រដ្ឋាភិបាលខ្មែរបានបញ្ជាក់ឲ្យដឹងនាពេលថ្មីៗនេះថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់បានកើនឡើងដល់ជាង៤០ពាន់លានដុល្លារអាមេរិក ហើយការសាងសង់ផ្ទះមានតម្លៃសមរម្យក៏បានដំណើរការ និងមានការពង្រីកការសាងសង់បន្ថែមទៀតផងដែរ។ នេះបើយោងតាមការថ្លែងរបស់លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលត្រូវបានរាយការណ៍ដោយអង្គភាពព័ត៌មានក្នុងស្រុកដែលមានទំនាក់ទំនងស្និទ្ធស្នាលជាមួយរដ្ឋាភិបាលខ្មែរ។
អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ការថ្លែងរបស់លោក ជា សុផារ៉ា អំពីកំណើនក្នុងវិស័យសំណង់នេះ បានធ្វើឡើងក្នុងពេលលោកជា សុផារ៉ា អតីតចៅហ្វាយក្រុងភ្នំពេញ ចូលរួមមហាសន្និបាតលើកទី២របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាដែលបានរៀបចំក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ត្រូវបានអង្គភាពព័ត៌មាន Fresh New ស្រង់ប្រសាសន៍ក្នុងន័យដើមថា៖
«ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ទុនវិនិយោគក្នុងវិស័យសំណង់អគារមានប្រមាណ ៤៣៣៧០លានដុល្លារ។ ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យត្រូវបានចាប់ដំណើរការជាជំហានៗដោយមានការចូលរួមពីក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន World Bridge Land ក្រុមហ៊ុន B&BM និងក្រុមហ៊ុន ARAKAWA ដែលមានចំនួនសរុប៨០០២ខ្នងផ្ទះ និង២៩៦០ Units ហើយមានក្រុមហ៊ុនមួយចំនួនទៀតកំពុងត្រៀមលក្ខណៈចូលរួមក្នុងសកម្មភាពនេះ»។
លោក ជា សុផារ៉ា បានបញ្ជាក់ទៀតថា៖
«វិស័យសំណង់ និងអចលទ្រព្យ នៅតែដើរតួនាទីជាសសរស្ដម្ភជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលនៅឆ្នាំ២០១៨ ទុនវិនិយោគក្នុងវិស័យនេះមាន៥៧៥៥លានដុល្លារ»។
លោក ជា សុផារ៉ា ដែលជាឧបនាយករដ្ឋមន្ត្រីផងនោះ បានបន្ថែមទៀតថា វិស័យសំណង់មានកំណើនខ្ពស់ក្នុងរង្វង់១៨,១% នៅឆ្នាំ២០១៨។ ក្នុងនោះ សណ្ឋាគារមានចំនួន៨១៥ស្មើ ៤៧៧០០បន្ទប់ ផ្ទះសំណាក់មាន២២៨១ស្មើ៣៤០៣៨បន្ទប់ និងភោជនីយដ្ឋាន២៣២១។
សម្រាប់សំណង់បុរីលំនៅដ្ឋានមានចំនួន២៤១ទីតាំង និងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១២១៧អគារ។
ធនាគារពិភពលោកក៏បានទទួលស្គាល់ថា វិស័យសំណង់ក្នុងប្រទេសកម្ពុជាបានបន្តរីកលូតលាស់ដែរ តែធនាគារដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិកមួយនេះ ក៏បានព្រមានពីហានិភ័យដែលអាចកើតមានឡើងក្នុងវិស័យនេះ។
ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយជាសាធារណៈកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ធនាគារពិភពលោកបានឲ្យដឹងថា ហានិភ័យជាច្រើនកំពុងកើនឡើង ខណៈដែលឥណទានក្នុងស្រុកបន្តហូរចូលទៅក្នុងវិស័យអចលនទ្រព្យ និងសំណង់។
របាយការណ៍បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ការពង្រីកសកម្មភាពវិស័យអចលនទ្រព្យរួមបញ្ចូលទាំងសកម្មភាពនៃការប្រថុយទិញទុកដើម្បីលក់បានចំណេញទៅថ្ងៃក្រោយ ដោយមានកំណើននៃការទិញ និងលក់ដីដែលស្ថិតនៅតាមតំបន់ជាយក្រុង ឬនៅតាមខេត្តជិតៗជាមួយផលដែលបានមកពីការវិនិយោគមានតិចតួច ដែលគេមើលមិនសូវឃើញ និងក៏ធ្វើការកែសម្រួលនោះ។
របាយការណ៍បានសរសេរក្នុងន័យដើមថា៖
«យ៉ាងណាក៏ដោយ ការកើនឡើងនូវការវិនិយោគបរទេសដោយផ្ទាល់បានជួយបិទបាំងភាពងាយរងគ្រោះរបស់វិស័យហិរញ្ញវត្ថុ បង្កដោយកំណើនឆាប់រហ័សនៃការខ្ចីប្រាក់ដែលមានរយៈពេលយូរ»។
ធនាគារពិភពលោកយល់ថា ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងវិស័យអចលនទ្រព្យ និងសំណង់នេះ វិធានការគាំពារនានាត្រូវតែធ្វើឡើងដើម្បីរក្សាបានសុខភាពហិរញ្ញវត្ថុល្អប្រសើរទៅថ្ងៃអនាគតដ៏ខ្លីនេះ។
របាយការណ៍របស់ធនាគារពិភពលោកបានសរសេរក្នុងន័យដើមថា៖
«ហេតុដូច្នេះ វាជាការចំាបាច់ ត្រូវបង្កើតឲ្យមានគោលនយោបាយដែលមានលក្ខណៈប្រយ័ត្នប្រយែងទូលំទូលាយ ដោយរាប់បញ្ចូលទាំងវិធានការហិរញ្ញវត្ថុ និងសារពើពន្ធដើម្បីកាត់បន្ថយសកម្មភាពនៃការទិញទុកដើម្បីប្រថុយនឹងការលក់បានចំណេញទៅថ្ងៃក្រោយ ដែលសកម្មភាពទាំងអស់នេះបានទទួលការជួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ»។
ធនាគារពិភពលោកបានបន្ថែមក្នុងន័យដើមថា៖
«វាមានសារសំខាន់ខ្លាំងណាស់ ដែលត្រូវបង្កើតឲ្យមានគោលការណ៍ណែនាំសម្រាប់ការខ្ចីប្រាក់ រាប់បញ្ចូលទាំងការកំណត់កំហិតតម្លៃឥណទានដែលអាចខ្ចីបានធៀបនឹងទ្រព្យបញ្ចាំ ខណៈដែលត្រូវពិចារណាលើការយកពន្ធបន្ថែមលើការលក់ និងទិញផ្ទះសម្បែង ជាពិសេសដីធ្លីសម្រាប់ការវិនិយោគ ដែលធ្វើឡើងក្នុងគោលបំណងប្រថុយទិញទុកដើម្បីបានចំណេញទៅថ្ងៃក្រោយ»។
យ៉ាងណាក្តី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានស្នើដល់ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ អ្នកប្រកបវិជ្ជាជីវៈសំណង់ ក្រុមហ៊ុនប្រកបអាជីវកម្ម សំណង់ សូមកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្ដិពាក់ព័ន្ធនឹងវិស័យសំណង់។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ VOAនៅថ្ងៃអង្គារនេះថា វិស័យសំណង់នៅកម្ពុជាកំពុងមានសុខភាពល្អ ហើយក៏មិនបានប្រឈមនឹងហានិភ័យណាមួយនោះឡើយ។
«ដូចអត់មានហានិភ័យអីផង! វិស័យសំណង់បានដំណើរការរលូន ហើយការរីកចម្រើនហ្នឹងគឺវា [មាន]សន្ទុះដ៏ខ្លាំងក្លា ដូចមានក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយ»។
លោកសេង ឡូតបានឲ្យដឹងទៀតថា អ្នកវិនិយោគចិនបាននាំមុខគេ ធៀបនឹងបណ្តាអ្នកវិនិយោគបរទេសផ្សេងទៀត ដែលបានបោះទុនចូលក្នុងវិស័យសំណង់នៅកម្ពុជា។ លោកថា វិស័យសំណង់នៅប្រទេសកម្ពុជាក៏បានស្រូបយកទុនវិនិយោគក្នុងស្រុកផងដែរ។
ទាក់ទិនសកម្មភាពប្រថុយទិញទុកដើម្បីលក់បានចំណេញទៅថ្ងៃក្រោយនោះ អ្នកនាំពាក្យក្រសួងរៀបចំដែនដីក៏បានអះអាងថា គ្មានហានិភ័យដែលគួរឲ្យកត់សម្គាល់ក្នុងសកម្មភាពនេះទេ។
«ជាយោបល់ផ្ទាល់របស់ខ្ញុំ វាអត់មានជាបញ្ហាអីផង ព្រោះយើងឃើញថា ការវិភាគអំពីតម្រូវការលំនៅដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហ្នឹង មួយឆ្នាំត្រូវការប្រមាណ៥ម៉ឺនលំនៅដ្ឋាន។ អ៊ីចឹងការវិនិយោគហ្នឹងវាឆ្លើយតបទៅហ្នឹងតម្រូវការហ្នឹង។ អ៊ីចឹងមិនមានអីជាការព្រួយបារម្ភទេ»។
លោក សេង ឡូត បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលក៏បានរៀបចំឲ្យមានប្រព័ន្ធការពារហានិភ័យខាងហិរញ្ញវត្ថុ និងបានដាក់ចេញគោលនយោបាយពន្ធជាក់លាក់ ដើម្បីប្រើប្រាស់ក្នុងវិស័យសំណង់របស់ប្រទេស ដែលលោកជឿថា នឹងមានកំណើនខ្ពស់ដដែលក្នុងឆ្នាំ២០១៩នេះ។
«ការព្យាករណ៍សុទិដ្ឋិនិយមទៅលើកំណើនសេដ្ឋកិច្ចជាតិដែលគ្រោងថា នៅឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចនឹងអាចលោតដល់៧,៣ភាគរយជាមួយនឹងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយអភិវឌ្ឍវិស័យឯកជនដ៏ត្រឹមត្រូវ ធានាបាននូវសន្តិភាព ស្ថិរភាព នយោបាយ ការជឿជាក់នឹងបន្តទៅទៀតថា វិស័យសំណង់នេះនឹងបន្តកើនខ្ពស់ជាងឆ្នាំ២០១៨នេះបន្តទៅទៀត»។
ក៏ប៉ុន្តែតាមការព្យាករណ៍របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា៦,៨ភាគរយក្នុងឆ្នាំ២០១៩នេះគឺថយពីអត្រា៧,១ភាគរយក្នុងឆ្នាំ២០១៨។ កំណើនត្រូវបានរំពឹងថា នឹងកើនក្នុងអត្រា៦,៨ភាគរយដដែលសម្រាប់ឆ្នាំ២០២០។
ហានិភ័យជាច្រើនអាចកើតមានទៅលើកំណើនសេដ្ឋកិច្ចពិតប្រាកដរបស់កម្ពុជា បើសិនក្នុងករណីដែលមានការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប តាមកម្មវិធី«អនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBAពីកម្ពុជា។ ទីផ្សារសហភាពអឺរ៉ុបស្មើនឹងជាង១ភាគ៣នៃការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា ដែលរួមមានផលិតផលសម្លៀកបំពាក់ និងស្បែកជើង៕