បន្ទាប់ពីមានសេចក្តីរាយការណ៍ពីទីក្រុង ហុងកុង ថា អតីតនាយករដ្ឋមន្ត្រីថៃអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត (Yingluck Shinawatra) បានប្រើប្រាស់លិខិតឆ្លងដែនចេញដោយអាជ្ញាធររបស់ប្រទេសកម្ពុជានោះ រដ្ឋាភិបាលខ្មែររបស់លោកនាយករដ្ឋ មន្ត្រីហ៊ុន សែន បានចេញសារាចរណែនាំថ្មីមួយដែលមាន បញ្ជាក់ពីលក្ខខណ្ឌដែលជនបរទេសមិនអាចទទួលបានលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជា។
សារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាដោយលោក ហ៊ុន សែននៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៩ បានសរសេរថា ការចេញលិខិតឆ្លងដែនទៅឲ្យពលរដ្ឋបរទេសដែលជាទីប្រឹក្សានិងជំនួយការរបស់មន្ត្រីកម្ពុជា គឺមិនចាំបាច់និងបានលើកឡើងនូវចំណុចសំខាន់ៗជាច្រើនដើម្បីទប់ស្កាត់ការចេញលិខិតឆ្លងដែនឲ្យជនបរទេសនៅថ្ងៃខាងមុខ។
សារាចរណែនាំបានសរសេរក្នុងន័យដើមថា៖
«លិខិតឆ្លងដែនការទូតនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវផ្តល់ជូនទីប្រឹក្សា ឬជំនួយការដែលគ្មានសញ្ជាតិខ្មែរពីកំណើតរបស់ឥស្សរជនជាន់ខ្ពស់ ឬរបស់ក្រសួងស្ថាប័ននានាឡើយលើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថាចាំបាច់បំផុត។ រាល់ក្រសួង ស្ថាប័ន មានភារកិច្ចប្រមូលលិខិតឆ្លងដែនការទូតដែលក្រសួង ស្ថាប័ននោះបានស្នើសុំជូនទីប្រឹក្សា និងជំនួយការរបស់ខ្លួនដែលពុំមានសញ្ជាតិខ្មែរពីកំណើត ហើយប្រគល់លិខិតឆ្លងដែនការទូតទាំងនោះជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនឲ្យហួសពីរយ:ពេលមួយខែ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើសារាចរនេះ»។
សារាចរណែនាំរបស់លោក ហ៊ុន សែន បន្តថា ក្រសួងការបរទេសកម្ពុជា មានភារកិច្ចពនិត្យ និងធ្វើមោឃភាពលិខិតឆ្លងដែនការទូត ដែលកន្លងមកត្រូវបានផ្តល់ជូនបុគ្គលដែលគ្មានសញ្ជាតិខ្មែរពីកំណើត។ ក្រសួងមហាផ្ទៃ ក៏មានភារកិច្ចសហការទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនទាំងនោះ សម្រាប់ការចេញចូលនៅតាមច្រកទ្វារព្រំដែននានានៃព្រះរាជាណាចក្រកម្ពុជា ទៅតាមការស្នើសុំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សារាចរណែនាំរបស់លោក ហ៊ុន សែន ដែលគេដឹងថាមានទំនាក់ទំនងជិតដិតជាមួយក្រុមគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin Shinawatra) បានធ្វើឡើង ក្នុងថ្ងៃតែមួយនៃការចេញសេចក្តីរបស់កាសែត South China Morning Post ដែលបានឲ្យដឹងថា ប្អូនស្រីលោក ថាក់ស៊ីន មានលិខិតឆ្លងដែនខ្មែរ។
សេចក្តីរាយការណ៍ស៊ើបអង្កេតមួយរបស់កាសែត South China Morning Post ដែលមានមូលដ្ឋានក្នុងតំបន់រដ្ឋបាលពិសេសស្វ័យយ័តហុង កុង បានឲ្យដឹងថា អ្នកស្រីយីងឡាក់ ប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ត្រីថៃផងដែរនោះ បានប្រើប្រាស់លិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាបើកជំនួញក្នុងទីក្រុងហុងកុង។
សេចក្តីរាយការណ៍នោះបានឲ្យដឹងថា អ្នកស្រីយីងឡាក់ ប្រហែលជាបានប្រើប្រាស់លិខិតឆ្លងដែនខ្មែរដដែលនេះ ដើម្បីភៀសខ្លួនចេញពីប្រទេសថៃ ទីដែលអ្នកស្រីយីងឡាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារប្រាំឆ្នាំចំពោះការណ៍ដែលអ្នកស្រីចាត់ចែងមិនត្រឹមត្រូវក្នុងការផ្តល់ទុនឧបត្ថម្ភក្នុងឧស្សាហកម្មស្រូវអង្កររបស់ប្រទេសដែលមានភូមិផងរបងជាមួយកម្ពុជា។
មានប្រតិកម្មជាច្រើនបានធ្វើឡើង ដោយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ទៅនឹងការណ៍ដែលអ្នកស្រី យីងឡាក់ មានសញ្ជាតិថៃតែអាចប្រើប្រាស់លិខិតឆ្លងដែនខ្មែរបាន។
VOA ព្យាយាមសុំការអត្ថាធិប្បាយពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃចន្ទនេះ។
ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបានប្រាប់VOA នៅថ្ងៃចន្ទនេះថា របាយការណ៍របស់កាសែត South China Morning Post មិនពិតនោះទេ ហើយថា សារាចរណែនាំចុងក្រោយស្តីពីការចេញលិខិតឆ្លងដែនកម្ពុជាឲ្យជនបរទេសនេះ មិនមានទំនាក់ទំនងជាមួយនឹងសេចក្តីរាយការណ៍របស់កាសែតក្នុងទីក្រុង ហុង កុងនោះទេ។
«សារាចរណែនាំហ្នឹង មិនមែនពាក់ព័ន្ធជាមួយនឹងករណីរបស់លោកជំទាវ យីងឡាក់ នោះទេ។ អាហ្នឹងជាការងាររដ្ឋបាល ក្នុងការគ្រប់គ្រងឲ្យបានភាពប្រសើរឡើង ក្នុងករណីpassport ការងារទូត»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានបន្ថែមថា លេខលិខិតឆ្លងដែនរបស់អ្នកស្រីយីងឡាក់ មិនស្ថិតក្នុងគល់បញ្ជីនៃការចេញលិខិតឆ្លងដែនរបស់ក្រសួងមហាផ្ទៃនោះទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានអះអាងថា សារាចរនេះគឺបានធ្វើឡើងមុនពេលការចេញសេចក្តីរាយការណ៍របស់កាសែត South China Morning Post។
លោកសុំមិនធ្វើអធិប្បាយចំពោះ បញ្ហាដែលអ្នកស្រី យីងឡាក់ មានលិខិតឆ្លងដែនចេញដោយប្រទេសកម្ពុជា។
«ខ្ញុំសុំមិនធ្វើ ធ្វើអត្ថាធិប្បាយព្រោះខ្ញុំបាននិយាយរួចហើយណារឿងហ្នឹងណា Ok»។
កាលពីសប្តាហ៍មុននាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លិខិតឆ្លងដែនកម្ពុជាដែលកាន់ដោយអ្នកស្រី យីងឡាក់ គឺជាលិខិតឆ្លងដែនក្លែងក្លាយ។
សេចក្តីរាយការណ៍របស់កាសែត South China Morning Post បានឲ្យដឹងថា អ្នកស្រី យីងឡាក់ វ័យ៥១ ឆ្នាំ បានប្រើលិខិតឆ្លងដែនកម្ពុជា ចុះបញ្ជីធ្វើជានាយកក្រុមហ៊ុនតែមួយគត់នៃក្រុមហ៊ុនសាជីវកម្ម P.T. Corporation ជាក្រុមហ៊ុនដែលបានសិទ្ធិស្របច្បាប់នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៧ គឺជិតមួយឆ្នាំនៃថ្ងៃដែលអ្នកស្រីបាននិរទេសខ្លួន នៅមុនការកាត់ទោសក្រោមបទឧក្រិដ្ឋនៃការចាត់ចែងមិនត្រឹមត្រូវក្នុងឧស្សាហកម្មស្រូវអង្ករ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ក្រសួងមហាផ្ទៃកម្ពុជាក៏ធ្លាប់លើកឡើងថា ខ្លួនគ្មានរបាយការណ៍ដែលថា អ្នកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បានចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី តាមរយៈប្រទេសកម្ពុជា៕