លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានសម្រេចឱ្យប្រជាពលរដ្ឋអាចដោះម៉ាស់នៅតាមទីសាធារណៈបាន បន្ទាប់ពីចំនួនឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បង្កដោយវីរុសបំប្លែងថ្មីអូមីក្រុង ត្រូវបានក្រសួងសុខាភិបាលរាយការណ៍ថា ធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយជាប់ៗគ្នានេះ។
ជាមួយគ្នានេះ លោក ហ៊ុន សែនជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងធ្វើឱ្យដំណើរការលែងពាក់ម៉ាស់នេះ ទទួលបានជោគជ័យសម្រាប់ប្រទេសកម្ពុជា។
នៅក្នុងសារជាសំឡេងមានរយៈពេលជាង១៥នាទី ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនៅថ្ងៃអង្គារនេះ លោក ហ៊ុន សែន ថ្លែងថា៖
«បងប្អូនអាចជ្រើសរើស ដោយខ្លួនឯងបន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់ នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិត ដែលខ្ញុំព្រះករុណាខ្ញុំចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិត ហើយមានការប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្ត ដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើម៉ាស៊ីនត្រជាក់។ ប៉ុន្តែករណីដែលមានការលម្ហ ដូច ជាការនៅក្នុងអគារដដែល ប៉ុន្តែមានលម្ហនៅខាងក្រៅ អាចដោះម៉ាស់ចេញ។ ហើយកាន់តែច្បាស់ទៅទៀត នៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗ ដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់»។
សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈនេះ ធ្វើឡើងក្រោយលោកទទួលបានរបាយការណ៍ពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំងកូវីដ១៩ លោក អូន ព័ន្ធមុន្នីរ័ត្ន និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត អំពីការថយល្បឿននៃការឆ្លងជំងឺកូវីដ១៩។
បើតាមលោក ហ៊ុន សែន ការមិនតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈនេះគឺដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកសន្សំសំចៃសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ម៉ាស់នេះ និងដើម្បីយកថវិកាទៅប្រើប្រាស់គោលដៅផ្សេងជំនួសវិញ។
លោក ហ៊ុន សែន កត់សម្គាល់បន្តថា ជម្រើសល្អបំផុតសម្រាប់ចូលរួមចំណែកធ្វើឱ្យការលែងពាក់ម៉ាស់នេះទទួលបានជោគជ័យនោះគឺប្រជាពលរដ្ឋត្រូវតែទទួល និងចាក់វ៉ាក់សាំងដូសទី៣ឱ្យបានគ្រប់ៗគ្នាពីព្រោះ អ្នកនៅសល់មិនទាន់បានចាក់ថ្នាំដូសទី៣មានប្រមាណ៦លាន៤សែននាក់ទៀត។ លោកបន្ថែមថា ប្រជាពលរដ្ឋ ក៏អាចទៅចាក់វ៉ាក់សាំងដូសទី៤ ហើយរដ្ឋាភិបាលនឹងត្រៀមបម្រុងសម្រាប់ចាក់វ៉ាក់សាំងដូសទី៥ចំពោះមន្ត្រីជួរមុខផងដែរ។
លោកថ្លែងថា៖ «ប៉ុន្តែដើម្បីធានានូវភាពរឹងមាំសម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាស់ ហើយមិនមានជំងឺឆ្លងបន្តទៀត ខ្ញុំព្រះករុណាខ្ញុំ ...ដូចចំណុចទី២ ... អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង សូមទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់ទុកថា ជាដូសអប្បបរមាកម្រិតទាបបំផុតនៅក្នុងប្រទេសរបស់យើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលជាប្រធានគណបក្សកាន់អំណាចផងនោះ បានសង្កត់ធ្ងន់ថា ការប្រើពាក្យ«កាតព្វកិច្ចចាក់វ៉ាក់សាំងដូសទី៣»គឺមិនពាក់ព័ន្ធផ្លូវច្បាប់ទេ ហើយប្រសិនបើពលរដ្ឋមិនបានចាក់ គឺមិនមានច្បាប់ណាមួយផាកពិន័យ ឬត្រូវរងវិធានការរដ្ឋបាល និងដាក់ទណ្ឌកម្មណាមួយនោះទេ ពីព្រោះការណ៍នេះគ្រាន់តែជាកាតព្វកិច្ចសុខាភិបាល ដើម្បីរក្សាភាពធន់នៃសុខភាពរបស់ប្រជាពលរដ្ឋ និងការចូលរួមការពារជំងឺកូវីដ១៩ និងការពារអាយុជីវិតផ្ទាល់ខ្លួន ដ៏ដូចជាក្រុមគ្រួសារជាដើម។
ប៉ន្តែ កាលពីថ្ងៃទី២៥ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញជាកាតព្វកិច្ចក្នុងរាជធានីភ្នំពេញ ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។
ដំណាលគ្នានឹងការក្រើនរំឭកនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានសង្កត់ធ្ងន់ថា៖ «ចំពោះបុគ្គលទាំងឡាយណា ដែលនៅតែបន្តគេចវេះមិនអនុវត្តកាតព្វកិច្ចទាក់ទងនឹងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញដែល (ជាវ៉ាក់សាំងកាតព្វកិច្ច) ស្របតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាន»។
បើតាមសេចក្តីជូនដំណឹងដដែលរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងករណីចាំបាច់ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលគ្មានបណ្ណចាក់វ៉ាក់សាំង ឬបណ្ណចាក់វ៉ាក់សាំងដែលគ្មានសុពលភាពដូសទី៣ ឬដូសជំរុញ ចូលទៅបរិវេណទីតាំងបិទជិត ដូចជារោងចក្រ សហគ្រាស អាជីវកម្មដ្ឋាន មណ្ឌលកម្សាន្ត ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងគ្រឹះស្ថានសិក្សាជាដើម។
អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បដិសេធមិនផ្តល់ការអត្ថាធិប្បាយពាក់ព័ន្ធនឹងការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ដែលបើកផ្លូវឱ្យប្រជាពលរដ្ឋមិនពាក់ម៉ាស់នៅតាមទីសាធារណៈទេ ដោយស្នើឱ្យអ្នក សារព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកវីអូអេ ត្រឡប់ទៅស្តាប់ប្រសាសន៍នាយករដ្ឋមន្រ្តីវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តីបានទេនៅថ្ងៃអង្គារនេះ។
ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី យល់ថាការសាកល្បងឱ្យប្រជាពលរដ្ឋលែងពាក់ម៉ាស់នៅតាមទីសាធារណៈនេះគឺជារឿងល្អ ដែលនឹងជួយសម្រួលសេដ្ឋកិច្ចគ្រួសារមួយផ្នែករបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «នេះជារឿងមួយដែលល្អដែរ។ វាជួយទ្រទ្រង់ផ្នែកសេដ្ឋកិច្ច បើសិនជាយើងដោះម៉ាស់ចេញ ហើយយើងមិនបានទៅទិញម៉ាស់ ដូចកូវីដសាហាវៗពីមុនហ្នឹង បានន័យថា វាជួយដល់សេដ្ឋកិច្ចគ្រួសារយើង»។
លោក អ៊ូច វុទ្ធី បន្តថា ការជំរុញរបស់រដ្ឋាភិបាលឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺកូវីដ១៩ដូសទី៣ក៏ជាការល្អប្រសើរដែរ ហើយលោកថា ការលែងឱ្យពាក់ម៉ាស់នេះ ទំនងជារដ្ឋាភិបាលចង់ពិនិត្យបន្ថែមទៀតនូវកម្រិតនៃការឆ្លងនេះកម្រិតណា និងត្រូវព្យាបាលយ៉ាងណា ឬវិធីសាស្ត្រណាបន្តទៀតនោះដើម្បីឆ្លើយតបនឹងជំងឺកាចសាហាវមួយនេះ។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាលោកគី សេរីវឌ្ឍន៍កត់សម្គាល់ថា តាំងពីរដ្ឋាភិបាលអនុញ្ញាតឱ្យប្រជាពលរដ្ឋមានការជួបជុំសប្បាយក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកមិនទាន់មានហានិភ័យណាមួយកើតឡើងនោះទេ ពាក់ព័ន្ធនឹងការឆ្លងទ្រង់ទ្រាយធំ។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការលែងតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់តាមទីសាធារណៈ គឺជារឿងល្អ ដើម្បីជំរុញ និងបង្កើនការលក់រាយរបស់ពលរដ្ឋឱ្យមានសន្ទុះកើនឡើង និងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈទេសចរណ៍ក្នុងស្រុក បើទោះបីជាអ្នកទេសចរបរទេសមិនទាន់មកកម្សាន្តកម្ពុជាច្រើនយ៉ាងណាក៏ដោយ។
លោកសង្ឃឹមថា ក្នុងរដូវក្តៅនេះ កម្ពុជានឹងអាចបង្កើតបាននូវភាពស៊ាំជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
លោកថ្លែងថា៖ «អ្វីដែលរំពឹងទុកគឺសង្ឈឹមថា វានឹងបង្កើតភាពស៊ាំឱ្យបានរឹងមាំក្នុងរដូវក្តៅនេះ [ហើយ]នៅពេលណារដូវត្រជាក់មកដល់ ភាពស៊ាំរបស់ប្រជាពលរដ្ឋកម្ពុជា អាចនឹងទទួលយកបាននូវវីរុស។ អ៊ីចឹង យើងនឹងអាចការពារបាន។ ទោះជាយ៉ាងណាខ្ញុំជឿថា រដ្ឋាភិបាលនៅតែមានការបង្ការហានិភ័យដែរ នៅពេលវាមានការផ្ទុះឡើងវិញ។ អ៊ីចឹង វិធានការសុខាភិបាល វិធានការពាក់ម៉ាស់នេះនឹងត្រូវអនុវត្តជាកាតព្វកិច្ចវិញ»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ករណីឆ្លងជំងឺកូវីដ១៩ បង្កដោយវីរុសបំប្លែងថ្មីអូមីក្រុង មានមិនលើសពី៣០ករណីទេក្នុងមួយថ្ងៃៗ គិតចាប់តាំងពីការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីអំឡុងពាក់កណ្តាលខែមេសានេះ។
ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានឱ្យដឹងក្នុងសេចក្តីប្រកាសមួយថា ករណីឆ្លងថ្មីនៃវីរុសបំប្លែងថ្មីអូមីក្រុងសម្រាប់ថ្ងៃទី២៥ខែមេសានេះមានតែ២នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានយកខេត្ត៤ រួមមានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ក្នុងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះមុនគេ។ នេះគឺជាគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។
លោក ហ៊ុន សែនឱ្យដឹងបន្ថែមទៀតនៅថ្ងៃអង្គារនេះថា អង្គការសុខភាពពិភពលោកបានប្រកាសថា បានរកឃើញវីរុសបំប្លែងថ្មីនៃជំងឺកូវីដ១៩ចំនួន៣ប្រភេទផ្សេងទៀត តែលោក ជំរុញឱ្យក្រសួងសុខាភិបាលតាមដានការវិវត្ត ការប្រែប្រួលនានា ដើម្បីអាចចាត់វិធានការបានទាន់ពេល និងត្រៀមឆ្លើយតបនឹងបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុ៕