កាលពីថ្ងៃសុក្រនេះ ក្រុមហ៊ុនអ៊ីនធឺណិត Google បានបើកសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យា (Google Campus) របស់ខ្លួនទីមួយនៅអាស៊ីក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងគាំទ្រសហគ្រិនពាណិជ្ជកម្មបង្កើតថ្មីៗ (start-up) តាមប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុន Google សង្ឃឹមថា ការមកដល់នៃមជ្ឈមណ្ឌលថ្មីនេះនឹងជួយជ្រោមជ្រែងកម្មវិធីបច្ចេកវិទ្យាជាន់ខ្ពស់របស់ប្រទេសកូរ៉េឲ្យចូលទីផ្សារពិភពលោក ហើយក៏ជាឱកាសមួយផងដែរដល់ក្រុមហ៊ុន Google ក្នុងការចូលទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង។
បើប្រៀបធៀបជាមួយនឹងអគារដ៏ធំស្កឹមស្កៃនិងប្រកបដោយបរិវេណមានរុក្ខជាតិខៀវស្រងាត់របស់ទីស្នាក់ការកណ្តាលក្រុមហ៊ុន Google ដែលស្ថិតនៅក្នុងតំបន់ Silicon Valley នៃរដ្ឋកាលីហ្វ័រញ៉ានោះ អគារនៃមជ្ឈមណ្ឌលនៅឯទីក្រុងសេអ៊ូលមានទំហំតូចតាចតែប៉ុណ្ណោះ។
មជ្ឈមណ្ឌលសាខានៅឯទីក្រុងសេអ៊ូលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស៊ីវីល័យ Gangnam និងមានទំហំ២.០០០ម៉ែត្រការ៉េសម្រាប់ឲ្យសហគ្រិនខាងអ៊ីនធឺណិតរបស់កូរ៉េធ្វើការងារ។
ប៉ុន្តែការរំពឹងទុករបស់ក្រុមហ៊ុន Google ចំពោះអគារនេះគឺលើសពីទំហំអគារ។ ក្រុមហ៊ុន Google មានគោលបំណងចង់ឲ្យការបើកសាខានៅប្រទេសកូរ៉េនេះគឺជាកន្លែងបណ្តុះគំនិតនៃការបង្កើតថ្មីៗថ្មីមួយនៅអាស៊ី។
លោកស្រី Mary Grove នាយកកម្មវិធី Google for Entrepreneurs សម្រាប់សហគ្រិនថ្លែងថា នៅឯមជ្ឈមណ្ឌលក្រុងសេអ៊ូលនេះ នឹងមានផ្តល់នូវការជំរុញលើកទឹកចិត្ត ការណែនាំ ការផ្តល់នូវឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនង និងជួយនាំមកនូវអ្នកវិនិយោគដល់អ្នកបង្កើតកម្មវិធីតាមប្រព័ន្ធអ៊ីនធឺណិត។ បរិយាកាសប្រកបដោយការគាំទ្រដោយឥតគិតថ្លៃនេះនឹងជួយដល់ក្រុមហ៊ុន Google ក្នុងការចូលទីផ្សារប្រទេសកូរ៉េផងដែរ។
លោកស្រី Mary Grove ថ្លែងថា៖ «ក្រុមហ៊ុន Google ទទួលបានភាពជោគជ័យនៅពេលណាពាណិជ្ជកម្មបង្កើតថ្មីៗទាំងនោះទទួលបានភាពជោគជ័យផងដែរ។ ពួកយើងយល់ថា នៅពេលដែលមានក្រុមហ៊ុនពាណិជ្ជកម្មបង្កើតថ្មីៗកាន់តែច្រើនឡើងនោះ នឹងមានក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត អ្នកប្រើប្រាស់ផលិតផលរបស់ Google ក៏កាន់តែមានច្រើនឡើងផងដែរ។ គឺវាផ្តល់អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន Google ផងដែរ»។
ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរបីប៉ុណ្ណោះដែលគេហទំព័រ Google ពុំមែនជាគេហទំព័រកំពូលដែលត្រូវគេប្រើប្រាស់ក្នុងការស្វែងរកព័ត៌មាននោះទេ។ ក្រុមហ៊ុនកូរ៉េ Naver នោះទេដែលគ្រប់គ្រងទីផ្សារប្រទេសកូរ៉េ។
ក្រុមហ៊ុន Google មានអគារ Campus ស្រដៀងនេះនៅក្នុងទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) និងទីក្រុងTel Aviv (អ៊ីស្រាអែល) ប៉ុន្តែនេះជាលើកទីមួយហើយដែលក្រុមហ៊ុន Google មានមជ្ឈមណ្ឌល Campus នៅក្នុងទ្វីបអាស៊ី៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា