អ្នកតំណាងរាស្ត្រវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជាលើកឡើងថា លំហរសម្រាប់បង្កើនទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកនៅមានច្រើន។ ប៉ុន្តែទន្ទឹមគ្នានេះដែរ កម្ពុជាក៏ត្រូវការមានមិត្តច្រើនលើសពីសហរដ្ឋអាមេរិក ឬប្រទេសចិនដែរ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកចូលរួមស្តាប់ការពិភាក្សានៅសាកលវិទ្យាល័យ Johns Hopkins ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធកន្លងទៅនេះថា សហប្រតិបត្តិការក្នុងពេលកន្លងមកជាមួយនឹងសហរដ្ឋអាមេរិកបានល្អប្រសើរទាំងខាងផ្នែកយោធា ប្រឆាំងភេរវកម្ម និងពាណិជ្ជកម្មជាដើម។ ប៉ុន្តែក៏នៅមានកម្រិតបន្ថែមឱ្យទំនាក់ទំនងនេះកាន់តែប្រសើរនោះ គឺត្រូវមានការយោគយល់គ្នា៖
Your browser doesn’t support HTML5
«និយាយដោយស្មោះទៅ ខ្ញុំជឿថា មានឱកាសល្អដែលអាចឱ្យយើងមានទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកល្អជាងនេះ។ ប៉ុន្តែវាត្រូវចាប់ផ្តើមដោយយើងព្យាយាមស្វែងយល់ពីគ្នា ព្យាយាមដាក់ខ្លួនយើងនៅក្នុងស្ថានការណ៍របស់អ្នកដទៃ ហើយការសម្រេចចិត្តណាមួយ គឺត្រូវមានហេតុផលរបស់គេ ដោយឈរលើទស្សនវិស័យនៃផលប្រយោជន៍ជាតិផ្ទាល់ខ្លួនយើង»។
លោកមិនបាននិយាយលម្អិតដល់អ្វីទៅជាផលប្រយោជន៍ផ្ទាល់ ដែលកម្ពុជាត្រូវរក្សាទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា កម្ពុជាត្រូវរក្សាសិទ្ធិក្នុងការមានមិត្តភក្តិច្រើនធ្វើជាដៃគូយុទ្ធសាស្រ្ត គឺមិនមែនត្រូវផ្តោតតែលើសហរដ្ឋអាមេរិក ឬប្រទេសចិនមួយទេ។ លោកបញ្ជាក់ថា កម្ពុជាក៏ចង់មានមិត្តភក្តិច្រើនទៀតដូចជា រុស្ស៊ី ជប៉ុន និងកូរ៉េជាដើម។
«មេដឹកនាំរបស់យើងតែងតែមានប្រសាសន៍ថាកម្ពុជាត្រូវការមិត្តភក្តិច្រើន។ យើងមិនត្រូវមើលតែជ្រុងចង្អៀតថា ខ្ញុំត្រូវជ្រើសរើសមិត្តមួយនេះ ហើយចោលមួយនោះទេ»។
ការពិភាក្សារបស់លោក ហ៊ុន ម៉ានី កើតមានឡើង ស្របពេលគ្នាដែលលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) គ្រោងនឹងទៅធ្វើទស្សនកិច្ចជាផ្លូវការក្នុងប្រទេសកម្ពុជានៅដើមសប្តាហ៍ក្រោយ ដើម្បីរៀបចំកិច្ចការចាំបាច់សម្រាប់ជំនួបកំពូលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាមួយនឹងមេដឹកនាំអាស៊ាននៅខែក្រោយ។ ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី ក៏នឹងផ្តោតលើការពិភាក្សាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ផងដែរ។
លោក Coner Cronin អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្ត CSIS ដែលបានមកចូលរួមស្តាប់ការបកស្រាយរបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា៖
«នៅក្នុងបរិបថបច្ចុប្បន្ននេះ ខ្ញុំគិតថា គេអាចនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកបានប្រសើរឡើងដោយផ្អែកលើបរិបថមួយចំនួន ។ សហរដ្ឋអាមេរិកចង់ឱ្យមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ប៉ុន្តែគេក៏មិនចង់ធ្វើមិនដឹង មិនឮចំពោះបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាអំពើពុករលួយ និងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ខ្ញុំគិតថា ទាំងសហរដ្ឋអាមេរិក និងកម្ពុជាចង់មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ ប៉ុន្តែពួកគេត្រូវតែដោះស្រាយបញ្ហាចង់បានខុសគ្នាសិនមុននឹងអាចធ្វើដូចនេះបាន»។
លោក ហ៊ុន ម៉ានី បានទទួលស្គាល់ថា មានបញ្ហាអវិជ្ជមានមួយចំនួនក្នុងប្រទេសកម្ពុជាដែលមានដូចជាការរំលោភយកដីធ្លីជាដើម។ ប៉ុន្តែ លោកត្រូវជ្រើសរើសសំឡឹងមើលមកកម្ពុជាតាមជ្រុងវិជ្ជមាន ដើម្បីឱ្យលោកអាចបន្តដំណើរទៅមុខបាន។
«ប៉ុន្តែអ្វីដែលឱ្យខ្ញុំបន្តដំណើរទៅមុខទៀតបានគឺថា ប្រសិនបើខ្ញុំផ្តោតលើជ្រុងអវិជ្ជមាន តើមានកត្តាជំរុញអ្វីនាំឱ្យខ្ញុំបន្តដំណើរទៅមុខទៀតក្នុងការជឿជាក់លើប្រទេសរបស់ខ្ញុំ? ខ្ញុំជឿជាក់លើប្រទេសកម្ពុជា។ មានរឿងរ៉ាវវិជ្ជមានច្រើនណាស់កើតមាន ដូចជាមានយុវជនដែលប្រកបដោយឋាមពល និងធនធានមនុស្ស និងការគិតដោយសេរីជាដើម។ ខ្ញុំនឹងជ្រើសរើសយកជ្រុងវិជ្ជមានដើម្បីរក្សាខ្លួនខ្ញុំឱ្យនៅមានទឹកចិត្តជំរុលទៅមុខ ដោយក្តីសង្ឃឹមថា យើងនឹងចំណាយពេលមួយជីវិតខ្ញុំដើម្បីដោះស្រាយបញ្ហាអវិជ្ជមានទាំងនោះ»។
យ៉ាងណាក៏ដោយការពិភាក្សា និងពន្យល់រយៈពេលជាងមួយម៉ោងរបស់អ្នកតំណាងរាស្រ្តនេះមិនបានធ្វើឱ្យអ្នកដែលចូលរួមស្តាប់ ដូចជាលោក ម៉ាយឃើល ដួង ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទទួលយកបាននៅឡើយទេ។
លោកបានបញ្ជាក់ប្រាប់ VOAថា៖
«គាត់និយាយអំពីយុវជនខ្មែរ ប៉ុន្តែសកម្មភាពអ្វីដែលគាត់ធ្វើសម្រាប់យុវជនខ្មែរមានការស្តួចស្តើងណាស់។ កម្មករខ្មែរយុវជនខ្មែរទៅធ្វើការនៅសៀម ធ្វើការនៅកូរ៉េ សឹងតែលាននាក់ទៅហើយបានន័យថា វាដូចជាទឹកមួយតំណក់ធ្លាក់ទៅលើដីក្រៀមក្រហែងអីចឹង។ វាស្តួចស្តើងណាស់។ វាគ្រាន់តែចាប់ផ្តើមទេ។ បើថាធ្វើទាល់តែ ធ្វើហ្នឹងឱ្យមានជាខ្នាតជាតិបានអាច ទៅរួចបានអាចសង្គ្រោះយុវជនយើងបាន។ ហើយយុវជនខ្មែរ ការសិក្សាអប់រំឱ្យវាទូលំទូលាយ ហើយការអប់រំ ឱ្យមានគុណភាពហើយចប់ការសិក្សា ហើយគួរណាស់តែមានការងារធ្វើបើចប់ការសិក្សា ហើយទៅធ្វើខ្ញុំគេដដែលចាំបាច់ទៅរៀនធ្វើអ្វីនាំតែអស់ថ្លៃសាលា»។
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបានបង្ហាញភាពប៉ិនប្រសព្វរបស់ខ្លួនក្នុងការគៀងគរជំនួយពីបណ្តាប្រទេសមួយចំនួនរួមទាំងចិន សហរដ្ឋអាមេរិក ជប៉ុន និងសហគមន៍អឺរ៉ុបជាដើម។ ប៉ុន្តែ ការជាប់ជំពាក់យ៉ាងស្និទ្ធស្នាលជាមួយនឹងប្រទេសចិនត្រូវបានក្រុមអ្នកវិភាគលើកឡើងក្នុងពេលកន្លងមកថាអាចនឹងឱ្យកម្ពុជាខាតប្រយោជន៍នៅក្នុងរយៈពេលយូរ។ ពួកគេតែងតែលើកឡើងពីការបរាជ័យជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់អាស៊ាន ដែលមិនអាចចេញសេចក្តីប្រកាសរួមបានក្នុងឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានដោយសារតែឥទ្ធិពលរបស់ប្រទេសចិន៕