រដ្ឋាភិបាលបានសម្រេចបញ្ឈប់ការនាំខ្សាច់សំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ ពីខេត្តកោះកុងចេញទៅក្រៅប្រទេស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
ក្រុមអ្នកការពារបរិស្ថានសាទរ ចំពោះវិធានការយ៉ាងតក់ក្រហល់របស់រដ្ឋាភិបាលមួយនេះ តែពួកគេនៅតែទទូចស្នើឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់របាយការណ៍លម្អិត ពាក់ព័ន្ធនឹងអាជីវកម្មបូមខ្សាច់ ដែលតែងតែរងការរិះគន់ពីប្រជាពលរដ្ឋនៅតាមភូមិឃុំជាច្រើននៅខេត្តកោះកុង។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលចុះហត្ថលេខាដោយរដ្ឋមន្ត្រីរ៉ែ និងថាមពល លោកស៊ុយ សែមកាលពីថ្ងៃច័ន្ទបានសរសេរក្នុងន័យដើមថា៖
«បញ្ឈប់ជាស្ថាពរការអនុញ្ញាតឲ្យធ្វើអាជីវកម្មនាំខ្សាច់ សំណង់គ្រប់ប្រភេទ និងខ្សាច់ល្បាយភក់ នៅខេត្តកោះកុង ចេញទៅក្រៅប្រទេស»។
សេចក្តីប្រកាសព័ត៌មានបានបន្តថា នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកដ្ឋានរ៉ែ អគ្គាធិការ ប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានធនធានរ៉ែ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោកស៊ុយ សែម មិនបានផ្តល់មូលហេតុនៃបញ្ឈប់ការនាំចេញខ្សាច់ពីខេត្តកោះកុង ទៅក្រៅប្រទេសនោះទេ។
លោក ម៉េង ស័ក្តធារ៉ា អ្នកនាំពាក្យ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ប្រាប់ VOA នៅល្ងាចថ្ងៃអង្គារនេះថា ការបញ្ឈប់សកម្មភាពនាំចេញខ្សាច់ពីខេត្តកោះកុង គឺជាកិច្ចការបន្តពីការផ្អាកជាបណ្តោះអាសន្ននៃការនាំចេញខ្សាច់ កាលពីឆ្នាំ ២០១៦។ លោកថា ការបញ្ឈប់សកម្មភាពនាំចេញខ្សាច់នេះ ធ្វើឡើងដោយយោងទៅលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម រួមមានកត្តាជលសាស្ត្រ អេកូឡូស៊ី សេដ្ឋកិច្ច និងសង្គមកិច្ច។
លោក ម៉េង ស័ក្តធារ៉ា បន្ថែមថា៖
«នៅក្នុងពេលដែលផ្អាកជាបណ្តោះអាសន្នហ្នឹង ក្រសួងបានរៀបចំនូវក្រុម ជំនាញបច្ចេកទេសមួយ ដែលធ្វើការ ពិនិត្យវាយតម្លៃឡើងវិញ ទៅលើផលប៉ះពាល់ផ្សេងៗ ពីការធ្វើអាជីវកម្មខ្សាច់ នៅតាមបណ្តាស្ទឹងធំៗ នៅខេត្តកោះកុងហ្នឹង ជាពិសេសទៅទិដ្ឋភាពបួន ទិដ្ឋភាពជលសាស្ត្រ ទិដ្ឋភាពអេកូឡូស៊ី ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គម ដើម្បីឆ្លើយតបទៅនឹង បណ្តាកង្វល់ និងការលើកឡើងរបស់សកម្មជនបរិស្ថាន អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានទាំងអស់ហ្នឹង»។
កញ្ញា លីម គីមស័រ អ្នកសម្របសម្រួលចលនាស្ត្រី នៃចលនាមាតាធម្មជាតិ ឬអង្គការមាតាធម្មជាតិ ថ្លែងប្រាប់VOA នៅថ្ងៃអង្គារនេះថា ការបញ្ឈប់ការនាំចេញខ្សាច់នេះ បានធ្វើឡើងក្រោយការតវ៉ារបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំមួយចំនួននៃខេត្តកោះកុង ដែលមានសកម្មភាពបូមខ្សាច់។
«ការណ៍ដែលគាត់បូមខ្សាច់ល្បាយ បូមខ្សាច់ពួកហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ហើយតំបន់ដែលគាត់បូមហ្នឹង សុទ្ធតែជាតំបន់ទេសចរណ៍ទាំងអស់ ហើយប្រជាជនគាត់ព្យាយាមតស៊ូមតិ តស៊ូហើយ តស៊ូទៀត ដល់ចុងក្រោយហ្នឹង ប្រជាជនគាត់នៅតែអត់ព្រមឈប់ ហើយក៏គាត់មាន ចេះតែ បន្តតវ៉ាអញ្ចឹងទៅ ហើយក៏មានការសហការជាមួយក្រសួង គាត់ឃើញពីទុក្ខលំបាកប្រជាជនមែន ថាពេលដែលបូមខ្សាច់ គឺគាត់អត់អាចរកផលនេសាទ រកអីបានទេ ហើយវាប៉ះពាល់បញ្ហាច្រើនអញ្ចឹង ខ្ញុំគិតថា ប្រហែលជាគាត់អាចមើលឃើញ បញ្ហាទាំងអស់ហ្នឹងហើយ បានជាគាត់បញ្ឈប់ ការបូមខ្សាច់នៅខេត្តកោះកុង»។
សកម្មជនការពារបរិស្ថានរូបនេះ ថ្លែងថា រដ្ឋាភិបាលត្រូវផ្តល់ការពន្យល់លម្អិតអំពីទិដ្ឋភាពទូទៅនៃការធ្វើអាជីវកម្មខ្សាច់ ដែលបានបង្កផលប៉ះពាល់ជាច្រើន ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដែនទឹកសមុទ្រ។កញ្ញា លីម គីមស័រ និយាយបន្តថា រដ្ឋាភិបាលត្រូវពិចារណា លើការបញ្ឈប់សកម្មភាពបូមខ្សាច់ នៅក្នុងតំបន់ទន្លេផងដែរ ដែលបានកើតឡើងយ៉ាងខ្លាំង ក្នុងខេត្តកណ្តាល និងក្រចេះជាដើម។ កញ្ញាបញ្ជាក់បន្ថែមថា យុទ្ធនាការទប់ស្កាត់ការបូមខ្សាច់របស់ចលនាមាតាធម្មជាតិ នឹងមិនបញ្ចប់នោះឡើយ ដរាបណា សកម្មភាពបំផ្លិចបំផ្លាញបរិស្ថាននេះ នៅតែបន្តកើតមាននោះ។
កញ្ញា លីម គីមស័រ ថ្លែងថា៖
«សម្រាប់យុទ្ធនាការបញ្ឈប់ការបូមខ្សាច់ហ្នឹងគឺ យើងអត់ឈប់ទេ បង យើងនៅតែធ្វើរហូត។ និយាយរួមធ្វើរហូត ទាល់តែបញ្ឈប់ទាំងស្រុង ទាល់តែបញ្ឈប់ទាំងស្រុងបង ទាល់តែប្រជាជនគាត់សប្បាយចិត្ត ព្រោះឥឡូវហ្នឹងក៏ប្រជាជនអត់ទាន់សប្បាយចិត្តដែរ»។
យ៉ាងណាក៏ដោយ លោក ម៉េង ស័ក្តធារ៉ា អ្នកនាំពាក្យ នៃក្រសួងរ៉ែ និងថាមពល ថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលថា ការបូមខ្សាច់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក នឹងមិនអាចបញ្ឈប់បានទេ ព្រោះការអភិវឌ្ឍក្នុងវិស័យសាងសង់ ត្រូវការចាំបាច់នូវធនធានរ៉ែខ្សាច់នេះ។
«ប្រទេសយើងត្រូវការអភិវឌ្ឍ សណ្ឋាគារដែលពួកគាត់មកស្នាក់នៅសង់ពីអី ផ្ទះដែលគាត់កំពុងរស់នៅធ្វើពីអី? ផ្លូវដែលគាត់កំពុងប្រើធ្វើពីអី? ទាំងអស់ហ្នឹង ហេដ្ឋារចនាសម្ពន្ធទាំងអស់ហ្នឹង សុទ្ធតែត្រូវការ រ៉ែខ្សាច់ សំណង់ទាំងអស់ហ្នឹង ត្រូវការខ្សាច់ល្បាយភក់អីទាំងអស់ហ្នឹង ដើម្បីធ្វើការអភិវឌ្ឍដីធ្លី ហេដ្ឋារចនាសម្ព័ន្ធទាំងនៅក្នុងប្រទេសយើងហ្នឹង ហើយបើយើងបិទទាំងអស់អញ្ចឹងទៅ តើយើងអាចបានអាហ្នឹងមកធ្វើ បានវត្ថុធាតុដើមហ្នឹង យកមកធ្វើការអភិវឌ្ឍហ្នឹងទេ? ហើយតើយើងអាចទៅនាំទិញយកពីប្រទេសគេ យកមកធ្វើបានទេ អាហ្នឹងជាការថ្លឹងថ្លែង រវាងផលប្រយោជន៍សេដ្ឋកិច្ច ការអភិវឌ្ឍប្រទេសជាតិជាមួយនឹងការអភិរក្ស»។
កាលពីដើមខែវិច្ឆិកាឆ្នាំ ២០១៦ អង្គការសង្គមស៊ីវិលជិត៥០ បានទាមទារឲ្យក្រសួងរ៉ែ និងថាមពលបង្ហាញទិន្នន័យនាំខ្សាច់ចេញក្នុងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ដោយសារតួលេខផ្លូវការ របស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម គឺការនាំខ្សាច់ចេញទៅកាន់ប្រទេសសិង្ហបុរីមានត្រឹមតែជាង ២,៨លានតោន ប៉ុណ្ណោះខណៈដែលទិន្នន័យស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គការសហប្រជាជាតិ ដែលបានទិន្នន័យពីនាយកដ្ឋានស្ថិតិពាណិជ្ជកម្មរបស់រដ្ឋាភិបាលសិង្ហបុរីបង្ហាញថា ការនាំខ្សាច់ចេញពីកម្ពុជាចូលសិង្ហបុរី មានប្រមាណជា៧២,៨លានតោន សម្រាប់រយៈពេលដូចគ្នា។
បញ្ហាចម្រូងចម្រាសទាក់ទិនទិន្នន័យនៃការនាំចេញខ្សាច់ពីកម្ពុជាទៅសិង្ហបុរី ដែលល្អៀងទឹកប្រាក់ប្រមាណជា៧៤៧លានដុល្លារក៏បានកើតឡើង តែទិន្នន័យនេះ មិនត្រូវបានក្រសួងរ៉ែ និងថាមពលទទួលស្គាល់នោះឡើយកាលពីឆ្នាំ២០១៦។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា បើទោះជារដ្ឋាភិបាលបានប្រកាសបញ្ឈប់ការនាំចេញខ្សាច់ពីខេត្តកោះកុងក៏ដោយ ក៏ក្រុមអង្គការសង្គមស៊ីវិល នៅបន្តស៊ើបអង្កេតលើករណីនៃតួលេខខុសគ្នាដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជា និងប្រទេសសិង្ហបុរី ទាក់ទិនការនាំចេញខ្សាច់ពីកម្ពុជា។
«កុំភ្លេចថា NGO យើង យើងនៅតែបន្តការស៊ើបអង្កេតតទៅទៀតរវាង ភាពរឿងចម្រូងចម្រាសដែលទាក់ទងនឹងការខុសគ្នា នៃតួលេខខ្សាច់នាំចេញ និងតួលេខទទួលនៅ Singapore ហ្នឹង»។
លោកបានបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិល មានក្តីបារម្ភយ៉ាងខ្លាំងចំពោះការបូមខ្សាច់សម្រាប់ការនាំចេញនៅខេត្តកោះកុង ដោយហេតុថា សកម្មភាពបូមខ្សាច់នឹងបង្កផលប៉ះពាល់ដល់តំបន់ឆ្នេរ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាជនរស់នៅក្នុងតំបន់នោះ។ លោកថា មន្ត្រីរដ្ឋាភិបាល និងពលរដ្ឋរស់នៅក្នុងសហគមន៍នានានៃខេត្តកោះកុងត្រូវសហការជិតស្និទ្ធជាមួយគ្នា ដើម្បីធ្វើឲ្យការបញ្ឈប់ការនាំចេញខ្សាច់នេះបានជោគជ័យ និងទប់ស្កាត់សកម្មភាពអនាធិបតេយ្យផ្សេងៗ។
តាមការបញ្ជាក់ពីក្រុមអ្នកការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញខ្សាច់របស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរី កោះតៃវ៉ាន់ និងប្រទេសឥណ្ឌានាពេលកន្លងមក។ ក្រុមអ្នកការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិនេះមួយចំនួន ត្រូវគេដឹងថា បានរងការគំរាមកំហែងនានា និងការដាក់ទោសទណ្ឌដោយសារសកម្មភាពទប់ស្កាត់ការបូមខ្សាច់នេះផងដែរ៕