ជាការឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាល បានការពារថា អាជ្ញាធរកម្ពុជាមិនបានរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋនោះទេ។
កាលពីថ្ងៃអង្គារ មន្រ្តីស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោកកែវ រ៉េមីបានជួបជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត(Rhona Smith) តាមប្រព័ន្ធអនឡាញដោយសារលោកស្រីមិនអាចធ្វើដំណើរមកប្រទេសកម្ពុជាបាន អំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃអង្គារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា«កម្ពុជាគោរពនូវសេរីភាពនៃការបញ្ចេញមតិ និងមិនមានការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំទេ មានតែវិធានការច្បាប់ចំពោះអ្នកដែលបញ្ចេញមតិនិងជួបជុំដោយបំពានរដ្ឋធម្មនុញ្ញ និងច្បាប់តែប៉ុណ្ណោះ»។
សេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងសេរីភាពសង្គមស៊ីវិល ក្រុមការងាររបស់រដ្ឋាភិបាលបានដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល ហើយក្រសួងមហាផ្ទៃបានពិនិត្យឃើញជារួមថា«ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋានមានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតឡើយ»។
បើតាមសេចក្តីប្រកាសព័ត៌មាននោះ លោកស្រី រ៉ូណា ស្មីតបានបង្ហាញក្តីបារម្ភអំពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបប្រជុំតវ៉ា។ ក្រុមការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីតមិនបានគាំទ្រការបញ្ចេញមតិដែលបំពានច្បាប់ បំពានសិទ្ធិសេរីភាពរបស់អ្នកដទៃ បង្កឲ្យមានការរើសអើងពូជសាសន៍ អំពើហិង្សា និងភាពចលាចលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមទេ។
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រាប់VOAតាមរយៈអ៊ីម៉ែលកាលពីថ្ងៃអង្គារថាមន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានជួបជាមួយលោកស្រីតាមការស្នើសុំ។ លោកស្រីបន្តថា មន្រ្តីកម្ពុជាបានធ្វើបច្ចុប្បន្នភាពទៅលើការងារដែលក្រសួងមួយចំនួនបានបំពេញ។លោកស្រីបញ្ជាក់ថា នេះជាជំនួបមួយដែលកើតឡើង ក្រោយរយៈពេលជាង១ឆ្នាំមកហើយ ដែលលោកស្រីមកបំពេញទស្សនកិច្ចចុងក្រោយក្នុងប្រទេសកម្ពុជា។
ទោះជាយ៉ាងណា លោកស្រីមិនឆ្លើយតបទៅនឹងសំណួរវីអូអេថា តើលោកស្រីបានលើកឡើងអំពីការព្រួយបារម្ភអ្វីទៅភាគីកម្ពុជាទេ។
ការអះអាងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា មិនមានការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទេ ខុសពីការយល់ឃើញរបស់សង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលឃ្លាំមើលការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមានការរឹតត្បិតហើយវាស្តែងចេញពីការរឹតត្បិតការជួបជុំរបស់អ្នកតវ៉ាទាមទារឲ្យដោះលែងលោករ៉ុង ឈុនរហូតដល់មានការបង្រ្កាបចាប់ខ្លួនមនុស្ស៥នាក់ដាក់ពន្ធនាគារ និងត្រូវចោទប្រកាន់តាមផ្លូវតុលាការ។
លោកថ្លែងប្រាប់VOAថា៖ «បើសិនជាមើលទៅលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចរដ្ឋធម្មនុញ្ញ គឺឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក៏ដូចជាអង្គការសិទ្ធិមនុស្សក្នុងស្រុកហ្នឹងមើលឃើញ ហើយនឹងបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋហ្នឹងត្រូវមានការរឹតត្បិត»។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សក្នុងស្រុកចេញផ្សាយកាលពីចុងខែកក្កដាឆ្នាំ២០២០ បង្ហាញថាលំហសេរីភាពជាមូលដ្ឋានរបស់កម្ពុជាបន្តរងការរឹតត្បិត ហើយប្រជាពលរដ្ឋបានរឹតត្បិតខ្លួនឯងក្នុងការបញ្ចេញមតិ។ នេះបើយោងតាមរបាយការណ៍សម្រាប់ឆ្នាំទី៤ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។ របាយការណ៍នេះធ្វើឡើងរួមគ្នាដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក មជ្ឈមណ្ឌលសាមគ្គីភាព ដោយសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់មិនយកប្រាក់កម្រៃ(អាយស៊ីអិនអិល)។
របាយការណ៍លើកឡើងថា ការវិវឌ្ឍសំខាន់ៗរួមមានការបន្តបង្រ្កាបលើអ្នកមានទស្សនៈនយោបាយផ្ទុយ ការបំបិទការបញ្ចេញមតិដែលធ្វើឲ្យបរិយាកាសនៃការបញ្ចេញមតិនេះមានការរឹតត្បិតលើខ្លួនឯងការអនុវត្តក្រមព្រហ្មទណ្ឌតាមទំនើងចិត្ត ពោលគឺបទបរិហារកេរ្តិ៍ បទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទក្លែងបន្លំព័ត៌មាន។
លោកជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យប្រាប់VOAនៅថ្ងៃពុធនេះថា សង្គមស៊ីវិលមិនមានមូលដ្ឋានអ្វីច្បាស់លាស់នោះទេក្នុងការចោទប្រកាន់អាជ្ញាធរកម្ពុជាថា រឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមើលទៅសង្គមស៊ីវិល ការចេញសេចក្តីថ្លែងការណ៍ការលើកមូលហេតុរបស់គាត់ ដូចអត់មានមូលដ្ឋានច្បាប់អីហ្នឹងទេ។ គាត់ការពារតែក្រុមគោលដៅ។ គាត់មើលតែរូបភាពទេ ឲ្យតែការអនុវត្តច្បាប់ទៅលើសកម្មជនឬក្រុមគោលដៅ ដែលគាត់ការពារហ្នឹង គាត់ថា អាហ្នឹងជាការរំលោភសិទ្ធិ»។
លោកបន្តថា ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋតវ៉ាអ្វីមួយ ត្រូវជូនដំណឹងដល់អាជ្ញាធរទៅតាមច្បាប់ស្តីពីបាតុកម្មកំណត់ ដើម្បីអាជ្ញាធរងាយស្រួលក្នុងការរៀបចំការពារ។លោកបន្តថា បុគ្គលដែលត្រូវចាប់ខ្លួនគឺដោយសារពួកគេបញ្ចេញមតិ«មានចេតនាញុះញង់» «ជាការបំភ្លៃព័ត៌មានក្នុងចេតនាទុច្ចរិត» ដែលលោកថាមានតែតុលាការទេដែលអាចដឹងអំពីចេតនាទាំងនោះ។
លោកមានប្រសាសន៍ថា៖ «ហើយអ្នកកំណត់ថាសកម្មភាពហ្នឹងជាបទល្មើស ហើយមានចេតនាទុច្ចរិត ហើយមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ គឺតុលាការជាអ្នកសម្រេច មិនមែនអ្នកបញ្ចេញមតិខ្លួនឯងហើយនឹងក្រុមដែលការពារអ្នកបញ្ចេញមតិ ក្រុមការពារជនល្មើស»។
សង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជាបង្កើនការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងប្រមូលផ្តុំបន្ថែមទៀត នៅអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ៕