ក្រសួងមហាផ្ទៃនិងក្រុមអង្គការសង្គមស៊ីវិលនៅព្រឹកថ្ងៃច័ន្ទនេះ បានចាប់ផ្តើមជជែកជាលើកដំបូងអំពីសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាច្បាប់ដាក់កម្រិតសកម្មភាពរបស់អង្គការនិងសមាគម បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តនិងអនុវត្តដោយភាពចម្រូងចម្រាសអស់រយៈពេលជាង៤ឆ្នាំ។
កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៊ីវិលប្រមាណជា២០ បានដាក់សេចក្តីស្នើធ្វើវិសោធនកម្មដាច់ដោយឡែកពីគ្នាទៅក្រសួងមហាផ្ទៃ កាលពីខែកញ្ញាកន្លងទៅ។
ក្នុងកិច្ចពិភាក្សានៅក្រសួងមហាផ្ទៃនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តំណាងក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់សេចក្តីស្នើធ្វើវិសោធនកម្មចំនួន១៧មាត្រា បានលើកអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការលំបាកនិងភាពមិនច្បាស់លាស់ ដូចជាការអនុវត្តការងារ ការកំណត់និយមន័យរបស់អង្គការ អព្យាក្រឹត្យភាពរបស់អង្គការជាមួយគណបក្សនយោបាយ និងការពិបាកក្នុងការចុះបញ្ជីអង្គការ សមាគមជាដើម។
យ៉ាងណាក្តី ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃច័ន្ទនេះ ក្រុមសង្គមស៊ីវិល និងតំណាងក្រសួងមហាផ្ទៃបានពិភាក្សាលើមាត្រាទើបតែ៤ប៉ុណ្ណោះ។
លោក យឿង សុធារ៉ា តំណាងពីអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លើកឡើងថា មាត្រា៣នៃច្បាប់នេះកំណត់ថា សមាគមនិងអង្គការដែលបានចុះបញ្ជីអាចអនុវត្តការងារបាន ប៉ុន្តែមាត្រានេះមិនបានកំណត់ពីសហគមន៍។ ការណ៍នេះបាននាំឲ្យមានការហាមឃាត់ពីអាជ្ញាធរនៅពេលដែលសហគមន៍ធ្វើការជួបជុំណាមួយ។
ចំណែកលោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លើកឡើងក្នុងកិច្ចពិភាក្សានោះថា អង្គការនិងសមាគមមួយចំនួនត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនចុះឈ្មោះ ដោយលើកមូលហេតុថា ឈ្មោះនិងសកម្មភាពរបស់អង្គការនោះមានពាក់ព័ន្ធនឹងនយោបាយ។ ប៉ុន្តែលោក ករុណា បញ្ជាក់ថា អង្គការ សមាគមទាំងនោះមានឈ្មោះ និងសកម្មភាពពាក់ព័ន្ធនឹងការជំរុញយុវជនឲ្យចេះធ្វើនយោបាយ ដោយមិនលម្អៀងលើគណបក្សនយោបាយណាមួយនោះទេ។
យ៉ាងណាក្តី លោក ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃបាននិយាយថា អង្គការឬសមាគមមិនគួរពាក់ព័ន្ធនឹងសកម្មភាពនយោបាយនោះទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រាប់ VOA ក្រោយបញ្ចប់ការពិភាក្សានោះថា មូលហេតុដែលក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យមានការធ្វើវិសោធនកម្មមាត្រាទាំងនោះ គឺដោយសារសង្គមស៊ីវិលរងនូវការគំរាមកំហែង ការបិទនិងការរឹតត្បិតការធ្វើសកម្មភាពការងារផ្សេងៗ។ លោកបន្តដោយរំពឹងថា សំណើសុំធ្វើវិសោធនកម្មរបស់ក្រុមអង្គការសង្គមស៊ីវិលនឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាល។
«បើសិនជាសេចក្តីសម្រេចមួយដែលអត់ឆ្លើយតបទៅនឹងសំណូមពរ អាហ្នឹងខ្ញុំគិតថានៅតែជាបញ្ហាកង្វល់ ហើយបញ្ហាទាំងអស់ហ្នឹងនៅតែមិនអាចដោះស្រាយបាន។ អញ្ចឹងដើម្បីដោះស្រាយបាននូវបញ្ហាទាំងអស់ហ្នឹង គួរតែមានការពិនិត្យនិងពិចារណាទទួលយក ហើយសម្រេចទៅតាមអ្វីដែលជាការស្នើសុំ អាហ្នឹងជារឿងមួយដែលយើងចង់បានក្នុងការកែលម្អរទៅលើគម្រោងឬសកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានជួបប្រទះនិងប្រឈមនាពេលកន្លងមក»។
ច្បាប់ស្តីពី «សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល» មាន៩ជំពូកនិង៣៩មាត្រា ត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីខែកក្កដា ឆ្នាំ២០១៥។ ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីអង្គការសង្គមស៊ីវិលជាច្រើនដើរតួនាទីអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង ពីសិទ្ធិសេរីភាពរបស់ពួកគេក្នុងការតវ៉ានិងការប្រមូលផ្តុំដើម្បីស្នើសុំឲ្យការផ្លាស់ប្តូរ ឬការដោះស្រាយណាមួយពីរដ្ឋាភិបាល ដូចជាការគោរពសិទ្ធិមនុស្សនិងការអភិវឌ្ឍក្នុងមូលដ្ឋាន។
រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងដើម្បីរារាំងអំពើភេរវកម្មនិងការលាងលុយកខ្វក់។ ប៉ុន្តែសហគមន៍អន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗជាច្រើនបាននិយាយប្រឆាំងនឹងច្បាប់នេះ។ អង្គការសង្គមស៊ីវិលជាច្រើនផ្សេងទៀតក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបោះបង់ច្បាប់នេះចោល។
ក្នុងការជជែកពិភាក្សានោះលោក ប៊ុន ហុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកដោះស្រាយសំណូមពររបស់អង្គការសង្គមស៊ីវិលនៃក្រសួងមហាផ្ទៃ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកដំបូងនោះថា ក្រសួងគ្រាន់តែកត់ត្រាទុករាល់បញ្ហា និងអនុសាសន៍ដែលបានលើកឡើងដោយក្រុមសង្គមស៊ីវិល។ លោកបន្តថា ដោយសារតែការពិភាក្សាទើបតែបាន៤មាត្រា ដូច្នេះក្រសួងមិនទាន់អាចសម្រេចបែបណានៅឡើយ ។
«តាមធម្មតាការសម្រេចទៅលើវិសោធនកម្មច្បាប់ គឺមិនមែនជារឿងងាយស្រួលទេ ដែលអង្គការសង្គមស៊ីវិលដែលគាត់យល់ហ្នឹង ជួនកាលគាត់នៅមានកម្រិតមួយដែលគាត់ត្រូវការស្វែងយល់បន្ថែមជាមួយគ្នាគាត់ ជាពិសេសអ្នកជំនាញៗរបស់អង្គការសង្គមស៊ីវិលដែលអាចនឹងមកជួបជុំគ្នា ពិភាក្សាគ្នា ហើយស្វែងរកនូវខ្លឹមសាររួមមួយសម្រាប់យកមកពិភាក្សាជាមួយក្រុមការងារយើងខ្ញុំទៀត»។
ចាប់តាំងពីពេលដែលច្បាប់នេះត្រូវបានដាក់ឲ្យប្រើប្រាស់យ៉ាងហោចណាស់មានអង្គការជាតិ-អន្តរជាតិចំនួនបី ត្រូវបានបិទ និងផ្អាកសកម្មភាព។ អង្គការសមធម៌កម្ពុជាត្រូវបានក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ក្រោមមូលហេតុថា អង្គការនេះបានធ្វើសកម្មភាពផ្ទុយទៅនឹងលក្ខន្តិកៈរបស់ខ្លួន និងខុសទៅនឹងបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃក៏បានប្រកាសបិទអង្គការមាតាធម្មជាតិដោយមិនបញ្ជាក់ពីមូលហេតុ។ ចំណែកវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) របស់សហរដ្ឋអាមេរិក ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មកនោះ ក៏ត្រូវបានរដ្ឋាភិបាលប្រកាសបិទចោលកាលពីខែសីហា ឆ្នាំ២០១៧ ដោយចោទថា អង្គការនេះធ្វើខុសច្បាប់ស្តីពីសារពើពន្ធ និងច្បាប់ស្តីពីអង្គការ សមាគម។
ការបង្ក្រាបលើសង្គមស៊ីវិល បានក្លាយជាចំណុចក្តៅមួយដែលចាត់ចូលជាមូលហេតុនាំឲ្យសហគមន៍អឺរ៉ុបសម្រេចពិចារណាព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅថា EBA ក្រៅពីការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិធ្វើនយោបាយ៕