សមាគមកាត់ដេរព្រមានម្តងទៀតពីហានិភ័យនៃការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA

រូបឯកសារ៖ កម្មករ​រោងចក្រ​ដេរ​សម្លៀកបំពាក់​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ២០១៧។ (AP Photo/Heng Sinith)

មនុស្ស​យ៉ាង​ហោច​ណាស់៩ម៉ឺន​នាក់​អាច​នឹង​បាត់បង់​ការងារ​ធ្វើ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាកឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ។

ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ចេញ​សេចក្តី​រាយការណ៍​លើក​ទី២ វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​ឋានៈ​អនុគ្រោះ​ពន្ធ​«អ្វីៗ​ទាំង​អស់​លើកលែង​តែ​អាវុធ‍» ឬ​ហៅកាត់​ថា (EBA) សមាគម​កាត់ដេរ​បាន​ព្រមាន​ម្តងទៀត​ពី​ហានិភ័យ​នៃ​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA របស់​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ បាន​សន្និដ្ឋាន​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់ ៩ម៉ឺន​នាក់​ អាច​នឹង​បាត់បង់​ការងារ​ធ្វើ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ភាគ​ច្រើន​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន ​ដោយ​មិន​បាច់​បង់​ពន្ធ។ វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​យ៉ាង​ហោច​ណាស់ចំនួ​ន​៧សែន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​ស្ត្រី។

លោក ខេន លូ អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Reuters ថា គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩ តម្លៃ​នៃ​ការ​នាំចេញ​ទៅ​កាន់​អឺរ៉ុប​បាន​ធ្លាក់​មក​ត្រឹម​តែ ៦០០លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ពាក់​កណ្តាល​ឆ្នាំ​មុន។ ការ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយ​ឆ្នាំៗ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង៥ពាន់លាន​ដុល្លារ​អាមេរិក។

លោក​ ខេន លូ បាន​លើក​ឡើង​ថា៖ «យើង​បាន​ឃើញ​ផល​ប៉ះពាល់​ដោយ​សារ​តែ​ការ​គំរាម​កំហែង​នៃ​ការ​ដក​ [ឋានៈ​អនុគ្រោះ​ពន្ធ]​ នេះ​រួច​ទៅ​ហើយ‍»។ លោក​ក៏​បាន​សន្និដ្ឋាន​ថា កម្ពុជា​នឹង​ប្រឈម​បញ្ហា​ខ្វះ​ការងារ​ធ្វើ​នៅ​ឆ្នាំ​២០២០ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញ​ពី​កម្ពុជា​មែន​នោះ។

រីឯ​ក្រុមហ៊ុន​វិនិយោគ​ទុន ដូចជា H&M ក៏​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​ផ្លាស់ប្តូរ​ទីតាំង​ផលិតកម្ម​របស់​ពួកគេ​ទៅ​ប្រទេស​ចិន ឬ​ឥណ្ឌូនេស៊ី បើ​សិន​ជា​កម្ពុជា​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប៕