ទីផ្សារភាគហ៊ុននៅជុំវិញពិភពលោកបានកើនតម្លៃនៅពាក់កណ្តាលសប្តាហ៍កាលពីថ្ងៃពុធ ដោយសារមានសុទិដ្ឋិនិយមកាន់តែខ្លាំងដែលថាការបន្ធូរបន្ថយជាបណ្តើរៗនូវវិធានការរឹតត្បិតទប់ទល់នឹងជំងឺកូវីដ១៩នឹងជំរុញឲ្យសេដ្ឋកិច្ចរើបឡើងវិញនៅក្រោយចប់វិបត្តិជំងឺរាតត្បាតនេះ។
ភាគហ៊ុនសំខាន់ៗនៅទ្វីបអឺរ៉ុបសុទ្ធតែបានកើនតម្លៃ ដោយផ្សារហ៊ុន DAX របស់អាល្លឺម៉ង់បានកើនរហូតដល់២,៤%។
នៅអាស៊ីផ្សារហ៊ុន KOSPI នៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបានកើនខ្ពស់ជាងគេរហូតដល់២,៨% ខណៈដែលផ្សារហ៊ុននៅក្រុងតូក្យូ ហុងកុង ស៊ីដនី និងតៃប៉ិ សុទ្ធតែបានកើនលើស១%។
នៅសហរដ្ឋអាមេរិកវិញ ទីផ្សារភាគហ៊ុនធំៗទាំង៣ក៏បានកើនតម្លៃដែរនៅអំឡុងពេលជួញដូរកាលពីថ្ងៃពុធ ដែលបង្ហាញថា អ្នកវិនិយោគនៅផ្សារ Wall Street របស់អាមេរិកមានសុទិដ្ឋិនិយមបើទោះបីជាមានបាតុកម្មកាន់តែច្រើនចំពោះការស្លាប់របស់លោក George Floyd ពលរដ្ឋអាមេរិកកំណើតអាហ្វ្រិកដែលបានស្លាប់ក្នុងសមត្ថកិច្ចប៉ូលិសស្បែកសក្រុង Minneapolis កាលពីសប្តាហ៍មុន៕