គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម) បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលផ្ញើសេចក្តីព្រាង«កែសម្រួលបទបញ្ជានិងនីតិវីធីសម្រាប់ការបោះឆ្នោតអាណត្តិទី៧នេះ»មកឱ្យគណបក្សពិនិត្យ និងផ្តល់យោបល់ ទោះបីវិសោធនកម្មច្បាប់បោះឆ្នោតនេះ មិនទាន់ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយក៏ដោយ។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ថា ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ បានផ្ញើលិខិតដោយស្នើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលពី៧ ឆ្នាំ២០២៣ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី១ ខែកក្កដា។ លោកបញ្ជាក់ថា នេះជាការអនុវត្តមិនត្រឹមត្រូវនោះទេ។
លោកបង្ហាញការហួសចិត្តនៅពេលដែលសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ មិនទាន់បានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ស្រាប់តែស្ថាប័នគ.ជ.ប ស្នើឱ្យគណបក្សពិនិត្យ និងផ្តល់យោបល់យ៉ាងប្រញាប់បែបនេះ។
លោកបញ្ជាក់ថា បើសិនស្ថាប័នរៀបចំការបោះឆ្នោតចង់កែតម្រូវបទបញ្ជា និងនីតិវិធីបោះឆ្នោត គួរតែធ្វើឡើងក្រោយព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់។ ចំណុចមួយទៀត លោកថា អ្វីធ្វើឱ្យគណបក្សហួសចិត្តនោះ គឺនៅត្រង់ថា នៅពេលដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានតស៊ូមតិ សូមឱ្យមានការកែលម្អបទបញ្ជានីតិវីធីបោះឆ្នោត កាលពីកន្លងមកនោះស្ថាប័នគ.ជ.ប មិនបានធ្វើអ្វីនោះទេ គឺបានត្រឹមតែអះអាងថា ខ្លួនជាស្ថាប័នអនុវត្តច្បាប់តែប៉ុណ្ណោះ។
លោក យ៉េង វីរៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «បាទ! និយាយទៅកាលគ.ជ.ប ផ្ញើឱ្យគណបក្សនយោបាយបែបនេះ គឺជារឿងមិនត្រឹមត្រូវទេ។ តាមត្រូវ ទាល់តែច្បាប់នោះត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថ ប្រកាសឱ្យប្រើសិន ទើបស្ថាប័នអនុវត្តច្បាប់ តួយ៉ាង គ.ជ.ប ជាដើមនេះ យកច្បាប់នោះទៅអនុវត្តបាន។ តែនេះ គ.ជ.ប និយាយទៅប្រញាប់ខ្លាំងមែនទែន ហើយបានដាក់ខ្លួនទៅជាស្ថាប័នអនុវត្តសេចក្តីព្រាងច្បាប់»។
លោក យ៉េង វីរៈ ចាត់ទុកថា ទង្វើរបស់ស្ថាប័នគ.ជ.ប បែបនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិចូលរួមនយោបាយ ប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត ហើយធ្វើឱ្យដំណើរការប្រជាធិបតេយ្យ សេរីពហុបក្សរួមតូច។
លោកបន្តថា៖«វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិចូលរួមនយោបាយ ប៉ះពាល់ដល់ការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត វាបង្កើតឱ្យមានការភ័ន្តច្រឡំ បង្កឱ្យមានការភ័យខ្លាច និងធ្វើឱ្យដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស មានភាពរួមតូច»។
ក្រៅពីនេះលោក យ៉េង វីរៈ ថា ទង្វើរបស់ស្ថាប័នគ.ជ.ប បានបញ្ជាក់អំពីឥទ្ធិពលនៃអំណាចលើសលប់របស់គណបក្សកាន់អំណាចទៅលើស្ថាប័នរៀបចំការបោះឆ្នោត ធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសមត្ថកិច្ចរបស់គ.ជ.ប ដោយឯករាជ្យ និងអព្យាក្រឹត។
បើតាមសេចក្តីព្រាងនៃសេចក្តីសម្រេច «ការកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣» ដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន គឺបានគូសបញ្ជាក់ត្រង់ចំណុច២ ដែលមិនច្បាស់លាស់ ដោយទី១ត្រង់ ចំណុច «បានឃើញព្រះរាជក្រមលេខ នស/រកម/ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត» គឺមិនបានបញ្ជាក់ និងចុះកាលបរិច្ឆេទច្បាស់លាស់ និងត្រង់ចំណុច «យោងការអនុម័តរបស់ គ.ជ.ប» ក៏មិនបានចុះកាលបរិច្ឆេទច្បាស់លាស់ផងដែរ។ នេះបើតាមសេចក្តីព្រាងដែលវីអូអេទទួលបាន។
សេចក្តីព្រាងរបស់គ.ជ.ប ត្រង់ប្រការ៤.១ (ថ្មី)ចែងទាក់ទងការអនុលោមតាមមាត្រា២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានលក្ខខណ្ឌផ្សេងៗ ដូចជាមានសញ្ជាតិខ្មែរពីកំណើត មានអាយុ២៥ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងការអនុវត្តសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោត ជាសកលចំនួន២លើក ចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតជាដើម។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់វីអូអេថា ការផ្ញើសេចក្តីព្រាងទៅឱ្យគណបក្សនយោបាយ គឺដើម្បីប្រមូលគំនិត ពិគ្រោះពិភាក្សា និងដើម្បីត្រៀមលក្ខណៈជាមុន ក្នុងការរៀបចំឱ្យដំណើរការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅល្អប្រសើរតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ការទិតៀនចេះតែបង្កើនឡើង ជាពិសេសចេះតែតាមចាប់កំហុស អ្នកអនុវត្ត។ ផ្ទុយទៅវិញ គឺស្ថាប័នគ.ជ.ប កំពុងតែទទួលខុសត្រូវចំពោះមុខមហាជនរាប់លាននាក់។ ក្នុងនោះ បើគ.ជ.ប អនុវត្តការងារណាមួយទទួលបរាជ័យ វាប៉ះពាល់ជះឥទ្ធិពលទៅលើដំណើរការបោះឆ្នោតទាំងមូល។ អ៊ីចឹងការត្រៀមលក្ខណៈជាមុន គឺជាការធ្វើឱ្យដំណើរការបោះឆ្នោតនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង»។
លោកបន្តថា៖ «គ.ជ.ប មិនទទួលរងឥទ្ធិពលនយោបាយពីគណបក្សនយោបាយណាមួយនោះទេ។ គ.ជ.ប គឺអនុវត្តតាមច្បាប់ដែលមានចែងជាធរមាន។ គ.ជ.ប យករដ្ឋធម្មនុញ្ញជាគោល ច្បាប់បោះឆ្នោត និងការប្រព្រឹត្តទៅនៃដំណើរការបោះឆ្នោតជាគោល។ អ៊ីចឹងការវាយតម្លៃណាមួយ ខុសពីសេចក្តីដែលមានចែងក្នុងច្បាប់គ.ជ.ប មិនទទួលបាននោះទេ»។
វីអូអេមិនទាន់អាចសុំការបញ្ជាក់ពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល ថ្លែងថា ស្ថាប័នគ.ជ.ប គួរតែពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើអ្វីមួយ ព្រោះវាឆ្លុះបញ្ចាំងអំពីសុចរិតភាព តម្លាភាព និងការអនុវត្តច្បាប់របស់ស្ថាប័នរៀបចំការបោះឆ្នោត។
នៅថ្ងៃចន្ទនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទលើសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតនេះថា ស្របនឹងរដ្ឋធម្មនុញ្ញ។ រដ្ឋសភាដែលគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជាបានអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់នេះ កាលពីថ្ងៃទី២៣ ខែមិថុនា ហើយព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចដែរ នោះ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាត់ទុកវិសោធនកម្មច្បាប់បោះឆ្នោត«គឺជាការប្រើប្រាស់អំណាច នីតិបញ្ញត្តិជាឧបករណ៍ដើម្បីយុទ្ធសាស្រ្តកេងចំណេញនយោបាយរបស់គណបក្សកាន់អំណាច ដើម្បីបង្រ្កាប បំបាក់ រឹតត្បិតកម្លាំងគណបក្សដែលជាគូប្រកួត»៕