GMAC ស្នើ EU ពិចារណា​លើ​ការដក​ EBA ជៀសវាង​ប៉ះពាល់​ពលរដ្ឋ​ជាង​៣លាន​នាក់

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ខណៈដែល​គណៈ​កម្មការ​អឺរ៉ុប​បាន​បញ្ចប់​នីតិវិធី​ពិនិត្យ​សើរើ​​លើប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ឬហៅកាត់​ថា​ EBA សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​​ធ្វើ​សេចក្តី​សម្រេច​ថា​តើ​ត្រូវ​ព្យួរ​ឬ​ក៏រក្សា​EBA សំរាប់​កម្ពុជា​តទៅទៀត ​​​​​​​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​​កម្ពុជា ​ហៅ​កាត់​ថា​ GMAC បង្ហាញ​ការ​បារម្ភ​ថា​ ​ការ​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​របស់​សហភាព​​អឺរ៉ុបនេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​​​ជាង​៣​លាន​នាក់។

សមាគម​ថៅកែ​រោងចក្រ​កាត់ដេរកម្ពុជា ​ហៅ​កាត់​ថា​ GMAC ​បាន​អំពាវនាវ​ឲ្យសហភាព​អឺរ៉ុប ​ពិចារ​ណា​ជា​ថ្មី​ម្តង​ទៀត ចំពោះ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ទ្វីប​អឺរ៉ុប ដោយ​ព្រមាន​ថា ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​សព្វ​សារពើ​លើក​លែង​តែ​អាវុធ (EBA) ​នឹង​ធ្វើ​ឲ្យ​កម្មករ​រោង​ចក្រ​រាប់​សែន​នាក់​បាត់​បង់​ការងារ​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រមាណ​បី​លាន​នាក់​ត្រូវរង​ផល​ប៉ះពាល់។

ការ​អំពាវនាវ​របស់​ក្រុម​ថៅ​កែ​រោង​ចក្រ​ ធ្វើឡើង​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​ត្រូវ​បញ្ចប់​ការ​ពិនិត្យ​លទ្ធភាព​ព្យួរ​EBA ដល់​កម្ពុជា​នៅ​ថ្ងៃចន្ទ័ទី​១២​ខែសីហា ក្រោយ​ពី​ធ្វើ​ការ​សិក្សា​លើ​លទ្ធភាព​ព្យួរ​ការ​អនុគ្រោះពន្ធ​នាំទំនិញ​ពី​កម្ពុជា​ចូល​សហភាព​អឺរ៉ុប​នេះ​អស់រយៈ​ពេល​ប្រាំមួយខែ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាល​ពីថ្ងៃ​ចន្ទ GMAC លើក​ឡើង​ថា​ «GMAC សុំ​ធ្វើ​ការ​អំពាវ​នាវ​ម្តង​ទៀត​ដល់​សមាជិក​សភា​និង​មន្ត្រី​សហភាព​អឺរ៉ុប​និង​ភាគី​ពាក់ព័ន្ធ ទាំងអស់​នៅក្នុង​សហភាព​អឺរ៉ុប​ថា ការ​ព្យួរ​ផល​ប្រយោជន៍ EBA សម្រាប់​វិស័យ (កាត់ដេរ) ​របស់​យើង ​នឹង​បង្ក​ឲ្យ​បាត់​បង់​ការ​ងារ​កម្មករ​ទ្រង់ទ្រាយ​ធំ ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ វិស័យ​ដេរ​ស្បែកជើង​ និង​ប៉ះពាល់​ដល់​កម្លាំង​ពល​កម្ម។ ហើយ​ការ​ព្យួរEBA ​នេះ​នឹង​មិន​បម្រើ​ដល់​គោលបំណង​នៃ​កម្មវិធី​លុប​បំបាត់​ភាព​ក្រី​ក្រ​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នោះទេ»។

​សមាគម​ក្រុម​ថៅ​កែ​រោងចក្រ​ក៏​បាន​គូស​បញ្ជាក់​ថា​ កម្មករចំនួន​៧៥​ម៉ឺននាក់​អា​ច​នឹង​ជួប​វិបត្តិ​អត់​ការ​ងារ​ធ្វើ។​ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​៣​លាននាក់​ នឹង​ទទួល​រង​ផល​ប៉ះពាល់ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​នោះ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល ​GMAC បាន​បន្ថែម​ថា​ វាជា​លទ្ធ​ផល​ «គួរ​ឲ្យ​ទុក្ខព្រួយ​ និង​សោក​ស្តាយ» ​សម្រាប់​ខ្លួន​ និង​ក្រុម​កម្មករ​រោង​ចក្រ​ដែល​បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​ជំរុញ​តួនាទី​របស់​អង្គការ​ពល​កម្ម​អន្តរជាតិក្នុង​ការឃ្លាំមើលការ​អនុវត្ត​ការងារ​បាន​ត្រឹម​ត្រូវ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វិស័យ​វាយនភ័ណ្ឌ​ដែល​រួម​មាន​រោង​ចក្រ​សម្លៀក​បំពាក់​និង​រោង​ចក្រផលិត​ស្បែក​ជើង​ជាដើម ​គឺ​ជា​ឧស្សាហកម្ម​នាំ​ចេញ​ឈាន​មុខ​គេ​នៅ​កម្ពុជា។​ កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ការ​នាំចេញ​ផ្នែក​វាយន​ភ័ណ្ឌ​របស់​កម្ពុជា ​មាន​ទំហំ​សរុប​១០​ពាន់​លាន​ដុល្លារ​អាមេរិក។​ ហើយ​វិស័យ​នេះ​ស្រូប​យក​កម្លាំង​ពល​កម្ម​យ៉ាង​តិច​ចំនួន​៨០​ម៉ឺននាក់។​ពួកគេ​ភាគ​ច្រើន​គឺជា​ស្ត្រី​មក​ពី​ជន​បទ។

​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គណៈ​កម្មការ​សហភាព​អឺរ៉ុបចាប់​ផ្តើម​ដំណើរ​ការ​ពិនិត្យ​លើ​ លទ្ធភាពព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម ​EBA ចំពោះប្រទេស​កម្ពុជា​ ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ។

សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ហេតុផល​នៃ​ការ​ផ្តើម​ដំណើរ​ការ​នេះ​ថា ដោយសារ​កម្ពុជា​មិន​ទាន់​អាច​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​មួយ​ចំនួន​ ​ដូចជា​ការ​ច្រាន​ចោល​សិទ្ធិ​នយោបាយ ការ​រឹត​បន្តឹង​នានា​ទៅ​លើ​សង្គម​ស៊ីវិល​ ​សហជីព​ ​ការ​មិន​ផ្តល់​សេរីភាព​សារ​ព័ត៌មាន​ ​និង​បញ្ហា​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច។​

ការ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​ពិត​ប្រាកដ​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហា​ឆ្នាំ​២០២០​ ប្រសិន​បើ​មិន​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ​ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ប្រាប់ VOA ថា រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​សហការ​ជាមួយ​សហគមន៍​អឺរ៉ុប​ដើម្បី​រក្សា EBA។ លោក​បន្ត​ថា សេចក្តី​ថ្លែងការណ៍​របស់​ GMAC គឺ​ចង់​ឲ្យ​សហគមន៍​អឺរ៉ុប​ទុក​ EBA ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

«រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ការ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ក្នុង​ការ​សហការ​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប រួមទាំង​ការ​ជជែក​ពិភាក្សា​ពិគ្រោះ​យោបល់ និង​ការ​ធ្វើ​ការ​ឆ្លើយ​តប​បញ្ជូន​របាយការណ៍​គ្រប់​បែប​យ៉ាង​ដើម្បី​ធ្វើ​ការ​ពន្យល់​ បំភ្លឺ​បកស្រាយ​ជូន​សហគមន៍​អឺរ៉ុប ក្នុង​ន័យ​ដើម្បី​រក្សា EBA នេះ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល»។

ចំណែក​អ្នកនាំពាក្យ​ស្ថាន​ទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ ដែល​ជា​ប្រទេស​សមាជិក​របស់​សហគមន៍​អឺរ៉ុប​ប្រាប់ VOA តាម​រយៈ​សារ​អេឡិចត្រូនិច​ឬ​អ៊ីមែល​ថា មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ តែង​ជួប​ជា​ប្រចាំ​ជាមួយ​ស្ថានទូត​អាល្លឺ​ម៉ង់​ដើម្បី​ជជែក​អំពីបញ្ហា​ផ្សេងៗ ​ក្នុង​នោះ​ក៏​មានការ​ជជែក​អំពី​ EBA ផង​ដែរ។ យ៉ាងណាក្តី​មន្រ្តី​អ្នកនាំពាក្យ​ស្ថាន​ទូត​អាល្លឺម៉ង់​ដដែលមិនបាន​បញ្ចេញ​អំពី​ការ​ជជែក​លម្អិត​នោះទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា «ដំណើរ​ការ EBA គឺ​បើក​ចំហ​។ សហគមន៍​អឺរ៉ុប​មិន​ទាន់​ធ្វើការ​សម្រេច​ចិត្ត​នៅ​ឡើយទេ​។ យើង​ត្រូវ​កសាង​ការជឿ​ទុកចិត្ត​ឡើង​វិញ និង​ស្វែង​រក​ដំណោះ​ស្រាយ កាន់​តែ​ឆាប់​កាន់​តែ​ល្អ»៕