ទីផ្សារភាគហ៊ុនសកលលោកបានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារ ខណៈដែលវិនិយោគិនព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចពិភពលោក ហើយការព្យាករណ៍ពីបណ្តាក្រុមហ៊ុនអាមេរិកមានលក្ខណៈទុទិដ្ឋិនិយម។
សន្ទស្សន៍ទីផ្សារភាគហ៊ុនធំៗនៅអាស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីចិនបានបង្កើនហិរញ្ញប្បទានសម្រាប់បណ្តាក្រុមហ៊ុនឯកជននានា។ អ្នកវិនិយោគទុនមានការព្រួយបារម្ភអំពីការព្យាករណ៍ទុទិដ្ឋិនិយមពីក្រុមហ៊ុនឧស្សាហកម្មធំៗរបស់អាមេរិកដូចជាក្រុមហ៊ុន Caterpillar និងក្រុមហ៊ុន 3M។
ដំណើរវិវត្តន៍នេះបានធ្វើឲ្យប៉ះពាល់ដល់ភាពសុទិដ្ឋិនិយមរបស់អ្នកវិនិយោគអំពីសេដ្ឋកិច្ចសកលលោក ដែលទំនងជាដើរយឺតៗ បន្ទាប់ពីការរីកចម្រើនកាលពីឆ្នាំមុនដែលធ្វើឲ្យផ្សារហ៊ុនសកលលោកកើនឡើងខ្ពស់ជាងមុន។
កាលពីដើមខែនេះ មូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF បានផ្អាកការព្យាករណ៍សេដ្ឋកិច្ចសកលលោករបស់ខ្លួនសម្រាប់ឆ្នាំ២០១៨និង២០១៩ ដោយបន្ទោសទៅលើគោលនយោបាយពាណិជ្ជកម្មរបស់ពួកអ្នកការពារនិយមនិងភាពមិនប្រាកដប្រជានៃទីផ្សារដែលទើបនឹងងើបឡើងថ្មី។
សេដ្ឋកិច្ចអាមេរិកដែលអ្នកវិនិយោគមើលឃើញថាមានលក្ខណៈល្អ ក៏បង្ហាញសញ្ញាចុះខ្សោយផងដែរ។ វិស័យលំនៅដ្ឋាននិងយានយន្តបានធ្លាក់ចុះ ហើយរបាយការណ៍មួយដែលនឹងចេញផ្សាយនៅថ្ងៃសុក្រនេះត្រូវបានគេរំពឹងថា នឹងបង្ហាញថា កំណើនសេដ្ឋកិច្ចអាមេរិកមានលក្ខណៈមធ្យមនៅក្នុងត្រីមាសទីបីនេះ៕