ប្រសិនបើ DNA ជាជោគវាសនា នេះជាការបត់បែនមួយដែលមិនត្រូវបានរំពឹងទុកនៅពេលដែលលោក Paul Sikivieចៅរបស់លោកឧត្តមសេនីយ Claire Lee Chennault ដែលជាមេបញ្ជាការដ៏ល្បីឈ្មោះម្នាក់របស់កងទ័ពអាកាសសហរដ្ឋអាមេរិកនៅក្នុងទ្វីបអាស៊ីកាលពីសង្គ្រាមលោកលើកទីពីរ ធំដឹងក្ដីឡើង។
លោក Paul Sikivie ដែលជាតន្ត្រីករ jazz នៅទីក្រុង New York បាននិយាយថា លោកត្រូវបានចិញ្ចឹមបីបាច់ពោរពេញដោយ «ការស្ញើចសរសើរ» ទាក់ទិននឹងភាពល្បីឈ្មោះរបស់ជីតាលោក។ លោក Sikivie និយាយថា៖ «ជីតាខ្ញុំមានការចាប់អារម្មណ៍ច្រើនពីពិភពលោក តែខ្ញុំមិនដូច្នេះទេ»។
លោក Sikivie ជាចៅម្នាក់ក្នុងចំណោមចៅពីរនាក់របស់លោកឧត្តមសេនីយ Chennault និងអ្នកស្រី Anna ដែលជាភរិយាទីពីររបស់លោក។ ម្តាយរបស់លោក Sikivie គឺជាអ្នកជំនាញខាងអក្សរសិល្ប៍ចិននៅមជ្ឈិមសម័យ ហើយឳពុករបស់លោកគឺជាអ្នករូបវិទ្យាកូនកាត់អាមេរិកាំងនិងប៊ែលហ្សិក។
លោក Sikivie ដែលនៅពេលនេះមានអាយុ ៣៧ ឆ្នាំ បាននិយាយរំលឹកអំពីការប្រាថ្នារបស់លោកកាលពីក្មេងថា៖ «ខ្ញុំចង់ធ្វើជាអ្នកពន្ធុវិទ្យា បន្ទាប់ពីមានការចេញផ្សាយខ្សែភាពយន្ត «Jurassic Park»។ ខ្ញុំមិនដែលគិតថា ភាសានិងអក្សរសិល្ប៍ចិនជាអ្វីមួយដែលខ្ញុំចាប់អារម្មណ៍ទេ»។
នៅពេលមានអាយុ ១៤ ឆ្នាំ លោក Sikivie ដឹងថាលោកចង់ធ្វើជាតន្ត្រីករ។ ៤ ឆ្នាំក្រោយមក លោកដឹងថាលោកចូលចិត្តតន្ត្រី jazz។ លោកនិយាយអំពីការជាប់ចិត្តនឹងតន្ត្រី jazz ថា៖ «តន្ត្រី St. Thomas ដែលនិពន្ធដោយលោក Sonny Rollings បានផ្សាយតាមវិទ្យុ NPR ហើយខ្ញុំមិននឹកស្មានថា ខ្ញុំបានឮតន្ត្រីនេះទេ»។
តើនេះអាចទំនងទៅរួចឬទេសម្រាប់ចៅរបស់លោក Claire Lee Chennault ដែលលេចមុខលើក្របទស្សនាវដ្តី Life និងទស្សនាវដ្ដី Time នៅពេលលោកជាអគ្គមេបញ្ជាការនៃកងយន្តហោះចម្បាំង Flying Tigers និងបន្ទាប់មកលោកជាមេបញ្ជាការកំពូលនៃកងទ័ពអាកាសសហរដ្ឋអាមេរិកទី ១៤ ដែលបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងកងទ័ពជប៉ុននៅក្នុងប្រទេសចិននិងប្រទេសភូមាក្នុងសម័យសង្គ្រាមលោកលើកទីពីរនោះ?
ឪពុកម្តាយរបស់លោក Sikivie ទទួលស្គាល់ថា ពួកគេមានការពិបាកអស់ជាច្រើនឆ្នាំដើម្បីទទួលស្គាល់នូវការតាំងចិត្តរបស់លោកក្នុងការធ្វើជាតន្ត្រីករអាជីព។ ករណីនេះបានផ្លាស់ប្តូរ នៅពេលដែលលោក Sikivieនិយាយប្រាប់ឪពុកម្តាយរបស់លោកថា សាលា Juilliard ដែលជាសាលាតូរ្យតន្ត្រីនៅក្នុងទីក្រុង New York ដែលមានឈ្មោះល្បីនៅក្នុងពិភពលោក បានទទួលលោកឱ្យចូលរៀន។
អ្នកស្រី Cynthia Chennault ដែលជាម្តាយរបស់លោកបានរំឭកថា៖ «កូនប្រុសខ្ញុំបានផ្ញើអ៊ីម៉ែលមកប្រាប់ថា ការសុំចូលរៀនក្នុងសាលាភ្លេង Juilliard គឺពិបាកជាងការសុំចូលរៀនក្នុងសាកលវិទ្យាល័យ Harvard ទៅទៀត។ នៅពេលបន្ទាប់មក ពួកយើងបានតាមមើលការសិក្សារបស់ Sikivie»។
លោកឧត្តមសេនីយ Chennault ដែលទោះណាជាលោកល្បីឈ្មោះខាងហ៊ានជជែកបង្ហាញហេតុផលជាមួយពួកនាយទាហានដែលមានឋានៈធំជាងលោកក៏ដោយ អាចនឹងយល់អំពីការប្តេជ្ញាចិត្តរបស់ចៅប្រុសលោកក្នុងការតស៊ូក្នុងជីវិតដោយខ្លួនឯង។
លោក Sikivie បានបញ្ជាក់ថា៖ «បទពិសោធន៍របស់ខ្ញុំជាមួយនឹងតន្ត្រី jazz មានសារៈសំខាន់ណាស់សម្រាប់ការក្លាយទៅជាមនុស្សពេញវ័យរបស់ខ្ញុំ ដោយមានការទទួលខុសត្រូវសម្រាប់ជម្រើស និងទង្វើរបស់ខ្ញុំ។ ដើម្បីកែលំអអាជីពរបស់ខ្ញុំ ខ្ញុំត្រូវតែមានវិន័យ និងមានភាពទៀងទាត់ជានិច្ច»។
លើសពីការសិក្សាខាងផ្នែកតូរ្យតន្ត្រីនៅក្នុងសាលាតន្ត្រីដ៏ល្បីឈ្មោះនេះ លោក Sikivie ផ្តល់តម្លៃដល់ពេលវេលារបស់លោកនៅពេលលោកឡើងឆាកជាមួយនឹងគ្រូបង្វឹកផ្នែកតន្ត្រី jazz។
លោកបាននិយាយថា៖ «ចំណេះដឹងដែលបានផ្ទេរបន្តដោយផ្ទាល់មិនអាចទទួលបានក្រៅពីវិធីនេះទេ ហើយនេះជាផ្នែកមួយនៃអ្វីដែលធ្វើឱ្យតន្ត្រីនេះមានលក្ខណៈពិសេស»។
ជីតារបស់លោកក៏ប្រហែលជាអាចយល់អំពីគំនិតនៃពាក្យថា «មិត្តរួមជីវិត» ដែលជាចំណុចសំខាន់មួយក្នុងដំណើរជីវិតរបស់លោក Sikivie ក្នុងការក្លាយទៅជាតន្ត្រីករម្នាក់ដូច្នេះដែរ។
លោក Lawrence Leathers ដែលជាអ្នកវាយស្គរនៅក្នុងវង់តន្ត្រី jazz នៅក្នុងទីក្រុង New York គឺជាមិត្តរួមជីវិតម្នាក់ក្នុងវិស័យភ្លេងនេះដែរ។
លោក Sikivie បាននិយាយអំពីលោក Leathers ដែលបានស្លាប់កាលពីឆ្នាំមុន ថា៖ «សម្រាប់ខ្ញុំ គាត់ប្រៀបដូចជាបងប្អូនខ្ញុំម្នាក់ដែរ។ ខ្ញុំបានរៀនសូត្រច្រើនអំពីកម្រិតបច្ចុប្បន្ន ហើយតែងតែប្រឹងប្រែងទៅរកកម្រិតបន្ទាប់ទៀត នៅពេលដែលខ្ញុំនៅក្បែរគាត់ និងលេងតន្ត្រីជាមួយគាត់»។
លោក Sikivie លោក Leathers និងលោក Aaron Diehl ដែលជាអ្នកលេងព្យាណូ ជារឿយៗតែងតែលេងជាក្រុមតែមួយ នៅតាមតំបន់នានានៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកដូចជាប្រទេសចិន ទីក្រុងហុងកុង និងកោះតៃវ៉ាន់ជាដើម ដែលជាតំបន់ដែលលោកឧត្តមសេនីយ៍ Chennault ធ្លាប់បានទៅដល់ដែរ។
ដោយសំឡឹងមើលទៅថ្ងៃអនាគត អ្នកជំនាញខាងតន្ត្រី jazz រូបនេះ និយាយថា៖ «ខ្ញុំកំពុងបន្តរៀនពីវិធីរៀបចំគំនិត អារម្មណ៍ និងតម្លៃដើម្បីបញ្ចូលជាមួយនឹងតន្ត្រី។ ជាការពិតណាស់ ការសម្រេចនូវរឿងនេះបានគឺគ្មានដែនកំណត់នោះទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ