ខណៈដែលបញ្ញាសិប្បនិម្មិត ឬ AI មិនមែនជារឿងថ្មី លឿនដែលបច្ចេកវិទ្យានេះកំពុងរីកចម្រើន និងឥទ្ធិពលដែលវាមានលើសង្គមគឺជារឿងថ្មី ហើយវាបានបណ្តាលឱ្យមានការស្ញប់ស្ញែង និងការព្រមាននានា។ កាលពីពេលថ្មីៗនេះ កម្មវិធី ChatGPT បានទទួលចំណាប់អារម្មណ៍ចំពោះសមត្ថភាពរបស់វាក្នុងការធ្វើកិច្ចការជាច្រើន ដូចជាការសរសេរអត្ថបទស្រាវជ្រាវឱ្យនិស្សិតនៅសាកលវិទ្យាល័យជាដើម។
លោក Tom Graham និងក្រុមហ៊ុន Metaphysic របស់លោក បានទទួលចំណាប់អារម្មណ៍ពីការបង្កើតវីដេអូក្លែងក្លាយនៃតារាសម្តែង Tom Cruise និងវីដេអូក្លែងក្លាយបង្ហាញពីតារាចម្រៀង លោក Elvis Presley សម្តែងនៅក្នុងកម្មវិធីបង្ហាញទេពកោសល្យអាមេរិកមួយ។
ក្រុមហ៊ុន Metaphysic ត្រូវបានបង្កើតឡើង ដើម្បីប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការបង្កើតជារូបតំណាងនៃតារាល្បីដូចជា លោក Tom Cruise ឬរូបតំណាងនៃសមាជិកគ្រួសារ ឬមិត្តភក្តិរបស់អ្នកណាម្នាក់។
នេះជារូបតំណាងប្រឌិតបង្កើតឡើងដោយបច្ចេកវិទ្យា AI អំពីអ្នកយកព័ត៌មានវិអូអេលោក Craig McCulloch យកព័ត៌មាននៅសន្និសីទ TED។ លោក Craig ពិតប្រាកដមានសក់តិចជាងនេះ ប៉ុន្តែលោកមានសម្លៀកបំពាក់ទាន់សម័យ។
លោក Graham ថា ការនិយាយជាមួយនឹងរូបតំណាងរបស់ខ្លួនដែលមានវ័យក្មេងជាងបច្ចុប្បន្ន ឬជាមួយរូបតំណាងសាច់ញាតិដែលបានចែកឋានទៅហើយ មានផលប្រយោជន៍យ៉ាងធំធេងសម្រាប់ការព្យាបាលផ្លូវសតិអារម្មណ៍។ លោក Graham បានបន្ថែមថា បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យតារាសម្តែងអាចបង្ហាញខ្លួននៅក្នុងភាពយន្ត ដោយមិនចាំបាច់បង្ហាញខ្លួនមកថត ឬផ្សាយពាណិជ្ជកម្មដោយប្រើរូបតំណាងបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត AI។
លោកថ្លែងថា៖ «គំនិតនៃការអាចបង្កើតការផ្សាយពាណិជ្ជកម្មដោយមិនចាំបាច់មានតួសម្តែងចូលរួមដោយផ្ទាល់ គឺជាអ្វីដ៏អស្ចារ្យមួយ។ អ្នកផ្សាយពាណិជ្ជកម្មអាចទទួលបានមាតិកាច្រើនជាងមុន។ តួអង្គនៅក្នុងការថតពាណិជ្ជកម្មមិនចាំបាច់ត្រូវបង្ហាញខ្លួន បើពួកគេមិនចង់បង្ហាញខ្លួន។ ហើយគ្រប់គ្នាទទួលបានការបង់ប្រាក់កម្រៃដូចធម្មតា»។
លោក Sal Khan ស្ថាបនិកអង្គការមិនស្វែងរកប្រាក់ចំណេញ Khan Academy ដែលផ្តល់មាតិកាបង្រៀនដោយឥតគិតថ្លៃ ចាត់ទុកថា បញ្ញាសិប្បនិម្មិត AI មានផលប្រយោជន៍សម្រាប់វិស័យអប់រំ ក៏ដូចជា ការបង្រៀនមួយទល់មួយរវាងសិស្ស និង AI។
អង្គការរបស់លោកកំពុងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីផ្តល់បន្ថែមពីលើមាតិកាបង្រៀនដែលមានពីមុនមក និងធ្វើឱ្យមានការប្រាស្រ័យទាក់ទងច្រើនជាងមុនសម្រាប់សិស្ស។
លោកថ្លែងថា៖ «ឥឡូវនេះ ពួកគេអាចនិយាយជាមួយតួអង្គក្នុងស្នាដៃនិពន្ធនានា។ ពួកគេអាចនិយាយទៅកាន់តួអង្គសត្វឆ្មា ដែលត្រូវបានប្រឌិតឡើង។ ពួកគេអាចនិយាយជាមួយបុគ្គលប្រវត្តិសាស្ត ហើយអាចនិយាយជាមួយនឹងវត្ថុគ្មានជីវិត ដូចជាទន្លេ Mississippi ឬអគារ Empire State ឬភ្នំ Everest ជាដើម។ ទាំងអស់នេះគឺអាចទៅរួច»។
សម្រាប់លោក Chris Anderson ដែលទទួលបន្ទុកលើសន្និសីទ TED បញ្ញាសិប្បនិម្មិត AI គឺជា ប្រធានបទសន្ទនាសំខាន់ជាងគេបង្អស់នាពេលឥឡូវនេះ។ លោកនិយាយថា តួនាទីរបស់ស្ថាប័ន TED នាឆ្នាំនេះ គឺនាំយកជ្រុងផ្សេងៗនៃបច្ចេកវិទ្យាកំពុងរីកចម្រើនឆាប់រហ័សនេះមករួមគ្នា។
លោកថ្លែងថា៖ «ការសន្ទនាមិនមែនគ្រាន់តែរវាងអ្នកជំនាញផ្នែកបច្ចេកវិទ្យា រវាងអ្នកនយោបាយ ឬរវាងអ្នកជំនាញច្នៃប្រតិដ្ឋប៉ុណ្ណោះទេ។ វាមានឥទ្ធិពលលើអនាគតរបស់មនុស្សទាំងអស់គ្នា។ ដូច្នេះ យើងត្រូវនាំយកមនុស្សគ្រប់ជំពូកមករួមគ្នា»។
ហើយខណៈបញ្ញាសិប្បនិម្មិត AI មានសក្តានុពលច្រើន ក៏មានការព្រមានកាន់តែខ្លាំងឡើងចំពោះការការពារប្រឆាំងនឹងការប្រើប្រាស់មិនសមស្របនៃបច្ចេកវិទ្យានេះ។
អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកស្រី Yejin Choi ប្រចាំសាកលវិទ្យាល័យ Washington និយាយថា គោលនយោបាយនិងនិយ័តកម្មកំពុងមានភាពយឺតយ៉ាវ ពីព្រោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងបោះជំហានទៅមុខយ៉ាងលឿនខ្លាំង។
អ្នកស្រីថ្លែងថា៖ «បន្ទាប់មកគឺ មានសំណួរពាក់ព័ន្ធនឹងថាតើមានគោលការណ៍និយ័តកម្មរបស់អ្នកណា ដែលយើងនឹងយកទៅដាក់បញ្ចូលក្នុងបរិបទបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។ មានសំណួរបែបនេះជាច្រើននាពេលនេះ។ ល្អបំផុតគឺយើងគួរតែអាចបង្កើតគោលការណ៍និយ័តកម្មផ្សេងៗ សម្រាប់សង្គមវប្បធម៌ ឬករណីប្រើប្រាស់ផ្សេងៗគ្នា»។
វាគ្មិននៅសន្និសីទ TED ម្នាក់ទៀត លោក Eliezer Yudkowsky បានសិក្សាពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយនាពេលបច្ចុប្បន្ន លោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលស្រាវជ្រាវ Machine Intelligence។
លោកមិនសូវមានសុទិដ្ឋិនិយមចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឬប្រព័ន្ធការពារណាមួយលើបច្ចេកវិទ្យានេះនោះទេ។
លោកថ្លែងថា៖ «នៅទីបំផុត នេះនឹងឈានដល់ចំណុចមួយដែលមានអ្វីមូយវ័យឆ្លាតជាងពួកយើង។ ខ្ញុំគិតថា នាពេលបច្ចុប្បន្នយើងកំពុងឆ្ពោះទៅលែងអាចគ្រប់គ្រងបច្ចេកវិទ្យានេះបានទៅហើយ។ ខ្ញុំគិតថា នៅទីបំផុត យើងទាំងអស់គ្នានឹងស្លាប់ដោយសារបច្ចេកវិទ្យានេះ»។
បើទោះជាត្រៀមលក្ខណៈរួចរាល់ ឬមិនរួចរាល់ក៏ដោយ សង្គមនានាកំពុងប្រឈមមុខនឹងតម្រូវការក្នុងការសម្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា