កងទ័ព​កម្ពុជា​ធ្វើ​សមយុទ្ធ​អាវុធ​ធុនធ្ងន់​ BM21​ ក្បែរ​ព្រំ​ប្រទល់​វៀតណាម

រូបឯកសារ៖ រថក្រោះ ត្រូវបានដាក់តាំង នៅវិទ្យាស្ថានយោធា នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។

លំហាត់​គ្រាប់ពិត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ខាងមុខ​នេះ។

កង​យោធពលខេមរភូមិន្ទបាន​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ ដោយ​បាញ់​គ្រាប់ពិត​កាំភ្លើង​ប្រតិកម្ម BM-21 និង​អាវុធ​ធុន​ធ្ងន់​ផ្សេង​ទៀត​ រយៈពេល​១០​ថ្ងៃ​ នៅឯ​ខេត្តកំពត ​ដែល​មាន​ព្រំ​ប្រទល់​ជាប់ប្រទេស​វៀតណាម។ លំហាត់​យោធា​នេះ​ ត្រូវ​កងយោធពល​ខេមរភូមិន្ទ​ដាក់​ឈ្មោះថា​ «លំហាត់​ហនុមាន​មាស​ឆ្នាំ​២០១៨»។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ដឹកនាំ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ ហនុមានមាស​ឆ្នាំ​២០១៨​ នៃ​ក្រសួង​ការពារ​ជាតិ​ដែល​បាន​ចេញផ្សាយ​បន្ត​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

លំហាត់​គ្រាប់ពិត​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែឧសភា​ខាងមុខ​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់គណៈកម្មការ​ដឹកនាំ​ធ្វើលំហាត់​បាញ់គ្រាប់​ពិត​ ហនុមានមាស​ឆ្នាំ​២០១៨​ ក៏បាន​ស្នើ​ដល់​ឥស្សរជនជាន់​ខ្ពស់​នានា​ និង​ប្រជាពលរដ្ឋ​ ក៏ដូចជា​ក្រសួង​ ស្ថាប័ន​ និង​អាជ្ញា​ធរដែន​ដី​គ្រប់​ថ្នាក់​ ​កុំ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​សំឡេង​ស្នូរ​ផ្ទុះ​ និង​ការ​ចល័ត​យោធទ្ធោប​ករណ៍​យោធា​ តាម​កម្មវិធី​ និង​ទីកន្លែង​ខាងលើ​ និង​ហាម​ឃាត់​ប្រជាពលរដ្ឋ​ ការ​ហោះហើរ​ចូល​តំបន់​បាញ់​គ្រាប់ពិត​ តាម​ពេលវេលា​ខាង​លើ។

នាយ​ឧត្តម​សេនីយ៍ ​ឈុំ​ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ បាន​សរសេរ​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖ «​លំហាត់​នេះ គឺបាន​ធ្វើឡើង ជារៀងរាល់​ឆ្នាំ​ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ គឺ​ក្រុម​ការងារ​បានធ្វើ​ធំ​ជាង​មុន​ ដោយ​មានអាវុធ​ប្រភេទ BM21 ចំនួន​២០គ្រឿង​ និង​អាវុធអូស ​សណ្តោង​២​២​គ្រឿង​ គឺ​មាន​ប្រភេទ​១៥​២មីលី​ម៉ែត្រ​ ១២០​មីលីម៉ែត្រ​ និង​១២២​D30A​ជាដើម‍»៕