វិសាលភាពនិងផលប៉ះពាល់ពាក់ព័ន្ធនឹងឯកសារដែលបានបែកធ្លាយចេញពីក្រុមហ៊ុនមួយរបស់ប្រទេសប៉ាណាម៉ាអំពីគណនីធនាគារនៅបរទេសនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយនឹងមានរឿងបន្តបន្ទាប់ទៀតដែលនឹងចេញផ្សាយពាក់ព័ន្ធនឹងករណីនេះ។ ប៉ុន្តែរដ្ឋាភិបាលនៅទូទាំងពិភពលោកកំពុងតែប្តេជ្ញាធ្វើការស៊ើបអង្កេតឬថ្កោលទោសរបាយការណ៍នេះថាជាការវាយប្រហារដែលគ្មានមូលដ្ឋានច្បាស់លាស់។
លោក Juan Carlos Varela ប្រធានាធិបតីប៉ាណាម៉ាគឺជាបុគ្គលម្នាក់ដែលគេទទួលស្គាល់ជាសាធារណៈអំពីតម្លាភាពរបស់លោក។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកស្វាគមន៍រាល់ការស៊ើបអង្កេតដែលការពារប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនពីការបំពាន។
លោក Will Fitzgibbon អ្នកសារព័ត៌មានម្នាក់នៃ International Consortium of Investigative Journalists ដែលកំពុងដឹកនាំការស៊ើបអង្កេតអំពីឯកសារដែលបានមកពីក្រុមហ៊ុនច្បាប់ Mossack Fonseca បានថ្លែងប្រាប់ VOA ថា សកម្មភាពខុសច្បាប់ឬគួរឲ្យសង្ស័យទាំងអស់គឺមានតិចតួចណាស់ក្នុងចំណោមក្រុមហ៊ុនចំនួន ២២០.០០០នៅក្នុងឯកសារនោះ។ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា ទោះបីជាមានភាគរយតិចតួចនៅក្នុងការសម្របសម្រួលដល់ការប្រព្រឹត្តអំពើពុករលួយឬការសូកប៉ាន់ក៏ដោយ សម្រាប់ក្រុមសកម្មជនជាច្រើន វាគ្រប់គ្រាន់សម្រាប់ស៊ើបអង្កេតប្រព័ន្ធធនាគារបរទេសទាំងមូលហើយ។
លោក Ramon Fonseca សហស្ថាបនិកនៃក្រុមហ៊ុននេះបានបដិសេធយ៉ាងខ្លាំងថា ក្រុមហ៊ុនរបស់លោកមិនបានបំពានច្បាប់នោះទេ។ លោកបានថ្លែងប្រាប់សារព័ត៌មាន Associated Press ថា ការផ្តោតទៅលើក្រុមហ៊ុនរបស់លោកគឺមិនយុត្តិធម៌នោះទេ ហើយប្រសិនបើក្រុមហ៊ុនរបស់លោកមានមូលដ្ឋាននៅសហរដ្ឋអាមេរិកវិញមិនមែននៅប៉ាណាម៉ា នោះគេនឹងមិនផ្តោតមកលើក្រុមហ៊ុនរបស់លោកយ៉ាងដូច្នេះនោះទេ៕