លោក ជា សុផារ៉ា គ្រោង​អភិវឌ្ឍ​អគារ​ប៊ូលឌិញ

រូបឯកសារ៖ ទិដ្ឋភាព​ជា​ទូទៅ​នៃ​អគារ​ប៊ូលឌីង​និង​អ្នក​រស់​នៅ​ក្នុង​អគារ​ប៊ូលឌីញ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោក​ ជា សុផារ៉ា ​បាន​ប្រាប់​ VOA ​ខ្មែរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ក្រសួង​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ការ​វិនិយោគ​ការ​សាងសង់​អគារ​ប៊ូលឌិញ​ ដោយ​សារ​សភាព​ចាស់​ទ្រុឌទ្រោម​របស់​អគារ​នេះ ​ដែល​អាច​នាំ​ឲ្យ​​មាន​គ្រោះថ្នាក់​ដល់​ប្រជាជន​ដែល​រស់នៅ​ទី​នោះ។

ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់ ​គ្រោង​នឹង​ដាក់​សំណើការ​វិនិយោគ​ការ​សាងសង់​អគារ​ប៊ូលឌិញ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ទៅ​រដ្ឋាភិបាល ដើម្បី​ចាប់​ផ្តើម​ការ​សាងសង់​អគារ​ប៊ូលឌិញ​ថ្មី​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។​ នេះ​បើ​យោង​ទៅ​តាម​លោក​ ជា​ សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយ​កម្ម​និង​សំណង់។​

លោក​ ជា សុផារ៉ា ​បាន​ប្រាប់​ VOA ​ខ្មែរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ​ក្រសួង​នឹង​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​ការ​វិនិយោគ​ការ​សាងសង់​អគារ​ប៊ូលឌិញ​ ដោយ​សារ​សភាព​ចាស់​ទ្រុឌទ្រោម​របស់​អគារ​នេះ ​ដែល​អាច​នាំ​ឲ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាជន​ដែល​រស់នៅ​ទី​នោះ។​

«ខ្ញុំ​ចង់​ជួយ​ដើម្បី​ឲ្យគាត់​ចៀស​ផុត​ពី​ហានិភ័យ។ ​ឥឡូវ​ហ្នឹង ​ប៊ូលឌិញ​កាន់​តែ​ទ្រុឌទ្រោម​ឡើង​ ហើយ​អគារ​ហ្នឹង​ខ្វះ​សុវត្ថិភាព​ធ្ងន់​ធ្ងរ​ណាស់។​ បើ​យើង​ដោះ​ស្រាយ​ឥឡូវ​នេះ​គឺ​ថា​ អត់​មាន​វិប្បដិសារី»។​

លោក ​ជា សុផារ៉ា ​បាន​បន្ថែម​ថា ​ការ​វិនិយោគ​ការ​សាងសង់​អគារ​ថ្មី​ឡើង​វិញ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​ឯកជន ​ដែល​យល់​ព្រម​វិនិយោគ​នៅ​ក្នុង​គម្រោង​នេះ។​

រូបឯកសារ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឯការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក​ ជា សុផារ៉ា បាន​និយាយ​ថា ​ក្រុមហ៊ុន​នឹង​ទទួល​ខុស​ត្រូវ​សាងសង់​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ ដើម្បី​ឲ្យ​ប្រជាជន​អាច​ទៅ​ស្នាក់​នៅ​រហូត​ទាល់​តែ​ការ​សាងសង់​អគារ​ថ្មី​នៅ​ប៊ូលឌិញ​ត្រូវ​បាន​បញ្ចប់។​

«រដ្ឋ​អត់​ពាក់ព័ន្ធ​អា​ហ្នឹង​ទេ​ ប៉ុន្តែ​យើង​រៀប​ចំ។​ ឧបមា​ថា​ ក្រុមហ៊ុន​ឯកជន​មួយ​ចង់​អភិវឌ្ឍ​នៅ​កន្លែង​ហ្នឹង។ ​ប្រជាជន​កាន់​កាប់​រស់​នៅ​ត្រង់​ហ្នឹង​ យើង​ឲ្យគាត់​ចេញ​សិន។​ ដល់​ហើយ​បានឲ្យ​គាត់​ត្រឡប់​មក​នៅ​កន្លែង​ហ្នឹង​វិញ​ ហើយ​ជាន់​ដែល​សល់​ពី​ហ្នឹង​គឺ​ក្រុមហ៊ុន​ឯកជន​គេ​ធ្វើ​អាជីវកម្ម​ទៅ។ ​មាន​ន័យ​ថា ​អភិវឌ្ឍ​នៅ​នឹង​កន្លែង»។​

«កន្លែង​ថ្មី​ដែល​ឲ្យ​គាត់​នៅ​បណ្តោះ​អាសន្ន​ គេ​ធ្វើ​ផ្ទះ​សម្រាប់​ឲ្យ​គាត់​ស្នាក់​នៅ​បណ្តោះ​អាសន្ន​រយៈ​ពេល​បួន​ឆ្នាំ។​ អាហ្នឹង​គឺ​យើង​ឲ្យ​គាត់​រស់នៅ​មិន​មាន​ការ​បង់ថ្លៃ។​ ហើយ​ក៏​នៅ​កៀក​នឹង​ភ្នំពេញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​អស់​សោហ៊ុយ​ស្នាក់​អាស្រ័យ»។​

លោក​បាន​បន្ថែម​ថា ​ប្រជាជន​អាច​សម្រេច​ចិត្ត​ត្រឡប់​មក​វិញ ​អាច​មក​រស់នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​នៅ​កន្លែង​ដដែល ​និង​ទំហំ​ដដែល​ ហើយ​ចំពោះ​ប្រជាជន​ដែល​មិន​ចង់​ត្រឡប់​មក​នៅ​កន្លែង​នោះ​វិញ​អាច​លក់​ផ្ទះ​របស់​គេ។​

អគារ​ប៊ូលឌីង​មើល​ពី​ផ្នែក​ខាងក្រោយ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ (នូវ ពៅលក្ខិណា/VOA)

លោក​មាន​ប្រសាសន៍​ថា​ ក្រុម​ការងារ​របស់​លោក​កំពុង​សិក្សា​ពី​ទីតាំង​កន្លែង​ស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ​ហើយ​ប្រជា​ពលរដ្ឋដែល​រស់នៅ​ក្នុង​អគារ​ប៊ូលឌិញ ​ដែល​មិន​មាន​ការងារ​ធ្វើ ​ពួកគាត់​អាច​ទទួល​បាន​ការងារ​ពី​ការ​សាងសង់​អគារ​ប៊ូល​ឌិញថ្មី​នោះ។​

«ឥឡូវ​កំពុង​ឲ្យ​គេ​សិក្សា​កន្លែង​ថ្មី។​ កន្លែង​ថ្មី​ប្រុង​ឲ្យ​គាត់​ទៅ​រស់នៅ​ត្រង់​ក្រោយ​ពេទ្យ​ឡឺរ៉ូយ៉ាល់ ​ហើយ​ប្រហែល​ជាយក​កូន​ចៅ​គាត់​ហ្នឹង​ធ្វើ​ជា​កម្មករ​សំណង់​នៅ​កន្លែង​ហ្នឹង​ទៀត…​យក​កម្លាំង​ពលកម្ម​មក​ឈ្លេច​ប្រើប្រាស់​ដើម្បី​ឲ្យគាត់​បាន​កម្រៃ​ក្នុង​រយៈពេល​បួន​ឆ្នាំ​នោះ»។​

លោក​បាន​បន្ថែម​ថា​ ការ​សាងសង់​អគារ​ថ្មី​នេះ​នឹង​មាន​តម្លាភាព។​

«ខ្ញុំ​ធ្វើ​ពី​ A ​ដល់ ​Z ​ ហើយតម្លាភាព ​ហើយ​ធ្វើ​ឲ្យជាក់លាក់។​ ហើយ​ប្រជាជន​ក៏​អត់​រង​គ្រោះ ​ខ្ញុំ​ក៏​អត់​មាន​ទទួល​ហានិភ័យ»។​

យ៉ាងណា​ក៏ដោយ ​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​អគារ​ប៊ូលឌិញ​នេះ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ ​ប្រសិន​បើ​មាន​ការ​អភិវឌ្ឍ​អគារ​ប៊ូលឌិញ​នេះ។​

លោក​ស្រី​ នួន ស៊ីម ​អាយុ​៧០ ​ដែល​កំពុង​រស់នៅ​ក្នុង​អគារ​ប៊ូលឌិញ មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​ចង់​ចាកចេញ​ពី​អគារ​នោះ​ទេ ​ហើយ​ថា ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ប្រជាជន​ជាង​៤០០​គ្រួសារ​ដែល​រស់នៅ​ក្នុង​អគារ​នោះ​មាន​កន្លែង​រស់នៅ​ត្រឹមត្រូវ​ សមរម្យ​ នៅ​ពេល​ដែល​គេ​ចាក​ចេញ។​

«យើង​ចង់​ឲ្យ​គាត់​ដោះស្រាយ​ថា​ ធ្វើ​យ៉ាងម៉េច​ឲ្យ​សម​ស្រប។​ យើង​អាច​ចេញ​ទៅ​ហ្នឹង​បាន​ផ្ទះ​យើង​នៅ​វិញ​ឲ្យ​ស្រួល​បួល​វិញ ​កុំ​ឲ្យ​វា​ពិបាក។ ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។​ មិន​ចង់​បាន​លើស​ហ្នឹង ​ឲ្យ​ហួសហេតុ​ហ្នឹង​ទេ ៦​ឬ៧​ម៉ឺន ​យើង​អាច​ទៅ​រក​អី​នៅ​បាន​វិញ។​ អាហ្នឹង​បាន​ហើយ»។​

លោក​ស្រី​បាន​បន្ថែម​ថា៖​

«ឧបមា​ចេញ​ពី​ហ្នឹង​ទៅ​មិន​ស្រួល​ដូច​យើង​នៅ​ទី​នេះ ​ហើយ​អគារ​នេះ​ឈ្មួញ​ចូលចិត្ត​បង្អាប់​យើង​ ឬក៏​ធ្វើ​ឲ្យ​យើង​ភិតភ័យ​ថា ​អគារ​នឹង​នៅ​អត់​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត។​ គេ​ចង់​បាន​របស់​យើង។ គេ​ធ្វើ​ឲ្យ​យើង​ភ័យ​ថា​ អគារ​ហ្នឹង​នៅ​មិន​បាន​យូរ​ អី​អញ្ចឹង​ទៅ​ណា៎។ វា​អាច​បាក់​ស្រុត​អី​អញ្ចឹង​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​ភ័យ»។​

អ្នកស្រី​កែវ សុផល អាយុ៥៤ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​រស់នៅ​ក្នុង​អគារ​ប៊ូលឌិញ បាន​និយាយ​ថា​អគារ​ប៊ូលឌិញ​នៅ​រឹងមាំ​នៅឡើយ ហើយ​លោកស្រី​មិន​ចង់​ចាកចេញ​ពី​អគារនេះ​នោះ​ទេ។ (ផនបុប្ផា/VOA)

អ្នកស្រី​ កែវ សុផល ​អាយុ​៥៤​ឆ្នាំ​ មាន​ប្រសាសន៍​ថា ​លោក​ស្រី​មិន​ចាកចេញ​ពី​អគារ​ប៊ូលឌិញ​នោះ​ទេ​ ហើយ​លោក​ស្រី​បន្ថែម​ថា​ អគារ​នោះ​នៅ​មាន​សភាព​រឹង​មាំ ​បើ​ទោះ​បី​ជា​វា​មើល​ទៅ​ចាស់​ក៏​ដោយ។​

«លេស​គេ​ទេ! ​អគារ​នេះ​រឹងមាំ។​ គ្រឹះ​ក្រោម​រឹងមាំ​ណាស់​ អត់​មាន​ស្រុត​ទេ»។​

ចំណែក​លោក​ លឺ យ៉ាងតុង អាយុ​៥៥​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​អគារ​នោះ​តាំង​ពី​ទសវត្ស៨០​ បាន​និយាយ​ថា​ លោក​មិន​ជឿ​ថា​ លោក​នឹង​អាច​បាន​ផ្ទះ​របស់​លោក​មក​វិញ​នោះ​ទេ​ ប្រសិន​បើ​លោក​ចាកចេញ​ពី​ផ្ទះ​របស់​លោក​ទៅ​រស់នៅ​កន្លែង​ផ្សេង​ជា​បណ្តោះ​អាសន្ន​នោះ។

លោក លឺ យ៉ាងតុង អាយុ៥៥ឆ្នាំ អ្នកភូមិម្នាក់​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូលឌិញ ផ្តល់​បទសម្ភាសន៍​ដល់ VOA ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ចាកចេញ​ពី​អគារ​ប៊ូលឌិញ​នេះ​ទេ។ (ផន បុប្ផា/VOA)

«អត់​ជឿ​ជាក់។​ ពាក្យ​អញ្ចឹងៗ​អត់​ជឿ​ជាក់​បាន​ទេ។​ រឿង​ថា​ ចេញ​ទៅ​ហើយ​ត្រឡប់​មក​វិញ​គឺ​ថា ​អត់​មាន​ជឿ​ជាក់​អី​ទេ»។​

អគារ​ប៊ូលឌិញ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៣​ដើម្បី​ឲ្យ​មន្ត្រី​រាជការ​ដែល​មិន​មាន​ផ្ទះ​នៅ​អាច​ស្នាក់​នៅ​បាន។​

កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៥​ អាជ្ញាធរ​សង្កាត់​ទន្លេ​បាសាក់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ប្រាប់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អាគារបន្សល់​ទុក​តាំង​ពី​ទសវត្ស​១៩៦០​នោះ​ថា​ អគារ​ប៊ូលឌិញ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ហើយ​បាន​ប្រាប់​ឲ្យ​ប្រជាជន​ដែល​រស់នៅ​ទី​នោះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ឬ​អាច​ចាក​ចេញ​ពី​អគារ​ជា​បណ្តោះ​អាសន្ន។​

កាល​ពី​ខែ​មិថុនា​ មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ចុះ​ត្រួត​ពិនិត្យ​សភាព​របស់​អគារ​នោះ៕