រដ្ឋាភិបាលសម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តតាមម៉ាស៊ីនធំ PCR សម្រាប់អ្នកដំណើរមកពីបរទេសរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា និងការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ រួមមានទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។
នៅក្នុងការថ្លែងអំឡុងពេលសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ចំណាត់ការខាងលើនេះគឺមានគោលដៅជ្រោមជ្រែងការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងវិស័យទេសចរណ៍នៅកម្ពុជា កាត់បន្ថយចំណាយក្នុងការធ្វើដំណើរ និងជួយសម្រួលការធ្វើដំណើរចេញចូលប្រទេសរបស់ពលរដ្ឋខ្មែរ។
ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា វិធានការខាងលើគឺជា «ដំណើរការថ្មីមួយ» សម្រាប់កម្ពុជា និងបានយល់ស្របជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបរិបទជំរុញឡើងវិញលើវិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
យ៉ាងណាក្តី លោកបន្តជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុងបំបាំងកាយ» ឬឈ្មោះពិត BA.2 ដែលកំពុងវាយលុកនៅតាមបណ្តាប្រទេសមួយចំនួននាពេលបច្ចុប្បន្ន។
«ទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវប្រលែងឱ្យវាថា មួយភាគរយដែរ។ គឺយើងអាចថា ទីមួយគឺយើងត្រូវតែមានការតាមដានអំពីការរាលដាលនៃមេរោគបំប្លែងថ្មី BA.2 ដែលពិភពលោកកំពុងព្រួយបារម្ភ ហើយបណ្តាប្រទេសមួយចំនួន គាត់កំពុងព្រួយបារម្ភដែរបាទ»។
ស្របពេលមានការសម្រួលរបស់រដ្ឋាភិបាលមិនឱ្យមានការធ្វើតេស្តរកវីរុសកូវីដ១៩ ចំពោះអ្នកដំណើរចូលមកប្រទេសក៏ដោយ ក៏កម្ពុជានៅតែប្រឈមនឹងករណីឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងក្នុងសហគមន៍ជារៀងរាល់ថ្ងៃនៅឡើយ៕