រដ្ឋាភិបាល​រំលឹក​អ្នកសារព័ត៌មាន​ឱ្យ​គោរព​វិជ្ជាជីវៈ​តែ​មិន​និយាយ​ដល់​ការ​បង្រ្កាប

អ្នកស្រី​ Anne Lemaistre​ ​ប្រធានអង្គការ​យូណេស្កូប្រចាំ​ប្រទេសកម្ពុជា​ ថ្លែង​បើក​កម្មវិធី​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ​ ២០១៨​ ធ្វើ​ឡើង​នៅទីក្រុង​ភ្នំពេញ​ កាលពីថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨។ (ហ៊ុល​ រស្មី​/VOA)​

នៅ​ក្នុង​ការ​ប្រារព្ធ​​ទិវា​សេរី​ភាព​សារព័ត៌មាន​សកលលោក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ចេញ​សារ​នយោបាយ​អបអរ​និង​បាន​ផ្តោត​លើ​​ប្រធានបទ​ស្តីពី​ ​«ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌​ និង​នីតិរដ្ឋ»។ លោក​ ហ៊ុន សែន​ ​ក៏​មិន​ខុស​ពីក្រុមមន្ត្រី​របស់​លោក​ផងដែរ​ ​ពោល​គឺ​លោក​ ​មិន​បាន​លើក​ឡើង​ពីការ​បង្រ្កាប​យ៉ាង​​ចាស់​ដៃ​របស់​រដ្ឋាភិបាល​លោក​ទៅលើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ និងការ​ចាប់​ខ្លួន​អតីត​អ្នកកាសែត​របស់​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​​ទេ។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​ ២០១៨​ ​មិន​បាន​ថ្លែង​ដល់​ការ​បង្រ្កាប​លើ​អង្គភាព​សារព័ត៌មាន​ឯករាជ្យ ​វិទ្យុ​នា​នា​ដែល​បាន​ផ្សាយ​បន្ត​ព័ត៌មានរបស់​វិទ្យុអាស៊ី​សេរី​ ​និង​សំឡេង​សហ​រដ្ឋ​អាមេរិក​ ​VOA រួមទាំង​ការ​ចាប់ឃុំ​ខ្លួនអ្នក​កាសែត​នោះ​ទេ​ ខណៈ​អង្គការ​អន្តរជាតិ​នា​នា ​បន្ត​បញ្ជាក់​ពី​ក្តីបារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិសេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​នេះ។​

លោក​ ថាច់ ផែន​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ប្រើ​ពេល​ប្រមាណ​ជាង៣០​នាទី​ ​ថ្លែង​អំពី​កិច្ច​ការងារ​របស់​ក្រសួងព័ត៌មាន​ មុខងារ​របស់​អ្នក​សារព័ត៌មាន​និង​ណែនាំ​អ្នក​សារព័ត៌មាន​មិន​ឲ្យ​បំពេញ​ការងារ​បា្រសចាក​ពី​ក្រម​សីលធម៌​ជា​អ្នកសារព័ត៌មាន​និង​បាន​លើក​ឡើង​អំពី​ការបង្កើត​ច្បាប់​ស្តីពីការ​ទទួល​បាន​ព័ត៌មាន​ជាដើម។

«មិន​ត្រូវ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ណា​ដែល​មួល​បង្កាច់​កេរ្តិ៍ឈ្មោះ​បុគ្គល​ឬ​បំភ្លៃ​សភាពការណ៍​ផ្សេងៗ​ ខុស​ពីការ​ពិត​ ដែលនាំ​ឲ្យ​មាន​ការ​ចលាចល​សង្គម​និង​ប្រទេស​ជាតិ​ អ្នក​សារព័ត៌មាន​ត្រូវ​ចាត់​ទុក​ថា​ មាន​កំហុស​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ​ ចំពោះ​ការ​ប្រើ​ពាក្យ​អសុរស​ មួល​បង្កាច់​ ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ ព្រម​ទាំង​ការ​កាឡៃ​ព្រឹត្តិការណ៍​ផ្ទុយ​ពី​ការ​ពិត»។

នៅ​ក្នុង​ការ​ប្រារព្ធទិវា​សេរី​ភាព​សារព័ត៌មាន​សកលលោក​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បាន​ចេញ​សារ​នយោបាយ​អបអរ​និង​បាន​ផ្តោត​លើប្រធានបទ​ស្តីពី​ ​«ប្រព័ន្ធ​ផ្សព្វផ្សាយ​យុត្តិធម៌​ និង​នីតិរដ្ឋ»។ លោក​ ហ៊ុន សែន​ ​ក៏​មិន​ខុស​ពីក្រុមមន្ត្រី​របស់​លោក​ផងដែរ​ ​ពោល​គឺ​លោក​ ​មិន​បាន​លើក​ឡើង​ពីការ​បង្រ្កាប​យ៉ាងចាស់​ដៃ​របស់​រដ្ឋាភិបាល​លោក​ទៅលើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ និងការ​ចាប់​ខ្លួន​អតីត​អ្នកកាសែត​របស់​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុនទេ។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បិទ​បញ្ចប់​សារ​នយោបាយ​ដែល​មាន​បី​ទំព័រ​របស់​លោក ដោយ​«អំពាវនាវ​ដល់​អ្នកសារ​ព័ត៌មានជាតិ​ និង​អ្នកសារព័ត៌មាន​បរទេស​ទាំង​អស់​ដែល​កំពុង​បំពេញ​ការ​ងារ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បំពេញ​ការងារ​នៅ​បរទេស​ក្តី​ ​សូម​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​ វិជ្ជាជីវៈ​ ជៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​តែមួយ​ជ្រុង​ ហើយ​ឆ្លុះ​បញ្ចាំង​សភាព​ការណ៍​ទាំងមូល​ ដោយ​ពុំបាន​គិត​អំពី​ក្បួន​ខ្នាត​ក្រឹត្យក្រម​នៃ​ការ​សរសេរ​ព័ត៌មាន ឬការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ បំប៉ោង​សភាពការណ៍​ ដោយ​គិត​តែអំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ធ្វើ​ឲ្យ​បាត់​បង់​តម្លៃ​សារព័ត៌មាន​ខ្លួនឯង​»។

ដោយ​ហេតុ​ថា ប្រធាន​បទ​នៃ​ការបា្ររព្ធ​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​នៅ​កម្ពុជា ​រៀបចំ​ឡើង​ ដោយ​អង្គការ​យូណេស្កូ​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត​និងការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (អ.ស.ប.) ​ឆ្នាំ​នេះ​ ផ្តោត​លើបញ្ហាយេនឌ័រ​និង​ស្ត្រី​ក្នុង​វិស័យសារព័ត៌មាន​នោះ លោក​ថាច់ ផែន ក៏បាន​ណែនាំ​ឲ្យ​អ្នក​កាសែត​យល់​ដឹង​ពី​ការ​ធ្វើ​សេចក្តី​រាយការណ៍​ ដែល​ពាក់​ព័ន្ធនឹង​បញ្ហាស្រ្តី​និង​កុមារ។​

លោក​ថ្លែង​បន្ថែម​ថា៖​

«ចំពោះស្រ្តី​ និង​កុមារ​អ្នកសារព័ត៌មានត្រូវ​គិត​គូ​ពី​ផលប៉ះពាល់​ដល់​ជីវភាព​សាធារណៈ​ ជា​ពិសេស​ដល់​ស្ថានភាព​ស្រ្តី​ កុមារ​ និង​ជន​ពិការ​ មិន​ត្រូវ​ប្រើប្រាស់​រូបភាព​អាក្រាត​ ឬ​រូបភាព​ដែល​ស្រើប​ស្រាល​ របស់​ជនរងគ្រោះ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដែល​ធ្វើ​ឲ្យបាត់​បង់​កតិ្តយស​និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្ត្រី​ទូទៅ»។​

ក្រុម​វាគ្មិន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់ស្ត្រី​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​ ដែល​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ នៅ​ថ្ងៃ​ទី៣ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល រស្មី​/VOA)

ចំណែក​លោកស្រី អ៊ឹង កន្ថាផាវី​ រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ក៏​មិនមាន​ប្រសាសន៍​ដល់​ព្រឹត្តិការណ៍​បង្ក្រាប​បណ្តាញ​ព័ត៌មាន​កាល​ពី​ឆ្នាំ​២០១៧​ផងដែរ។​ ផ្ទុយ​មក​វិញ​ អ្នកស្រី​បាន​ព្យាយាម​ផ្តល់​ការ​អធិប្បាយ​ឲ្យ​ត្រូវ​ទៅ​តាម​ប្រធាន​បទ​ដែល​និយាយ​ពី​បញ្ហា​ស្រ្តី​ និង​វិស័យ​សារ​ព័ត៌មាន។​

ក្នុង​ពេល​ជាង​១០នាទី​ ​អ្នក​ស្រីបាន​ថ្លែងកោត​សរសើរ​ដល់​អ្នកយកព័ត៌មាន​ជា​ស្រ្តីឆ្នើមៗ​ ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ដែល​មាន​ដូច​ជា​អ្នកស្រី​ Christiane Amanpour​ របស់​បណ្តាញ​ព័ត៌មាន​ CNN និង​បាន​លើក​ឡើង​ពីការងារ​របស់​ក្រសួងកិច្ចការ​ងារនារី​បាន​ធ្វើ​ ក្នុងបុព្វហេតុ​ការ​ពារ​សិទ្ធិស្ត្រី។​

ដោយបាន​មើល​ឃើញ​ពីការ​ឆ្គាំឆ្គង​របស់​អ្នកយកព័ត៌មាន​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​មិនគោរព​ក្រម​សីលធម៌​ និង​ធ្វើ​ឲ្យប៉ះពាល់​កិត្តិ​យស​របស់​ស្ត្រី តាម​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិនសមរម្យ​នោះ​ អ្នកស្រី​ ក៏បាន​ស្នើ​ឲ្យ​អ្នកយក​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ការ​ដោយ​ប្រយ័ត្ន​ប្រយែង​នៅពេល​ធ្វើ​សេចក្តី​រាយ​ការណ៍​ ពាក់​ព័ន្ធ​នឹង​បញ្ហា​ស្ត្រី។ អ្នកស្រី​មានប្រសាសន៍​ថា​ តាម​ការ​ស្រាវជ្រាវមួយ​បាន​ឲ្យដឹង​ថា​ អ្នក​សារព័ត៌មាន​មួយ​ចំនួនខ្វះ​ជំនាញ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​ ​ទាក់​ទិន​បញ្ហា​ស្រ្តី​ផងដែរ។

«នៅក្នុង​ការ​សិក្សា​ដែល​យើង​កំពុង​ផ្សព្វផ្សាយ​នៅថ្ងៃ​នេះ​ បាន​រក​ឃើញ​ថា អ្នកសារព័ត៌មាន​មួយចំនួន​ នៅខ្វះជំនាញ​ និង​ចំណេះ​ដឹង​ក្នុង​ការ​ធ្វើ​សេច​ក្តី​រាយការណ៍​ ប្រកបដោយ​គុណភាព​ មិន​គោរព​ក្រម​សីលធម៌​ ជាពិសេស​ការ​ធ្វើ​សេចក្តី​រាយការណ៍​ដែលប៉ះពាល់​នឹង​ស្ត្រី ក៏ដូច​ជា​ខ្វះខាត​នូវ​ចំណេះ​ដឹង​ក្នុងការ​ប្រើ​ប្រាស់​បច្ចេកសព្ទ​ឲ្យបានត្រឹមត្រូវ​ផងដែរ»។

សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយនៅ​កម្ពុជា​បាន«ដួលរលំ»ចាប់​តាំង​ពីឆ្នាំ​២០១៧​ ​បន្ទាប់​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ ​ដែល​ផ្សាយ​ចំណុច​អវិជ្ជមាន​និង​រិះគន់​រដ្ឋាភិបាល​ ​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទទ្វារ​និង​ឈប់​ផ្សាយ​ ហើយ​ការ​គំរាមកំហែងនិង​ការ​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធនាគារនៅ​តែ​បន្ត​កើត​មាន។​ ​នេះបើ​យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ (CCIM)។

របាយ​ការណ៍​ ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ​និង​ជាភាសាខ្មែរ​ចំនួន​២៧​ទំព័រ​នោះ​បានបញ្ជាក់​ឲ្យ​ដឹង​ថា ​សារ​ព័ត៌មាន​ធំៗ​ចម្រុះ​ចំនួន​៣៣​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បានរៀបរាប់​ក្នុង​របាយ​ការណ៍​នោះ ​មាន​តែ​ស្ថាប័ន​ចំនួន​៨​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ថា ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ប៉ុន្តែ​ស្ថាប័ន​ចំនួន​៤​នៃ​ស្ថាប័នឯករាជ្យ​ទាំង​៨​នោះត្រូវ​បាន​បិទ​មិន​ឲ្យ​ផ្សព្វផ្សាយ​ ​មាន​ដូចជា​ ​កាសែត ​ឌឹ ឃែមបូឌា ដេលី ​សំឡេង​សហរដ្ឋ​អាមេរិក​ ​(VOA)​ ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ (VOD) ​និង​វិទ្យុ​អាស៊ី​សេរី ​(RFA)។​

របាយ​ការណ៍​នោះ​ ក៏​បាន​រក​ឃើញថា​ ​អ្នក​សារ​ព័ត៌មាន​៦៧​ភាគ​រយ​មាន​អារម្មណ៍​ថា​ ​ពួកគេ​មិន​មានសេរីភាព​ពេញ​លេញ​ក្នុង​ការ​រាយ​ការណ៍​ដោយ​សេរីទេ​ ​ហើយថា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​កំពុងប្រឈម​នឹង​ការ​គំរាម​កំហែង​ ​ការ​ចាប់​ដាក់​ពន្ធនាគារ​ ​ការ​បង្រ្កាប​ ​និង​វិបត្តិ​ផ្លូវ​ចិត្ត​ជា​ដើម។

នៅ​ឯពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ​២០១៨ ធ្វើ​ឡើង​នៅថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ​ អ្នកស្រី​ ​Maria Sargren​ ​ឯក​អគ្គរាជទូត​ស៊ុយ​អែតប្រចាំ​កម្ពុជា​ ​មិនបាន​មើល​រំលង​ពី​ការរឹតត្បិត​សេរី​ភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

អ្នកស្រី​បាន​លើក​ឡើង​ត្រួស​ៗ​ពីរបាយការណ៍​របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)​ ដែលបាន​ចេញផ្សាយកាលពីខែ​មេសា​ និង​បាន​ឲ្យដឹងថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​១០​ថ្នាក់​ពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៨​នេះ​ ពោល​គឺ​បាន​ធ្លាក់​ពី​លំដាប់​១៣២​មកដល់​លំដាប់​ថ្នាក់​១៤២។ អ្នកស្រី​ Sargren​ ថ្លែងថា​ លទ្ធិប្រជាធិបតេយ្យ​មិន​មាន​នោះឡើយ​ ប្រសិន​បើគ្មាន​សេរីភាពក្នុង​បញ្ចេញមតិ​នោះ។

អ្នកស្រី​បានថ្លែង​ដោយមានការបកប្រែ​ជា​ភាសាខ្មែរថា៖«អីចឹង​ប្រជាធិបតេយ្យ​បាន​នោះ ​លុះត្រា​តែ​ជា​ប្រជាធិបតេយ្យ​ដែលមាន​សិទ្ធិសេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​ ដែល​វា​ជា​កត្តា​សំខាន់​ណាស់​ ហើយ​នេះហើយ​ យើងត្រូវ​តែ​ឲ្យមាន​នូវការបញ្ចេញមតិ​ លើក​ជា​យោបល់​ សាកល្បង​យោបល់​ឯកភាព​គ្នា​ ហើយ​ជួយ​គ្នា​ដើម្បីបង្កើត​ឲ្យ​គេហៅ​ថា​ សង្គម​នេះ​ ជា​សង្គម​បើក​ទូលាយ​ និង​ចូលរួម​ចំណែក​ទៅដល់​វឌ្ឍនភាព​នៅ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

តាម​របាយការណ៍​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ឲ្យ​ដឹង​ថា​ ចំណាត់​ថា្នក់របស់​ប្រទេស​កម្ពុជា​ បានស្ថិត​នៅ​លើ​ប្រទេស​វេណេហ្ស៊ុយអេឡា​តែ​បន្តិច​ប៉ុណ្ណោះ​ ដែលប្រទេស​នេះ​ ​បាន​ចំណាត់​ថ្នាក់​ទី​១៤៣​។ ចំណាត់​ថ្នាក់របស់​កម្ពុជា​ ក៏បានស្ថិត​លើប្រទេស​ស៊ូដង់ខាង​ត្បូង​ដែល​បាន​ចំណាត់​ថ្នាក់​ទី​១៤៤​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​១៨០។​

ប្រទេស​វេណេហ្ស៊ុយអេឡា​ ត្រូវ​គេ​រាយការណ៍​ថា​ កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ សេដ្ឋកិច្ច​ និង​ការ​ខ្វះខាត​ស្បៀង​អាហារ​ ខណៈ​ដែល​ប្រទេសស៊ូដង់ខាង​ត្បូង​ត្រូវ​ក្រុម​សិទ្ធិមនុស្ស​មើលឃើញ​ថា​ មិនទាន់​ឆ្លងផុត​ពីសង្គ្រាម​ក្នុង​ស្រុក​ និងការ​គាប​សង្កត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។​

ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា​ ដែលបាន​បន្ត​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​ និង​នយោបាយនៅក្នុងប្រទេសកម្ពុជា​ បាន​ថ្លែង​នៅលើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួននៅថ្ងៃ​ព្រហស្បតិ៍នេះថា​ «ថ្ងៃនេះ​ជា​ទិវាសារព័ត៌មាន​ នៅ​ក្នុង​បរិបទ​នៃការ​រឹតត្បិតលើ​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ (OHCHR) ​សូម​អំពាវ​នាវដល់រដ្ឋាភិបាល​ឲ្យបង្ហាញនូវភាព​ដឹកនាំ និង​ធានានូវ​លំហ​សម្រាប់អ្នក​សារព័ត៌មាន​ដើម្បីឲ្យ​ពួកគេ​អាច​រាយការណ៍​ដោយ​សេរី​និង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​អំពីកិច្ច​ការផ្សេងៗ​នា​ពេលថ្មីៗ​នេះ។​

បន្ថែម​លើការ​អំពាវនាវ​របស់ការិយាល័យ​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា​ ​លោក ​David Kaye​ ​អ្នករាយការណ៍​របស់​អ.ស.ប.ទទួលបន្ទុក​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ព្រម​ជា​មួយ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ឯទៀត​នៅជុំវិញ​ពិភពលោក​ បាន​ចេញសេចក្តីថ្លែងការណ៍​រួម​ ដោយរៀបរាប់​ត្រួសៗ​ ​អំពីការ​កើនឡើង​នៃ​ការ​គំរាមកំហែង​ទៅលើឯករាជ្យ​ភាពរបស់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ និង​ភាព​ចម្រុះ​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​ការ​គំរាមកំហែង​ប្រព័ន្ធ​ព័ត៌មាន​លើ​បណ្តាញ​អ៊ីន​ធឺណិត។

លោក​ ​Kaye​ ​បាន​ថ្លែង​ស្វាគមន៍​សេចក្តីថ្លែង​ការណ៍រួមនោះតាម​ន័យដើមថា៖​ «​បណ្តាញព័ត៌មាន​សេរី​ និង​ឯក​រាជ្យ​ជួយ​សម្រួល​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​នានា​ និង​ការ​ទទួលខុសត្រូវ ខណៈដែល​ការ​វាយ​ប្រហារ​លើ​អ្នកកាសែត​ និងសារព័ត៌មាន​ ធ្វើ​ឲ្យខូច​គំនិត​នៃ​ការ​ចូលរួម​សាធារណៈ​ និង​ការ​ទទួល​ត្រូវពី​ខាង​រដ្ឋាភិបាល»។​

លោក​ ​Kaye​ ​បាន​ស្នើរដ្ឋ​នីមួយៗ​ធ្វើ​ការឲ្យបានច្រើន​ថែម​ទៀត​ ក្នុងការ​ការ​ពារ​អ្នកសារព័ត៌មាន​ពី​ការ​វាយ​ប្រហារ​ ​ខណៈដែល​ការ​វាយប្រហារ​លើ​អ្នកកាសែត​ គួរតែ​ត្រូវទទួលបាន​នូវការ​ថ្កោល​ទោស​ឲ្យបាន​ខ្លាំងក្លា។​

សេចក្តីថ្លែង​ការណ៍​រួម​របស់​លោក​ ​Kaye​ ​និង​អ្នកជំនាញ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ​បាន​ឲ្យដឹង​ថា​បណ្តាញ​ព័ត៌​មាន​ឯករាជ្យ​មានតួនាទីសំខាន់​ខ្លាំងណាស់​សម្រាប់​សង្គមប្រជាធិបតេយ្យ។ ពួកគេ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះការ​វាយប្រហារ​ខាង​រាងកាយ​ ការ​តាម​ឃ្លាំមើល​ ​ការ​ធ្វើឲ្យចុះខ្សោយ​ និង​ការធ្វើ​ឲ្យ​បែកខា្ចត់​ខ្ចាយ​នៃ​សារព័ត៌មាន​ឯករាជ្យ​នៅទូទាំង​ពិភពលោក។​

​ស្រប​ពេល​ដែល​ពិភពលោក​ ​និង​ប្រទេស​កម្ពុជា​ ​កំពុង​សាទរ​ចំពោះ​ថ្ងៃ​នៃ​សេរីភាព​សារព័ត៌មាន​ ​មាន​អ្នក​សារព័ត៌​មាន​យ៉ាង​ហោច​ណាស់បីរូប​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​កម្ពុជា។​ ​អ្នកទាំង​នោះ​រួម​ ​មាន​អ្នក​សារ​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​និង​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផង​ដែរ៕