ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ច្បាប់៖ ការងារ​ក្នុង​​រដ្ឋាភិបាល​ស្ថិត​នៅ​ក្នុង​ហានិភ័យ​​ ក្រោយ​ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី​​ដក​តំណែង​សាច់​ញាតិ​លោក​ស៊ន តារា​


រូបផ្គុំ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និង​លោក​ ស៊ន ដារា​(ស្តាំ)។ (AFP, Facebook / Sorn Dara)
រូបផ្គុំ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជាលោក ហ៊ុន សែន (ឆ្វេង) និង​លោក​ ស៊ន ដារា​(ស្តាំ)។ (AFP, Facebook / Sorn Dara)

អ្នក​ជំនាញច្បាប់​លើក​ឡើង​ថា​ ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​ ស្ថិត​នៅ​ក្នុង​ភាព​ងាយ​រង​គ្រោះ​ ឬ​ហានិភ័យ​ ដោយ​សារ​ហេតុផលនយោបាយ​ ខណៈ​មិន​មាន​ច្បាប់​ក៏​ដូច​ជា​យន្ត​ការ​រឹង​មាំ​ដើម្បី​ការពារ​សុវត្ថិភាព​ការងារ និង​អព្យាក្រឹត​ភាព​ ឬ​ភាព​ជា​អ្នក​នៅ​កណ្តាលរបស់បុគ្គលិក​រដ្ឋ។

ការ​បក​ស្រាយ​យ៉ាង​ដូច្នេះ​ កើត​ឡើង​ដោយ​សារ​តែ​ថ្មីៗ​នេះ​ មាន​ការ​ព្រមាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ក្នុង​ការ​ដក​តំណែង​សាច់​ញាតិ​របស់​លោក​ស៊ន តារា​ ដែល​ជា​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជារឿយៗ​រិះគន់ ចំណុច​ខ្វះ​ខាត​នៃ​ការ​ដឹកនំា​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយក៏​បាន​បន្ត​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​លើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​

មេធាវី​ជើង​ចាស់លោក ​សុក សំអឿន​ ដែល​ជា​ញឹកញាប់​ការពារ​សំណុំ​រឿង​សិទ្ធិ​មនុស្ស ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ព្រមាន​ដក​តំណែង​ឪពុក​និង​ប្អូន​ថ្លៃ​របស់​លោក ​ស៊ន តារា​ អាច​ធ្វើ​ទៅ​រួច​ទៅតាម​ស្ថានការណ៍​ជាក់ស្តែងណាមួយ​ ខណៈ​ច្បាប់​ការពារ​មន្ត្រី​រាជការ​មិន​ទាន់​មាន​ភាព​រឹងមាំ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា៖ «ចំពោះ​ខ្ញុំៗ​យល់​ថា​ការ​ដក​តំណែង ការ​ដំឡើង​បុណ្យ​សក្តិ ឬក៏​ដាក់​ពិន័យ​អី​គួរតែ​សម្រេច​ដោយ​តុលាការ​រដ្ឋបាល​មួយ អាច​ជា​គណៈ​កម្មការ​វិន័យ​របស់​ក្រសួង​ឬក៏​យើង​បង្កើត​តុលាការ​រដ្ឋបាល មិនមែន​ដោយសារតែ​អ្នក​ធំ នាយករដ្ឋមន្ត្រី​ចង់​ឱ្យ​ដកៗ​ មិន​មែន​អ៊ីចឹង​ទេ។ អាហ្នឹង​ជា​ទស្សនៈ​របស់​ខ្ញុំៗ​យល់​អ៊ីចឹង​ អាហ្នឹង​ទើប​មន្ត្រី​រាជការ​មាន​ឯករាជ្យ​ភាព​ មាន​អព្យាក្រឹតភាព​រឹងមាំ​បាន»។

បើ​តាម​មេធាវី​រូប​នេះ បើ​សិន​ការ​ដក​តំណែង​របស់​ឪពុក​ និង​ប្អូន​ថ្លៃ​របស់​សកម្មជន​នយោបាយ​លោក​ស៊ន តារា កើតឡើង​ដោយ​គ្រាន់​តែ​ភាព​ជាឪពុក​ ឬ​សាច់​ញាតិ​របស់​សកម្ម​ជន​នយោបាយ​ដែល​ជំទាស់​នឹង​រដ្ឋាភិបាល​ នោះ​វា​នឹង​ក្លាយជា​រឿង​អយុត្តិធម៌។ លោក​បន្ត​ថា​ការ​ដក​នោះ​អាច​ធ្វើ​ទៅ​បាន​ ក្នុង​ករណី​ដែល​រដ្ឋាភិបាល​មាន​ផល​ហេតុ​ណា​ផ្សេង​ទៀត​ដែល​សមស្រប​ជាង​នេះ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជា​បន្ត​បន្ទាប់​ព្រមាន​ទៅ​លើ​លោក ស៊ន តារា​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារំាង​ ហើយ​ចុង​ក្រោយ​ នេះ​មាន​ការ​គំរាម​ដក​តំណែង​ឪពុក​ និង​ប្អូន​ថ្លៃស្រីរបស់​សកម្មជន​រូប​នោះ​ចេញ​ពី​ក្របខ័ណ្ឌ​យោធា​ និង​នគរបាល​ បើ​សិន​ជាពួក​គេមិន​អាច​អប់រំ​ ឬប្រដៅ​លោក​ស៊ន តារា​ ឱ្យ​កែខ្លួន​តាម​អ្វីដែល​លោក​ហ៊ុន សែន​ថា​ជា​ក្មេង​ពាល​ មក​ជា​ក្មេង​ត្រឹម​ត្រូវ​វិញ។


យ៉ាង​ក៏ដោយ​ ក្នុង​ពេល​កំពុង​រស់​នៅ​ប្រ​ទេស​បារាំង​ ​លោក​ស៊ន តារាតែង​តែ​ប្រើ​ប្រាស់ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ រិះគន់​ដោយ​មិន​ខ្លាច​ញ​ញើត​ទៅ​លើ​ចំណុច​អវិជ្ជ​មាន​នានានៃ​ការ​ដឹកនាំ​របស់​លោ​ក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

អ្នក​វិភាគ​ន​យោ​បា​យ​ លោក​ មាស នី លើក​ឡើង​ថា​ បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ច្បាប់​
វា​គ្មាន​មូល​ដ្ឋាន​ច្បាប់​ណា​មួយ​ត្រឹមត្រូវ​ឡើយ​សម្រាប់​ការដក​តំណែង​បុគ្គលិក​រដ្ឋ ដោយ​សារ​តែ​ការ​មាន​ទំនាក់​ទំនង​ជាមួយ​សកម្មជន​ដែល​មាន​និន្នាការ​នយោបាយផ្ទុយ​នឹង​រដ្ឋាភិបាល ហើយថា​បុគ្គល​ណា​ដែល​ជា​អ្នក​ប្រព្រឹត្ត​ខុស​នឹង​រដ្ឋាភិបាល​ បុគ្គល នោះ​គួរ​តែ​ជា​អ្នក​ទទួលខុស​ត្រូវ។

​អ្នកវិភាគ​រូប​នេះ​បានប្រដូច​ស្ថានភាព​នៃ​ការព្រមាន​របស់​រដ្ឋាភិបាល​ដក​ការងារ​រដ្ឋ​ពី​ប្រជា​ជន​នា​ពេល​បច្ចុប្បន្ន​នេះ​ទៅ​នឹង​សម័យ​ខ្មែរក្រហម ដែល​នៅ​ពេល​នោះ​ បើបុគ្គល​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​ធ្វើ​ខុស​អ្វីមួយ​ប្រឆាំង​នឹង​អង្គការ អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​នឹង​ត្រូវ​ទទួល​កំហុស​ដែរ។

នៅ​ពេល​សួរ​ថា​តើ​ការ​ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​បែប​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ វា​នឹង​ជះ​ផល​បែប​ណា​លោក​មាស នី​ បញ្ជាក់​ថា៖ «អ៊ីចឹង​ បើ​និយាយ​ពី​ឥទ្ធិ​ពល​នៃ​ការ​ខ្លា​ច​រអា​ បើ​ក្រុម​គ្រួសារ​លោក ស៊ន តារា មិន​ខ្លាច​ ក៏​អាច​នឹង​អ្នក​ដទៃ​ទៀត​មាន​ស្ថានភាព​បែបនេះ​ ក៏​ត្រូវ​ទទួល​រង​ការ​ខ្លាច​ ការ​ព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​ខ្លួន​ឯង​ និង​អនាគត​ខ្លួន​ឯ​ង ជា​ពិសេស​អ្នក​ដែល​មាន​តួនាទី​ធំៗ​នឹង​កាន់​តែ​ប្រយ័ត្ន​ខ្លួន​ទៀត‍»។

បើ​តាម​លោក មាស នី​ ការ​បន្ត​រិះ​គន់​ឬក៏​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​អា​ស្រ័​យ​លើ​លោក ស៊ន តារា ខ្លួន​ឯង​ថា​តើ​អាច​ទ្រាំទ្រ​ជាមួយ​សម្ពាធ​មួយ​នេះ​បាន​កម្រិត​ណា។

អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ រ៉ុង ឈុន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា​ការ​ព្រមាន​ដក​តំណែង​មន្ត្រី​រាជការ​ក្រុម​គ្រួសារ​របស់​លោក​ស៊ន តារា​ជា​ការ​ខុស​ច្បាប់​ និង​ថា​ការ​ដក​តំណែង​មន្ត្រី​រាជការ​ដែល​មាន​និន្នាការ​ប្រឆាំង​កន្លង​ទៅ​ ធ្វើ​ឡើង​ក្រោម​ឥទ្ធិពល​នយោបាយ និង​តាម​អារម្មណ៍​របស់​បុគ្គល។

លោក​ថ្លែងថា៖ ​«ហើយ​យើង​ឃើញ​ថា​ហើយ​ការ​លុប​ឈ្មោះ​មន្ត្រី​ផ្សេងៗ​ពី​ស្ថាប័ន​អប់រំ​ដូច​គ្នា ដែល​មិន​បាន​យក​ច្បាប់​ទម្លាប់​ទៅ​ធ្វើ​ការ​វិនិច្ឆ័យ​ ដក​ទៅ​តាម​អារម្មណ៍​ ហើយ​នឹង​ដក​ទៅ​តាម​ឥទ្ធិពល​នយោបាយ‍»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ យល់​ថា​ ការ​អត្ថាធិប្បាយ​ខាង​លើ​របស់​អ្នក​ជំនាញ​ច្បាប់​មិន​អាច​ទទួល​យក​បាន​ឡើយ​ ហើយលោក​បាន​ពន្យល់​ថា​ បើ​មន្ត្រី​រូប​ណា​ធ្វើខុស​នឹង​វិន័យ​រដ្ឋបាល​ ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​គណៈកម្មការ​វិន័យ​សម្រាប់​ណែ​នាំ និង​អប់រំ​ជាមុន​ មុន​ពេល​មាន​ការ​បញ្ចប់​មុខ​តំណែង​។

លោក​បញ្ជាក់​ថា៖ «យើង​មាន​ក្រុម​វិន័យ​ក្នុង​ការ​ចាត់ចែង​ដើម្បី​ព្រមាន ដើម្បី​ហ្វឹកហ្វឺន​ ដើម្បី​សម្រប​សម្រួល។ អាហ្នឹង​បើ​វា​ជា​កំហុស​រដ្ឋបាល»។

បើ​តាម​អ្នក​នាំ​ពាក្យ​រូប​នេះ​ បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ ឬក៏​ឧក្រិដ្ឋជន បុគ្គល​នោះ​នឹង​មាន​បញ្ហា​ផ្លូវច្បាប់​ ដែល​តម្រូវ​ឱ្យ​ដក​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ។

កាល​ពីថ្ងៃ​អង្គារ ​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ​លោក​ ស៊ន តារា បាន​ចេញ​មុខ​ប្រកាសកាត់​កាល​ឪពុក​ម្តាយ​របស់​លោក​ចោល​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ និង​ថា​លោក​មិន​អាច​បម្រើ​មនុស្ស​«អគុណធម៌‍»​ដូច​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ឡើយ។

​គួរ​រំឭក​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា​គណបក្ស​កាន់​អំណាច​មិន​មាន​វប្បធម៌​លាប​ពណ៌​ក៏ដូចជា​ប្រឆាំង​ទៅនឹង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពល​រដ្ឋ​ឡើយ។ ប៉ុន្តែអ្នក​វិភាគ​មើល​ឃើញ​ថា​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​សារ​តែ​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG