រដ្ឋាភិបាល​ ប្រកាស​តាមដាន​ប្រវត្តិ​អ្នក​បើកបរ​ឡាន​ធុន​ធ្ងន់

រូបឯកសារ៖ លោក​ ស​ ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា​ក្រសួង​សាធារណការ​ និង​ក្រសួង​មហាផ្ទៃ​បាន​សហការ​គ្នា​ក្នុង​ការ​ប្រមូល​ប្រវត្តិរូប​របស់​អ្នក​បើក​រថយន្ត​ដឹក​កម្មករ រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹក​ទំនិញ​ធំៗ ខណៈ​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ​រង​ការ​រិះគន់​ថា​បើកបរ​មិន​ប្រុង​ប្រយ័ត្ន និង​ពុំ​មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ។

នៅ​ក្នុង​ខែ​មីនា​ គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ស្រប​ពេល​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ​ខិត​ជិត​មក​ដល់។

ក្នុង​ការ​ប្រារព្ធ​ពិធី​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កំពុង​ប្រមូល​ប្រវត្តិ​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ ដឹក​អ្នក​ដំណើរ​ច្រើន និង​ដឹក​ទំនិញ​ធំៗ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា​ក្រសួង​សាធារណការ​ និង​ក្រសួង​មហាផ្ទៃ​បាន​សហការ​គ្នា​ក្នុង​ការ​ប្រមូល​ប្រវត្តិរូប​របស់​អ្នក​បើក​រថយន្ត​ដឹក​កម្មករ រថយន្ត​ទេសចរណ៍ និង​រថយន្ត​ដឹក​ទំនិញ​ធំៗ ខណៈ​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ​រង​ការ​រិះគន់​ថា​បើកបរ​មិន​ប្រុង​ប្រយ័ត្ន និង​ពុំ​មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ។

នៅ​ក្នុង​ទិវា​សប្ដាហ៍​ជាតិ​ស្ដី​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី៤ ខែ​មេសា​នេះ លោក ស ខេង ជា​ប្រធាន​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក មាន​ប្រសាសន៍​ថា​ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​សម្រួល​ការងារ​នៅ​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ រដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​ចុះ​ប្រមូល​ប្រវត្តិរូប​សង្ខេប​របស់​អ្នកបើកបរ​នៅ​តាម​ក្រុមហ៊ុន​នានា។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ គឺ​ថា​ក្រសួង​សាធារណការ​ និង​ក្រសួង​មហាផ្ទៃ ពិសេស​គឺ​អគ្គស្នងការដ្ឋាន​នគរបាល ​សហការ​ជាមួយ​គ្នា ដើម្បី​គ្រប់គ្រង​សាវតារ​ជាតិ របស់​អ្នក​បើកបរ។

រូបឯកសារ៖ អ្នកធ្វើដំណើរ​ដែល​ភាគច្រើន​ជា​កម្មករ​រោងចក្រ​កាត់ដេរ ធ្វើ​ដំណើររ​តាម​រថយន្ត​ឈ្នួលទៅ​លេង​ស្រុក​កំណើត នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​នានា។ (ឡេង ឡែន/VOA)

អ្នក​បើកបរ​ឡាន​ដឹកជញ្ជូន​ទេសចរណ៍ ឬក៏​ដឹក​កម្មករ​ដែល​មាន​ចំនួន​ច្រើន​នេះ ដឹក​ទំនិញ​ ដឹក​អី​ធំៗ​នេះ គឺ​ត្រូវ​តែ​មាន​ប្រវត្តិ​សង្ខេប សាវតារ​ជាតិ ដើម្បី​ដាក់​តម្កល់​នៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ ក៏​ដូចជា​អគ្គស្នងការដ្ឋាន​នគរបាល»។

លោក​ ស ខេង បាន​បញ្ជាក់​ថា​គ្រោះថ្នាក់​ចរាចរណ៍​ជា​ក្រុម​មាន​ការ​កើន​ឡើង ដោយសារ​ការ​បើកបរ​លើសល្បឿន​កំណត់ ការ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍។ លោក​រដ្ឋមន្ត្រី​បាន​ក្រើន​រំឭក​អាជ្ញាធរ​ឲ្យ​បន្ត​រឹត​បន្តឹង​ និង​ចាត់​វិធានការ​លើ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍ ការ​បើក​ដោយ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់ មួក​សុវត្ថិភាព ​ការ​ដឹក​មនុស្ស​នៅ​លើ​ដំបូល​រថយន្ត និង​បើក​រថយន្ត​ខុស​បច្ចេកទេស​ជាដើម។

លោក រុន រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ បាន​ថ្លែង​ប្រាប់​VOAថា​ចាប់​តាំង​ពី​ដើម​ឆ្នាំ២០១៧​នេះ ក្រសួង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ប្រមូល​ប្រវត្តិរូប​អ្នក​បើកបរ​ទាំង​នោះ ដោយ​ឲ្យ​ពួកគេ​បំពេញ​ឯកសារ​ដែល​ផ្ដល់​ដោយ​នគរបាល​ចរាចរណ៍។​

លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ ​ក្រសួង​បាន​ទទួល​ប្រវត្តិរូប​របស់​អ្នក​បើកបរ​បាន​ជាង២០០នាក់​ ពី​ក្រុមហ៊ុន​មួយ​ចំនួន។

លោក​មាន​ប្រសាសន៍​ថា៖ «រយៈកាល​កន្លង​មក​យើង​ធ្វើ គ្រាន់​តែ​ក្រុមហ៊ុន​ខ្លះ​គាត់​ឲ្យ ក្រុមហ៊ុន​ខ្លះ គាត់​អត់​ទាន់​បាន​ឲ្យ។ យើង​ត្រូវ​ចំណាយ​ពេល​បន្តិច ដោយ​សារ​ក្រុមហ៊ុន​ច្រើន»។

លោក​បន្ត​ថា​កន្លង​ទៅ អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​ធំៗ​មួយ​ចំនួន ​តែង​តែ​បើកបរ​ក្នុង​ស្ថានភាព ​ ស្រវឹង ហើយ​រថយន្ត​កុងតឺន័រ​មួយ​ចំនួន​ក៏​បាន​បើកបរ​ដោយ​លើស​ល្បឿន​កំណត់​ផង​ដែរ។

លោក​ថា​វិធាន​ការ​នេះ​នឹង​ជួយ​រឹតបន្តឹង​ដល់ការ​បើកបរ​ និង​អាច​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង នៅ​ពេល​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង។

លោក​ រុន រ័ត្នវាសនា មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​បើ​សិន​ជា​យើង​មាន​ប្រវត្តិរូប​របស់​គាត់ យើង​រក្សា​ទុក​បាន​ន័យ​ថា​យើង​ងាយ​ស្រួល​តាមដាន​របស់​គាត់ ថា​ឥឡូវ​គាត់​បើក​បរ​ឲ្យ​ក្រុមហ៊ុន​ណា ឲ្យ​គាត់​ចេញ​ពី​ក្រុមហ៊ុន​ណា ទៅ​ក្រុមហ៊ុន​ណា​មួយ»។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៦ បាន​ធ្លាក់​ចុះ​ចំនួន​២៧១នាក់​ គឺ​ប្រមាណ​១៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៥ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ប្រមាណ​២២៧០នាក់។

ចំណែក​ក្នុង​រយៈ​ពេល​បី​ខែ​ដើម​ឆ្នាំ​២០១៧នេះ ករណី​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​៤៨៩នាក់ គឺ​បាន​ធ្លាក់​ចុះ​៦នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៦។ តែ​ក្នុង​ខែ​មីនា​នេះ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​នឹង​ខែ​មករា និង​ខែ​កុម្ភៈ។

លោក អ៊ា ចរិយា​ អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ បាន​ថ្លែង​ថា​វា​ជា​រឿង​ល្អ​មួយ​ ដែល​ក្រសួង​ប្រមូល​ទិន្នន័យ​តាម​ក្រុមហ៊ុន​ និង​ប្រវត្តិ​របស់​អ្នក​បើកបរ​រថយន្ត។ លោក​បន្ត​ថា​វិធានការ​គឺ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ពួកគេ​មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ ហើយ​មាន​រៀបចំ​ជា​សៀវភៅ​ណែនាំ​ដល់​ក្រុមហ៊ុន ស្ដី​អំពី​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​។

លោក​មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ហ្នឹង​ត្រូវ​មាន​ច្បាប់​ផ្ទៃក្នុង​របស់​គាត់​មួយ ក្នុង​ការ​គ្រប់គ្រង​ទៅ​លើ​អ្នកបើកបរ និង​គ្រប់គ្រង​យានយន្ត​របស់​គាត់»។

លោក​បន្ត​ថា​ក្រុមហ៊ុន​ក៏​ត្រូវ​ចូល​រួម​ទទួល​ខុស​ត្រូវ​ទៅតាម​ច្បាប់ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង។​ លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​ការ​បើកបរ​របស់​រថយន្ត​កុងតឺន័រ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «រថយន្ត​កុងតឺន័រ​ជា​រថយន្ត​ធំ អញ្ចឹង​ពេល​បើកបរ​នៅ​លើ​ដង​ផ្លូវ កាលណា​មាន​ការ​វ៉ា ជែង​អី វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត។ អញ្ចឹង​យើង​ត្រូវ​តែ​ពង្រឹង​ការ​អប់រំ​លើ​ផ្នែក​សុវត្ថិភាព​ ផ្នែក​ច្បាប់​ចរាចរណ៍​និង​សីលធម៌​នៃ​អ្នក​បើកបរ​ហ្នឹង​ ឲ្យ​គាត់​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​អី​រថយន្ត​របស់​គាត់​អាច​នឹង​ជះ​ឥទ្ធិពល ផល​ប៉ះពាល់​ដល់​អ្នក​បើកបរ​ដទៃ​ទៀត»។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា​ បាន​ចោទ​ជា​សំណួរ​ថា​តើអ្នក​បើកបរ​យានយន្ត​ធំៗ​ទាំង​នោះ​ មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ និង​ឆ្លង​កាត់​តាម​សាលា​បង្រៀន​បើក​បរ ឬ​យ៉ាងណា។ លោក​បន្ត​ថា​ក្រុមហ៊ុន​ក៏​ត្រូវ​ចូលរួម​ចំណែក​ក្នុង​ការ​អប់រំ និង​ក្រើន​រំឭក​ដល់​អ្នកបើកបរ​របស់​ពួកគេ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖

«យល់​ល្អ​ គឺ​ឲ្យ​អ្នក​បើក​ឡាន​ទាំងអស់​ហ្នឹង ​មក​តេស្ត​សមត្ថភាព​ទាក់ទង​នឹង​ច្បាប់​ចរាចរណ៍​ឡើង​វិញ ព្រោះ​យើង​មាន​ការ​សង្ស័យ​ថា​ការ​រៀន​យក​ប័ណ្ណបើកបរ ឬ​ប្រឡង​យក​ប័ណ្ណ​បើកបរ មាន​ភាព​មិន​ប្រក្រតី»។

ទោះ​ជា​យ៉ាង​ណា លោក សន ជ័យ យល់​ថា​ការ​បើកបរ​ហួស​ល្បឿន​ អាច​ជា​គោលការណ៍​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ លោក​បន្ត​ថា​រថយន្ត​ដឹកទំនិញ និង​ដឹក​ដី​ខ្លះ ជា​រថយន្ត​ដែល​មាន​លក្ខណៈ​បច្ចេកទេស​មិន​ប្រក្រតី។

លោក​មាន​ប្រសាសន៍​ថា៖

«រថយន្ត​កុងតឺន័រ​ហ្នឹង​ហើយ​ដែល​ជា​ប្រភេទ​រថយន្ត​ដែល​តែង​តែ​បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍…បើក​អត់​គោរព​ភ្លើង​សញ្ញា បើក​ក្នុង​ល្បឿន​លឿន ហើយ​ពេល​ខ្លះ​បុក​មនុស្ស កិន​មនុស្ស​ស្លាប់​ហើយ​ក៏​រត់​គេច​ទៀត។ អញ្ចឹង​វា​ជា​អ្វី​មួយ​ដែល​យើង​ចង់​ឃើញ​ថា​ពួក​រថយន្ត​ធំៗ​ហ្នឹង គួរ​តែ​ការ​បើកបរ​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់ ជាជាង​អ្វី​ដែល​យើង​បាន​ឃើញ​បច្ចុប្បន្ន​នេះ»។

លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា មាន​ប្រសាសន៍​ថា​រថយន្ត​ដឹក​កម្មករ​ មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា​ការ​បញ្ជា​រថយន្ត​មិន​មាន​ប័ណ្ណ​បើកបរ ឬ​មាន​ប័ណ្ណ​បើកបរ​ដោយ​មិន​បាន​ចូល​រៀន​បើកបរ​ត្រឹមត្រូវ ការ​ដឹក​កម្មករ​ច្រើន​លើស​កំណត់​ និង​ការ​កែ​ច្នៃ​រថយន្ត​ខុស​បច្ចេកទេស។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ក្រសួង​មហាផ្ទៃ​ក៏​អញ្ចឹង​ដែរ មិនមែន​ទៅ​មើល​តែ​អា​ហ្នឹង​មួយ ថា​ឡាន​កែប្រែ​ខុស​បច្ចេកទេស ឬ​ក៏​អ្នក​បើកបរ​ហ្នឹង គាត់​មាន​ប័ណ្ណបើកបរ​ដែរ តែ​គាត់​មាន​បាន​ចូល​សាលា​មែន​អត់»?

លោក​ អាត់ ធន់ បន្ត​ថា​ការ​រៀបចំ​ផ្លូវ​ឲ្យ​មាន​លក្ខណៈ​ល្អ​ស្អាត​បាត មាន​ផ្លាក​សញ្ញា និង​ភ្លើង​ចរាចរណ៍ ​ ក៏​មាន​ភាព​ចាំបាច់​សម្រាប់​សុវត្ថិភាព​ចរាចរណ៍​ផង​ដែរ។​ លោក​ក៏​បាន​ស្នើ​ឲ្យ​រោងចក្រ​រៀប​កន្លែង​ស្នាក់​នៅ​សម្រាប់​កម្មករ និង​រៀបចំ​ទីតាំង​រោងចក្រ​នៅ​កន្លែង​កម្មករ​រស់​នៅ​ច្រើន​ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ៕​