មន្រ្តី​រដ្ឋាភិបាល៖​ កិច្ច​ប្រឹងប្រែង​ប្រឆាំង​ការ​​ជួញ​ដូរ​មនុស្ស​នឹង​បន្ត​ ទោះ​ជា​កម្ពុជា​ទទួល​លំដាប់​ថ្នាក់​មិន​ល្អ

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​កាលពី​ព្រឹក​ថ្ងៃអង្គារ​កន្លង​ទៅ​​ បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​កាលពី​ព្រឹក​ថ្ងៃអង្គារ​កន្លង​ទៅ​​ បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។​

មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុក​ប្រឆាំង​សកម្មភាព​ជួញដូរ​ កាល​ថ្ងៃ​ពុធ​នេះ​ បាន​ទទួល​ស្គាល់​ការ​រក​ឃើញ​របស់​សហ​រដ្ឋ​អាមេរិក​អំពី​ស្ថាន​ភាព​ប្រឆាំង​ការជួញដូរ​មនុស្ស​របស់​កម្ពុជា​ដែល​នៅ​ខ្វះខាត តែ​ទោះជា​យ៉ាង​ណា​ក្រុម​មន្រ្តីបាន​ថ្លែងការពារ​ថា ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ប្រឹង​ប្រែង​ទប់​ស្កាត់​សកម្មភាព​ជួញ​ដូរ​មនុស្ស​ ដែល​ជា​មុខ​ជំនួញ​រក​ចំណូល​បាន​ច្រើន​សម្រាប់​ក្រុម​ជន​ទុច្ចរិត ហើយ​ពិបាក​នឹង​ទប់ស្កាត់នោះ។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​កាលពី​ព្រឹក​ថ្ងៃអង្គារ​កន្លង​ទៅ បាន​ចេញ​របាយ​ការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ក្នុង​បញ្ជី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​២០១៧​ដែល​មិន​មាន​អ្វី​ប្រែប្រួល ​ប្រសើរ​ជាង​ឆ្នាំ​មុន​នោះ​ទេ។​

របាយ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ក្នុង​លំដាប់​ថ្នាក់​ទីពីរ​ ដោយ​សារ​តែ​រដ្ឋាភិ​បាល​កម្ពុជា​មិន​បាន​បំពេញ​តាម​និយាម​អប្បបរមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​ទេ​ ដូចជា​ការ​មិន​ស៊ើប​អង្កេត​ ឬ​យក​មក​កាត់​ទោស​ក្រុម​មន្ត្រី​ ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជាដើម។​

អ្នកស្រី​ជូ ប៊ុនអេង​ រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​ មាន​ប្រសាសន៍​ប្រាប់ ​VOA ​នៅថ្ងៃ​ពុធនេះ​ថា​ ការ​វាយ​តម្លៃ​របស់​សហ​រដ្ឋ​អាមេរិក​ ជា​កិច្ច​ការ​ត្រឹមត្រូវ​មួយ​ តែ​អ្នកស្រី​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឆាំង​សកម្មភាព​ជួញ​ដូរ​មនុស្ស​នេះ។​

«អ្វី​ដែល​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ យើង​ពិត​ជា​ទទួល​ដឹង​ថា ​យើង​ប្រឹង​ប្រែង​ខ្លាំង​ណាស់។​ ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​ យើង​ក៏​ទទួល​ស្គាល់​ដែល​ថា​ មិន​ទាន់​សុក្រិត្យគ្រប់​រឿង​ទេ​ ដែល​យើង​នៅខំ​ប្រឹង​ប្រែង​បន្ត​ទៀត​ ពីព្រោះ​ករណី​ថ្មី​ ចេះ​តែ​កើត​មាន​ ហើយ​ក្នុង​នោះ យើង​ក៏​នឹង​រិះរក​នីតិ​វិធី​ថ្មី​សម្រាប់​ការ​ឆ្លើយ​តប​ ដោយសារ​ថា​ វាមិន​អាច​ធ្វើ​ឲ្យ​ការងារ​ហ្នឹង​ វា​បាត់​ស្ងាត់​ក្នុង​រយៈ​ពេល​ដ៏ខ្លី​ប៉ុណ្ណឹង​បាន​ទេ ​ច៎ា»។​

រូបឯកសារ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ទ្រៃយ៍​នៃ​គណៈកម្មធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​ និង​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​ (ហ៊ាន សុជាតា/VOA)

របាយការណ៍​ដដែលរបស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ឲ្យដឹង​ទៀត​ថា​ ការ​ជួញដូរ​កម្លាំង​ពលកម្ម​ជនជាតិ​ខ្មែរ​នៅ​បរទេស​នៅ​បន្ត​មាន​ដោយសារ​តែ​មន្ត្រី​ការងារ​មិន​បាន​ត្រួត​ពិនិត្យ​ទីភ្នាក់​ងារ​ជ្រើសរើស​ពលករ​ឱ្យ​បាន​ដិតដល់​ហើយ​ដោយសារ​តែទីភ្នាក់ងារ​ទាំងនោះ​លក់​សិទ្ធិ​បន្ត​ទៅ​ឱ្យ​មេ​ខ្យល់​ជាដើម។​

ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​សេវា​ជួយ​ជន​រងគ្រោះ​បុរស​ ជាពិសេស​ក្រុម​ដែល​ត្រូវ​គេ​កេង​ប្រវ័ញ្ច​នៅលើ​ទូក​នេសាទ​ ហើយ​កម្ពុជា​គួរ​តែ​ផ្តល់​ធនធាន​បន្ថែម​ទៀត​ជួយ​ដល់​ជនរងគ្រោះ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​បេសក​កម្ម​ការទូត​នៅ​ក្រៅ​ប្រទេស​ និង​ប្រទេស​ដែល​កម្ពុជា​មិន​មាន​ស្ថាន​បេសក​កម្ម​ការទូត។​

អ្នកស្រី​ជូ ប៊ុនអេង​បាន​បញ្ជាក់​ថា​ សកម្ម​ភាព​ជួញ​ដូរ​មនុស្ស​ នាពេល​បច្ចុប្បន្ន​នេះ​ មាន​ច្រើន​រូបភាព​ រួមមាន​ការណ៍​ដែលពលករ​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ ដោយការ​បញ្ជូនឲ្យ​ទៅ​ធ្វើ​ជា​កម្មករ​លើ​ទូក​នេសាទ​ ការ​ធ្វើ​ការ​នៅតាម​ផ្ទះ​ កសិដ្ឋាន​ ឬ​ក៏​រោងចក្រ​ឧស្សាហ​កម្ម​ជាដើម។ ​អ្នកស្រីបាន​ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋា​ភិបាល​បាន​បង្កើន​ការ​គាំទ្រ​ខាង​ច្បាប់​ដល់​ជន​រង​គ្រោះ​ ដើម្បី​ទទួល​បាន​យុត្តិធម៌​ពីការ​កេង​ប្រវ័ញ្ច​ និង​ការ​រំលោភ​បំពាន​នានា។​

«យើង​ក៏បាន​ផ្តោត​ទៅលើ​ក្រុម​ដែល​រងគ្រោះ​ចា៎​ ដែល​ពេល​ដែល​គាត់​ត្រឡប់​មក​ស្រុក​វិញ​ ឬ​មួយ​ក៏​គាត់​ប្រឈម​នឹង គេ​ហៅថា រំលោភ​បំពាន​ផ្សេងៗ​ គឺ​យើង​បាន​ផ្តល់​នូវ​ជំនួយ​ផ្នែក​ច្បាប់​ ក៏ដូច​ជា​ផ្តល់​នូវ​កិច្ច​ការពារ​ ការ​សង្គ្រោះ ឬ​មួយ​ក៏​សហការ​ជាមួយ​នឹង​ប្រទេស​គោល​ដៅ​ ដើម្បី​ស្វែង​រក​ភាព​យុត្តិធម៌​ជូន​គាត់​ ដោយ​មាន​ពេល​ខ្លះ​ គាត់​ក៏បាន​ទទួល​សំណង​ គាត់​ក៏​បាន គេ​ហៅ​ថា ដាក់​ពាក្យ​ដើម្បី​ប្តឹង​ ដែល​ធ្វើ​ឲ្យ​យើង​បន្ត​កិច្ច​ស្រាវជ្រាវ​ ហើយ​ក៏​មាន​ការ​បង្ក្រាប​ជាបន្ត​បន្ទាប់​ដែរ»។​

អ្នកស្រី​ជូ ប៊ុនអេង​បាន​បន្ថែម​ថា​ មន្ត្រី​ស្ថានទូត​កម្ពុជា​មិន​អាច​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ដើម្បី​រក​ប្រភព​នៃ​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​ការ​ជួញ​ដូរ​ពលរដ្ឋ​កម្ពុជា​ ក្នុង​ប្រទេស​ដែល​មាន​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​នោះ​ទេ។ ​អ្នកស្រី​ថា​ ការ​ប្រឆាំង​សកម្មភាព​ជួញ​ដូរ​មនុស្ស​តម្រូវ​ឲ្យ​មានកិច្ច​សហការ​ជាមួយ​ប្រទេស​គោលដៅ​ ព្រោះ​អាជ្ញាធរ​ដែល​មាន​សមត្ថ​កិច្ច​ក្នុង​ប្រទេស​គោលដៅ​ទាំង​នោះ អាច​មាន​ព័ត៌​មាន​ច្រើន​ទាក់​ទិន​បណ្តាញ​ក្រុម​រក​ស៊ី​ជួញ​ដូរ​មនុស្ស។​

យ៉ាងណាក្តី​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ពី​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ការ​កាត់ទោស​ជនល្មើស​ធម្មតាមានចំនួន​យ៉ាង​ច្រើន ​ហើយ​បាន​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​គណៈ​កម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​បង្កើត​នូវ​ផែនការ​សកម្ម​ភាព​ជាតិ​សម្រាប់​ទប់​ស្កាត់​រាល់​ទម្រង់​នៃ​ការ​ជួញដូរ​មនុស្ស។​

ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​នាំ​យក​ជន​ល្មើស​មក​កាត់​ទោស​បាន​ចំនួន​៥៣​នាក់​ដែល​មាន​ចំនួន​ធ្លាក់​ចុះ​បន្តិច ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥ ​ដែល​មាន​ចំនួន​៦៩​នាក់។​

លោក​សុខ ឥសាន​ អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ការ​រក​ឃើញ​របស់​សហ​រដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​ការ​ជួញដូរ​ តែ​បាន​ស្នើ​ឲ្យ​ភាគី​សហ​រដ្ឋ​អាមេរិក​ជួយ​កម្ពុជា​ដើម្បី​លុប​បំបាត់​សកម្ម​ភាព​ជួញដូរ​មនុស្សក្នុង​ប្រទេស។​

«ជួញ​ដូរ​មនុស្ស​ហ្នឹង​ ឲ្យ​អាមេរិក​ជួយ​ចាប់​ផង។​ អាហ្នឹង​យើង​មាន​ឃុបឃិត​ មាន​បន្លំ​ឯណា​ជាមួយ? យើង​កំពុង​តែ​ចាត់​វិធានការ​រាល់​ថ្ងៃ​ ចាត់​វិធាន​ការ​ហ្នឹង​គឺ​ថា​ ​ មា​នបាន​លទ្ធផល​គគោកគរដី​ហើយ​ អីចឹង​ទេ​ បើ​អាមេរិក​មាន​លទ្ធភាព​ជួយ​ផង​ អាហ្នឹង​សុំជួយ​មក ដើម្បី​កុំ​ឲ្យ​វា​មាន​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ទៀត»។​

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា (ហ៊ុល រស្មី/VOA)

របាយ​ការណ៍​ស្តីពី​ការ​ប្រឆាំងការ​ជួញដូរ​ម​នុស្ស​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការជួយ​ជន​រងគ្រោះ​ ក៏ដូច​ជា​បង្កើន​សេវា​ដែល​មាន​ស្រាប់​សម្រាប់​ជួយ​ជន​រងគ្រោះ​ដែល​ជា​បុរស។​ អនុសាសន៍​សំខាន់ៗនោះ​រួមមាន​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែកាត់​ទោស​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំង​ឡាយ​ពាក់​ព័ន្ធ​ការ​ជួញដូរមនុស្ស ហើយ​ផ្តល់​អំណាច​ដល់​ការ​ប្រើ​ប្រាស់​បច្ចេកទេស​ស៊ើប​អង្កេត​ដោយ​សម្ងាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ និង​ការ​បង្កើត​នីតិវិធី​ជា​ប្រព័ន្ធ​ ហើយ​បែង​ចែក​ធនធាន ​ដើម្បី​ជួយ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​ តាម​បេសក​កម្មការ​ទូត​នៅ​បរទេស​ និង​ក្នុង​ប្រទេស​ទាំងឡាយ​ណា​ ដែលមិន​មាន​តំណាងការទូត​កម្ពុជា​នៅទីនោះ។​

ស.រ.អា.​បាន​ព្រមាន​ផ្អាក​ជំនួយ​ ឬដាក់​ទណ្ឌកម្ម​ប្រទេស​មួយ​ចំនួន ​ដែល​មាន​កម្រិត​ទាប​ជាង​លំដាប់​ទី២​ និង​ធ្លាក់​ដល់​កម្រិត​ទី៣​ ដែល​មានន័យ​ថា​ ជា​ប្រទេស​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ គ្មាន​ការ​ប្រឹងប្រែង​ទប់​ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស ​គ្មាន​ការ​ដាក់ទោស​ទណ្ឌ​ជនល្មើស ​និង​គ្មាន​ការស៊ើប​អង្កេត​ស្រាវជ្រាវ​រក​ជន​ល្មើស​ជាដើម៕