រដ្ឋាភិបាល​កម្ពុជា​ចំណាយ​១,២២​លាន​ដុល្លារ​ជួល​ក្រុមហ៊ុន​បញ្ចុះ​បញ្ចូល​ស.រ.អា​ឱ្យ​ប្តូរ​ជំហរ

រូបឯកសារ៖ រូបភាព​ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/ VOA)

ក្រុមហ៊ុន​បញ្ចុះបញ្ចូល​(ឬហៅថាឡប់ប៊ី) របស់​អាមេរិកាំង​​ទាំង​​២នេះ ​​ប្រើប្រាស់​អ្នកជំនាញ​ច្បាប់​និង​ការបញ្ចុះបញ្ចូល​ ចំនួន​​៩នាក់។ ពួកគេ​បាន​​​ចាប់ផ្តើម​ការងារ​នេះ​តាំង​​ពី​ខែ​មីនា​ឆ្នាំ​២០១៩​ និង​បន្ត​រហូត​ដល់​​ដំណាច់​ខែ​កុម្ភៈ​ឆ្នាំ​២០២០។

រយៈពេលជាង​៦ខែក្រោយពី​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​របស់​អាមេរិកាំង​ពីរ​ បាន​ព្រមព្រៀង​ធ្វើការឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ទប់​ស្កាត់​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្មនិងផ្សព្វ​ផ្សាយ​ចំណុច​វិជ្ជមាន​អំពី​កម្ពុជា​ ពួកគេបាន​អះអាង​ពី​ការកែប្រែ​មតិនិង​ទស្សនៈ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​លើ​បញ្ហា​កម្ពុជា។

​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន​នៃគណបក្ស​ប្រជាជន​កម្ពុជា​ បានបង្កើន​យុទ្ធនាការ​នៅ​សហរដ្ឋ​អាមេរិក​តាំង​ពីដើមឆ្នាំ២០១៩នេះ ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​វិជ្ជមាន​ អំ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​អ្នកតាក់​តែង​ច្បាប់​និង​គោល​នយោបាយ​អាមេរិកាំង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កែ​ប្រែគោល​ជំហរ។

ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ (ឬហៅថាឡប់ប៊ី) របស់​អាមេរិកាំងទាំង២នេះ ប្រើប្រាស់​អ្នកជំនាញ​ច្បាប់​និង​ការបញ្ចុះបញ្ចូល​ ចំនួន៩នាក់។ ពួកគេ​បាន​ចាប់ផ្តើម​ការងារ​នេះ​តាំងពី​ខែ​មីនា​ឆ្នាំ​២០១៩​ និង​បន្ត​រហូត​ដល់ដំណាច់​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ហើយ​រដ្ឋាភិបាល​កម្ពុជាត្រូវ​ចំណាយថវិកា​ចំនួនជាង​១,២២​លាន​ដុល្លារក្នុងរយៈ​ពេលនៃ​ការផ្តល់សេវាមួយឆ្នាំ​នេះ។

ក្រុមហ៊ុនបញ្ចុះបញ្ចូល​ឈ្មោះ​ Brownstein Hyatt Farber Schreck ​យក​កម្រៃ​ចំនួន​៧២០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ (ដោយ​បើកប្រាក់​រយៈ​ពេល​បីខែ​ម្តង​ចំនួន​១៨០.០០០​ដុល្លារ​)។ ក្រុមហ៊ុននេះប្រើ​ប្រាស់​អ្នក​បញ្ចុះ​បញ្ចូល​ចំនួន​៧នាក់​ដែល​មាន​ឈ្មោះBrian Wild, Alfred Mottur, Marc Lampkin, David Cohen, Ari Zimmerman, Brian McKeon, និង​Doug Maguire។ ក្រុមហ៊ុន Brown​stein Hyatt Farber Schreck នេះ​គឺ​ជា​ក្រុមហ៊ុន​ដ៏ធំ​ដែលមាន​ជំនាញ​ខាង​បញ្ចុះបញ្ចូល​ស្ថាប័ន​នីតិប្បញ្ញត្តិ​សហរដ្ឋ​អាមេរិក​ហើយ​មាន​ទីតាំង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។ ការិយាល័យ​របស់​ពួកគេ​ស្ថិតនៅ​ចម្ងាយតែ​ជាង​២​គីឡូម៉ែត្រពីវិមាន​រដ្ឋសភា​ប៉ុណ្ណោះ​។ ​នេះ​បើតាម​ឯកសារ​ចុះបញ្ជីផ្លូវការ​ក្នុងនាម​ភ្នាក់ងារ​តំណាង​ឱ្យ​រដ្ឋ​បរទេស​ដែល​បាន​ដាក់ដម្កល់នៅ​ក្រសួង​យុត្តិធម៌ហើយ​ត្រូវបានផ្សព្វផ្សាយ​ជាសាធារណៈ។ កិច្ចព្រមព្រៀង​ផ្តល់សេវា​ដល់​រដ្ឋាភិបាល​កម្ពុជា​ត្រូវបាន​ចុះហត្ថលេខា​កាលពីថ្ងៃទី​២៩ខែមីនា​ឆ្នាំ​២០១៩ រវាង​លោក​ជុំ​ សុន្ទរី ​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​និង​លោក ​Alfred E. Mottur ​តំណាងក្រុមហ៊ុន ​Brownstein Hyatt​ ដើម្បី​ «ផ្តល់សេវា​ទំនាក់ទំនង​រដ្ឋាភិបាល​និង​ប្រឹក្សា​យុទ្ធសាស្ត្រ​លើ​បញ្ហា​នានា​ចំពោះ​មុខ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក‍»​។ ​

ក្រុមហ៊ុនទីពីរ​ឈ្មោះថា PacRim ​Bridges ​យក​កម្រៃ​ចំនួន​៥០០.០០០​ដុល្លារ​ក្នុងមួយឆ្នាំដោយ​មានអ្នក​ជំនាញចំនួន​២នាក់​ឈ្មោះ​ Doug Ericksen និង​ឈ្មោះ Jay Rodne។ លោក Doug Ericksen គឺជា​សមាជិកព្រឹទ្ធសភា​កំពុង​កាន់តំណែង​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោនស្តេត រីឯលោក ​Jay Rodne គឺជា​អតីត​សមាជិក​សភាប្រចាំ​រដ្ឋវ៉ាស៊ីនតោន​ស្តេត។ ក្រុមហ៊ុន ​PacRim Bridges ​គឺជាក្រុមហ៊ុន​ថ្មី​ទើប​តែ​បង្កើត​នៅឆ្នាំ​២០១៧ ហើយ​មាន​ទីតាំង​នៅទីក្រុង​ Ferndale ​រដ្ឋ​វ៉ាស៊ីនតោនស្តេត​ដែលមាន​ចម្ងាយ​ជាង​៤.៤០០គីឡូម៉ែត្រ​ពី​វិមានរដ្ឋសភា​។ នេះ​បើតាម​ឯកសារសាធារណៈ​ដែលបាន​ចុះ​ហត្ថលេខារវាង​លោក​អ៊ុច បូរិទ្ធ ​រដ្ឋលេខាធិការ​នៃ​ក្រសួងការបរទេស​កម្ពុជា​ជាមួយនឹង​លោក​ Doug Ericksen ​កាលពី​ថ្ងៃទី​២៥ ខែមីនា ​ឆ្នាំ​២០១៩។

កិច្ច​ខិត​ខំប្រឹងប្រែង​នេះ​ធ្វើ​ឡើង​ក្រោយពី​រដ្ឋ​សភា​អណត្តិថ្មី​របស់​សហរដ្ឋ​អាមេរិក​កំពុងតែ​ដំណើរ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៤​ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រទេស​កម្ពុជា​និង​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តាច់ជំនួយ​ដោយ​សារតែការធ្លាក់ចុះនៃ​លទ្ធិ​ប្រជា​ធិប​តេយ្យនិង​មាន​ការរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរក្នុងរយៈ​ពេល​ជាង​២ឆ្នាំកន្លង​មកនេះ។ ក្នុងនោះ​មានការ​រំលាយ​គណបក្សសង្គ្រោះជាតិ ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន និង​អង្គការ​សង្គមស៊ីវិល​ជាដើម។

លោក​ Doug Ericksen ​នៃក្រុមហ៊ុន ​PacRim Bridges ​បាន​បញ្ជាក់​ប្រាប់ VOA ​ថាក្រុមការងារ​របស់​លោក​និង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​គឺ​លោក​ជុំ​ សុន្ទរី​បាន​ជួប​អ្នក​តំណាងរាស្រ្តអាមេរិកាំង​ដើម្បី​ពិភាក្សា​ពី​«បញ្ហា​វិជ្ជមាន‍»​នៅកម្ពុជា​។ លោក​បាន​បញ្ជាក់ថាបញ្ហា​ទាំងនោះ​មាន​ដូច​ជា​កំណើនសេដ្ឋកិច្ច ជោគជ័យ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ កិច្ចខិតខំ​ទប់​ស្កាត់​ការជួញដូរ​មនុស្ស​និងការជួញដូរ​គ្រឿងញៀន ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​និង​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ជាដើម។

លោក ​Doug Ericksen ​បាន​បន្ថែម​ថា៖

«ជាទូទៅ ខ្ញុំ​គិត​ថា​សារ​របស់​យើង​មានលក្ខណៈវិជ្ជមាន​ណាស់ អំពី​អ្វី​ដែល​កំពុង​កើត​មានឡើង​នៅ​ប្រទេស​កម្ពុជា​នាសម័យ​ទំនើបនេះ ហើយ​ខ្ញុំ​គិត​ថា​សមាជិក​រដ្ឋ​សភា​ទទួល​យល់​បាន​ខ្លាំង​ពី​សារនេះ‍»។​

VOA ​ក៏បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​ឈ្មោះ ​Brownstein Hyatt ប៉ុន្តែពួកគេ​មិន​បាន​ឆ្លើយតប​មកវិញ​ទេ។ បើទោះបីជាវីអូអេផ្ញើសារអ៊ីម៉ែលទៅអ្នកដឹកនាំ​ទាំងបី​នៃ​ក្រុម​បញ្ចុះ​បញ្ចូលនេះ​គឺលោក ​Brian Wild លោក Marc Lampkin ​និង​លោក​ Alfred Mottur ​ក៏មិនមាន​ការឆ្លើយតប​ហើយ​ពេល​ដែលទូរស័ព្ទ​ជាបន្តបន្ទាប់​ក៏ស្ត្រី​អ្នក​លើក​ទូរស័ព្ទរបស់លោក ​Alfred Mottur ​សន្យា​ថា​លោក​នឹង​ឆ្លើយតប​តាមពេលក្រោយប៉ុន្តែ​រហូត​មក​ដល់​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ​ពួកគេ​នៅមិនទាន់ឆ្លើយតបនៅឡើយទេ​។

បើ​យោងតាមកិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខា​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​គឺ​ក្រុមហ៊ុន​នេះ​ប្តេជ្ញា​រក្សាការសម្ងាត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោយ​មិន​ទទួល​ដឹង​ឮ ផ្សព្វផ្សាយ ប្រកាស បញ្ជាក់​ទទួល​ស្គាល់ ឬទំនាក់ទំនង​ជាមួយ​អ្នកណា​ផ្សេង​ក្រៅ​ពីច្បាប់​តម្រូវ​ឬ​មានការយល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជាឡើយ។

ប៉ុន្តែ​លោក​ Doug Ericksen ​បាន​បញ្ជាក់​ប្រាប់ VOA ​ថាលោក​ធ្វើការសហការ​ជាប់​ជា​ប្រចាំ​ជាមួយ​នឹង​ក្រុម​ហ៊ុន ​Brownstein Hyatt Farber Schreck នេះ​។

តាំងពីដើម​ឆ្នាំ​២០១៩​មក សមាជិករដ្ឋសភា​និងព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​បួន​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​សេដ្ឋកិច្ច​កម្ពុជា។ សេចក្តី​ព្រាងច្បាប់​ទាំងនោះមាន សេចក្តី​ព្រាង​ច្បាប់​ប្រជាធិបតេយ្យ សេចក្តីព្រាងច្បាប់​ពាណិជ្ជកម្ម​របស់​សភា​តំណាងរាស្ត្រនិងរបស់ព្រឹទ្ធសភា និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពីការធ្វើ​ឱ្យ​ការវិនិយោគ​វិល​ត្រឡប់​មក​វិញ​ឬ​ការទាមទារ​ឱ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីសឆ្នាំ១៩៩១។

រដ្ឋាភិបាល​កម្ពុជាយល់​ថា​ច្បាប់ទាំងនេះ​មិន​ចាំបាច់ទេ ហើយ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​អាច​ប្រសើរឡើង​ដោយ​មិន​ចាំបាច់​មាន​ច្បាប់​នេះឡើយ‍។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ Doug Ericksen។

លោក Ericksen បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​អារម្មណ៍​ជាទូទៅ​ពី​លោក​ឯកអគ្គរាជទូត​និង​ពលរដ្ឋ​កម្ពុជា​គឺ​ថា​ច្បាប់​នេះ​មិន​ចាំ​បាច់​ទេ​ហើយ​ថា​យើង​អាច​ធ្វើ​ការ​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​បាន​ប្រសើរ​ឡើង​ដោយ​ផ្តោត​លើ​ជ្រុង​វិជ្ជមាន​ដែល​កំពុង​មាន​រវាង​ប្រទេស​ទាំងពីរ‍»។​

រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប។ (ស៊ុន​ ណារិន/VOA)

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ក្តោប​យក​អំណាច​ទាំង​ស្រុងក្រោយ​ពីការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​បន្ទាប់ពីបាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​កឹម សុខា កំពុង​ជាប់​ឃុំឃំាង​ជាង​២ឆ្នាំ​ហើយ​ដោយរងការចោទ​ប្រកាន់ពី​បទ​ក្បត់ជាតិ។​

​សហរដ្ឋ​អាមេរិក​ប្រកាស​កាត់បន្ថយ​កម្មវិធី​ជំនួយ​យោធា​និងសេដ្ឋ​កិច្ចដែល​មាន​ទឹក​ប្រាក់ចំនួន​៨,៣​លាន​ដុល្លារ​កាលពី​ចុងខែ​កុម្ភៈឆ្នាំ​២០១៨។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់មជ្ឈ​មណ្ឌលដើម្បីនយោបាយ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ដែល​មាន​មូលដ្ឋាន​នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ហើយ​ធ្វើកិច្ចការ​ស្រាវជ្រាវ​ផ្នែកនយោបាយ។​

បណ្តូរពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជាមានទំហំទឹកប្រាក់ជាង​៤ពាន់លាន​ដុល្លារ​ដោយ​កម្ពុជានាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ចំនួន​៣,៨​ពាន់លានដុល្លារក្នុងឆ្នាំ​២០១៨​ក្នុងនេះ​ទំនិញ​ចំនួន​ជាង​៤០០លានដុល្លារ​គឺនាំចូល​ដោយ​រួចពន្ធ។ រីឯ​សហរដ្ឋ​អាមេរិក​នាំ​ចូល​កម្ពុជា​តែ​៤៤៧លានដុល្លារ​ប៉ុណ្ណោះ​។​

ទុទិដ្ឋិនិយមលើ​យុទ្ធនាការ​បញ្ចុះបញ្ចូល៖

រូបឯកសារ៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អាមេរិក នៅ​ឯវេទិកា​ការទូត​នៃ​ប្រទេស​តំបន់​ទន្លេមេគង្គ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល Meridian អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ដើមខែ​មិថុនា​ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោកឯកអគ្គរាជទូត ​ជុំ សុន្ទរី ធ្លាប់​បាន​បញ្ជាក់​ប្រាប់ VOA ​កាលពីដើម​ខែ​មិថុនាថាលោក​បាន​បង្ហាញ​ពី​អ្វី​ការវិវត្តន៍​ ​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​កិច្ចដល់​អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ក្នុង​នោះមាន​លោក ថេត យូហូ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ​ ​ប្រចាំ​រដ្ឋ​ផ្លរីដា ដែល​ជាអ្នកបាន​ស្នើ​សេចក្តីព្រាងច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​(HR-526) ផង​ដែរ​ដើម្បី​ឱ្យ​ពួកគេ​មាន​មូលដ្ឋាន​យល់ដឹងពីប្រទេស​កម្ពុជា​ដោយ​មិន​ស្តាប់តាម​តែ​ការឃោស​នា​របស់​អតីត​បក្ស​ប្រឆាំងនៅ​កម្ពុជាដែល​កំពុងរស់នៅ​នីរទេសខ្លួនក្រៅ​ប្រទេស។

ប៉ុន្តែ សេចក្តី​ព្រាង​ច្បាប់នោះនៅតែ​ត្រូវ​បានសភាតំណាងរាស្រ្តអនុម័តជាឯកច្ឆ័ន្ទ​ កាល​ពី​ខែ​កក្កដា​ហើយ​បាន​បញ្ជូន​បន្តភ្លាមៗ​ទៅ​ព្រឹទ្ធសភា។​ សេចក្តីព្រាងច្បាប់​នេះ​ទទួល​បានការ​គាំទ្រ​ពី​គណបក្ស​ទាំងពីរ​នៅក្នុង​សភា​តំណាងរាស្ត្រ។

នៅពេល​ដែល​ VOA ​ព្យាយាមសួរ​លោក​ឯក​អគ្គ​រាជ​ទូត ជុំ សុន្ទរីជាថ្មី​នៅ​ខែ​តុលានេះ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​ដោយលោកបាន​ដកខ្លួន​នៅ​ឆ្ងាយពី​យុទ្ធនាការ​បញ្ចុះ​បញ្ចូល​របស់​ក្រុមហ៊ុន​ទាំងនេះ។

រូបឯកសារ៖ លោក ថេត យូហូ សមាជិក​រដ្ឋសភា​អាមេរិក​ប្រចាំ​រដ្ឋ​ផ្លរីដា​មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន‍» នៅ​រដ្ឋ​សភា​អាមេរិក កាលពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោក ​ថេត យូហូ បាន​បញ្ជាក់​ប្រាប់ VOA ​ក្រោយ​ពី​សភាតំណាងរាស្ត្រ​អនុម័ត សេចក្តី​ព្រាង​ច្បាប់នោះ​ថាសាររបស់​លោក​សម្រាប់​ថ្នាក់​ដឹកនាំកម្ពុជាគឺ​ដដែល​ៗទេ​គឺ​ពួកគេត្រូវ​កែប្រែ​ស្ថានការណ៍សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​មុន​នឹង​ខិតខំ​ព្យាយាម​បង្កើន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក​ថេត យូហូ បាន​បញ្ជាក់​ថា​៖

«​យើង​នឹង​ឈរ​នៅ​ខាង​សិទ្ធិសេរីភាព​ដែល​នេះ​គឺ​ជាអ្វី​ដែល​កម្ពុជា​បាន​និយាយ​ថា​ខ្លួន​នឹង​គោរពតាម​ហើយ​យើង​ឱ្យ​ពួកគេធ្វើ​តាម​ហ្នឹង។ សរុប​ទាំងយើង​និង​សហភាព​អឺរ៉ុប​គឺ​យើង​មាន​ពាណិជ្ជកម្ម​៦៥ភាគរយ​ជាមួយ​នឹង​កម្ពុជា។ យើង​ចង់​បន្ត​ការងារនេះ​ហើយ​យើង​ក៏​ចង់​ឱ្យ​កម្ពុជា​បន្ត​អនុវត្ត​តាម​ការសន្យា​របស់​ពួកគេ​ផងដែរ។ ជាពិសេស​គឺ​លោក​ហ៊ុន សែន ដែល​ត្រូវ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។ ការបោះឆ្នោត​កាលពីលើកមុន​មិន​បាន​ត្រឹមត្រូវ​ទេ‍»។

​លោក​ Doug Ericksen ​នៃក្រុមហ៊ុន ​PacRim Bridges ​បាន​អះអាង​ប្រាប់​វីអូអេថា​ជំហរ​របស់​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​អាច​នឹងផ្លាស់ប្តូរ​ប្រសិន​បើមុន​ពេល​អនុម័ត​ច្បាប់​នេះ​ ​ពួកគេ​បាន​ឮ ​សារអំពាវនាវ​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ​ដែល​ជំរុញ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​បែរ​ចុង​កាណុងបាញ់​មកលើ​រដ្ឋាភិបាល​កម្ពុជា ជាពិសេសនៅ​ពេល​ដែលលោកគ្រោងធ្វើ​មាតុភូមិ​និវត្តន៍​នៅថ្ងៃទី​៩ខែ​វិច្ឆិកា​និង​ការរិះគន់​វាយ​ប្រហារ​លើ​លោក​ឧត្តមសេនីយ៍​ឯក ​ហ៊ុន​ម៉ាណែត កូនប្រុស​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន​ថា​មិន​បានទទួលសញ្ញាប័ត្រ​ត្រឹម​ត្រូវពី​សាកលវិទ្យាល័យ​ West Point​ ព្រោះនេះ​ គឺជា​ការ​ដើរ​ខុសគោល​នយោបាយ​សហរដ្ឋ​អាមេរិក។

លោក ​Doug Ericksen ​បាន​បន្ថែម​ថា៖

«ដូច្នេះ​ខ្ញុំ​គិត​ថា​សមាជិក​រដ្ឋសភា​ខ្លះ​ចាប់ផ្តើម​ព្រួយបារម្ភ​ពី​លោក​សមរង្ស៊ី និង​ការអំពាវនាវ​ឱ្យ​មាន​រដ្ឋ​ប្រហារ​យោធា​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​កម្ពុជា។ សហរដ្ឋ​អាមេរិ​ក​និង​កម្ពុជា​គឺជា​សម្ព័ន្ធមិត្ត​។ យើង​គឺ​ជាមិត្តនឹងគ្នា។ យើង​គឺជាដៃគូពាណិជ្ជកម្ម។ ខ្ញុំ​មិន​គិត​ថា​មាន​អ្នកណា​នៅ​ក្នុង​រដ្ឋសភា​នឹង​គាំទ្រ​ការអំពាវនាវ​ឱ្យ​មាន​រដ្ឋប្រហារ​ហិង្សា​យោធា​នៅ​កម្ពុជា​ទេ‍»។​

ប៉ុន្តែនៅក្នុងអត្ថាធិប្បាយ​មួយ​ផ្ញើ​មក VOA កាលពីដើមខែ​តុលា ​លោក​ថេត យូហូ​នៅតែ​ទាមទារ​ ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ជ្រើស​រើសផ្លូវ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​នឹង​អតីត​គណបក្ស​ប្រឆាំង​ជាជាង​ការប្រើហិង្សា​។ ជាពិសេស​នៅ​ពេល​ដែល​លោក​សម រង្ស៊ី​វិល​ទៅប្រទេស​កម្ពុជាវិញ​។ ​

រូបឯកសារ៖ លោក ឆាំង សុង​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​របប​សាធារណ​រដ្ឋ​ខ្មែរ។

លោក ​ឆាំង សុង ​ដែល​ទើបតែ​ចូលនិវត្តន៍​ពី​តួនាទីជាទីប្រឹក្សា​លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុនសែន​បាន​បញ្ជាក់​ប្រាប់​វីអូអេតាមទូរស័ព្ទពី​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ាមក​ថាលោកសង្ស័យ​លើ​សមត្ថភាព​របស់​អ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​នេះ៖

«អ្នកធ្វើការខាងឡប់ប៊ី គឺខ្ញុំ​គ្មានជំនឿ​ទេ​។ ខ្ញុំ​ផ្ទាល់​ខ្លួន​ខ្ញុំ​ថា​ល្អហើយ​ដែល​ធ្វើ​ហ្នឹង​អត់ខុសទេ​ដែល​មាន​ក្រុមហ៊ុន​ឡប់ប៊ី ​មាន​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ​គេ​ជួយពន្យល់​គឺល្អ​ហើយ​ត្រូវ​ហើយ។ ប៉ុន្តែ​ពួកហ្នឹង​គាត់​អត់​យល់។ ខ្ញុំ​មិន​ជឿ​ថា​ពួកហ្នឹង​ធ្វើ​កើត​ព្រោះថា​មិន​ដែល​ឃើញ​សរសេរ​អក្សរ​ឬ​សរសេរ​អត្ថបទអី​មួយផង​ពីស្រុកខ្មែរ​។ ពួកខាងវ៉ាស៊ីនតោនស្តេតគឺនៅ​បីបួនពាន់​គីឡូ​ម៉ែត្រ​ពី(រដ្ឋធានី​)វ៉ាស៊ីនតោន​ហើយ​តើ​មក​ធ្វើ​ឡប់ប៊ីនៅវ៉ាស៊ីនតោន​ម៉េចកើត? ហើយ​គាត់​អត់​យល់​ស្រុក​ខ្មែរផង​គឺគ្រាន់តែ​បាន​ដើរលេង​តិចតួច​ហ្នឹង‍»។ ​

លោក Doug Ericksen ​ធ្លាប់ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​និង​ចូលរួម​សង្កេតការណ៍​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ដែល​នាំ​ឱ្យ​មាន​ការរិះគន់ជាច្រើន។ ​នេះ​បើតាមការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ដើម្បី​នយោបាយ​ប្រកប​ដោយការទទួល​ខុសត្រូវ។

រូបឯកសារ៖ លោក អៀ សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យOccidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)

លោក ​អៀ សុផល ​សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​អន្តរជាតិនៃ​មហាវិទ្យាល័យ​អុកស៊ីដឹនថល​នៅ​ទីក្រុង​ឡូសអាន់ជឺឡេស​ រដ្ឋ​កាលីហ្វញ៉ា​យល់​ថា​យុទ្ធនាការ​បញ្ចុះបញ្ចូល​នេះ​មិន​មាន​ប្រសិទ្ធភាព​លើ​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​ទេ។

«វាហាក់ដូចជា​គ្មាន​អ្នក​សម្រេច​គោល​នយោបាយ​ណា​ផ្លាស់ប្តូរ​ទស្សនៈទេ។ ការពិតទៅ​ចំនួន​អ្នក​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ដែល​មិន​ចូលចិត្ត​របបនេះ​កាន់តែ​កើនឡើង​គឺ​មិន​ធ្លាក់ចុះទេ‍»។​

លោក​ អៀ សុផល​បាន​បញ្ជាក់​បន្ថែម​តាម​សារអេឡិកត្រូនិក​ប្រាប់ VOA ទៀតថា៖

«សេចក្តីព្រាងច្បាប់​ត្រូវ​បាន​អនុម័ត​ដូច​កាលពី​ឆ្នាំមុន។ រីឯ​នៅ​ព្រឹទ្ធសភា​ ប្រសិន​បើ​ជាប់​គាំង​មិន​អនុម័ត​ដូច​ឆ្នាំមុន នោះគឺ​ស្មើគ្នា។ ប៉ុន្តែ​បើ​សិន​ជា​សេចក្តីព្រាងច្បាប់នេះ​ឆ្លងផុត​គណៈកម្មាធិការ វាគឺជា​ជោគជ័យ​មួយ​ហើយ។ ប្រសិន​បើ​ព្រឹទ្ធសភា​អនុម័ត​ នោះពិតជា​មហន្ត​រាយ​សម្រាប់​របបក្រុង​ភ្នំពេញ‍»។

រូបឯកសារ៖ លោក ប៉ុន សៅរី អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​អាមេរិក​និង​កាណាដា និង​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេស នៅ​ក្នុង​ការិយាល័យ​VOA ខ្មែរ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៩។ (សាយ មុន្នី/ VOA)

លោក ប៉ុន សៅរី អគ្គលេខាធិការ​នៃ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​បាន​បញ្ជាក់​ថា​ការបញ្ចុះ​បញ្ចូល​នេះ​មិន​មាន​ប្រសិទ្ធភាព​ទេ​ហើយ​អតីត​គណបក្ស​ប្រឆាំង​ក៏​មិន​ព្រួយ​បារម្ភ​ដែរ៖

«ការខិតខំប្រឹងប្រែង​បំផ្លាញលុយជាតិ​ក្តី​ លុយ​បាន​មក​ពី​អំពើ​ពុករលួយ​ផ្សេងៗ​ទាំងអស់​នោះ​ពុំ​មាន​លទ្ធផល​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ​។ ត្រឡប់​មក​វិញ​ប្រសិន​បើ​លោក​ហ៊ុនសែន​ចង់​ឱ្យ​សហរដ្ឋ​អាមេរិក​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​ គាំទ្រ​របប​របស់​ខ្លួន​នោះ​ វាជាការងាយស្រួលណាស់​គឺ​លោក​ហ៊ុនសែន​គ្រាន់តែ​ដាក់​ត្រឡប់​មក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»។

ការព្រួយបារម្ភពីឥទ្ធិពលចិន៖

ក្រៅពី​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ អ្នកតាក់តែងច្បាប់​នៅ​សហរដ្ឋ​អាមេរិក​ក៏​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​នៃ​ប្រទេស​ចិន​ដែល​កាន់តែ​ឈាន​ឡើង​នៅ​កម្ពុជា។ ពួកគេ​មើល​ឃើញ ថា​កត្តា​ទាំងពីរ​នេះ​មាន​លក្ខណៈទំនាក់ទំនង​គ្នា​ដោយសារតែ​ប្រទេស​ចិន​មិន​ដែល​គិត​គូ​អ្វី​ពី​សិទ្ធិ​មនុស្ស​របស់​ប្រជាពលរដ្ឋ​ខ្លួនឯងផង។

ចំណុច​ដែល​រសើបបំផុត​ចំពោះ​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ក៏ដូច​ជា​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ គឺអនាគត​មូលដ្ឋាន​យោធា​ចិន​នៅតំបន់​ដែន​សមុទ្រ​កម្ពុជា។

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយរបស់​អនុ​គណៈកម្មការ​ទទួល​បន្ទុក​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​គណៈកម្មការការ​បរទេស​របស់​សភាជាតិ​អាមេរិក​។

លោក អាឡាំង ឡូវឹនសល​ អ្នកតំណាងរាស្រ្ត​ប្រចាំរដ្ឋ​កាលីហ្វញ៉ា ដែល​មណ្ឌល​របស់​លោក​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​ជាច្រើន​គឺ​ទីក្រុង​ឡុងប៊ិច​បាន​បញ្ជាក់​ថាមិនមាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណាម្នាក់​បាន​មក​បញ្ចុះបញ្ចូល​លោក​ឱ្យ​ប្តូរគោល​ជំហររបស់​លោក​ចំពោះ​ប្រទេស​កម្ពុជាទេ​ ហើយលោកក៏មិនជឿ​លើការសន្យា​របស់​មន្ត្រីកម្ពុជា​ដែរ។

លោក​បាន​បន្ថែម​ថា៖

«រដ្ឋាភិបាល​កម្ពុជា​បាន​មក​និយាយ​ថា​ពួកគេ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ផែ​យោធា​ជើងទឹក​ចិន​នៅ​កំពុងផែ​ររបស់​ពួកគេ​ទេ​ប៉ុន្តែ​យើង​មិន​ច្បាស់​ថា​វា​ពិត​ដូច​គេ​ថា​ឬ​យ៉ាង​ណា​ទេ។ ពួកគេ​ពិត​ជា​និយាយ​អីចឹង​មែន‍»។

លោក ឆាំង សុង ដែលរស់នៅ​ទីក្រុង​ឡុងប៊ិច​បានបញ្ជាក់​ថា​លោក​ក៏មានការព្រួយបារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ ប្រទេស​កម្ពុជា​ផងដែរ៖​

«ខ្ញុំ​បារម្ភ​ណាស់​រឿង​ចិន​ហ្នឹង​។ ចិន​មិន​បន្ធូរ​ឱ្យ​ខ្មែរ​យើង​ទេ។ គាត់​ចូល​មក​គាត់​ធ្វើ​ជា​អាណា​និគមហ្មង។ យើងថា​មិន​ឱ្យ​ធ្វើ​ទេ​ប៉ុន្តែ​មើល​ទៅ​វា​ធ្វើ​ទៅហើយ​ឥឡូវហ្នឹង​។ តាមពិត​ទៅ​ចាប់​តាំង​ពីការត្រួតត្រា​រៀបចំ​ស្រុក។ ចិន​ចេះណាស់ គឺ​ចិន​និង​យួន​ខុស​គ្នា​។ យួនធ្វើ​អី​គឺ ធ្វើ​កំហែង​គឺកម្លាំង​បាយ​ហ្មង​។ ចិន​ធ្វើ​ស្ងៀមៗ​ មួយសន្ទុះទៅ​បាន​ឃើញ​ភូមិមួយ​ក្រុង​មួយ​កាត់​ចិន​ទាំងអស់‍»។

អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​តែងតែ​រៀបចំធ្វើបាតុកម្ម​ជារឿយៗ​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ចាប់​អារម្មណ៍​ដោះស្រាយ​បញ្ហា​កម្ពុជា។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយចំនួន​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​ហ៊ុនសែន​យល់​ថា​នេះ​មិន​មែន​ជាដំណោះស្រាយ​ល្អទេ។ ​

លោក​ សែម សុវណ្ណ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ទីក្រុង​ឡូវែល​រដ្ឋ​ម៉ាស្សាឈូសិត​បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា៖ ​

«ការស្នើសុំ​ឬ​ការបង្កើត​ច្បាប់​ពីប្រទេស​ដទៃ​ហើយ​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់​គ្រងប្រទេស​សាម៉ី​ដែល​គេ​មាន​បំណងហ្នុង​ ចំពោះ​ទស្សនៈ​ខ្ញុំ​យល់​ថា​វា​អត់​មាន​អំណាច​អ្វី​គ្រប់គ្រាន់​ដើម្បី ទៅ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ទេ។ ខ្ញុំ​សូមនិយាយ​ដោយត្រង់‍»។​

លោកសែម សុវណ្ណ​ក៏​បាន​លើកឡើង​ពី​សារវិជ្ជមាន​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្សព្វផ្សាយ៖

«បើយើង​មាន​មនសិការ​ជាតិ​ស្នេហាជាតិ​យើង​ត្រូវជួយពង្រឹង​ត្រូវ​ជួយគៀងគរ​វិនិយោគ​ទុនដើម្បី​ឱ្យ​គេ​ទៅ វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ នេះ​បាន​វាជាការល្អ‍»។

ប៉ុន្តែសម្រាប់លោក ឆាំង សុង​ដែល​ក៏​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​នៃ​របប​សាធារណរដ្ឋខ្មែរដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ការមិនយល់​គ្នា​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​កើត​ឡើង​ដោយ​សារតែ​ការប្រើប្រាស់​ភាសា​ការទូត​មិន​ត្រឹមត្រូវ។ ដូច្នេះ​តម្រូវ​ឱ្យ​មាន​ការ​និយាយគ្នា​ត្រង់ទៅ​ត្រង់មក​រវាង​រដ្ឋាភិបាល​ទាំងពីរ។

«រដ្ឋាភិបាល​និង​សភា​អាមេរិកាំង​មិន​បន្ធូរទេ​ មិន​បន្ថយ​ទេ។ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​អស់​លោក​ទាំងនោះ​គាត់​ថា​មិន​បន្ថយ​ទេ​។ ប៉ុន្តែ​ការបន្ថយ​បាន​គឺ​លុះត្រាតែ​យើង​ទាក់ទង​ហើយ​ឱ្យ​មាន​ការធូរស្បើយ​ច្រើន​ដូច​ជា​មានការដោះលែង​លោកកឹមសុខាក្តី​ឬ​ធ្វើ​អ្វី​ទៀត​ច្រើន​។ ការដោះ​លែងលោកកឹមសុខា​គឺ​ជាការបន្ធូរមួយធំណាស់‍»។​

អ្នកបញ្ចុះបញ្ចូល​បាន​អះអាង​ថា​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ខ្លាំងណាស់​ទើប​មាន​ការជួល​ក្រុមហ៊ុនបញ្ចុះបញ្ចូល​ហើយ​ក៏​បាន​បើ​ក​ឱកាស​ដល់​អ្នកតំណាងរាស្រ្ត​ណា​ដែល​ចង់​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់ពីប្រទេស​កម្ពុជា​ផងដែរប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​នៅ​មិនទាន់មាន​អ្នកតំណាងរាស្រ្ត​ណាម្នាក់បាន​សម្រេច​ធ្វើ​ដំណើរ​ទៅកម្ពុជា​នៅ​ឡើយ​ទេ។

រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ជួល​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​នៅ​សហរដ្ឋ​អាមេរិក​ទេ​តាំងពីឆ្នាំ​២០០៣មក​។ នេះ​បើតាមការស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ដើម្បី​នយោបាយ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ៕