ការ​ផលិត​ស្រាទំពាំង​បាយ​ជូរ​សាកល​មានកម្រិត​ទាបបំផុត​​តាំង​ពី​ឆ្នាំ១៩៦១

រូបឯកសារ៖ ទិដ្ឋភាពចម្ការទំពាំងបាយជូរនៅចម្ការទំពាំងបាយជូរ Viña Montes ក្នុងទីក្រុង Santa Cruz ប្រទេស​ឈីលី, ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

អង្គការ​ទំពាំង​បាយជូរ​អន្តរជាតិ​ដែល​ជា​អង្គការ​អន្តរ​រដ្ឋាភិបាលបាននិយាយ​នៅពេល​បង្ហាញការ​ស្ទង់​ប្រមាណដំបូងៗ​របស់​ខ្លួន​ថា​ផលិតផល​ស្រាទំពាំង​បាយ​ជូរ​មាន​២៤៤,១​លាន​ហិកតូលីត្រ គឺចុះថយ​៧%ពីផលិតផល​កាលពីឆ្នាំ​ទៅ​មិញ។

អង្គការ​នេះ​ដែលផ្តល់ទិន្នន័យឱ្យ​ពួក​ប្រទេស​ដាំ​ទំពាំង​បាយ​ជូរ​និង​ផលិត​ស្រាទំពាំង​បាយ​ជូរ​និង​ក្រុមប្រទេស​ពួក​អ្នកបរិភោគ​ទំពាំងបាយ​ជូរ​និង​ស្រាទំពាំងបាយ​ជូរ​បាន​និយាយថា​«ជាថ្មី​ទៀត ស្ថានភាព​អាកាស​ធាតុ​មិនល្អ-ដូចជា​មាន​សន្សើម​កក​មុនពេល​កំណត់ ​ភ្លៀង​ខ្លាំង​និង​ការ​រាំងស្ងួត​មាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ផលិតផល​ចម្ការ​ទំពាំង​បាយ​ជូរក្នុង​ពិភពលោក‍»។​

ពួកប្រទេស​មួយ​ចំនួន​ផលិត​ស្រា​ទំពាំង​បាយ​ជូរ​ច្រើននៅក្នុងអឌ្ឍគោល​ខាងត្បូង​មាន​ការផលិត​ស្រាទំពាំងបាយ​ជូរ​តិច​ជាងមុន។ ប្រទេសអូស្ត្រាលី​ អាហ្សង់ទីន​ ស៊ីលី​

អាហ្វ្រិក​ខាង​ត្បូង​និងប្រទេសប្រេស៊ីល​មានការផលិត​ស្រាទំពាំង​បាយ​ជូរ​ចុះថយរវាង​១០និង​៣០%។

ប្រទេស​អ៊ីតាលី​បាន​បាត់បង់​ឋានៈជា​ប្រទេសផលិត​ស្រាទំពាំង​បាយជូរច្រើន​ជាងគេពី​ព្រោះ​ផលិតផលរបស់​ប្រទេស​នេះបាន​ចុះ​ថយ១២% ​ដែលបើកឱ្យ​ប្រទេស​បារាំង​ទទួលឋានៈជា​ប្រទេសផលិត​ស្រាទំពាំង​បាយ​ជូរច្រើន​ជាងគេពីព្រោះ​ផលិតផលរបស់​បារាំង​នៅ​ថេរ។

ប្រទេស​អេស្ប៉ាញ​បានរក្សា​ឋានៈ​ជា​ប្រទេស​ផលិត​ស្រាទំពាំង​បាយជូរ​ច្រើន​ទី​បី​ក្នុង​ពិភពលោក​ ទោះជា​ផលិតផល​របស់​ប្រទេស​នេះ​បាន​ចុះថយ​១៤%និងបាន​ថមថយ​១៩%ពីមធ្យមភាគ​ប្រាំឆ្នាំរបស់ខ្លួន​ក៏​ដោយ។

លោក Inaki Garcia de Cortazar-Atauri នៃ​វិទ្យាស្ថានស្រាវជ្រាវខាង​សេដ្ឋកិច្ច​កសិកម្ម​ជាតិ​នៃ​ប្រទេស​បារាំង​បាន​និយាយថាទោះជាអង្គការ OIV ​និយាយអំពី​ធាតុអាកាស​អាក្រក់​មានផល​ប៉ះពាល់លើផលិតកម្ម​ស្រាទំពាំងបាយ​ជូរក៏​ដោយ ក៏​អង្គការនេះ​មិនទាន់ភ្ជាប់​ការណ៍​នេះ​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​នៅឡើយ​ទេ។

ក្នុងឋានៈ​ជាអ្នកជំនាញ​ម្នាក់​ខាង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​កសិកម្ម

លោក​បានថ្លែង​ថា​ការខូចខាត​នោះ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​បណ្តាល​មក​ពី​ដី​ចម្ការ​និង​ដី​ធម្មជាតិ​មិនអាច​ស្រូបយក​ទឹក​បាន៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ