លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​ថា​​ជា​​ចំណាត់​ការ​​ខុស​​គោលដៅ

រូបថតពី​វីដេអូដែល​បង្ហោះលើ​គណនីហ្វេសប៊ុករបស់​លោក ស៊ន តារា។ នៅ​ក្នុងវីដេអូនេះ លោក​ ស៊ន តារា ប្រតិកម្មនឹង​​ការ​ចាប់​​ខ្លួន​​​ឪពុក​លោក​​។ (FACEBOOK / SORN DARA)

លោក ​ស៊ន តារា​ បាន​អំពាវ​នាវ​ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក ​ហ៊ុន សែន ​ឱ្យ​ដោះ​លែង​ឪពុក​របស់​លោក​គឺ​ លោក សុខ ស៊ុន​ណា​រ៉េត ដែល​ត្រូវ​បានសាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចោទ​ប្រកាន់​ពី​បទ​«រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន» ដែល​ប្រឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​ពី ​៥ឆ្នាំ ​ទៅ​១០ឆ្នាំ ​តាម​មាត្រា​៤០ ​នៃ​ច្បាប់​ស្តីពីការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​។ ​

លោក ​ស៊ន តារា គឺ​ជា​សកម្មជន​នយោ​បាយ​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ហើយ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ និង​បាន​បន្ត​និយាយ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃ​មាត់​លើ​បញ្ហា​ជាច្រើន​ រួម​ទាំង​ការ​គាប​សង្កត់លើ​ក្រុម​អ្នក​នយោ​បាយ​ជំទាស់។​

លោក សុខ ស៊ុន​ណារ៉េត​ ​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​ជា​ឪពុករបស់លោក ​ស៊ន តារា​ ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​ចាប់ខ្លួន​ កាល​ពី​ថ្ងៃ​ទី ១៣ ​ខែ​វិច្ឆិកា​។

នៅ​ក្នុង​ការ​ទទូច​ឱ្យ​មាន​ការ​ដោះ​លែង​ឪពុក​របស់​លោក​នោះ ​លោក​ ស៊ន តារា​ ​លើក​ឡើង​ថា ​ឪពុក​របស់​លោក​ជា​មន្ត្រី​យោធាដែលមាន​ភក្តី​ភាព​នឹង​គណបក្ស​ប្រជា​ជនកម្ពុជា​តាំង​ពី​ដើម​មក​ ដូច្នេះ​មិន​គួរ​មាន​ការ​ចាប់ខ្លួន​ និងដាក់​ពន្ធនាគារ​ឪពុក​របស់​លោក​បែប​នោះ​ឡើយ។ លោក​ថា ​មុខ​ព្រួញ​នយោ​បាយគឺ​ជារូ​បលោកទៅវិញ​ទេ។

លោក​បញ្ជាក់​តាម​រយៈ​វី​ដេអូ​ ដែល​បង្ហោះ​ក្នុង​គណនីយ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​ ១៤ ​ខែ​វិច្ឆិកា​ថា​៖​ «​ខ្ញុំ​សូម​អាជ្ញាធរ​នៃ​រដ្ឋា​ភិបាល​កម្ពុជា​ អគ្គ​មហាសេនា​ធីបតី​តេ​ជោ ​ហ៊ុន សែន ​មេត្តា​ដោះ​លែង​ឪពុក​របស់​ខ្ញុំ​ដែល​ជា​ជន​ស្លូត​ត្រង់។​ ខ្ញុំ​យល់​ច្បាស់​ថា ​ផ្ទាំង​មុខ​ព្រួញ​សំដៅ​មក​រកខ្ញុំ​ឯណោះទេ​។ ​ប៉ុន្តែ​ឪពុក​របស់ខ្ញុំ ​គាត់គឺ​ជាជន​ស្លូត​ត្រង់ និង​ជា​មន្ត្រី​រាជ​ការ​មួយរូប ដែល​ស្មោះ​ត្រង់​ដាច់ខាត​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​តាំងពី​ដើម​មក​»។

លោក​បន្ថែម​ថា​៖ ​«យើង​ម្នាក់​ៗសុទ្ធ​តែប្រើ​ពាក្យ​សន្តិភាព ឬ​ក៏​ម្លប់​សន្តិភាព ខ្ញុំជឿ​ជាក់​យ៉ាង​មុត​មាំ​ថាក្រុម​គ្រួសារ​របស់​ខ្ញុំ ​ជាពិសេស​ឪពុក​របស់ខ្ញុំអាច​សោយ​សុខ​សន្តិ​ភាព បើ​ទោះបីជា​ខ្ញុំជាកូន​ដែល​មាន​ឆន្ទៈនិងគំនិតផ្ទុយ​អំពី​ឪពុក​របស់​ខ្ញុំ​យ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ​និន្នាការ​នយោ​បាយ​ជារឿង​ធម្មតា។ ​ខ្ញុំជឿ​ថា​ សម្តេច​មាន​គុណ​ធម៌​ មាន​ធម៌​មេត្តា​ប្រណីចំពោះ​ឪពុក​របស់​ខ្ញុំដែល​បាន​បម្រើ​គណ​បក្ស​ប្រជា​ជន ​ហើយសម្តេច​មាន​មុខ​ព្រួញ​មករក​ខ្ញុំ ​សម្តេច​មក​រក​ខ្ញុំ​ទៅចុះ​!»​។

សកម្ម​ជន​នយោ​បាយ​រូប​នេះ​ បាន​ឱ្យដឹងទៀតថា ​បើទោះ​បីជា​លោក​មាន​និន្នាការ​នយោ​បាយ​ផ្ទុយក្តី ក៏លោក​មិន​មាន​ចេតនា​ផ្ចាញ់​ផ្ចាល ​និង​ខឹង​គុំ​កួន​នឹងរដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះទេ។ ហើយអ្វី​ដែល​លោក​ធ្វើ​ គឺ​ចង់​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ​តែ​ប៉ុណ្ណោះ​។

កាល​ពី​កន្លង​ទៅ ​លោក ​ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ ​ជារឿយៗ​មានប្រតិកម្ម​ខ្លាំង​ៗ​ទៅ​លើ​លោក ​ស៊ន តារា​ ចំពោះ​ការ​អត្ថា​ធិប្បាយ​បែប​រិះគន់​ និង​ចំអក​ឡក​លើយ​ខាង​នយោបាយតាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ជុំវិញ​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។

កាល​ពីថ្ងៃ​ទី ២៥ ខែមេសា ​ឆ្នាំ​ ២០២៤ លោក​ ​ហ៊ុន សែន​ បាន​ព្រ​មាន​ដក​តំណែង​ក្នុង​ក្រប​ខណ្ឌ​យោធា​និង​ប៉ូលិសរបស់​ឪពុក​បង្កើត​និង​ប្អូន​ថ្លៃ​ស្រី​របស់​លោក ស៊ន តារា ​ប្រសិន​បើ​ពួក​គេ​មិន​អាច​ណែនាំនិងអប់រំ​លោក ស៊ន ​តារា​ បានដោយលោក ហ៊ុន សែន បានចាត់​ទុក​លោក ស៊ន តារា ​ថា​ជា​«ក្មេង​ពាលនិងព្រហើន​»។​

នាពេល​នោះ ​ប្អូន​ប្រុសហើយ​និង​ឪពុក​បង្កើត​របស់​លោក​ ស៊ន តារា ​ធ្លាប់​ចេញ​សារ​អំពាវ​នាវ​ឱ្យ​លោក ស៊ន តារា​ បញ្ឈប់​ការ​រិះគន់​លើ​គ្រួសារ​របស់​លោក ហ៊ុន សែន និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​វិល​មក​ជួបជុំ​គ្រួសារ​នៅ​ប្រទេស​កម្ពុជា​វិញ​។

អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ​សុខ​ ឥសាន​ ច្រាន​ចោល​ការចោទ​ប្រកាន់​រដ្ឋា​ភិ​បាល​ថា​ ចង​គំនុំ​នយោបាយ​នឹង​លោក ​ស៊ន តារា។ លោក​ថា ​ការ​ចាប់ខ្លួន​ឪពុក​របស់​សកម្មជន​នយោបាយ​រូប​នោះ ​ផ្តើម​ចេញពីបទ​ល្មើស​គ្រឿង​ញៀន​។ ​

​លោកប្រាប់វីអូអេនៅ​ថ្ងៃសុក្រ​ថា៖ «គាត់​លើក​ឡើងនេះ វាមួយ​ចំណែក​ខាង​នយោ​បាយ​ទេ ​ហើយ​ចោទថា​ ​ប្រមុខ​រដ្ឋា​ភិបាល​ចង​គំនុំ​គាត់ ​ទៅ​ចាប់​ឪពុក​គាត់អី ​អាហ្នឹង​មិន​មែន​ជា​ការ​ត្រឹម​ត្រូវទេ​។ ​អាហ្នឹង​សួរ​សមត្ថ​កិច្ច ​អ្នក​ដែល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ហ្នឹង​ថា តើ​គាត់​មាន​ល្មើស​គ្រឿង​ញៀន​ពិត​ប្រាក​ដ​មែនទេ?​ ហើយ​មាន​ភស្តុតាង​ជា​ក់ស្តែង​ដែល​គាត់​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​តុលាការ​ទេ ​អាហ្នឹង​បាន​ច្បាស់​។ តែ​ខ្ញុំ​យល់​ថា បើបទ​ល្មើស​គ្រឿង​ញៀន​ អ្នក​ណា​អន្ត​រាគមន៍​យ៉ាង​ណា ​ក៏​អត់​បាន​ដែរ»​។

អ្នក​នាំពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក ​អេង ហ៊ី​ ប្រាប់​វីអូអេ​ថា កង​រាជ​អាវុធ​ហត្ថ​គឺជា​នគរ​បាល​យុត្តិធម៌ ​ដូច្នេះ​ឱ្យ​តែមាន​បទ​ល្មើសកើត​ឡើង​ គឺ​កង​រាជ​អាវុធ​ហត្ថមាន​សិទ្ធិបង្ក្រាប​។ លោក​ថ្លែងបន្ថែម​ថា​ រាល់​បទ​ល្មើស​នានា​គឺ​កង​រាជ​អា​វុធ​ហត្ថ​ ​តែងតែ​ធ្វើការស៊ើប​អង្កេតនិង​តាម​ដាន​ជា​មុន​ មុន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​។ លោក​បន្ថែម​ថា៖ ​«ធម្មតា​ករណីអីក៏​ដោយ ​ត្រូវតែ​មាន​ការស៊ើបអង្កេត​ មានការ​តាម​ដាន មាន​ការ​ស្រាវ​ជ្រាវ​»។

កូន​ប្រុស​របស់​លោក​ សុខ ស៊ុ​នណារ៉េត ​ម្នាក់​ទៀត ​ប្រាប់វីអូអេនៅ​ថ្ងៃសុក្រ ​ក្នុង​លក្ខ​ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ​នៅ​ថ្ងៃទី ​១៣ ខែវិច្ឆិកា ​នា​វេលា​ម៉ោងប្រមាណ ១ ​រសៀល លោក ​សុខ ស៊ុន​ណា​រ៉េត ទទួល​បាន​ទូរ​ស័ព្ទឱ្យទៅ​កន្លែង​ធ្វើការ​នៅ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ភូមិ​ភាគ​៣​ ក្នុង​ខេត្ត​កំពង់​ស្ពឺ។ លុះ​ដល់​នា​វេលា​ម៉ោង​ប្រមាណ​ ៣​រសៀល ​គាត់​បាន​ចេញ​ពី​ភូមិភាគ​៣ ​នោះ​វិញ​ ​រួច​ក៏​បាត់​ដំណឹង​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​ ១៤ ​ទើប​ក្រុម​គ្រួសារបានទទួល​ដំណឹង​ថា ​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​គ្រឿង​ញៀន​។

បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោកនៃ​កង​យោពល​ខេម​រភូមិ ​លើកឡើង​ថា ​ករណី​ចាប់​ខ្លួន​លោក​វរ​សេនីយ៍​ទោ សុខ ស៊ុនណារ៉េត ​មិន​មាន​ពាក់ព័ន្ធ​នឹង​កិច្ច​ការ​កងទ័ព ឬ​កិច្ច​ការ​នយោ​បាយ​នោះឡើយ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​គោក​ចុះថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤​។

លោក​ សុខ ស៊ុនណា​រ៉េត ​អាយុ​៦៦ឆ្នាំ ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ ឃាត់​ខ្លួន​ និង​កសាង​សំណុំ​រឿង​ទៅ​កាន់​តុលាការ​ខេត្ត​កំពង់ស្ពឺ ​ដោយបាន​ដកហូត​គ្រឿង​ញៀន ​ចំនួន ២​ កញ្ចប់​ ជា​ប្រភេទ​មេតំហ្វេ​តាមីន​ទម្ងន់​ ១៥,​៥២​ក្រាម​ និង​សារធាតុ​មិន​ច្បាស់​លាស់​ ១ ​កញ្ចប់​ទម្ងន់​ ១៣,​៧៨​ក្រាម។ នេះ​បើ​តាមសេចក្តី​ប្រកាស​ព័ត៌​មាន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​។​

ទាក់​ទិននឹង​ករណី​នេះ លោក ​សម រង្ស៊ី ដែល​ជា​មេដឹក​នាំ​នយោបាយ​ជំទាស់​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ឪពុក​លោក ស៊ន តារា ដោយ​គ្មាន​លក្ខ​ខណ្ឌ​។ ​

មេដឹកនាំ​នយោបាយ​ជំទាស់​រូបនោះ​អះអាងថា​ ការ​ចាប់ខ្លួន​ឪពុករបស់លោក ​ស៊ន តារា ​ជា​បែប​ផែន​នៃ​ការគាប​សង្កត់​ឆ្លង​ដែន​ គឺ​មាន​ន័យ​ថា​ ជា​ការ​គំរាម​កំហែង​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ការ​គំរាម​ដល់​អភិបាល​កិច្ច​ និង​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ដទៃ​ទៀត ខណៈ​លោក​ ស៊ន តារា​ កំពុង​រស់​នៅ​ប្រទេស​បារាំង​ ហើយ​ឪពុក​លោក​ត្រូវ​ចាប់ខ្លួន​នៅ​កម្ពុជា​៕