់​ទេ​[អត់​មាន​គំនិត​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទេ]​ ប៉ុន្តែ​ដោយ​សារ​ចៃ​ដន្យ​រឿង​នេះ ​ទីមួយ​រដ្ឋមន្ត្រី​ថ្មី​ ទី​ពីរ​បញ្ហា​ស្រូវ​អង្ករ​កើត​មាន​ឡើង។​ អ៊ីចឹង​បាន​ជួប​ជជែក​គ្នា​ទៅ​បាន​មាន​គំនិត​ថា​ ខ្ញុំ​គួរ​តែ​ធ្វើ​អី​មួយ ​ហើយ​គាត់​ក៏​ឯកភាព​ឱ្យ​ខ្ញុំ​ធ្វើ​អី​មួយ​អ៊ីចឹង»។​

លោក​បន្ត​ថា៖​ «មាន​ន័យ​ថា​គម្រោង​ទាំង​មូល​ហ្នឹង​ ខ្ញុំ​មាន​សិទ្ធិ​ដឹក​នាំ​គម្រោង​ហ្នឹង​ ហើយ​ទី​២​ មាន​ការ​ធានា​ធ្វើ​ម៉េច​យើង​មាន​ធនធាន​ បូក​ធនធាន​ថវិកា ​និង​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ងារ​ហ្នឹង។​ ក្នុង​ហ្នឹង​ជា​មួយ​កសិករ ​និង​ភាគី​ពាក់​ព័ន្ធ​ ព្រោះ​តែ​អ៊ីចឹង​យើង​ចូល​ទៅ​ថា ​យើង​អត់​អាច​ គឺ​អ៊ីចឹង​បញ្ហា​ក៏​មិន​បាន​ដោះ​ស្រាយ ​ហើយ​ខ្ញុំ​ក៏​ចោល​ចំណេះ​ដឹង​បទ​ពិសោធន៍​ខ្ញុំ​ដដែល​ហ្នឹង»។

លោក យ៉ង សាំងកុមារ ​ថែ្លង​ក្នុង​វីដេអូ​ដដែល​នោះ​ថា ​ លោក​បាន​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ពេល​ណា​នោះ​ទេ។​

នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ ហ៊ុន សែន ​បង្ហោះ​សារ​ ដោយ​ភ្ជាប់​រូបភាព​ជាមួយ​លោក ​ឌិត ទីណា ​លោក​ យ៉ង សាំងកុមារ ​និង​លោក ឡឹក សុធារ ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ទើប​ជួប​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រី​កសិកម្ម​ ឌិត ទីណា ​និង​បណ្ឌិត​យ៉ង សាំងកុមារ ​ព្រម​លោក​ ឡឹក សុធារ​ លើ​ការងារ​កសិកម្ម​ ដែល​លោក​ទាំង​ពីរ​នាក់​ទើប​មក​រួម​រស់​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា»។​

លោក ​សាម អ៊ីន ​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​ដែល​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​ជាមួយ​លោក ​យ៉ង សាំងកុមារ​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​បញ្ជាក់​ថា៖​ «ខ្ញុំ​យល់​អំពី​ការ​លំបាក​របស់​បង​ ហើយ​ខ្ញុំ​នៅ​បន្ត​ជឿ​លើ​ទឹក​ចិត្ត​របស់​បង​ក្នុង​ការ​ចង់​ជួយ​ដល់​កសិករ​ខ្មែរ។ សូម​ជូន​ពរ​ឱ្យ​លោក​បណ្ឌិត ​យ៉ង សាំងកុមារ​មាន​សុខ​ភាព​ល្អ»។​

ចំណែក​លោក​ យ៉េង​ វីរៈ ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​កាល​ពី​ថ្ងៃ​អាទិត្យបាន​ថ្លែង​សារ​នៅ​ក្នុង​វីដេអូ​មួយ​មាន​រយៈ​ពេល​ជាង​២​នាទី​ដែល​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ដោយ​បាន​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ ​សមាជិក​ សមាជិកា​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ឱ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់ ​និង​ចាំ​មើល​ការ​វិវត្ត​បន្ត​ទៀត។​

លោក ​ប៉ោ មករា ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋានខេត្ត​កណ្តាល ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ចាក​ចេញ​របស់​លោក ​យ៉ង សាំងកុមារ​បាន​ប៉ះពាល់​ដល់​ទឹក​ចិត្ត​អ្នក​គាំទ្រ ​និង​រូប​លោក​ផង​ដែរ​ តែ​ទោះ​ជា​យ៉ាង​ណា ​លោក​គោរព​ការ​សម្រេច​ចិត្ត​របស់​លោក​កុមារ។​

លោក​ថ្លែង​ថា៖​ «ជា​រួម​កាលៈ​ទេសៈ​នេះ ​ទោះ​បី​ជា​យ៉ាង​ណា​ដូច​ខ្ញុំ​បាន​លើក​ពី​ខាង​ដើម​ អ៊ីចឹងវា​តែង​តែ​ប៉ះ​ពាល់​ហើយ។ ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​តែ​ប៉ះពាល់​ហើយ ​ ដោយ​សារ​យើង​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​ ធ្លាប់​រួម​រស់​ជាមួយ​គ្នា​ ក្នុង​ជីវភាព​នយោបាយ​កន្លង​មក​អ៊ីចឹង»។​

លោក ​ប៉ោ ​មករា ​ថា​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​កំពុង​ព្យាយាម​ពន្យល់​ដល់​អ្នក​គាំទ្រ ​និង​សមាជិក​ឱ្យ​យល់​ពី​បញ្ហា​ដែល​កំពុង​កើត​មាន​នេះ។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ ​លោក​ ឯម សុវណ្ណារ៉ា​ កត់​សម្គាល់​ថា​ នៅ​ពេល​ជិត​ដល់​ពេល​បោះ​ឆ្នោត​ ការ​កៀរ​គរ​សំឡេង​របស់​គណ​បក្ស​កាន់​អំណាច​ ទាញ​ពី​គណ​បក្ស​តូចៗ​ចាប់​ផ្តើម​កើត​មាន​ឡើង​ តែ​បញ្ហា​នេះ​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ដល់​ការ​បោះឆ្នោត​នោះ​ទេ។ ​ លោក​បន្ថែម​ថា​ ការ​ដោះ​ស្រាយ​ បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម ​លុះត្រា​តែ​អ្នក​នយោ​បាយ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ទើប​អាច​ដោះ​ស្រាយ​បាន​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ ​«គាត់​ [លោក ​យង់ សាំងកុមារ]​ មាន​បំណង​ដោះ​ស្រាយ​ថ្លៃ​អង្ករ​ ថ្លៃ​ស្រូវ​ក៏​មិន​អាច​ដោះ​ស្រាយ​បាន​ដែរ ​ ពីព្រោះ​គណបក្ស​ប្រជាជន​មាន​អ្នក​ចេះ​ច្រើន​អីតើ​ តែ​គ្រាន់​តែ​គោល​នយោបាយ​ ឬ​ឆន្ទៈ​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ដោះស្រាយ​ ថា​ មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​ឬ​អត់»។​

លោក ​យ៉ង សាំងកុមារ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ដោយ​ភ្ជាប់​ជា​មួយ​រូប​ថត​ ដែល​ថត​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា៖ ​«នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២២​ នេះ​ រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​និង​ខ្ញុំ​បាន​ជួប​ជា​មួយ​សម្តេច​នាយក​រដ្ឋមន្រ្តី​ពិភាក្សា​អស់​រយៈ​ពេល​ប្រមាណ​២​ម៉ោង​ក្នុង​បរិយាកាស​ល្អ​អំពី​ស្ថាន​ភាព​កសិកម្ម ​ទុក្ខ​លំបាក​របស់​កសិករ ​ទស្សន​វិស័យ​ និង​វិធាន​ការ​កែ​លម្អ​ជាពិសេស​ផ្តោត​លើ​វិស័យ​ស្រូវ​អង្ករ​ និង​វិស័យ​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​ ជា​ទូទៅ​យើង​មាន​ទស្សន​វិស័យ​ដូច​គ្នា​ទាក់ទង​នឹង​បញ្ហា​ប្រឈម​និង​ដំណោះ​ស្រាយ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ហើយ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន»។​

គួរ​បញ្ជាក់​ថាលោក ​យ៉ង សាំងកុមារ​បាន​បោះ​បង់​ការងារ​អង្គ​ការ​សេដាក ​ដែល​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម និង​បាន​ចាប់​ផ្តើម​ប្រឡូក​នយោ​បាយ​ ដោយ​ចូលរួម​បង្កើត​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​តាំង​ពីឆ្នាំ​២០១៥​មក៕