ផ្សារ​ហ៊ុន​​​សាកល​នៅ​ទ្រឹង​វិញ​ក្រោយ​មិន​ប្រាកដប្រជា​អំពី​ប្រសិទ្ធិភាព​​វ៉ាក់សាំង​កូវីដ១៩​ថ្មី​

រូបឯកសារ៖ អ្នកជួញដូររូបិយបណ្ណមួយនៅផ្សារហ៊ុនកូរ៉េ (KOSPI) ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ការរីករាយ​រំជើប​រំរជួលរបស់​អ្នក​វិនិយោគ​ចំពោះ​ដំណឹង​នៃ​វ៉ាក់សាំង​ថ្មី​មួយរបស់​ក្រុមហ៊ុន​អាមេរិក Moderna កាល​ពី​ដើម​សប្តាហ៍​នេះ​ដែល​បាន​នាំ​ឲ្យ​ផ្សារ​ហ៊ុន​កើន​ឡើង បាន​ថយ​ចុះ​វិញ​កាល​ពី​ថ្ងៃ​ពុធ ក្រោយ​ពី​មាន​របាយការណ៍​ថ្មី​មួយ​ថាការ​សាកល្បង​ទ្រង់​ទ្រាយ​តូច​នៃ​វ៉ាក់សាំង​ថ្មី​នេះ មិន​ផ្តល់​ទិន្ន័យ​គ្រប់គ្រាន់​ដើម្បី​គេ​អាច​ដឹង​អំពី​ប្រសិទ្ធភាព​វា​ទេ។

ផ្សារ​ហ៊ុន​នៅ​អឺរ៉ុបបាន​ជួញ​ដូរ​ក្នុង​តម្លៃ​ចម្រុះ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ផ្សារ​ហ៊ុន​ហៅ​ក្រុង​ឡុង​កើន​០,១% ប៉ុន្តែ​ផ្សារ​នៅ​ក្រុង​ប៉ារីស​ចុះ​០.១%​ដែរ។​ ទី​ផ្សារ​នៅ​អាស៊ី​ភាគ​ច្រើន​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន ដោយ​ផ្សារ​ Nikkei នៅ​ប្រទេស​ជប៉ុន​បាន​កើន​រហូត​ដល់​០,៧%។ ប៉ុន្តែ​ផ្សារ​ហ៊ុន​នៅ​សៀងហៃ​បាន​ធ្លាក់​ចុះ ០,៥%។

ផ្សារ​ហ៊ុន​នៅ​ជុំវិញ​ពិភពលោក​បាន​កើន​ឡើង ដោយ​សារ​ដំណឹង​កាល​ពី​ថ្ងៃ​ច័ន្ទថា​លទ្ធផល​ពី​សាកល្បង​ដំបូង​លើ​អ្នក​ជំងឺ​កូវីដ១៩​មួយ​ចំនួន​បង្ហាញ​ថា​វ៉ាក់សាំង​ហាក់​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​គេហទំព័រ​សុខភាព​ Stat News បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​អ្នក​ជំនាញ​ថា​ទំហំ​នៃ​ការ​សាក​ល្បង​នេះមិន​គ្រប់គ្រាន់​ដើម្បី​អាច​សន្និដ្ឋាន​អំពី​ប្រសិទ្ធិភាព​នៃ​វ៉ាក់សាំង​ថ្មី​នេះ​ទេ។

ព័ត៌មាន​ថ្មី​នេះ​ក៏បាន​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​ទាំង​បី​នៅ​ផ្សារ Wall Street ​របស់សហរដ្ឋ​អាមេរិក​ធ្លាក់តម្លៃ​វិញ​ពេល​បិទ​ផ្សារ​កាល​ពី​ថ្ងៃ​អង្គារ៕