លោក ដុំ ដន ជាអ្នកនយោបាយថ្នាក់ក្រោមមួយរូប ដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(Grassroots Democratic Party ឬ GDP) កាលពីឆ្នាំ២០១៥។ លោក ដន អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រាប់វីអូអេកាលពីពេលថ្មីៗថា លោកនឹងឈរឈ្មោះឲ្យប្រជាពលរដ្ឋក្នុងឃុំមហាសាំងបោះឆ្នោតជ្រើសរើសរូបលោកឲ្យក្លាយជាមេឃុំ។
លោកថ្លែងថា៖«បើសិនជាពេលខ្ញុំឈ្នះឆ្នោតទៅ ខ្ញុំនឹងយកគោលនយោបាយរបស់គណបក្សមូលដ្ឋានហ្នឹងយកមកអនុវត្ត។ ឧទាហរណ៍ថាគ្រូពេទ្យល្អ គ្រូបង្រៀនល្អ គ្រូកសិកម្មល្អ នគរបាលល្អ។ អាហ្នឹងខ្ញុំយកមកអនុវត្ត ដែលពេលខ្ញុំឈ្នះឆ្នោត»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងជ្រើសរើសក្រុមប្រឹក្សានៅទូទាំងប្រទេសសរុបចំនួន១១.៦២២នាក់ ដែលក្នុងនោះមានមេឃុំចៅសង្កាត់សរុបចំនួន១.៦៥២នាក់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ គេមិនទាន់ដឹងនៅឡើយទេថាតើនឹងមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងឬយ៉ាងណា ក្រោយគណបក្សមួយនេះ ត្រូវបានរំលាយជិត៤ឆ្នាំមកហើយ។
ប៉ុន្តែលោក ដន បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់បានការចូលរួមពីគ្រប់គណបក្សនយោបាយ បើទោះលោកយល់ថាអវត្តមានគណបក្សសង្គ្រោះជាតិ នាំឲ្យប្រជាពលរដ្ឋក្នុងឃុំដែលធ្លាប់គាំទ្រគណបក្សប្រឆាំងដ៏ធំនេះ ហើយចង់បានការផ្លាស់ប្តូរថ្នាក់ដឹកនាំឃុំ អាចចាត់ទុកគណបក្សរបស់លោកជាជម្រើសមួយ។
លោក ដន បញ្ជាក់ថា៖ «ខ្លាច គាត់ពេលបោះឆ្នោតទៅ គាត់ទៅម៉េមម៉ាម មិនដឹងចាប់ឲ្យអ្នកណា។ អញ្ចឹងក្រែងគាត់យល់ឃើញថាគណបក្សមូលដ្ឋានហ្នឹង មានគោលនយោបាយល្អដែរ គួរជាទីពឹងបានអីអ៊ីចឹងទៅ គាត់ជួយគាំទ្រអ៊ីចឹងទៅ»។
បើតាមលោក ដន កាលពីកន្លងទៅ ប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។
ចំនួនក្រុមប្រឹក្សានៃឃុំមហាសាំងមានចំនួន៩នាក់។ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបាន៥អាសនៈ ឈ្នះតំណែងមេឃុំ។ ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៤អាសនៈ ដែលមានសមាជិកម្នាក់ធ្វើជាជំទប់ទី២នៃឃុំមហាសាំង។ នេះបើតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ បច្ចុប្បន្ននេះ សមាជិកក្រុមប្រឹក្សាទាំង៩នាក់ក្នុងឃុំមហាសាំង ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ក្រោយមានការរំលាយគណបក្សសង្គ្រោះជាតិ។
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត៣.៤៥៦ គណបក្សសង្គ្រោះជាតិចំនួន២.៨៤២សំឡេង ខុសគ្នាប្រមាណ៦០០សំឡេងឆ្នោតគាំទ្រ។ ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានរកបាន១៩០សំឡេងតែប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យរបស់គ.ជ.ប។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិមុន គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ដ៏ធំមួយ បានឈ្នះតំណែងមេឃុំប្រមាណ៥០០ និងក្រុមប្រឹក្សាប្រមាណ៥ពាន់នៅឃុំសង្កាត់ទូទាំងប្រទេស។ ប៉ុន្តែគណបក្សនេះត្រូវបានរំលាយចោល ហើយតំណែងទាំងនោះត្រូវបានផ្តល់ឲ្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសដោយឯកបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ដន ដែលជាកសិករមួយរូបបានសម្រេចចិត្តធ្វើនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រោយលោកបានចូលរួមរៀនសូត្រជាមួយបុគ្គលមួយចំនួន ដូចជាលោក កែម ឡី អ្នកវិភាគដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១៦ លោក យ៉ង់ សាំងកុមារ ដែលជាអ្នកជំនាញខាងកសិកម្មមួយរូប ហើយបច្ចុប្បន្នជាប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក យ៉េង វីរៈ ដែលជាប្រធានគណបក្សជំទាស់មួយនេះ។
លោក ដន បន្ថែមថាលោកចាប់អារម្មណ៍គោលនយោបាយរបស់គណបក្ស GDP ដែលលោកថាធ្វើនយោបាយពីថ្នាក់ក្រោមទៅលើ។
លោកប្រាប់វីអូអេថា៖ «គោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដូចខ្ញុំបានជម្រាបអ៊ីចឹង ពីក្រោមទៅលើ វាខុសប្លែកពីគណបក្សផ្សេងៗ។ ពីក្រោមទៅលើ បានន័យថាអ្នកមូលដ្ឋាន គាត់មានសិទ្ធិអំណាចក្នុងការសម្រេចជោគវាសនាភូមិឃុំរបស់ខ្លួនឯងអត់មានខ្លាច ដូចប្រព័ន្ធគណបក្សខ្លះ ពីលើមកក្រោម ខ្លាចមេ ទាល់មេបញ្ជាមក បានហ៊ានធ្វើ»។
លោក ដន បានថ្លែងថាស្ថានភាពនយោបាយ«តឹងតែង» ហើយអ្នកដែលបញ្ចេញមតិ ក៏ប្រឈមនឹងបញ្ហាដែរ។ លោកបន្ថែមថាគណបក្សរបស់លោកមិនឲ្យប្រជាពលរដ្ឋរើសអើងគ្នាអ្វីនោះទេ ហើយគណបក្សត្រូវការការសាមគ្គីគ្នា។
លោកបន្ថែមថា៖ «ហើយបើសិនជាមានការចោទប្រកាន់អីផ្សេងៗទៀត មិនដឹងធ្វើម៉េចទេ តាមដំណើរ អ៊ីចឹងទៅ»។
លោក ដន បន្ថែមថា លោកធ្វើនយោបាយ មិនមែនទៅផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែវាជាការប្រកួតប្រជែងយកតំណែងមេឃុំ និងសមាជិកក្រុមប្រឹក្សា តាមរយៈគោលនយោបាយរបស់គណបក្ស។
លោកប្រាប់វីអូអេថា៖ «ខ្ញុំធ្វើនយោបាយនេះ គឺមិនមែនធ្វើនយោបាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលអីទេ គឺខ្ញុំធ្វើនយោបាយ ដើម្បីប្រកួតប្រជែង យកគោលនយោបាយ ដើម្បីដឹកនាំឃុំសង្កាត់របស់យើង ឲ្យក្លាយជាឃុំគំរូ។ អត់មានធ្វើនយោបាយបែបជេរប្រមាថ មើលងាយគ្នាអី អត់ទេ»។
លោកអំពាវនាវឲ្យប្រជាជននៅក្នុងឃុំមហាសាំងដែលអាចបោះឆ្នោតបាន មើលគោលនយោបាយរបស់គណបក្សនីមួយៗ ដែលអាចទុកចិត្ត និងមានការទទួលខុសត្រូវចំពោះសង្គមជាតិ។
បើតាមលោក ដន ប្រជាជននៅក្នុងឃុំបានត្អូញត្អែរពីបញ្ហាគ្រឿងញៀន ការជំពាក់បំណុលគេ និងទីផ្សារកសិផលជាដើម។ លោកបន្ថែមថាប្រជាជនមួយចំនួនធំក៏ធ្វើជាកម្មករនៅតាមរោងចក្រផងដែរ។
នៅក្នុងស្ថានភាពសិទ្ធិនយោបាយត្រូវបានរិះគន់ថារឹតត្បិត ភរិយារបស់លោក ដុំ ដន គឺអ្នកស្រី ហែម សាវី អាយុ៦៣ឆ្នាំ បានថ្លែងថាអ្នកស្រីគាំទ្រស្វាមីចូលប្រឡូកនយោបាយនៅថ្នាក់ក្រោម ដោយសារយល់ឃើញថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន«ស្អាតស្អំ» បើទោះដឹងថាការប្រឡូកនយោបាយបច្ចុប្បន្ននេះ អាចប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ។
អ្នកស្រីប្រាប់វីអូអេកាលពីពេលថ្មីថា៖ «ដឹងថាវាមានគ្រោះថ្នាក់ហើយ ប៉ុន្តែដឹងធ្វើម៉េច ទាល់តែមានការគាំទ្រគ្នា»។
លោក ឡុង ប៊ុនហៀង មេឃុំមហាសាំងក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រាប់វីអូអេយ៉ាងខ្លីថាលោកនឹងចូលរួមប្រកួតប្រជែងយកតំណែងមេឃុំក្នុងជួរគណបក្សប្រជាជនកម្ពុជាបន្តនៅឆ្នាំក្រោយ។
លោក សាម អ៊ីន អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថាជាគោលការណ៍ គណបក្សសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ ប្រសិនបើមិនមានការគំរាមកំហែង និងការបំបិទសិទ្ធិសេរីភាព។ លោកបន្ថែមថាគណបក្សអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងក្នុងចំនួនតូច ដែលមានប្រមាណ១០០ឃុំតែប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ជាង១.៦០០នៅទូទាំងប្រទេស។
លោកបន្ថែមថា៖ «អញ្ចឹងយើងនឹងធ្វើការខ្លាំងជាមួយនឹង១០០ឃុំ ដែលយើងត្រៀមលើកទឹកចិត្ត ជំរុញទឹកចិត្តឲ្យពួកគាត់រៀបចំក្រុមការងារនៅថ្នាក់ឃុំសង្កាត់ហ្នឹង ដើម្បីគាត់មានក្រុមការងារមួយដ៏ល្អ គាត់រើសមនុស្សល្អៗ មានសមត្ថភាពនៅតាមឃុំសង្កាត់ហ្នឹង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច»។
លោកថ្លែងថា គណបក្សរបស់លោកស្វាគមន៍ចំពោះអ្នកប្រជាធិបតេយ្យផ្សេងទៀត ប្រសិនបើមានបំណងចង់ចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ចំណែកលោក យ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានឲ្យដឹងថាគណបក្សរបស់លោកមានគោលដៅចង់កសាង«ភាពជាគំរូ»នៃការដឹកនាំបែបប្រជាធិបតេយ្យ ដែលចាប់ផ្តើមពីឃុំសង្កាត់ណាមួយ។
លោកថ្លែងថា៖ «ព្រោះយើងធ្វើប្រជាធិបតេយ្យពីក្រោមមកលើ ដូច្នេះប្រសិនបើមានអ្នកដែលចង់ចូលរួមច្រើន អាហ្នឹងគឺយើងអាចធ្វើច្រើន។ បើមានអ្នកចូលរួមតិច គឺយើងធ្វើតាមតិចទៅ»។
លោក សេង សារី អ្នកវិភាគនយោបាយមួយរូប បានថ្លែងថាវាពិបាកបន្តិចនាពេលនេះ ក្នុងការវិភាគថាតើប្រជាពលរដ្ឋចាប់អារម្មណ៍ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះឬយ៉ាងណា។ ទោះជាយ៉ាងណា លោកអះអាងថាប្រជាពលរដ្ឋ«ហាក់មានការខកចិត្ត»ដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលអាចចូលរួមការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣៕