រដ្ឋាភិបាល​ចោទ​លោក ​អ៊ុំ សំអាន ​ថា​មាន​ឧបាយកល​ទុច្ចរិត​ក្នុង​រឿង​ផែនទី​កម្ពុជា

លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ សួរ​ដេញ​ដោល​អំពី​បញ្ហា​ព្រំដែន​ នៅ​ក្នុង​សន្និសីទ​កាសែត​ដែល​បង្ហាញ​​ផែនទី​ដែល​​ប្រើ​បោះ​សម្រាប់​​​បង្គោល​ព្រំដែន​ នៅ​ឯ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​កក្កដា​ ឆ្នាំ​២០១៥។ (នៅ​ វណ្ណារិន/VOA​)​

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ខឹង​សម្បារ​នឹង​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ អ៊ុំ សំអាន ​​ដែលបាន​​អះអាង​ថា​ លោកទើប​​បាន​រក​ឃើញ​ផែនទី​ដែល​កម្ពុជា​ដម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ខឹង​សម្បារ​នឹង​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ អ៊ុំ សំអាន ដែលបានអះអាង​ថា​ លោកទើបបាន​រក​ឃើញ​ផែនទី​ដែល​កម្ពុជា​ដម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ។​

ប្រតិកម្ម​ដ៏ខ្លាំង​នេះ​ដោយ​សារ​តែ​ផែនទី​ដែល​ទើប​រក​ឃើញ​ថ្មី​នេះ​មិន​មែន​ជា​ផែនទី​កម្ពុជា​ធ្លាប់​បាន​សុំ​ខ្ចី​ពី​ស្ថាប័ន​ពិភពលោក​នេះ​យក​មក​ផ្ទៀងផ្ទាត់​ក្នុង​ពេល​កន្លង​មក​នោះ​ទេ។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ រដ្ឋាភិបាល​«ពិចារណា​យ៉ាងម៉ឺងម៉ាត់​នូវ​វិធានការ​ផ្លូវ​ច្បាប់‍»​លើ​អ្នក​តំណាង​រាស្រ្ត​រូប​នេះ​ផងដែរ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បន្ថែម​ថា៖«ជារួម​រាល់​ទង្វើ​ និង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ដោយ​ឯកឧត្តម​ អ៊ុំ សំអាន ​ទាំង​ក្នុង​ពេល​កន្លង​មក​ក៏ដូច​ជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ​បង្កប់​ដោយ​ឧបាយកល​ទុច្ចរិត ក្នុង​ការ​បំផុស​គំនិត​ជាតិ​និយម​ជ្រុល ​បំបែក​បំបាក់​ការ​ឯកភាព​ជាតិ​ បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ក្នុង​សាធារណៈ​មតិ​ជាតិ​ និង​អន្តរជាតិ​អំពី​បញ្ហា​អធិបតេយ្យ​ជាតិ ​និង​បូរណភាព​ទឹកដី​កម្ពុជា‍»។​

​លោក​ អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​ប្រចាំ​ខេត្ត​សៀមរាប​បាន​អះអាង​ថា ​លោក​បាន​រកឃើញ​ផែនទី​បោន​ខ្នាត​១ភាគ១០០.០០០​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដែល​ខុស​ពី​ផែនទី​ ដែល​អង្គការ​ពិភព​លោក​នេះ​បាន​យក​ទៅផ្ទៀងផ្ទាត់​កន្លង​មក។​ ផែនទី​នេះ​ត្រូវ​បាន​យក​ទៅដម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី​៤ ខែ​តុលា ​ឆ្នាំ​១៩៥៤​ហើយ​ស្រប​ទៅនឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ដែល​ទទួលស្គាល់​ផែនទី​ផលិត​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ចន្លោះ​ឆ្នាំ​១៩៣៣​ដល់​១៩៥៣។

«ផែនទី​ដែល​ខ្ញុំ​រកឃើញ​គឺជា​ផែនទី​ដើម​ដែល​បារាំង​គេ​ធ្វើ​ចន្លោះ​ឆ្នាំ១៩៣៣​ ដល់​៥៣ ​ដល់​ក្រោយ​មក​មួយ​ឆ្នាំ​៥៤​បាន​គេ​ដាក់​ចូល​សន្និសីទ​ក្រុង​ហ្សឺណែវ ​ឆ្នាំ​១៩៥៤​ហ្នឹង​ហើយ​បន្ទាប់​មក​បាន​គេ​យក​មក​ UN។ ដូច្នេះ​មាន​ន័យ​ថា​ ផែនទី​នេះ​ជា​ផែនទី​ដើម​ហើយ​ពេល​សម្តេច​តា​យក​ផែនទី​មក​ដម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ឱ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​គឺ​យក​ពី​ផែនទី​ដើម​ហ្នឹង​ឯង‍»។​

​រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាស​ថា ​ផែនទីដែល​ខ្លួន​ទទួល​ស្គាល់​គឺ​ជា​ផែនទី​ដែ​ល​សម្តេច​ព្រះ​នរោត្តម​ សីហនុ​ យក​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​១៩៦៤។ នៅ​ពេល​សាកសួរ​ពី​ចំណុច​ខុស​គ្នា​រវាង​ផែនទី​ទាំងពីរ​នេះ​លោក ​អ៊ុំ សំអាន​បញ្ជាក់​ថា៖

«រឿង​ផែនទី​នេះ​ខ្សែ​បន្ទាប់​ព្រំដែន​ដូច​គ្នា​ ឬ​មិន​ដូចគ្នា ​ខ្ញុំ​ទុក​ឱ្យ​អ្នក​បច្ចេកទេស​រដ្ឋាភិបាល​គេ​បកស្រាយ​ចុះ​ ព្រោះខ្ញុំ​បាន​បញ្ជូន​មួយ​ច្បាប់​ទៅ​ស្រុក​ខ្មែរ​ហើយ​ដើម្បី​ឱ្យ​អ្នក​បច្ចេកទេស​គេ​សិក្សា​។ ក៏ប៉ុន្តែ ​ផែនទី​ UTM ​ដែល​អង្គការ​សហប្រជាជាតិ​យក​ទៅ​មិន​មែន​ជា​ផែនទី​ផ្លូវ​ការ​ទេ​។ ផែនទី​របស់​រដ្ឋាភិបាល​អត់​មាន​ប្រភព​ច្បាស់​លាស់​ទេ‍»។​

​ការខ្វែង​គំនិត​គ្នា​លើ​ប្រភព​នៃ​ផែនទី​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​អង្គការ​សហប្រជាជាតិ​ និង​មហា​អំណាច​ពិភពលោក​ដូច​ជា​បារាំង ​អង់គ្លេស​ និង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​មាន​តែ​អង្គការ​សហប្រជាជាតិ​ និង​ប្រទេស​បារាំង​បាន​ឱ្យ​កម្ពុជា​ខ្ចី​ផែនទី​ដើម​យក​ទៅ​ផ្ទៀងផ្ទាត់​ ហើយ​មិន​រក​ឃើញ​ថា​ខុស​គ្នា​ជាមួយ​នឹង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា​មាន​ទេ​ ដែល​នាំឱ្យរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា​លែង​ផ្ទៀងផ្ទាត់​ទៀត​ហើយ។​

លោក​បណ្ឌិត​ សុខ ទូច​សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជាអ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​កម្ពុជា​របស់​រាជបណ្ឌិត​សភា​កម្ពុជា​បាន​បញ្ជាក់​ថា លោក​បាន​ឃើញ​ផែនទី​ដែល​លោក អ៊ុំ សំអាន ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ហើយ៖

«ផែនទី​ហ្នឹង​វា​ដូច​តែ​គ្នា​ទេ ​អត់​មាន​អី​ខុស​ទេ ​ហើយ​បើ​យក​របស់​លោក​ អ៊ុំ​ សំអាន ​មាន​តែ​២៣ផ្ទាំង​ទេ​មួយ​ក្រោយ​នេះ។ ហើយ​អ្វី​ជា​ផែនទី​រវាង​កម្ពុជា​ និង​វៀតណាម​ដែល​មាន​ចម្ងាយ​១២៧០គីឡូម៉ែត្រ​ មាន​តែ​២៣ផ្ទាំង​ទេ បើ២៣ផ្ទាំង​វា​បាត់​៣ផ្ទាំងទៀត។ បើ​បាត់​៣ផ្ទាំង ​វា​ដូច​គណបក្ស​ប្រឆាំង​ប្រគល់​ឱ្យ​ខ្ញុំ​២៦​បាន​តែ​២៤​ទេ‍»។

ក្រោយ​ពីការផ្ទៀងផ្ទាត់​ផែនទី​ជា​បន្តបន្ទាប់​កន្លង​មក​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ឱ្យ​អាជ្ញាធរ​ចាប់ខ្លួន​ភ្លាមៗ​ជនណា​ដែល​នៅ​តែបន្តចោ​ទ​ថា​ ផែនទី​ដែល​រដ្ឋាភិបាល​ប្រើ​ប្រាស់​មិន​ត្រឹមត្រូវ និង​ជា​ផែនទី​ចោរ៕