មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថា ទោះបីជាពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសជាច្រើនបាននាំគ្នាធ្វើដំណើរមកចុះឈ្មោះបោះឆ្នោត ដើម្បីចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខក៏ដោយ ក៏ពលរដ្ឋខ្មែរជាច្រើនទៀតកំពុងប្រឈមនឹងការបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយសារតែកង្វះឆន្ទៈរបស់គណបក្សកាន់អំណាច។
Your browser doesn’t support HTML5
លោកស្រី មួ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃព្រហស្បតិ៍ថា ពលករខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសកំពុងជួបប្រទះការលំបាកក្នុងការមកចុះឈ្មោះបោះឆ្នោត ដោយអ្នកខ្លះ ត្រូវចំណាយថវិកាអស់ច្រើន និងខ្លះទៀតត្រូវប្រឈមនឹងការបាត់បង់ការងារពេលវិលត្រឡប់ទៅវិញ ដោយសារពួកគេមិនមានឯកសារធ្វើការ និងរស់នៅស្របច្បាប់នៅក្នុងប្រទេសដែលពួកគេស្នាក់នៅទាំងនោះ។
មានពលករខ្មែរយ៉ាងតិចរាប់សែននាក់ បានចេញទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។
លោកស្រី មូ សុខហូរ លើកឡើងថា នៅក្នុងសម័យថ្មីនេះ ប្រទេសជាតិមួយ អាចរៀបចំការបោះឆ្នោតដោយអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួន មិនថានៅទីណាទេ អាចចូលរួមយ៉ាងងាយស្រួលដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅចុះឈ្មោះដល់ទីកន្លែងនោះទេ។
«រាជរដ្ឋាភិបាលយើងថា ខ្វះថវិកា ប៉ុន្តែថវិកាអត់ខ្វះទេ។ ស៊ីសងលើឆន្ទៈនយោបាយទេ»។
សូម្បីប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ានបានអនុវត្តប្រព័ន្ធបោះឆ្នោត ដោយអនុញ្ញាតឲ្យពលរដ្ឋរបស់ពួកគេអាចចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតបាននៅទីកន្លែងណាក៏បាន។ នេះបើយោងតាមអ្នកតំណាងរាស្ត្របក្សប្រឆាំងដដែល។
នៅកម្ពុជាពលរដ្ឋដែលមានអាយុអាចចូលរួមបោះឆ្នោតបាន មានជាង៩លាន៦សែននាក់ ប៉ុន្តែពួកគេត្រូវចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ដើម្បីអាចចូលរួមបោះឆ្នោតឃុំ សង្កាត់នៅពាក់កណ្ដាលឆ្នាំក្រោយបាន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA ថា រដ្ឋមិនមានលទ្ធភាពចេញថ្លៃធ្វើដំណើរ និងថ្លៃចំណាយផ្សេងៗជូនពលករចំណាកស្រុកទៅក្រៅប្រទេស ដើម្បីឲ្យពួកគេអាចមកចុះឈ្មោះបោះឆ្នោតបានទេ។
លោកថា វាអាស្រ័យទៅលើការសម្រេចចិត្តរបស់ពលករម្នាក់ៗក្នុងការចុះឈ្មោះបោះឆ្នោត។
លោក នេត ភីរម្យ ពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅប្រទេសថៃ បានសម្រេចចិត្តធ្វើដំណើរមកចុះឈ្មោះបោះឆ្នោតនៅក្នុងស្រុកកំណើតរបស់លោកក្នុងខេត្តបាត់ដំបង ដោយចំណាយថវិកាផ្ទាល់ខ្លួន។
លោកថ្លែងថា លោកចង់បំពេញនិងប្រើប្រាស់សិទ្ធិបោះឆ្នោតរបស់លោកក្នុងការជ្រើសរើសមេដឹកនាំមូលដ្ឋានរបស់លោក។
«នេះគឺជាឆន្ទៈរបស់ខ្ញុំផ្ទាល់ ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ»៕