ប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រឹង​បង្ហាញ​វឌ្ឍនភាព​ទប់ទល់​ការ​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ

លោក​​កែវ រ៉េមី​ (កណ្តាល) ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​ថ្លែងនៅក្នុង​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣២​​របស់​​អង្គការ​សហ​ប្រជាជាតិ​ ដែលត្រូវធ្វើឡើង​នៅទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​​កាល​ពីថ្ងៃ​ពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

នៅ​ឯ​ការ​ប្រជុំ​ពិនិត្យ​របាយ​ការណ៍​ជា​សាកល (UPR) ដែល​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស​ កាលពី​ថ្ងៃពុធ ​ក្រុម​មន្ត្រី​កម្ពុជា​បាន​ថ្លែង​តទល់​នឹង​ការ​រិះគន់​របស់​សហគមន៍​​ប្រជាធិបតេយ្យ​​ចំពោះ​ការ​រំលោភ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​​នៅ​កម្ពុជា​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្រុម​មន្ត្រី​នៃ​គណៈ​ប្រតិភូ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ខ្មែរ ​ប្រឹង​ថ្លែង​កោត​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​ជោគ​ជ័យ​ខាង​សង្គម​ ​និង​សេដ្ឋកិច្ច សម្រេច​បានដោយ​ការ​ដឹក​នាំ​របស់​លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ជំនួបជាមួយ​ក្រុម​តំណាង​ប្រទេស​ប្រជា​ធិបតេយ្យ​ជា​ច្រើន​ ​ដែល​នៅ​បន្ត​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​រួម​តូច​ទៅ​នៃ​លំហ​ប្រជាធិបតេយ្យ​ ​ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

លោកកែវ រ៉េមី​ ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ប្រាប់​ក្រុម​តំណាង​ប្រទេស​ប្រជា​ធិបតេយ្យ ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី​៣២របស់អង្គការ​សហ​ប្រជាជាតិ​ ធ្វើឡើង​នៅក្នុង​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីសកាល​ពីថ្ងៃ​ពុធ​ថា ​៤០​ឆ្នាំ​ក្រោយ​ការ​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត​នោះ​ កម្ពុជា​បាន​ប្រែក្លាយ​ពី​ទី​ដែលមិន​មាន​សន្តិសុខ​ និង​មាន​ចម្ការ​មីន​ដ៏គ្រោះ​ថ្នាក់​ មក​ជាទីដែល​មានសន្តិភាព​ពេញលេញ និង​ជា​ទីកន្លែង​ដ៏ពេញ​និយម​សម្រាប់ទេសចរ​រាប់​លាន​នាក់។​

លោក​ថា​ ​កម្ពុជា​បាន​ប្រែក្លាយ​ពី​ទីធ្លាប់​មាន​ការប្រយុទ្ធ​គ្នា​ដើម្បី​ដណ្តើម​អំណាច​ មក​ជា​ទី​ដែល​មាន​ការ​គោរព​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​ និង​ក្លាយ​ជារដ្ឋ​មាន​នីតិរដ្ឋ ​អធិបតេយ្យ​ភាព​ជាតិ​ និង​បូរណភាព​ទឹកដី​ពេញ​លេញ។​ ​ប្រធាន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាលនេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ កម្ពុជា​បាន​ងើប​ចេញ​ពី​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ និង​ជាប់​ផុង​ក្នុង​ភាព​ក្រីក្រ ​ក៏​ដូច​ជា​ការ​ខ្វះ​ស្បៀង​អាហារ​មក​ជា​ប្រទេស​នាំ​ចេញ​ស្បៀង​ និង​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែលមាន​សេដ្ឋកិច្ច​ជឿន​លឿន​ឆាប់​រហ័ស ​និង​ជា​ប្រទេស​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​អស្ចារ្យ​ផង​ដែរ។​

ក៏​ប៉ុន្តែ​ ក្រុម​តំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើនមាន​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ ចក្រភព​អង់​គ្លេស​ និង​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ​ព្រម​ទាំង​ប្រទេស​ជប៉ុន​មិន​បាន​មើល​រំលងការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​នោះ​ទេ។​

លោក​ Jason Ross Mack ​តំណាង​សហ​រដ្ឋ​អាមេរិក​ បាន​ស្នើ​ភ្លាមៗនៅ​ចំពោះមុខ​គណៈ​ប្រតិភូ​សិទ្ធិ​មនុស្សកម្ពុជា​ ដោយ​លើក​ជា​អនុសាសន៍​ឲ្យ​ប្រទេស​កម្ពុជា​ដោះ​លែង​រាល់​បុគ្គល​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន ​រួម​ទាំង​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

«យើង​សុំ​ផ្តល់​អនុសាសន៍​ដល់​កម្ពុជា​ទីមួយ​ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញដល់​សមាជិក​អ្នក​នយោបាយ​ជំទាស់​ជា​បន្ទាន់ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ និង​ដោះ​លែង​រាល់​អ្នក​ទាំង​ឡាយ​ណា​ ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​តាម​តែ​អំពើចិត្ត​ ក្នុង​នោះ​មាន​លោក​កឹម សុខា»។​

តំណាង​របស់​សហរដ្ឋ​អាមេរិក​រូប​នេះ​ ក៏បាន​ស្នើ​ដល់​ភាគី​កម្ពុជា​ ឲ្យ​បើក​លំហ​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ និង​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើងវិញ​ និង​លុប​ចោល​ប្រកាស​អន្តរ​ក្រសួង​មួយ​ស្តីពី​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធើណិត។

លោក​ក៏បាន​បញ្ជាក់​ទៀត​ថា​ សហរដ្ឋ​អាមេរិក​នៅ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំងអំពី​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរនៃ​ការ​គោរព​សិទ្ធិ​ស៊ីវិល​ ​និង​សិទ្ធិ​នយោបាយ​ ការ​គាប​សង្កត់​ក្រុម​ប្រឆាំង​ខាង​នយោបាយ​ សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ការ​ហាម​ឃាត់​កម្មករ​មិន​ឲ្យ​ចង​ក្រង​សមាគម និង​ការ​តវ៉ា​ដោយ​សន្តិវិធី​ ដែល​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​មិន​សេរី និង​មិន​យុត្តិធម៌​ទាល់​តែសោះ​កាល​ពី​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។

លោក ​Jason Ross Mack ​តំណាង​សហរដ្ឋ​អាមេរិក​ បាន​សង្កត់​ធ្ងន់ថា​ ជា​រួមការ​វិវត្ត​ទាំង​នេះបាន​ធ្វើឲ្យរិចរិល​យ៉ាង​ខ្លាំង​នូវ​ការ​សម្រេច​បាន​របស់​កម្ពុជា​កាលពី​មុន​មក​ ក្នុង​ការ​លើក​កម្ពស់​ការ​ផ្សះផ្សា​ខាង​នយោបាយ​ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។​

លោក​កែវ រ៉េមី​ និង​ក្រុម​មន្ត្រី​អម​ដំណើរ​លោក​ចាត់​ទុក​ថា​ ​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​នយោបាយ​ត្រូវ​បានលើក​ស្ទួយ​ឡើងវិញ​ ហើយ​ប្រព័ន្ធ​តុលាការ​ក៏​មាន​ឯករាជ្យ​ភាព​ ក្រោយ​ការ​រស់​ឡើង​វិញ​របស់​កម្ពុជា​ពី​របប​ប៉ុល ពត។ ​កម្ពុជា​ក៏​ជា​ឋាន​សួគ៌​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ទៀត​ផង។​

លោក​កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ថ្លែង​យ៉ាង​ដូច្នេះ៖​

«ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​លំហសង្គម​ស៊ីវិល​នោះ កម្ពុជា​គឺ​ជា​ឋាន​សួគ៌​សម្រាប់​អង្គការ​ក្រៅ​រដ្ឋា​ភិបាល។​ ​អ្នក​អាច​ស្រម៉ៃ​ទៅ​ថា ​ចំនួន​ប្រជាជន​កម្ពុជា​មាន​តែ​១៥​លាន​នាក់​ទេ​ តែ​កម្ពុជាគឺ​ជា​ទីកន្លែង​ស​ម្រាប់​ការ​តាំង​នៅ​របស់​សមាគម​ក្នុង​ស្រុក​ និង​អន្តរជាតិ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដល់​ទៅ​ជិត​៦០០០​ដែលបាន​ចុះ​បញ្ជី​ ក៏​ដូច​ជា​ជាង​៤០០០​សហជីព​ ដែល​ជា​តួលេខ​លើស​លប់​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់»។​

ចំណែកលោក​ណី សំអុល ​ឯក​អគ្គរាជ​ទូត​ និង​ជា​តំណាង​អចិន្រ្តៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហ​ប្រជាជាតិ​ ដែល​អង្គុយ​គៀក​នឹង​លោក​កែវ រ៉េមី បាន​វាយ​បក​ទៅ​តំណាង​ប្រទេស​ប្រជា​ធិបតេយ្យ​ទាំងឡាយ​ ដែល​រិះគន់​កម្ពុជា​នោះ​ ដោយ​និយាយ​ថា​ កុំ​យក​វេទិកា​ពិនិត្យ​របាយ​ការណ៍​ជា​សាកល​តាម​កាល​កំណត់ ឬ​ហៅ​ថា​ UPR ​នេះជា​ទី​ធ្វើ​ការ​ឃោសនា​នយោ​បាយ​សម្រាប់​ជាប្រយោជន៍​ដល់​ក្រុម​មួយ​ ឬ​គណបក្ស​នយោបាយ​ ដោយ​មិន​បាន​គិតដល់អ្នក​ដទៃ។​

លោកនិយាយ​ថា​ សម្រាប់​កម្ពុជា​ អ្វី​ដែល​ជា​តម្រូវ​ការ​ចាំបាច់គឺ​សន្តិភាព​ ជា​អ្វី​ដែលកម្ពុជា​បាន​មក​ដោយលំបាក។​ លោក​បន្ត​ថា​ ​ប្រជាជន​កម្ពុជាក៏​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាងក្នុង​ការ​ជួប​ជុំ​ និង​បញ្ចេញ​មតិ​ តែ​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ទាំង​នោះត្រូវ​តែ​គិត​ដល់​អ្នក​ដទៃ​ផង​ដែរ។

«ហេតុដូច្នេះ​ សម្រាប់​កម្ពុជា​ សន្តិភាព​គឺ​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ជាង​អ្វីៗ​ទាំង​អស់ដើម្បី​ការ​អភិវឌ្ឍ​ ដែល​រដ្ឋាភិបាល​ត្រូវតែ​ការពារ​ ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ដើម្បី​រក្សា​សិទ្ធិ​ និង​ការ​រីក​ចម្រើនរបស់​ប្រជាជន​ ជាពិសេស​សិទ្ធិ​សេដ្ឋ​កិច្ច​ និង​សង្គម»។​

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​តំណាង​សហគមន៍​ប្រទេស​ប្រជា​ធិបតេយ្យនៅតែ​មិន​អស់​ចិត្ត​នឹង​ការ​ធ្លាក់​ចុះ​ថមថយ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ រួម​ទាំង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ​ទៀត​មាន​ទាំង​សិទ្ធិដីធ្លី​ ហើយ​តំណាង​មួយ​ចំនួន​នៃ​សហគមន៍​ប្រទេសប្រជា​ធិបតេយ្យ​ ក្នុង​នោះ​មាន​ប្រទេស​បារំាង​ ​បាន​ស្នើ​ឲ្យ​មាន​ការ​ចូល​រួមឡើង​វិញ​របស់​អ្នក​នយោបាយ​ជំទាស់​ ក្នុង​វិស័យ​នយោបាយ​កម្ពុជា​ ហើយ​អ្នក​តំណាង​ផ្សេង​ទៀត​ក៏​បាន​ស្នើ​ឲ្យ​លុប​ចោល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ឬធ្វើ​វិសោធន​កម្មមួយ​ចំនួន​នៃ​ច្បាប់​ ដែល​នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស។

អ្នកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចូលរួម​ជាមួយ​ក្រុម​ប្រទេស​ប្រជា​ធិបតេយ្យ​ទាំង​នោះ​ ដែល​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា។​ អ្នកស្រី​បាន​ប្រាប់​ VOA ​តាម​សារ​ឆ្លើយ​ឆ្លង​អេឡិចត្រូនិក​មួយ​ថា​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ស្គាល់​ការណ៍​ពិត​មួយ​ថា ​ កម្ពុជា​មិន​មាន​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​ទៀត​នោះ​ទេ​ ហើយ​ក៏​គ្មាន​ប្រជា​ធិបតេយ្យ​ដែរ​ បើ​គ្មាន​សំឡេង​អ្នក​ជំទាស់។​

«គ្មាន​សន្តិភាព​ទេ​ គ្មាន​សេរីភាព​ទេ​ គ្មាន​ប្រជា​ធិបតេយ្យ​ទេ​ បើសិន​ជា​អត់​មាន​សំឡេង​អ្នក​ហ៊ាន​ប្រឆាំង​ អ្នក​ហ៊ាន​តវ៉ា​ អត់​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដោយ​មាន​យុត្តិធម៌​ក្នុង​សង្គម​ទេ​ ​បើសិន​ជាអត់​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ និង​សារ​ព័ត៌មាន​ឯករាជ្យ»។​

អនុ​ប្រធាន​គណបក្ស​ជំទាស់​នេះ​ក៏​បាន​ព្រមាន​ថា​ ការ​ក្រោក​ឈរ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន នឹង​ផ្ទុះ​ឡើង​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បន្ត​រាំងខ្ទប់​ពលរដ្ឋ​មិន​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ និង​ហាម​មិន​ឲ្យ​គណបក្ស​ដែល​ពួក​គេ​គាំទ្រ​បាន​ចូល​រួម​ការ​បោះ​ឆ្នោតដោយសេរី ​និង​ត្រឹមត្រូវ​នោះ។​

ការ​ប្រជុំ​ពិនិត្យ​របាយ​ការណ៍​ជា​សាកល​តាម​កាល​កំណត់ ឬ​ហៅថា​ UPR​ លើក​ទី​៣២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​២០១៩​នេះ​ កើត​ឡើង​ នៅ​ចំ​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ដាក់​គំនាប​ខាង​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប​ ដែល​ជា​ញយ​ដង​រំឭក​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ស្តារ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ពោល​គឺបើក​លំហ​សង្គម​ស៊ីវិល ផ្តល់​សិទ្ធិ​នយោបាយ​ពេញ​លេញ​ដល់​អ្នក​នយោបាយ​ជំទាស់​ ​និង​ការ​មាន​ប្រតិបត្តិ​ការ​ឡើង​វិញ​នូវ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ជាដើម៕