កម្ពុជា​ប្តេជ្ញា​តាក់តែង​ច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ឱ្យ​បាន​ឆាប់

រូបឯកសារ៖ សន្និសីទសារព័ត៌មាន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ត្រូវបាន​រៀបចំ​ឡើង​ដោយគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

​រដ្ឋាភិបាល​កម្ពុជាបាន​​ប្រកាសឱ្យ​ដឹង​ពី​ការចាប់ផ្តើម​ឡើងវិញនូវ​ដំណើរការ​​​​​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នៅ​កម្ពុជា​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះបាន​​ជាប់​គាំង​អស់​​រយៈ​ពេល​១៣​ឆ្នាំ​រួច​មក។

មន្ត្រីសិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​បង្កើត​ច្បាប់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​មួយ​ឱ្យ​បាន​ឆាប់​នៅពេល​ខាងមុខ​ក្នុង​ខណៈពេល​ដែល​ការរិះគន់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់តែ​កើន​ឡើង​នៅលើឆាក​អន្តរជាតិ។​

​រដ្ឋាភិបាល​កម្ពុជាបានប្រកាសឱ្យ​ដឹង​ពី​ការចាប់ផ្តើម​ឡើងវិញនូវ​ដំណើរការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​នៅ​កម្ពុជា​បន្ទាប់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះបានជាប់​គាំង​អស់រយៈ​ពេល​១៣​ឆ្នាំ​រួច​មក។ នេះ​បើយោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ។

លោក ​កត្តា អ៊ន សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាបាន​បញ្ជាក់​ប្រាប់​VOA ថា៖​

«ចាប់តាំងពីឆ្នាំ​២០០៦​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រគល់ការងារ​ជូន​ក្រុមការងារ​អង្គការ​សង្គម​ស៊ីវិល​ជាអ្នកព្រាងច្បាប់នោះ​រហូតមកដល់ពេល​នេះ​១៣ឆ្នាំ។ អីចឹង​ហើយ​យើង​មិន​ទាន់​សម្រេច​ជាដុំ​កំភួន​នៅឡើយ​។ ដូច្នេះ​ហើយ​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​ដោយ​យល់​ឃើញ​ថា​មាន​សារៈសំខាន់​នៅក្នុង​តួនាទីភារកិច្ច​របស់​ស្ថាប័ន​ជាតិ​នេះ​ទើ​បប្រគល់ការងារនេះ​មក​គណៈ​កម្មា​ធិការសិទ្ធិ​មនុស្ស​កម្ពុជា​ជាអ្នក​ដឹកនាំ​ក្នុងការជជែកពិភាក្សា​និង​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ។ អីចឹង​ហើយ​យើង​សង្ឃឹម​ថា​យើង​នឹង​ខិតខំប្រឹងប្រែង​ក្រុមការងារ​រដ្ឋាភិបាល​គឺគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹងប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឱ្យ​សេចក្តី​ព្រាងច្បាប់​នេះ​មានលក្ខណៈ​ស្តង់ដា​ទាំងជាតិ​អាច​ទទួល​យក​បាន​ទាំងអន្តរជាតិ​អាច​ទទួល​យក​បានហើយ​ឱ្យ​បាន​ឆាប់ៗបំផុត‍»។​

លោក​ កត្តា អ៊ន បាន​សន្យា​ថា​រដ្ឋាភិបាល​នឹង​ខិតខំ​ស្វែង​រក​មតិចូលរួម​របស់​អ្នកជំនាញ​សិទ្ធិ​មនុស្សជាតិ​និង​អន្តរជាតិ​ដើម្បី​អាច​ឈាន​ដល់​កម្រិត​មួយ​ដែល​អាចទទួល​យក​បាន​គ្រប់​គ្នា។​

លោក​បាន​បន្ថែមថា៖​

«ជាពិសេស​អង្គការ​សង្គមស៊ីវិល​ទាំងអស់ អង្គការ​សង្គមស៊ីវិល​ជាតិ​ អន្តរជាតិ ភាគីពាក់​ព័ន្ធ​នានា​អន្តរក្រសួង​។ យើង​ធ្វើ​យ៉ាងម៉េច​ប្រមូល​ធាតុចូល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទាំងអស់​ដើម្បី​ឱ្យ​ច្បាប់​យើង​មាន​ស្តង់ដា​។ ស្តង់ដានេះ​ទាំង​ក្របខណ្ឌ​ជាតិ​និង​ក្របខណ្ឌ​អន្តរជាតិ‍»។​

កាល​ពី​ឆ្នាំ ២០០៦ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យអង្គការ​សង្គមស៊ីវិល​តាក់​តែងសេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ស្ថាប័នសិទ្ធិមនុស្សជាតិ​កម្ពុជា​នេះ​តាម​សំណើ​របស់​ពួកគេ​ ឲ្យ​ស្រប​តាម​គោល​ការណ៍​នៃ​កិច្ច​ព្រម​ព្រៀងទីក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​១៩៩៣។ ប៉ុន្តែ​ក្រោយ​ពី​ពេល​នោះ​មក​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅឡើយ។

អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួមពាក់ព័ន្ធដឹកនាំ​ដំណើរការ​តាក់តែង​ច្បាប់​នោះ​ក្នុងពេល​កន្លង​មក​មាន​តំណាងមកពី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អង្គការសិទ្ធិមនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។​

លោក​ អំ សំអាត នាយក​រងអង្គការ​សិទ្ធិ​មនុស្ស​លីកាដូបាន​បញ្ជាក់​ប្រាប់វីអូអេ​ពីដំណើរការ​ក្នុងពេល​កន្លងមក​ថាក្រុមអង្គការ​សង្គមស៊ីវិលចង់​បាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​កម្ពុជា​ឯករាជ្យ​មួយ​ដែលដូចជាគណៈកម្មាធិការជាតិ​របស់​ថៃ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​«ឯករាជ្យហើយ​មានសិទ្ធិ​អំណាច‍»ក្នុងការស៊ើបអង្កេត​លើ​ករណីរំលោភសិទ្ធិមនុស្ស​ធំៗ​និងដាក់បណ្តឹង​ទៅតុលាការ​ដើម្បី​ស្វែងរកយុត្តិធម៌​ដើម្បី​ជាកិ​ច្ចការពារជនរងគ្រោះ​ក្នុង​ករណី​រំលោភ​សិទ្ធិ​មនុស្ស។ ប៉ុន្តែ​អន្តរាគមន៍​នយោបាយ​នានា​បាន​ធ្វើ​ឱ្យ​ដំណើរការ​នេះ​រាំងស្ទះ។

លោក​បាន​បន្ថែមថា៖

«នេះជាគោលគំនិតដើម​ដែល​យើង​ចង់​បាន​ប៉ុន្តែ​គ្រាន់តែ​ថា​កិច្ច​ពិភាក្សា​ជាង២០ឆ្នាំ​មក​វា​មាន​កាលៈទេសៈ​អីខ្លះ​ទាំងអស់នេះ​វា​អាក់ខាន​ទៅ។ មានចេញ​ជារូបរាង​បន្តិច​បន្តួច​។ មាន​ចេញសេចក្តីព្រាង​កន្លងមកហើយ​ប៉ុន្តែ​ក៏អាក់ខាន​ទៅវិញ​ទៅ​ដោយសារតែ​មិនរំពឹង​ថា​នឹង​អាច​កើត​ទៅ​ជា​គណៈកម្មការ​ជាតិ​សិទ្ធិ​មនុស្សឯករាជ្យ​បាន‍»។​

ក្រុមសកម្មជន​សិទ្ធិ​មនុស្សអន្តរជាតិព្រមទាំង​រដ្ឋាភិបាល​បស្ចិម​ប្រទេស​មួយ​ចំនួន​ដែល​មាន​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ថា​ស្ថានភាព​សិទ្ធិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ការណ៍នេះ​ដោយសារតែសកម្មជនអតីតបក្ស​ប្រឆាំង​ត្រូវបាន​ចាប់​ឃុំឃាំង​ជាបន្តបន្ទាប់ក្រោយ​ពី​តុលាការ​បាន​រំលាយ​អតីត​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ ហើយ​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ៍វិទ្យុ​ចំនួន​៣២​មិន​ឱ្យ​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជាដើម។ សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​ឬ​ត្រូវ​ទិញ​ឡើង​ដោយ​អ្នក​វិនិយោគ​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ដោយ​សារតែ​ហេតុផល​សេដ្ឋកិច្ច។

លោកស្រី មូរ សុខហួ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​និង​កំពុង​រស់នៅ​នីរទេស​ខ្លួន​ក្រៅប្រទេស​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«នៅក្នុង​កាលៈទេសៈ​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ជួបប្រទះនូវការរំលោភសិទ្ធិដ៏ធ្ងន់ធ្ងរ​គ្មានសិទ្ធិ​បញ្ចេញ​មតិ ​គ្មានសិទ្ធិ​ជួបជុំ​ គ្មានសិទ្ធិ​នយោបាយ​ គ្មាន​សិទ្ធិ​ធ្វើកូដកម្ម​ បាត់បង់​ដីធ្លី ទទួល​រងគ្រោះ​អំពើ​ហិង្សា​ពីសំណាក់មន្ត្រី​រាជការ​ ពីសំណាក់កងប្រដាប់អាវុធ​។ ស្ថានការណ៍​នយោបាយ​ ស្ថានការណ៍​សិទ្ធិមនុស្ស​នៅប្រទេស​កម្ពុជាធ្ងន់ធ្ងរណាស់​។ ដូច្នេះ​យើង​ស្វាគមន៍​ដែលនឹង​មាន​ការបង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​សិទ្ធិ​មនុស្ស‍»។

យ៉ាងណាក៏ដោយ​ លោកស្រី មូរ សុខហួ​នៅតែ​ព្រួយបារម្ភ​នឹង​គណបក្ស​កាន់អំណាច​ដែល​តែងតែ​ប្រើ​ឥទ្ធិ​ពល​នយោបាយលើ​ស្ថាប័ន​ជាតិ។​

«​យើង​មើលឃើញ​ថា​គណៈកម្មការជាតិ​ ស្ថាប័ន​ជាតិ​ណាមួយ​ក៏ដោយ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​គឺជា​ស្ថាប័ន​ដែល​នៅក្រោម​អំណាច​នៃលោក​ហ៊ុន សែន​ឬអំណាច​នៃ​រដ្ឋាភិបាល​។ ដូច្នេះ​គណៈកម្មការជាតិ​សិទ្ធិ​មនុស្ស​គឺជា​គណៈកម្មការ​មួយ​ដូច​ជា​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​អីចឹង​គឺ​ត្រូវតែ​ឱ្យ​ចាកផុត​ពីការគ្រប់គ្រង​នាយក​រដ្ឋ​មន្ត្រី​និងការគ្រប់​គ្រងពីរដ្ឋាភិបាល‍»។​

ការប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​កើត​ឡើង​តែ​មួយថ្ងៃមុនពេល គណៈកម្មាធិការសិទ្ធិ​មនុស្ ស​Tom Lantos ​របស់​សភាតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិកគ្រោង​នឹង​បើក​សវនាការ​នៅថ្ងៃពុធ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕