គណៈ​រដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ទូរគមនាគមន៍

រូបឯកសារ៖ នៅ​ក្នុង​រូប​ថត​ពី​អេក្រង់​ទូរទស្សន៍​នៅ​មន្ទីរ​ដ្ឋសភា​នេះ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​​​ នៅ​ក្នុង​សម័យ​ប្រជុំ​អនុម័ត​ច្បាប់​អង្គការ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​នៅ​ថ្ងៃ​សុក្រ​ដែល​ក្រុម​ហ៊ុន​ និង​អ្នក​តាម​ដាន​នានា​រិះគន់​ថា​ផ្តល់​សិទ្ធិ​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​លើ​ប្រតិបត្តិករ​ឯកជន។

គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ទូរគមនាគមន៍​នៅ​ថ្ងៃ​សុក្រ​ដែល​ក្រុម​ហ៊ុន​ និង​អ្នក​តាម​ដាន​នានា​រិះគន់​ថា​ផ្តល់​សិទ្ធិ​អំណាច​ខ្លាំង​ដល់​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​លើ​ប្រតិបត្តិករ​ឯកជន។​

លោក​ ផៃ ស៊ីផាន ​រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ប្រាប់​ VOAថា​ ច្បាប់​នេះ​នឹង​«ធានា​ការ​ប្រើប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បណ្តាញ​ និង​ការ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ សុវត្ថិភាព​ គុណភាព ​ភាព​អាច​ទុកចិត្ត​បាន និង​ថ្លៃ​សមរម្យ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​នៃ​ការ​អភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ច‍»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​មិន​ទាន់​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​យោង​តាម​សេចក្តី​ព្រាង​ច្បាប់​ដែល​បាន​លេចធ្លាយ​ចេញ​មក​ក្រៅ​ផ្លូវ​ការ​ក្នុង​ពេល​កន្លងមកបាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ច្បាប់​នេះ​មាន​លក្ខណៈ​តឹងរ៉ឹង​ ដោយ​សារ​តែ​ផ្តល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​នូវ​អំណាច​គ្រប់គ្រង​លើ​ឧស្សាហកម្ម​នេះ​ ហើយ​ពួកគេ​ព្រួយ​បារម្ភ​ថា​អាច​នឹង​មិន​មាន​ការ​វិនិយោគ​បន្ថែម ​ឬ​ការ​ច្នៃ​ប្រឌិត​ទេ។

ពួកគេ​បាន​លើកឡើង​ពី​ទំហំ​នៃ​ការ​ដាក់​ពិន័យ​ដែល​មាន​រហូត​ដល់​១២ម៉ឺនដុល្លារ ​និង​ការ​កំណត់ថា​ ហេដ្ឋារចនា​សម្ព័ន្ធ​នៃ​បណ្តាញ​ទូរគមនាគមន៍​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដទៃ​ទៀត​ដែល​គាំទ្រ​ដល់​ផ្នែក​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍។

លោក ​ផៃ​ ស៊ីផាន ​បញ្ជាក់​ថា​ ការ​ពិន័យ​ត្រូវ​តែ​ខ្ពស់​ដើម្បី​កុំ​ឱ្យ​មាន​សកម្មភាព​ល្មើស​ច្បាប់​ដែល​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ជាតិ៖

«រីឯ​ពិន័យ​គឺ​ពិន័យ​ធំ​ណាស់​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​ ក៏ប៉ុន្តែ​ពិន័យ​ទាំងអស់​ហ្នឹង​រហូត​ដល់​ទោសទណ្ឌ​ជាប់​គុក​ហ្នឹង​ គឺ​យើង​មើល​ទៅ​តាម​ទិដ្ឋភាព​ពីរ​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​គឺ​មួយ​រំខាន់​សណ្តាប់​ធ្នាប់​សាធារណៈ​ ហើយ​មួយ​ទៀត​ករណី​ព្រហ្មទណ្ឌ​សន្តិសុខ​ជាតិ។ ពីរ​នេះ​ចែកដាច់​ពីគ្នា»។​

លោក​ផ្តល់​ឧទាហរណ៍​ថា​ មាន​ឧបករណ៍​ខ្លះ​ដែល​ប្រតិបត្តិករ​ខ្លះ​យក​ចូល​មក​ដើម្បី​រំខាន​ការប្រើ​ប្រាស់​ឧបករណ៍​អេឡិកត្រូនិក​ដទៃ​ទៀត​ ហើយ​មាន​ការប្រើ​ប្រាស់​រំខាន​ដល់​ការ​ទាក់ទង​របស់​កងកម្លាំង​ប្រដាប់​អាវុធ។​

ច្បាប់​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​រដ្ឋ​សភាជាតិ​ដើម្បី​អនុម័ត​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត៕